អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុលាការ​ក្រុងឡាអេ​ដំណើរការ​កាត់ទោស​អនុប្រធានាធិបតី​កេនយ៉ា ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ក្រុង​ឡាអេ ប្រទេសហូឡង់ បាន​ផ្តើម​សវនាការ​កាត់ទោស​លោក​​​អនុ​ប្រធានាធិបតី​ ​កេនយ៉ា William Ruto ពី​បទ ឧក្រិដ្ឋកម្ម​​ប្រឆំាងមនុស្សជាតិ ​នៅ​ក្រោយ​​ការ​​បោះឆ្នោត​​ប្រធានាធិបតី​ ឆ្នំា២០០៧។ ក្រៅ​ពី​លោក​អនុប្រធានាធិបតី លោក​ប្រធានាធិបតី​​កេនយ៉ា Uhuru Kenyatta ក៏​បាន​ទទួល​ការ​ចោទប្រកាន់​ដូច​គ្នា និង​ដែល​សវនាការ​​លើ​​រូប​​លោក Kenyatta នឹង​ចាប់​ផ្តើម​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ អ្វី​ដែល​មាន​លក្ខណៈ​ជា​​ប្រវត្តិសាស្រ្ត​​នៅ​ក្នុង​សវនាការ​នេះ គឺ​ការ​ជំនុំជម្រះ​ទោស​លើ​ថ្នាក់ដឹកនំាកំពូល ​ដែល​កំពុង​កាន់អំណាច​លើក​ទីមួយ​ ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ក្រុង​ឡាអេ។

លោក​អនុប្រធានាធិបតី​កេនយ៉ា William Ruto នៅ​ក្នុង​បន្ទប់​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ
លោក​អនុប្រធានាធិបតី​កេនយ៉ា William Ruto នៅ​ក្នុង​បន្ទប់​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ REUTERS/Michael Kooren
ផ្សាយពាណិជ្ជកម្ម

អាច​ថា​មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​នៃ​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ មិន​ធ្លាប់​មាន​ព្រោះ​ថា នេះ​ជា​លើក​ទីមួយ​បង្អស់​ដែល​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​បើក​សវនាការ​កាត់​ទោស​ថ្នាក់ដឹកនំាកំពូល​របស់​ប្រទេស​មួយ​ដែល​កំពុង​កាន់អំណាច​ពេញ​ដៃ​នៅ​ឡើយ។ តំាង​តែ​ពី​ថ្ងៃ​អង្គារ ទី១០ កញ្ញា​មក តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​បាន​ផ្តើម​ដំណើរការ​កាត់ទោស​ថ្នាក់ដឹកនំាកំពូល​នៃ​ប្រទេស​កេនយ៉ា​ពី​បទឧក្រិដ្ឋ​ប្រឆំាង​មនុស្សជាតិ ដោយ​ចាប់​ផ្តើម​មុន​គេ គឺ​លោក​អនុប្រធានាធិបតី William Ruto និង​បន្ត​ដោយ​លោក​ប្រធានាធិបតី Uhuru Kenyatta នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ លោក Uhuru Kenyatta និង​លោក William Ruto សុទ្ធតែ​បាន​ជាប់ចោទ​ពី​បទឧក្រិដ្ឋកម្ម​​ប្រឆំាង​មនុស្សជាតិ​ដូច​គ្នា។

រឿងរ៉ាវ​ដំបូង​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នំា ២០០៧។ កាល​ណោះ ឥស្សរជន​នយោបាយ​ទំាង​ពីរ​បាន​ប្រឆំាង​នឹង​លទ្ធផល​បោះឆ្នោត​ដោយ​បាន​កែនប្រមូល​សកម្មជន​របស់​ខ្លួន​ឲ្យ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម។ បាតុកម្ម​ដែល​មិន​អាច​បញ្ជៀស​បាន​ឡើយ​នូវ​អំពើហិង្សា និង​ភាព​អនាធិបតេយ្យ​នៅ​ទូទំាង​ប្រទេស។ គ្រាន់​តែ​ក្នុង​រយៈពេល​តែ ៣ខែ​ក្រោយ​ការ​បោះឆ្នោត ភាព​វឹកវរ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ៣០០នាក់ និង​ប្រមាណ​ជា ៦០០ ០០០នាក់​ផ្សេង​ទៀត​បាន​រត់ចោល​ផ្ទះសម្បែង ឬមួយ​ក៏​ផ្លាស់ប្តូរ​លំនៅដ្ឋាន​របស់​ខ្លួន។ បច្ចុប្បន្ន​នេះ និង​៦ឆ្នំា​ក្រោយ​មក នៅ​មាន​ប្រជាជន​កេនយ៉ា​រាប់សិប​ពាន់នាក់​ផ្សេងទៀត​មិន​ទាន់​បាន​វិល​ទៅ​កាន់​លំនៅដ្ឋានដើម​របស់​ខ្លួន​វិញ​នៅ​ឡើយ​ទេ។

គឺ​ផ្តើម​ចេញ​ពី​គំនរ​សោកសៅ​របស់​ប្រជាជន​កេនយ៉ា​នា​ពេល​នោះ​ឯង ដែល​បាន​ជម្រុញ​ឲ្យ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​មិន​អាច​ឈរ​ឱបដៃ​មើល​បាន​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​កាល​ពី​ឆ្នំា ២០១០ និង​ដើម្បី​ស្វែង​រក​ភស្តុតាង​ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត រាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ជនជាតិ​ហ្គំប៊ី​លោកស្រី Fatou Bensouda ក៏​បាន​បើក​ការិយាល័យ​មួយ​នៅ​ផ្ទៃក្នុង​ប្រទេស​កេនយ៉ា​តែ​ម្តង។

នៅ​ពេល​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ថ្ងៃ​ដំបូង មាន​ឧបសគ្គ និង​ការ​លំបាក​គ្រប់​ជំពូក​ដែល​លោកស្រី Bensouda បាន​ជួប​ប្រទះ។ នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​ខ្លួន លោកស្រី Bensouda បាន​ព្យាយាម​ប្រមែប្រមូល​សាក្សី​ដែល​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក Uhuru Kenyatta និង​លោក William Ruto នៅ​ក្នុង​ហេតុការណ៍​ដែល​បាន​នំា​ឲ្យ​មាន​មនុស្សស្លាប់ និង​ភៀសខ្លួន​រាប់សិប​ម៉ឺននាក់​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នំា ២០០៧។ សាក្សី​ដែល​មាន​ទំាង​បុរស និង​ស្រ្តី និង​ដែល​ពួក​គេ​មិន​ញញើត​នឹង​ប្រថុយប្រថាន​ជីវិត​របស់​ខ្លួន​ដើម្បី​ប្រាប់​ការពិត។ បើ​យោង​តាម​លោកស្រី Bensouda ការ​គំរាមកំហែង​របស់​រដ្ឋអំណាច​ចំពោះ​សាក្សី​ត្រូវ​បាន​ធ្វើ​តាម​គ្រប់​រូបភាព ដោយ​ព្យាយាម​ទិញទឹកចិត្ត​សាក្សី​ទំាង​នោះ​ដើម្បី​ឲ្យ​ពួក​គេ​បិទមាត់។

ប៉ុន្តែ និង​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​បន្តិច​របស់​ប្រជាជន​កេនយ៉ា​នោះ​នៅ​ត្រង់​ថា ទោះ​បី​ជា​ពួក​គេ​បាន​ដឹង​ថា លោក Uhuru Kenyatta និង​លោក William Ruto កំពុង​ជាប់​អង្កេត និង​ជាប់​ចោទ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ​ពី​សំណាក់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក៏​ដោយ​ក្តី ក៏​ពួក​គេ​នៅ​តែ​បោះឆ្នោត​ឲ្យ​លោក Uhuru Kenyatta នា​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី ៤ខែ​មុន​នេះ​ដែរ។ មួយ​វិញ​ទៀត នា​ពេល​ថ្មី​កន្លង​ទៅ រដ្ឋាភិបាល​កេនយ៉ា​ថែម​ទំាង​បាន​រៀបចំ​ច្បាប់​ថ្មី​មួយ​ដើម្បី​ដក​ប្រទេស​កេនយ៉ា​ចេញ​ពី​សមាជិក​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ទៀត​ផង។

បើ​គេ​ពិនិត្យមើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា មាន​ចរន្ត​ពីរ​ដែល​បាន​និង​កំពុង​ដើរ​បញ្ច្រាស​ទិស​គ្នា​នៅ​ក្នុង​ប្រទេស​កេនយ៉ា។ នៅ​ម្ខាង មាន​អ្នក​ដែល​ត្រូវ​ការ​តុលាការ​អន្តរជាតិ​ឲ្យ​ជួយ​ស្វែង​រក​ការ​ពិត​ចំពោះ​ព្រឹត្តិការណ៍​កាល​ពី ៦ឆ្នំា​មុន។ រីឯ​នៅ​ម្ខាង​ទៀត គឺ​អ្នក​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក Uhuru Kenyatta និង​ទាមទារ​ឲ្យ​កេនយ៉ា​ឈប់​ទទួល​ស្គាល់​ស្ថានប័ន​តុលាការ​អន្តរជាតិ​មួយ​នេះ។

តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​ទៅ​ឃើញ​ថា គឺ​ស្ថាប័ន​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​តែ​ម្តង​ដែល​បាន​និង​កំពុង​ទទួល​រង​ការ​វាយប្រហារ​យ៉ាង​ខ្លំាង​ពី​សំណាក់​ប្រទេស​អាហ្រ្វិក​ទូទៅ។ ប្រទេស​អាហ្រ្វិក​ដែល​មិន​ញញើត​នឹង​ចោទ​តុលាការ​អន្តរជាតិ​មួយ​នេះ​ថា ជា​តុលាការ​ប្រកាន់​ពូជសាសន៍។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច្នេះ​ក៏​ដោយសារ​ថា តំាង​ពី​បាន​បង្កើត​ឡើង​ក្នុង​ឆ្នំា ២០០២ មក តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​មួយ​នេះ​បាន​កាត់ទោស​តែ​អតីត​ពួក​មេដឹកនំា​ស្បែកខ្មៅ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​ដែល​បាន​អូស ក អតីត​មេដឹកនំា​ស្បែក​ស​កាន់អំណាច​ផ្តាច់ការ​ណា​ម្នាក់​មក​កាត់ទោស​ឡើយ។ នៅ​ពេល​នេះ​ទៀត ករណី​ប្រទេស​កេនយ៉ា និង​ជា​លើក​ទីមួយ​នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ថែម​ទំាង​បាន​អូស ក ប្រធានាធិបតី និង​អនុប្រធានាធិបតី​កេនយ៉ា​ដែល​កំពុង​កាន់អំណាច​ទៅ​កាត់​ទោស​តែ​ម្តង។

ពិត​ណាស់​ថា ប្រជាជន​អាហ្រ្វិក និង​ប្រជាជន​ទូទៅ​នៅ​ក្នុង​ពិភពលោក​សុទ្ធ​តែ​បាន​យល់​ឃើញ​ដូច​គ្នា​ថា ជន​ប្រព្រឹត្តិ​បទឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​មួយ​ក៏​ប្រឆំាង​មនុស្សជាតិ​ត្រូវ​តែ​ទទួល​ទោស​ដោយ​ចៀសមិន​រួច។ តែ​អ្វី​ដែល​ប្រទេស​អាហ្រ្វិក​ទូទៅ​បាន​កត់សម្គាល់​ឃើញ​នោះ​គឺ​ថា រហូត​មក​ដល់​ពេល​នេះ មាន​តែ​អតីតថ្នាក់ដឹកនំា​អាហ្រ្វិក​ភាគច្រើន​ទេ​ដែល​ត្រូវ​បាន​ជាប់​ក្នុង​ស៊ង​របស់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ។ តើ​វា​គ្មាន​ទេ​ឬ អ្នកដឹកនំា​ស្បែក ស​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​មួយ​ក៏​ប្រឆំាង​មនុស្សជាតិ​នោះ នេះ​ជា​ការ​ចោទ​សួរ​របស់​ប្រជាជន​អាហ្រ្វិក។

ដូច្នេះ​ឃើញ​ថា តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ​កំពុង​ផ្តល់​រូបភាព​មិន​ល្អ​ទេ ចំពោះ​ទ្វីបអាហ្រ្វិក។ ទ្វីបអាហ្រ្វិក​ដែល​មាន​ប្រទេស​ជា​ច្រើន​កំពុង​ពិចារណា​ដក​ខ្លួន​ចេញ​ពី​តុលាការ​អន្តរជាតិ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ