អានតួអត្ថបទ
អាមេរិក

អាមេរិក​ថា​​​អង្គការ​​សហប្រជាជាតិសុខ​ចិត្ត​កាត់​​បន្ថយ​ចំណាយ​២៨៥​លានដុល្លារ

​អង្គការ​សហប្រជាជាតិ​ នឹង​កាត់​បន្ថយ​ការ​ចំណាយ ប្រមាណ​២៨៥លានដុល្លារ នៅក្នុងដំណើរ​ការរបស់​ខ្លួន សម្រាប់​​ពីរឆ្នាំ​ខាង​មុខ​ គឺ​ឆ្នាំ២០១៨ និង​២០១៩។ នេះគឺជាការ​ប្រកាស​ឲ្យ​ដឹង​ពីឯកអគ្គ​រដ្ឋ​​ទូត​​អាមេរិកប្រចាំ​​នៅ​អង្គការ​សហប្រជាជាតិ​​។​ ចំពោះ​ភាគី​​សហរដ្ឋ​អាមេរិក, ការកាត់​បន្ថយ​ចំណាយ​នេះ គឺជា​ជំហាន​មួយ​ដ៏​ធំ​ទៅរក​ផ្លូវ​ត្រូវ ហើយ​ក៏​ជាជោគជ័យ​មួយ​បន្ថែមទៀត​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ​​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃការ​ចំណាយ របស់​អង្គការ​សហ​ប្រជាជាតិ។

មហាសន្និបាទ​អង្គការសហប្រជាជាតិ ចំពោះ​ការសម្រេច​ចិត្តរបស់​អាមេរិក យក​ទីក្រុង Jérusalem ជា​រដ្ឋធានីអ៊ីស្រា​អែល
មហាសន្និបាទ​អង្គការសហប្រជាជាតិ ចំពោះ​ការសម្រេច​ចិត្តរបស់​អាមេរិក យក​ទីក្រុង Jérusalem ជា​រដ្ឋធានីអ៊ីស្រា​អែល SPENCER PLATT / GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​ពីថ្ងៃ​អាទិត្យកន្លងទៅ លោកស្រី Nikki Halay ឯកអគ្គរដ្ឋ​ទូតអាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​ប្រកាសដោយ​មាន​អំនួត​ថា ការ​ចាយវាយ​គ្មាន​​ប្រសិទ្ធភាព​​របស់​អង្គការ​សហ​ប្រជាជាតិ គឺត្រូវ​បាន​គេ​ដឹង​ឮ​យូរ​មកហើយ ហើយ​គេ​មិន​ត្រូវ​បណ្តោយ​ឲ្យ​មាន​ការ​កេង​ចំណេញ​ពី​ទឹក​ចិត្ត​សប្បុរស​របស់​ពលរដ្ឋ​អាមេរិក ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹម​ត្រូវ​បាន​តទៅទៀត​នោះទេ​។

សូម​បញ្ជាក់ថា ក្នុង​​កញ្ចប់​ថវិកា​២៨៥លានដុល្លារ ដែលនឹង​​ត្រូវ​កាត់​បន្ថយ​នោះ គឺ​គេ​មិន​ដឹង​ថា មាន​លុយ​វិភាគ​ទាន​របស់​អាមេរិក​ចំនួន​ប៉ុន្មា​នលាន​ដុល្លារ​នោះទេ។ ក៏ប៉ុន្តែ ការ​កាត់​បន្ថយ​ចំណាយ​​របស់​អាមេរិកនៅ​ក្នុង​​អង្គការ​សហប្រជាជាតិ គឺ​ជា​កិច្ច​ការមួយ​​អាទិភាពបំផុត​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ដែល​ថា ត្រូវតែ​​គិតគូរ​ផ្តល់ផល​ប្រយោជន៍​អាមេរិក​​ជាមុន America First ។

ជាការ​កត់​សម្គាល់ ការ​ប្រកាស​ដំណឹង​ពីការ​កាត់​បន្ថយ​ចំណាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​លេច​ចេញ​ពី​ភាគី​អាមេរិក​នេះ គឺ​ធ្វើ​ឡើង​ក្រោយតែ​​៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​មហាសន្និបាទ​អង្គការ​សហប្រជាជាតិ ដែល​មាន​ប្រទេស​ច្រើន​លើស​លុប​បោះឆ្នោត​មិន​ទទួល​ស្គាល់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ ដែលយល់ព្រម​ចាត់ទុក​ ទីក្រុង​ Jérusalem ជា​រដ្ឋធានី​អ៊ីស្រាអែល សម្ព័ន្ធ​មិត្ត​ចាក់ទឹក​មិន​លិច​របស់​អាមេរិក នៅមជ្ឈិម​បូព៌ា។

ការកាត់​​បន្ថយគម្រោង​ថវិការបស់អង្គការ​សហប្រជាជាតិ ជាលើកទី២នេះ បន្ទាប់ពីបាន​​កាត់​បន្ថយថវិកា៦០០លានដុល្លារ​សម្រាប់​​ប្រតិបត្តិការ​រក្សាសន្តិសុខ កាលពី​ខែ​មិថុនា​កន្លងទៅ។ ​អង្គការ​សហប្រជាជាតិ មាន​មន្ត្រី​អ្នកធ្វើ​ការ​របស់​ខ្លួន​ប្រមាណ​ ៤ម៉ឺន​នាក់​នៅ​ទូទាំង​ពិភព​លោក ហើយ​សហរដ្ឋ​អាមេរិក ​ជា​ប្រទេសសមាជិក​ដែល​ផ្តល់​ប្រាក់​ជំនួយ​ច្រើន​ជាង​គេ​បំផុត គឺ​ប្រមាណ​២២ភាគរយ នៅក្នុង​​ដំណើរ​ការប្រព្រឹត្តទៅ​ទាំងមូល​​របស់អង្គការ​សហប្រជាជាតិ។​

ដូច្នេះ ការកាត់​បន្ថយ​ចំណាយ​​​លើកទី២​នេះទៀត​ គឺ​ប្រាកដ​ជា​នឹង​ប៉ះពាល់​ទៅដល់​ដំណើរ​ការ​របស់​អង្គការ​សហប្រជាជាតិ ជាពិសេស​គឺ​ការ​ជ្រើស​រើស​បុគ្គលិកថ្មី​ ប៉ះពាល់​ដល់​ប្រាក់​ខែ​របស់​មន្ត្រី​​អង្គការ​សហប្រជាជាតិ និងជះឥទ្ធិពល​អវិជ្ជមាន​ដល់​បេសកម្មភាព​នយោបាយ ព្រម​ទាំង​កិច្ច​ការ​ទំនាក់ទំនង ហើយ​ក៏​ទំនង​ជា​អាច​នឹងប៉ះពាល់​ដល់​​គម្រោង​ជំនួយអភិវឌ្ឍ​​ផ្សេងៗទៀត​ផង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ