អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា​​​កាន់តែ​​ផុង​ជ្រៅ​​​ក្នុង​​​វិបត្តិ​​ ​ប្រធានាធិបតី​​​Maduro​​រង​សម្ពាធ​​​​ពី​​​​​ការ​​តវ៉ា​​​​​អោយចុះ​ពី​អំណាច​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឆាំង​វ៉េណេស៊ុយអេឡា​បាន​អំពាវនាវ​អោយ​ប្រជាជន​ធ្វើកូដកម្ម ​នៅ​ទូទាំង​ប្រទេស ថ្ងៃសុក្រ​នេះ ​ដើម្បី​ដាក់សម្ពាធ​​​លើ​​​​ប្រធានាធិបតី​ម៉ាឌុយរ៉ូ អោយ​​ចុះពី​អំណាច។ សាលារៀន​បានបិទទ្វារ ចរាចរណ៍​បានកក​ស្ទះ​ ​នៅ​តាមផ្លូវ​នានា​ ក្នុង​​ទីក្រុង​ការ៉ាកាស។ ​ការតវ៉ាប្រឆាំង​​​​លោក​ម៉ាឌុយរ៉ូ ​បាន​ធ្វើឡើង​ក្នុង​ស្រុក ​​តាំង​ពី​​ថ្ងៃពុធម្ល៉េះ។ 

កងកម្លាំង​វ៉េណេស៊ុយអេឡា និង​ក្រុមប្រឆាំង​ប្រឈមគ្នា នៅ​San Cristobal ថ្ងៃពុធ​​២៦តុលា ២០១៦។
កងកម្លាំង​វ៉េណេស៊ុយអេឡា និង​ក្រុមប្រឆាំង​ប្រឈមគ្នា នៅ​San Cristobal ថ្ងៃពុធ​​២៦តុលា ២០១៦។ REUTERS/Carlos Eduardo Ramirez
ផ្សាយពាណិជ្ជកម្ម

កាលពី​​​ថ្ងៃពុធ មនុស្ស​រាប់សែន​នាក់ បាន​នាំគ្នាចុះតាម​ដងផ្លូវ ​​ប្រឆាំងនឹង​​​លោក​ម៉ាឌុយរ៉ូ​ តវ៉ា​​នឹងក្រុមប្រឹក្សា​បោះឆ្នោត​ជាតិ​ ដែលសប្តាហ៍​មុន ​​បាន​​ព្យួរ​​​​ប្រជាមតិ​ ស្តីពី​ការទំលាក់​លោក​ម៉ាឌុយរ៉ូ​ចេញពី​អំណាច។

​ម្សិលមិញ​នេះ ​លោក​ម៉ាឌុយរ៉ូ បាន​​ប្រកាស​តម្លើង​ប្រាក់ខែ​​៤០​ភាគរយ​ក្នុងស្រុក​ ដើម្បី​បន្ថយ​កំហឹង​​ក្រុមបាតុករ។​ ​ប៉ុន្តែ ​លោក​ម៉ាឌុយរ៉ូ​បានព្រមាន​ដែរថា ករណី​មា​នបាតុកម្ម​គំរាម​ប្រើ​កងកម្លាំង​ទ័ព​ដើម្បី​បង្ក្រាប​​ចលនា​កូដកម្ម។ មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក៏បាន​គំរាមរឹបអូស​​​សហគ្រាស​​ដែល​បិទទ្វារធ្វើកូដកម្ម​​​ផងដេរ។ ​

ការតម្លើង​ប្រាក់ខែ​មិនមែន​ជាដំណោះស្រាយ​បញ្ហាសេដ្ឋកិច្ច​​
វ៉េណេស៊ុយអេឡា​​​ធ្លាក់ជ្រៅ​ក្នុង​វិបត្តិ​គ្រប់បែបយ៉ាង នយោបាយ សេដ្ឋកិច្ច​ សង្គម។ ម្សិលមិញ​ ប្រធានាធិបតី​ម៉ាឌុយរ៉ូ​បាន​ចាត់វិធានការ​តម្លើង​ប្រាក់ខែ​ដល់ទៅ​៤០ភាគរយ។ ប្រាក់ខែ​ត្រូវបាន​តម្លើង​​​ម្តងមក​ហើយ កាលពីដើម​​​ខែឧសភា។

ប្រាក់ខែ​អប្បបរមា​នៅ​វ៉េណេស៊ុយអេឡា បច្ចុប្បន្ន ​មាន​មិនដល់​១៤០ដុល្លារទេ។ បើ​​​តម្លើង​៤០ភាគរយ ថែម​ ដូច្នេះ គេអាច​ទទួលបាន​ជិត​២០០ដុល្លារ ​ក្នុង​មួយខែ។ ជិត​២០០ដុល្លារ​នេះ គឺ​មិនច្រើន​ទេ ប្រៀប​នឹង​បញ្ហា​​អតិផរណា​ក្នុងស្រុក។ យោងតាម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ អតិផរណា​វ៉េណេស៊ុយអេឡា​ឆ្នាំនេះ អាច​មានដល់​អត្រា​៤៧៥ភាគរយ ហើយ​​​អាច​កើនខ្ពស់​​ខ្លាំង រហូត​ដល់​១៦៦០​ភាគរយ សម្រាប់​ឆ្នាំ២០១៧។ ​

ដំណោះស្រាយ​តម្លើង​ប្រាក់ខែ​របស់​ប្រធានាធិបតី​ម៉ាឌុយរ៉ូ ​​គ្មានប្រសិទ្ធភាព​អ្វី​​ទេ ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ដែល​កាន់តែ​ធ្លាក់ដុនដាប​​។ ​​វ៉េណេស៊ុយអេឡា​​ជាប្រទេសមានសេដ្ឋកិច្ច​​​ពឹងផ្អែក​លើ​ការនាំចេញ​ប្រេង​ទៅក្រៅស្រុក។ ​ប៉ុន្មានឆ្នាំ​នេះ ​​ប្រេង​ធ្លាក់ថ្លៃ​ដល់​ទៅ​១ជា៣ ដូច្នេះ ​​ចំណូល​រដ្ឋ​ក៏ខាត​ធ្ងន់ធ្ងរ​​តាម​នោះដែរ។ វ៉េណេស៊ុយអេឡា​ជា​ប្រទេស​​​សង្គម​និយមធំ​បំផុត​មួយ មាន​របៀបរបប​រស់នៅ​ ​​​​បែបសមូហភា ​រដ្ឋ​គ្រប់គ្រង​សព្វបែបយ៉ាង ​សហគ្រាស​ធំតូច ទីផ្សារ​ហិរញ្ញវត្ថុ ទំនិញ​​មន្ទីរពេទ្យ។ល។និង។ល។​

រដ្ឋ​ជាអ្នក​ចែកចាយ​​ម្ហូប​អាហារ ទឹក ​ភ្លើង ​សម្ភារ​ប្រើប្រាស់ ធ្លាប់​តែ​ចែកចាយ​​សំបូរ​ហូរហៀរ ដល់តែ​ប្រេង​ធ្លាក់​ថ្លៃប្រិប​ ​ចំណូល​ជាតិក៏​ខាត​​ធ្ងន់​ក។ ​ពេលនេះ ​​ចំណី​អាហារ​និង​​ថ្នាំពេទ្យ ដែលខ្វះខាត​នោះ មាន​ដល់​ទៅ​៨០ភាគរយ​​។ ទោះជា​មានលុយ​ក៏ពិបាក​រកទិញ​បាន​​របស់​ត្រូវការ​ចាំបា​ច់​ដែរ។ ទំនិញ​ដែល​រដ្ឋ​ចាត់ចែង​នាំចូល​បន្ថែម​ក្នុងស្រុកទៀតសោត​ ត្រូវបាន​ឈ្មួញ​លួចកេងបន្លំ​លក់តម្លើង​ថ្លៃ​កបពពក។ ​ឧទាហរណ៍​ ​គ្រាន់តែ​ប្រេងឆា​មួយដប មានតម្លៃ​ដល់​​១៧ដុល្លារ​ឯណោះ។

​ដោយសារ​កង្វះខាត​សម្ភារ​ និង​ម្ហូបអាហារ ​​កាលពី​​រដូវក្តៅ​ ​ប្រជាជន​​ខ្លះ​​បាន​​​​សម្រុកឆ្លង​​ចូល​​ទៅ​ព្រំដែន​កូឡុំប៊ី​ក្បែរនោះ ដើម្បី​ទិញម្ហូប​​ និង​វត្ថុ​ប្រើប្រាស់​ចាំបាច់។ ​ដោយសារ​ការខ្វះខាត​ទាំងនេះ​​ ហិង្សា​លួចប្លន់​​ ​បាន​​​កើត​មានឡើង​ក្នុង​សង្គម។ រដ្ឋ​មិនអាច​ដោះស្រាយ​អ្វីបាន​ ធ្វើអោយ​​​ប្រជាជន​មិនពេញចិត្ត​នឹងលោក​ម៉ាឌុយរ៉ូ​​​តទៅទៀត។

យោងតាម​ការស្ទាបស្ទង់​មតិ ​ប្រជាជន​​៧៦,៥ភាគរយ លែងពេញចិត្ត​លោកម៉ាឌុយរ៉ូ ​ហើយ​៦២,៣ភាគរយ អាច​នឹងបោះឆ្នោត​អោយ​លោក​ចុះពីតំណែង។

សេដ្ឋកិច្ច​​​ពឹងតែ​លើ​ប្រេង ​របប​សង្គមនិយមមាន​​​រដ្ឋចែក​សម្ភារ និង​ម្ហូប​អាហារ​អោយ​ប្រជាជន។ ការដែល​​រដ្ឋ​គ្រប់គ្រង​​​គ្រប់បែបយ៉ាង​នេះហើយ ដែល​​ជា​ប្រភព​នៃ​អំពើ​ពុករលួយ នាំ​អោយ​ជន​មួយចំនួន​លួច​កេង​ចំណេញ​លុយរដ្ឋ ​​ដាក់ហោប៉ៅ​ផ្ទាល់ខ្លួន។ ដល់​តែ​ប្រេង​ធ្លាក់ចុះ​ រដ្ឋ​ខាតលុយ​ ក៏​មិនអាច​មាន​លុយ​ពីណា​​​​មក​ដោះស្រា​យបាន។ នេះហើយ​ជា​ប្រភព​នៃ​វិបត្តិ​បច្ចុប្បន្ន។

​បក្ស​ប្រឆាំង​​​មាន​សម្លេង​ច្រើន​ក្នុង​​​​​សភា តែ​អំណាច​ស្ថិត​លើ​ប្រធានាធិបតី​
​​បក្ស​ប្រឆាំងស្តាំនិយម ​​ឈ្នះ​ការ​បោះឆ្នោត​សភា​ កាលពី​ចុង​ឆ្នាំ​២០១៥​​មែន មានសម្លេង​ភាគច្រើន​ក្នុង​សភា​មែន ​ប៉ុន្តែ អំណាច​គ្រប់បែបយ៉ាង​ក៏​នៅតែ​​​ស្ថិត​ក្នុង​កណ្តាប់ដៃ ​របស់​​ប្រធានាធិបតី​ម៉ាឌុយរ៉ូ​ដដែល។ សូម​បញ្ជាក់​ថា ​លោក​ម៉ាឌុយរ៉ូ​មិន​​ទទួលស្គាល់​សភា​ជាតិ​ទេ។

ដើម្បី​អាច​យកប្រៀប​លើ​ប្រធានាធិបតីបាន​​ បក្ស​ប្រឆាំង​​មានតែ​ប្រើ​មធ្យោបាយ​ ​អំពាវនាវ​​​​ប្រជាជន អោយធ្វើ​​បាតុកម្ម​ ដាក់​សម្ពាធ​​លើ​លោក​ម៉ាឌុយរ៉ូ ​រឺ​ក៏​សុំ​អោយប្រជាជន​ផ្តិតស្នាមមេដៃ ដើម្បី​អាច​រៀបចំ​​ការបោះឆ្នោត​ប្រជាមតិ ទំលាក់​លោក​ម៉ាឌុយរ៉ូ ពីអំណាច។ កាលពី​ថ្ងៃ​១កញ្ញា សកម្មជន​បក្ស​ប្រឆាំង​រាប់សែន​នាក់​បាន​ចុះ​តាម​ដងផ្លូវ​បាតុកម្ម​អោយ​លោក​ម៉ាឌុយរ៉ូ ​ចុះពី​អំណាច និង​ជំរុញ​អោយ​មានការ​រៀបចំប្រជាមតិ អោយបាន​ឆាប់រហ័ស។

កន្លងមក បក្ស​ប្រឆាំង​បាន​ទទួល​ស្នាមមេដៃ​គ្រប់ចំនួន ​​ពី​ប្រជាជន​ទូទាំង​ប្រទេស ស្របតា​មច្បាប់ ដើម្បី​រៀបចំ​ប្រជាមតិ។ ប្រជាមតិ​នេះអាច​នឹង​ធ្វើ​នៅ​​​មុនថ្ងៃ​១០មករា ដើម្បី​អាច​រៀបចំ​ការបោះឆ្នោត​មុនអាណត្តិ។ ប៉ុន្តែ ​សប្តាហ៏​មុននេះ រដ្ឋអំណាច​ក៏​ស្រាប់តែ​​ព្យួរ​ការ​រៀបចំ​​ប្រជាមតិ​ទៅវិញ។ ​ប្រជាមតិ​ចង់​ទំលាក់​លោក​ម៉ាឌុយរ៉ូ ម្ល៉ោះហើយ ​លោក​ម៉ាឌុយរ៉ូ​ពិតជា​មិនអាច​អោយ​រៀបចំ​វា​ទៅបានទេ។

ម្ល៉ោះហើយ បាន​ជា​បក្ស​ប្រឆាំង​ខឹងសម្បារ​យ៉ាងនេះ នៅ​តែទាមទារ​អោយ​ធ្វើការ​តវ៉ាប្រឆាំង។ ក្រុម​ប្រឆាំង​​បាន​អំពាវនាវ​អោយ​នាំគ្នា​ធ្វើបាតុកម្ម​ នៅ​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​ក្រោយនេះទៀត​ នៅ​ពីមុខ​វិមាន​​ប្រធានាធិបតី។

ម្សិលមិញនេះ ក្នុង​ការ​តវ៉ា ក្រុម​បាតុករ​និង​ប៉ូលិស​បាន​ប៉ះទង្គិច​គ្នា នៅ​ជិត​សភា។ ​​មិនដឹង​ថា ចលនា​តវ៉ា​​​​​​​​​ទំលាក់​លោក​ម៉ាឌុយរ៉ូ អាច​ធ្វើឡើង​បាន​យ៉ាងណា​ទៅមុខ​ទេ ព្រោះ​លោក​ម៉ាឌុយរ៉ូ​គំរាម​ប្រើទ័ព​អន្តរាគមន៍ នៅតាម​សហគ្រាស​ដែល​ធ្វើកូដកម្ម។ ​ម្យ៉ាងទៀត កងទ័ព​ក៏​បង្ហាញ​ជំហរ ​គាំទ្រ​ប្រធានាធិបតី​​​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ