អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វ៉េណេស៊ុយ​អេឡា៖ ​ពលរដ្ឋ​ជាង​២លាន​៣សែន​នាក់ រត់​ចោលស្រុក ដោយសារហេតុអ្វី?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វ៉េណេ​ស៊ុយ​អេឡា កំពុង​ជួបប្រទះ​​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​ក្នុង​ប្រវត្តិ​សាស្ត្រ។​ ប្រជា​ពលរដ្ឋ​ជាង​៣០លាន​នាក់ រស់​នៅ​វេទនា គ្មាន​លុយ​ទិញ​អាហារ​ទទួល​ទាន គ្មាន​ថ្នាំ​សង្កូវ រហូត​ពលរដ្ឋ​បង្ខំ​ចិត្ត​រត់​ចោល​ស្រុក។​  អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ពី​ដើម​សប្តាហ៍​នេះថា មាន​ពលរដ្ឋ​វ៉េណេ​ស៊ុយ​អេឡា ជាង​២លាន​៣សែននាក់ ដែល​បាន​ភៀស​ខ្លួន ​រត់​ចោល​ផ្ទះ​សម្បែង ទៅ​ប្រទេស​ជិត​ខាង​។  តើវិបត្តិ​​នេះមកពី​ហេតុអ្វី? 

ពលរដ្ឋ​វ៉េណេស៊ុយ​អេឡា រត់​ភៀសខ្លួន នៅថ្ងៃទី ១៩ សីហា ២០១៨
ពលរដ្ឋ​វ៉េណេស៊ុយ​អេឡា រត់​ភៀសខ្លួន នៅថ្ងៃទី ១៩ សីហា ២០១៨ REUTERS/Luisa Gonzalez
ផ្សាយពាណិជ្ជកម្ម

វ៉េណេ​ស៊ុយ​អេឡា កាលពី​២០ - ៣០ឆ្នាំមុន គឺ​ជា​ប្រទេស​ដែល​មាន​ជាង​គេ​នៅក្នុង​តំបន់​អាមេរិក​ខាង​ត្បួង។ ជា​ប្រទេស​ជា​មហាសេដ្ឋី​ប្រេង ដែល​នាំ​ចេញ​ប្រេង​ ប្រមាណ​ជា​៣លាន​បារិល​ក្នុង​មួយ​ថ្ងៃៗ​ ហើយ​និង​ជា​ក្បាលម៉ាស៊ីន​ផ្គត់​ផ្គង់​ប្រេង​ដ៏​សំខាន់​របស់​ពិភពលោក ព្រ​មទាំង​ជា​អ្ន​កនាំចូល​ប្រេង​ធំ សំខាន់​លំដាប់​ទី​៣ ចូល​ទៅ​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ប៉ុន្មាន​ជា​៣-៤ឆ្នាំ​ចុងក្រោយ​នេះ វ៉េណេ​ស៊ុយ​អេឡា បាន​ដាំក្បាល​ ធ្លាក់​ចុះ​​យ៉ាង​ខ្លាំង​ រហូត​ពលរដ្ឋ ធ្លាក់​ខ្លួន​ ​គ្មាន​លុយ​ទិញ​បាយ​ទឹក និង​ថ្នាំ​ព្យាបាល​ រហូត​ទ្រាំ​មិន​បាន រត់​ចោល​ស្រុក​ អស់​ច្រើន​លាន​នាក់​។

តើ​ហេតុអ្វី​បាន​ជា​ប្រទេស​នេះ ធ្លាក់​ដុន​ដាបខ្លាំង​ម្ល៉េះ?

គេ​អាច​ពន្យល់​វិបត្តិ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ទៅលើ​បីទិដ្ឋភាព គឺ​សេដ្ឋកិច្ច សង្គម និង​នយោបាយ។ វិបត្តិ​ទាំង​បី​នេះ វា​ជាប់​ជំពាក់​គ្នា​។ នៅ​ក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​មុន គឺ​លោក Hugo Chávez ដែល​ជា​ឱកាស​ល្អ លោក​បាន​យក​លុយ​​ចំណេញ​ពីការ​លក់ធនធាន​ធម្ម​ជាតិ​របស់​ប្រទេស​ គឺ​ប្រេង​ យក​ទៅ​ជួយ​ឧបត្ថម្ភគាំទ្រ​គ្រប់​ផ្នែក​នៃ​សេវាសង្គម និង​វិស័យ​សាធារណៈ។ ក៏ប៉ុន្តែ ក្រោយ​លោក​ស្លាប់ទៅនៅឆ្នាំ​២០១៣ ​វ៉េណេស៊ុយអេឡា ត្រូវ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ប្រធានាធិបតី​ថ្មី គឺ​ Nicolás Maduro ។​ លោកនេះ ​ចាប់​ពី​ចូល​កាន់​អំណាច​មក គឺ​ធ្លាក់​ប្រជាប្រិយភាព​រហូត។ ​​ប្រជាប្រិយភាព​ ជាង​៨០ភាគរយ ធ្លាក់​មក​ត្រឹមជាង​២០ភាគ។ នៅឆ្នាំ​២០១៦ ពលរដ្ឋ​និង​បក្ស​ប្រឆាំង នាំគ្នា​ធ្វើ​បាតុកម្ម​ ទាមទារ​បណ្តេញ​រូប​លោក​ចុះ​​ចេញ​ពី​តំណែង តែ​លោក​នៅ​ក្រាញអំណាច។ ហើយ​រដ្ឋ​អំណាច​របស់​លោក​ បាន​ប្រើ​ហិង្សា​ប្រឆាំង​បាតុករ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​​ជា​ច្រើន។

ប្រទេស​ប​ច្ចិម​លោក និង​ជា​ពិសេស​អាមេរិក បាន​ពួត​ដៃ​គ្នា​ ដាក់​ទណ្ឌកម្ម​​វ៉េណេស៊ុយអេឡា។ ​អាមេរិក បាន​ធ្វើ​យ៉ាង​ខ្លាំង​ដៃ ដោយបិទខ្ទប់​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេសនេះ​ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​​​សេដ្ឋកិច្ច​វ៉េណេស៊ុយអេឡា​ ប្រទះ​នឹង​វិបត្តិ​ធ្ងន់​ធ្ងរ។ ប្រេង​ដែល​ធ្លាប់​តែ​បូម​បាន​ ជាង​៣លាន​២សែន​បារិល នៅ​ឆ្នាំ​២០០៨ គឺ​ធ្លាក់​ជាង​ពាក់​កណ្តាល ដោយ​បូម​លក់​ចេញ​បាន​តែ​ជាង​១លាន​បារិល​តែប៉ុណ្ណោះ កាលពី​ខែក​កក្កដា​ ខែមុន​នេះ​។ ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ ខ្លះ​លុយ​ផ្គត់ផ្គង់​សេវាសង្គមកិច្ច​ និង​វិស័យ​សាធារណៈ​ផ្សេង​ៗ។

ដើម្បី​ទប់​ទល់​ការ​ចំណាយ រដ្ឋាភិបាល​របស់លោក Nicolás Maduro ក៏បាន​កាត់​បន្ថយ​ការ​ចំណាយលើ​​វិស័យ​សង្គម​កិច្ច​ តែម្តង​។ នេះគឺ​រឹងរឹត​តែ​ធ្វើ​ឲ្យ​សង្គម​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត។ ពលរដ្ឋ​ក្រីក្រ​រាប់​លាន​នាក់ គ្មាន​ការងារ​ធ្វើ គ្មាន​លុយ​ទិញ​អាហារ​ទទួល​ទាន​ ហើយ​ថែម​ទាំង​ខ្វះ​ថ្នាំ​សង្កូវ​ព្យាបាល​ជំងឺ​ផង។

នៅ​ឆ្នាំ​២០១៧ ពលរដ្ឋ​រាប់​សិប​ពាន់​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​ការដឹកនាំ​រដ្ឋាភិបាល។ តែ​ជាលទ្ធផល​រដ្ឋ​អំណាច​ប្រើ​ធម៌​ក្តៅបង្ក្រាប ត្រូវ​ស្លាប់​មនុស្ស​អស់​ជា​ច្រើន​ទៀត។ ជា​រួម​ នៅ​ឆ្នាំ​ទៅមិញ​នេះ អំពើ​ហិង្សា បា​នសម្លាប់​មនុស្ស​ជាង​១២០នាក់។

សម្រេច​សម្រួលទៅ រដ្ឋាភិបាល​ក្រោម​កណ្តាប់​ដៃ​របស់លោក Nicolás Maduro បាន​ធ្វើ​ច្បាប់​កែប្រែ​រដ្ឋធម្មនុញ្ញ លុប​អភិយឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ចោទប្រកាន់​អ្នក​ប្រឆាំង ចាប់​​ដាក់គុក ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ ហើយ​បាន​​ប្រមូល​អំណាច​ទាំងអស់ ទាំង​អំណាចនីតិ​​ប្រតិបត្តិ នីតិបញ្ញាត្តិ និង​តុលាការ ឲ្យ​ស្ថិត​ក្នុង​ដៃ​ម្នាក់​ឯង​​។

កាល​ពី​ បី​ខែ​មុន​នេះ រដ្ឋអំណាច​វ៉េណេស៊ុយអេឡា បាន​រៀបចំ​ការ​បោះឆ្នោត​ជា​ថ្មី ដោយ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម ហើយ​អ្នក​ទៅបោះឆ្នោត​ មាន​តែ​៤០ភាគរយ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​លោក Nicolás Maduro អួត​ក្អេងក្អាង​តទៅទៀត ថា​ខ្លួន​ជាប់​ឆ្នោត​។ ប្រទេស​កុម្មុយនីស្តជា​មិត្ត​​ ដូច​ជា ចិន រុស្ស៊ី គុយបា និង​ទួកគី បាន​ជួយ​អបអរសាទរ។ ប៉ុន្តែ លោក​ខាង​លិច មាន​អាមេរិក កាណាដា សហភាព​អឺរ៉ុប និង​ជប៉ុន​ ជាដើម សុទ្ធ​តែ​បាន​ចាត់ទុកថា ការ​បោះឆ្នោត​នេះ មិន​សេរី និង​គ្មាន​តម្លាភាព។ ហើយ​បរិយាកាស​សេដ្ឋកិច្ច និង​​នយោបាយការទូត គឺ​ពឹង​តែ​ពីតាន​តឹង​ឡើង​ៗ​។

សេដ្ឋកិច្ច​ដាំដូង​ចុះយ៉ាង​ខ្លាំង​យកតែមែនទែន។ លុយ​​វ៉េណេស៊ុយអេឡា​ ចំនួន​៦លាន​បូលីវ៉ា គឺមាន​តម្លៃ​ស្ទើរ​មិន​ស្មើ១​ដុល្លារ​ផង។ អត្រា​អតិផរណា​ទំនិញ​ឡើង​ថ្លៃ គឺ​កើន​ដល់​ ១លាន​ភាគ​រយ។ ប្រឈម​នឹង​បញ្ហា​នេះ ប្រធានាធិបតី​ Maduro បាន​សម្រេច​ឲ្យដំឡើង​ថ្លៃ​ប្រាក់​ខែ​អប្បបរិមាចំនួន​៣៥ដង។ ហើយ​លោក​បាន​ប្រកាស​លុប​ក្រដាស​​​ប្រាក់​ចាស់ចោល ហើយ​ដាក់​ឲ្យ​ដំណើរ​ការ​ក្រដាស​លុយ​ថ្មី ដែល​ត្រូវ​លុប​លេខ​សូន្យ​ចោល​៥ខ្ទង់។ នេះជា​វិធានាការ​ដែល ថ្នាក់​ដឹកនាំ​ប្រទេស​នេះ ធ្លាប់បាន​​ធ្វើ​ជារឿយៗ​មក​ហើយ ដើម្បី​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច​ក្នុង​ស្រុក​​ម្តងៗ​។ ក៏ប៉ុន្តែ អ្នក​ជំនាញ​និង​ពលរដ្ឋ​ក្នុង​ស្រុក គ្មាន​ជំនឿ​ថា ប្រទេស​ជាតិ​អាច​ងើប​ក្បាល​រួច​ពី​វិបត្តិ​ឡើយ។ ព្រោះវា​ វិធានាការ​ដែល​គ្រាន់តែ​ដក​សូន្យ​ចេញ​នេះ គឺ​គ្មា​នបាន​ជួយ​ធ្វើឲ្យ​វិបត្តិ​ធូរ​ស្រាល​នោះទេ។

ចំណែកនៅលើ​​សាច់​ការ​ជាក់​ស្តែងវិញ​ សហគម​អន្តរជាតិ និងអង្គការ​សហប្រជាជាតិ ​​កំពុង​អំពាវវនាវ រក​ជំនួយ​មនុស្ស​ធម៌​ដើម្បី​ទៅ​ជួយ​ពលរដ្ឋវ៉េណេស៊ុយអេឡា ជា​ច្រើន​លាន​នាក់ ដែល​កំពុង​ជ្រកក្រោន​ក្នុង​ជំរំនៅ​ព្រំដែន​​​ប្រទេស​ជិត​ខាង និង​ដែល​កំពុង​ធ្វើ​ដំណើរ​ភៀសខ្លួន​៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ