វ៉េណេស៊ុយអេឡា៖ ពលរដ្ឋជាង២លាន៣សែននាក់ រត់ចោលស្រុក ដោយសារហេតុអ្វី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៨
វ៉េណេស៊ុយអេឡា កំពុងជួបប្រទះវិបត្តិយ៉ាងធ្ងន់ធ្ងរមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ។ ប្រជាពលរដ្ឋជាង៣០លាននាក់ រស់នៅវេទនា គ្មានលុយទិញអាហារទទួលទាន គ្មានថ្នាំសង្កូវ រហូតពលរដ្ឋបង្ខំចិត្តរត់ចោលស្រុក។ អង្គការសហប្រជាជាតិ បានឲ្យដឹងពីដើមសប្តាហ៍នេះថា មានពលរដ្ឋវ៉េណេស៊ុយអេឡា ជាង២លាន៣សែននាក់ ដែលបានភៀសខ្លួន រត់ចោលផ្ទះសម្បែង ទៅប្រទេសជិតខាង។ តើវិបត្តិនេះមកពីហេតុអ្វី?
វ៉េណេស៊ុយអេឡា កាលពី២០ - ៣០ឆ្នាំមុន គឺជាប្រទេសដែលមានជាងគេនៅក្នុងតំបន់អាមេរិកខាងត្បួង។ ជាប្រទេសជាមហាសេដ្ឋីប្រេង ដែលនាំចេញប្រេង ប្រមាណជា៣លានបារិលក្នុងមួយថ្ងៃៗ ហើយនិងជាក្បាលម៉ាស៊ីនផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់ពិភពលោក ព្រមទាំងជាអ្នកនាំចូលប្រេងធំ សំខាន់លំដាប់ទី៣ ចូលទៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ប៉ុន្មានជា៣-៤ឆ្នាំចុងក្រោយនេះ វ៉េណេស៊ុយអេឡា បានដាំក្បាល ធ្លាក់ចុះយ៉ាងខ្លាំង រហូតពលរដ្ឋ ធ្លាក់ខ្លួន គ្មានលុយទិញបាយទឹក និងថ្នាំព្យាបាល រហូតទ្រាំមិនបាន រត់ចោលស្រុក អស់ច្រើនលាននាក់។
តើហេតុអ្វីបានជាប្រទេសនេះ ធ្លាក់ដុនដាបខ្លាំងម្ល៉េះ?
គេអាចពន្យល់វិបត្តិនៅប្រទេសវ៉េណេស៊ុយអេឡា ទៅលើបីទិដ្ឋភាព គឺសេដ្ឋកិច្ច សង្គម និងនយោបាយ។ វិបត្តិទាំងបីនេះ វាជាប់ជំពាក់គ្នា។ នៅក្នុងអាណត្តិរបស់អតីតប្រធានាធិបតីមុន គឺលោក Hugo Chávez ដែលជាឱកាសល្អ លោកបានយកលុយចំណេញពីការលក់ធនធានធម្មជាតិរបស់ប្រទេស គឺប្រេង យកទៅជួយឧបត្ថម្ភគាំទ្រគ្រប់ផ្នែកនៃសេវាសង្គម និងវិស័យសាធារណៈ។ ក៏ប៉ុន្តែ ក្រោយលោកស្លាប់ទៅនៅឆ្នាំ២០១៣ វ៉េណេស៊ុយអេឡា ត្រូវធ្លាក់ទៅក្នុងដៃរបស់ប្រធានាធិបតីថ្មី គឺ Nicolás Maduro ។ លោកនេះ ចាប់ពីចូលកាន់អំណាចមក គឺធ្លាក់ប្រជាប្រិយភាពរហូត។ ប្រជាប្រិយភាព ជាង៨០ភាគរយ ធ្លាក់មកត្រឹមជាង២០ភាគ។ នៅឆ្នាំ២០១៦ ពលរដ្ឋនិងបក្សប្រឆាំង នាំគ្នាធ្វើបាតុកម្ម ទាមទារបណ្តេញរូបលោកចុះចេញពីតំណែង តែលោកនៅក្រាញអំណាច។ ហើយរដ្ឋអំណាចរបស់លោក បានប្រើហិង្សាប្រឆាំងបាតុករ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។
ប្រទេសបច្ចិមលោក និងជាពិសេសអាមេរិក បានពួតដៃគ្នា ដាក់ទណ្ឌកម្មវ៉េណេស៊ុយអេឡា។ អាមេរិក បានធ្វើយ៉ាងខ្លាំងដៃ ដោយបិទខ្ទប់ការនាំចូលប្រេងពីប្រទេសនេះ ដែលជាហេតុបណ្តាលឲ្យសេដ្ឋកិច្ចវ៉េណេស៊ុយអេឡា ប្រទះនឹងវិបត្តិធ្ងន់ធ្ងរ។ ប្រេងដែលធ្លាប់តែបូមបាន ជាង៣លាន២សែនបារិល នៅឆ្នាំ២០០៨ គឺធ្លាក់ជាងពាក់កណ្តាល ដោយបូមលក់ចេញបានតែជាង១លានបារិលតែប៉ុណ្ណោះ កាលពីខែកកក្កដា ខែមុននេះ។ ជាហេតុធ្វើឲ្យរដ្ឋាភិបាល ខ្លះលុយផ្គត់ផ្គង់សេវាសង្គមកិច្ច និងវិស័យសាធារណៈផ្សេងៗ។
ដើម្បីទប់ទល់ការចំណាយ រដ្ឋាភិបាលរបស់លោក Nicolás Maduro ក៏បានកាត់បន្ថយការចំណាយលើវិស័យសង្គមកិច្ច តែម្តង។ នេះគឺរឹងរឹតតែធ្វើឲ្យសង្គមជួបវិបត្តិធ្ងន់ធ្ងរឡើងថែមទៀត។ ពលរដ្ឋក្រីក្ររាប់លាននាក់ គ្មានការងារធ្វើ គ្មានលុយទិញអាហារទទួលទាន ហើយថែមទាំងខ្វះថ្នាំសង្កូវព្យាបាលជំងឺផង។
នៅឆ្នាំ២០១៧ ពលរដ្ឋរាប់សិបពាន់នាក់ ធ្វើបាតុកម្មប្រឆាំងការដឹកនាំរដ្ឋាភិបាល។ តែជាលទ្ធផលរដ្ឋអំណាចប្រើធម៌ក្តៅបង្ក្រាប ត្រូវស្លាប់មនុស្សអស់ជាច្រើនទៀត។ ជារួម នៅឆ្នាំទៅមិញនេះ អំពើហិង្សា បានសម្លាប់មនុស្សជាង១២០នាក់។
សម្រេចសម្រួលទៅ រដ្ឋាភិបាលក្រោមកណ្តាប់ដៃរបស់លោក Nicolás Maduro បានធ្វើច្បាប់កែប្រែរដ្ឋធម្មនុញ្ញ លុបអភិយឯកសិទ្ធិរបស់តំណាងរាស្ត្របក្សប្រឆាំង ចោទប្រកាន់អ្នកប្រឆាំង ចាប់ដាក់គុក ហាមមិនឲ្យធ្វើនយោបាយ ហើយបានប្រមូលអំណាចទាំងអស់ ទាំងអំណាចនីតិប្រតិបត្តិ នីតិបញ្ញាត្តិ និងតុលាការ ឲ្យស្ថិតក្នុងដៃម្នាក់ឯង។
កាលពី បីខែមុននេះ រដ្ឋអំណាចវ៉េណេស៊ុយអេឡា បានរៀបចំការបោះឆ្នោតជាថ្មី ដោយគ្មានបក្សប្រឆាំងចូលរួម ហើយអ្នកទៅបោះឆ្នោត មានតែ៤០ភាគរយប៉ុណ្ណោះ ទើបធ្វើឲ្យលោក Nicolás Maduro អួតក្អេងក្អាងតទៅទៀត ថាខ្លួនជាប់ឆ្នោត។ ប្រទេសកុម្មុយនីស្តជាមិត្ត ដូចជា ចិន រុស្ស៊ី គុយបា និងទួកគី បានជួយអបអរសាទរ។ ប៉ុន្តែ លោកខាងលិច មានអាមេរិក កាណាដា សហភាពអឺរ៉ុប និងជប៉ុន ជាដើម សុទ្ធតែបានចាត់ទុកថា ការបោះឆ្នោតនេះ មិនសេរី និងគ្មានតម្លាភាព។ ហើយបរិយាកាសសេដ្ឋកិច្ច និងនយោបាយការទូត គឺពឹងតែពីតានតឹងឡើងៗ។
សេដ្ឋកិច្ចដាំដូងចុះយ៉ាងខ្លាំងយកតែមែនទែន។ លុយវ៉េណេស៊ុយអេឡា ចំនួន៦លានបូលីវ៉ា គឺមានតម្លៃស្ទើរមិនស្មើ១ដុល្លារផង។ អត្រាអតិផរណាទំនិញឡើងថ្លៃ គឺកើនដល់ ១លានភាគរយ។ ប្រឈមនឹងបញ្ហានេះ ប្រធានាធិបតី Maduro បានសម្រេចឲ្យដំឡើងថ្លៃប្រាក់ខែអប្បបរិមាចំនួន៣៥ដង។ ហើយលោកបានប្រកាសលុបក្រដាសប្រាក់ចាស់ចោល ហើយដាក់ឲ្យដំណើរការក្រដាសលុយថ្មី ដែលត្រូវលុបលេខសូន្យចោល៥ខ្ទង់។ នេះជាវិធានាការដែល ថ្នាក់ដឹកនាំប្រទេសនេះ ធ្លាប់បានធ្វើជារឿយៗមកហើយ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងស្រុកម្តងៗ។ ក៏ប៉ុន្តែ អ្នកជំនាញនិងពលរដ្ឋក្នុងស្រុក គ្មានជំនឿថា ប្រទេសជាតិអាចងើបក្បាលរួចពីវិបត្តិឡើយ។ ព្រោះវា វិធានាការដែលគ្រាន់តែដកសូន្យចេញនេះ គឺគ្មានបានជួយធ្វើឲ្យវិបត្តិធូរស្រាលនោះទេ។
ចំណែកនៅលើសាច់ការជាក់ស្តែងវិញ សហគមអន្តរជាតិ និងអង្គការសហប្រជាជាតិ កំពុងអំពាវវនាវ រកជំនួយមនុស្សធម៌ដើម្បីទៅជួយពលរដ្ឋវ៉េណេស៊ុយអេឡា ជាច្រើនលាននាក់ ដែលកំពុងជ្រកក្រោនក្នុងជំរំនៅព្រំដែនប្រទេសជិតខាង និងដែលកំពុងធ្វើដំណើរភៀសខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ