អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង François Fillon ក្លាយជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ស្តាំនិយម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ការ​​បោះឆ្នោត​ជុំទី២ នៃ​​បក្ស​ស្តាំនិយមបារាំង ថ្ងៃអាទិត្យ​ម្សិលមិញ អតីត​នាយករដ្ឋមន្ត្រី​អភិរក្ស​និយម ​​​ហ្វ្រង់ស៊័រ ហ្វ៊ីយ៉ុង François Fillonបាន​ទទួលជោគជ័យ​ ដើម្បី​ធ្វើជា​បេក្ខជន​តំណាង​បក្ស សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ២០១៧។លទ្ធផល​ដែល​ទទួលបាន​នៅ​ម៉ោង​៣ភ្លឺ ព្រឹកថ្ងៃច័ន្ទ នៅ​បារាំង បង្ហាញថា ​លោក​ហ្វ៊ីយ៉ុង​ទទួលបាន​សម្លេង​​​​គាំទ្រ​​៦៦,៥ភាគរយ ​ឈ្នះ​​អភិបាលក្រុង​បរដូ គឺ​លោក​អាឡាំង ហ្សុបពេ Alain Juppé។ 

លោក​ហ្វ្រង់ស៊័រ ហ្វ៊ីយ៉ុង បេក្ខជន​ប្រធានាធិបតី​បក្សស្តាំនិយម សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧
លោក​ហ្វ្រង់ស៊័រ ហ្វ៊ីយ៉ុង បេក្ខជន​ប្រធានាធិបតី​បក្សស្តាំនិយម សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ហ្សុបពេ ទទួល​បាន​​សម្លេង​​៣៣,៥ភាគរយ។ ​លោក​ហ្សុបពេ ​បាន​ជូនពរ​លោក​ហ្វ៊ីយ៉ុង អោយ​ទទួលជោគជ័យ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៧។

​​តើ​លោក​​​ហ្វ្រង់ស៊័រ ហ្វ៊ីយ៉ុង ជា​នរណា​?​
លោក​​​​ហ្វ្រង់ស៊័រ ហ្វ៊ីយ៉ុង មាន​អាយុ​៦២ឆ្នាំ ​លោក​​ជា​អតីត​នាយករដ្ឋមន្ត្រីបារាំង​ ក្នុង​អាណត្តិ​របស់​លោក​សាកូហ្ស៊ី ​ពី​ឆ្នាំ២០០៧ ដល់​​ឆ្នាំ២០១២។ លោក​ជា​តំណាងរាស្ត្រ​ទីក្រុង​ប៉ារីស។ ​លោក​ហ្វ៊ីយ៉ុង​ធ្លាប់កាន់កាប់មុខងារ​​រដ្ឋមន្ត្រីច្រើនដែរ ដូចជា​រដ្ឋមន្ត្រី​​​សង្គមកិច្ច​ រឺ​ក៏​អប់រំ ក្នុង​រដ្ឋាភិបាល​ស្តាំនិយម​កន្លងមក។

គេ​មើលឃើញថា ​លោក​​​ជា​អ្នកអភិរក្ស​និយម ​​មាន​ជំហរ​ត្បិតត្បៀត​ការ​ចាយវាយ​​ថវិកា។ លោក​កាន់សាសនា​កាតូលិក ​លោក​​មិនគាំទ្រ​អោយ​អ្នកស្រលាញ់​ភេទ​ដូចគ្នា អាច​សុំ​កូន​មកចិញ្ចឹមទេ។ សារព័ត៌មា​ន​បរទេស​​ជាច្រើន​មើលឃើញថា លោក​ជាអ្នក​ចេះប្រមាណ ពោលគឺ​មិន​ហួសហេតុ​ ក្នុង​ការធ្វើអ្វីមួយ។ ទូរទស្សន៍​ស៊ីអិនអិន CNN បាន​ប្រដូច​លោក​ទៅនឹង​​​​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ម៉ាហ្ការែត ឆាតឆឺ​ Margaret Thatcher ទៀតផង ដោយ​ចាត់ទុក​ថា លោក​ជា Thatcher របស់​បារាំង។

យើង​អាច​ថា លោក​ហ្វ៊ីយ៉ុង ជា​អ្នកដឹកនាំម្នាក់​​ ​ដែល​គេ​មិនបាន​រង់ចាំ​ពីមុន​មកទេ។ ​ ពីមុនមក គ្មាន​អ្នកណា​ស្មានដល់​ទេ ថា​​លោកហ្វ៊ីយ៉ុង អាច​ទទួល​ជ័យជំនះ ធ្វើជាបេក្ខជន​ប្រធានាធិបតី​​តំណាងបក្ស​ស្តាំ​និយម ​ក្នុង​ការ​បោះឆ្នោត​បក្ស ជុំទី១ និង​ជុំទី២ កន្លងមក។ ព្រោះការ​ស្ទង់​មតិ​ផ្តោតតែ​លើ​​បេក្ខជន​​ដូចជា​អតីត​​ប្រធានាធិបតី​សាកូហ្ស៊ី រឺ​ក៏​លោក​អាឡាំង ហ្សុបពេ ជា​ចៅហ្វាយ​ក្រុង​បរដូ​ Bordeaux នោះឯង។

តែ​ការពិត ​ប្រជាជន​បារាំង​លែងចាប់​អារមុ្មណ៍​ពី​​មេដឹកនាំ​ដែលធ្លាប់​តែ​លេចមុខ​អស់នោះ​ហើយ។ ពលរដ្ឋ​នាំគ្នា​មក​ចាប់អារម្មណ៍​គោលនយោបាយ​លោក​ហ្វ៊ីយ៉ុង ដែល​ជា​នយោបាយ​អភិរក្សតែ​ជា​នយោបាយ​ស៊ីជម្រៅ និង​ច្បាស់លាស់។ ដូច្នេះ ​ដល់ពេល​លោក​ហ្វ៊ីយ៉ុង​ឈ្នះឆ្នោត​ទៅ គ្រប់គ្នាក្នុង​បក្ស​នយោបាយ​​​​​ក៏ខកចិត្ត​ទៅវិញ ហើយ​ឥឡូវ នាំគ្នា​មកចាប់​អារម្មណ៍​រូបលោក​វិញ ដោយ​សមាជិក​បក្ស​សុខចិត្ត​ដើរតាម​ និង​គាំទ្រ​លោក។ ​ សូមបញ្ជាក់​ដែរថា ហ្វ្រង់ស៊័រ ហ្វ៊ីយ៉ុង ជា​មានជំហរ​ស្និទ្ធ​នឹង​​​​ប្រធានាធិបតី​​ពូទីន និង​របប​ដឹកនាំ​អ៊ីរ៉ង់។ ​

គ្រប់គ្នា​ចាប់អារម្មណ៍​លោក​ហ្វ៊ីយ៉ុង ចាប់អារម្មណ៍​ការបោះឆ្នោត​បក្ស​ស្តាំនិយម ក៏ដោយសារ​តែ​បារាំង​ត្រូវបោះឆ្នោតប្រធានាធិបតី នៅខែ​ឧសភា ​​ឆ្នាំ​២០១៧​ ខាងមុខ​នេះហើយ។ បក្ស​កាន់អំណាច​ឆ្វេងនិយម​កំពុង​បែកបាក់គ្នា​ ដូច្នេះ បក្ស​ស្តាំនិយម​កំពុង​មា​នអានុភាព ប្រឈម​នឹង​បក្ស​ស្តាំជ្រុល​និយម​ របស់​លោកស្រី​ម៉ារីន ឡឺពេន។

កម្មវិធី​នយោបាយ​របស់​​លោក​ហ្វ៊ីយ៉ុង
កម្មវិធី​នយោបាយ​​​របស់លោក​ មាន​លក្ខណៈ​​​បែប​សេរីនិយម​សេដ្ឋកិច្ច ​លាយឡំ​និង​នយោបាយ​​អភិរក្សនិយម។ លោក​ចង់​បន្ថែម​ម៉ោង​ធ្វើការ​អោយ​ឡើងពី​៣៥ម៉ោង ដល់​៣៩ម៉ោង​ ក្នុង​មួយសប្តាហ៍។ ​ដើម្បី​បន្ថយ​ការចំណាយ​ថវិកា​ជាតិ ​លោក​ចង់​បង្កើន​អាយុ​ចូលនិវត្តន៍​អោយ​​​​ដល់​៦៥ឆ្នាំ និង​ចង់​លុបចោល​​ការងារ​បុគ្គលិក​រដ្ឋ​៥សែននាក់ នៅឆ្នាំ​២០២២។ កម្មវិធី​របស់​លោក​ក៏គ្រោង​ដំឡើង​ពន្ធ​​TVA ពី​២០ទៅ២២ភាគរយ​ដែរ។ ផ្ទុយទៅវិញ ​លោក​ហ្វ៊ីយ៉ុង​មិនបាន​គ្រោង​បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ទេ។ ​

ទាក់ទង​នឹ​ងសុខភាព លោក​ហ្វ៊ីយ៉ុង ​ចង់​បន្ថយ​ជំនួយ​សុខភាព​ និង​ចំនួន​មន្ទីរពេទ្យ។ ​ដោយឡែក ​អតីត​នាយករដ្ឋមន្ត្រីបារាំង​រូបនេះ ​បែរជា​ត្រៀម​ពង្រីក​ក្រសួងមហាផ្ទៃ​អោយ​កាន់តែ​ធំ ប្រមូល​កងកម្លាំង​​ការពារ កងកម្លាំង​ប៉ូលិស​ គ្រប់ជាន់ថ្នាក់ និង​​បំពាក់​អាវុធ​ប៉ូលិស​នៅតាម​ទីក្រុង។ ជា​នយោបាយ​ដើម្បី​ប្រយុទ្ធ​នឹង​ភេរវកម្ម។ ​លោក​ហ្វ៊ីយ៉ុង​ក៏ត្រៀម​ដកហូត​សញ្ជាតិ​បារាំង ពី​ពលរដ្ឋ​ណា​​ដែល​ចេញទៅធ្វើសង្គ្រាម​ជីហាត​នៅ​​ដើមបូព៌ា មិនអោយ​ពួកគេ​នោះ​​ត្រលប់​ចូល​ទឹកដី​បារាំង​វិញទេ។

ចំពោះ​នយោបាយ​ការបរទេស ហ្វ្រង់ស៊័រ ហ្វ៊ីយ៉ុង ​មានទំនោរ​ទៅរក​រុស្ស៊ី ចង់ចរចា​ជាមួយ​រុស្ស៊ី ​​បញ្ចប់​ការ​ដាក់​​ទណ្ឌកម្មលើ​​​រុស្ស៊ី។ ហ្វ៊ីយ៉ុង​ចង់​អោយ​បារាំង​ចូលរួម​ដោះស្រាយ​វិបត្តិ​ស៊ីរី ជាមួយ​រុស្ស៊ី​ ជំហរ​នេះ​​​​ខុស​ពិ​ជំហរ​បក្ស​កាន់អំណាច​ឆ្វេងនិយម​សព្វថ្ងៃ​ស្រឡះ។ បន្តទៅ​នេះ លោក​ហ្វ៊ីយ៉ុង ត្រូវតែ​បង្រួបបង្រួម​បក្ស និង​ធ្វើយ៉ាងណា​ពន្យល់​ពលរដ្ឋ​អោយ​យល់ច្បាស់ ពី​តម្លៃ​និង​ប្រសិទ្ធភាព​កម្មវិធី​នយោបាយ​លោក ដើម្បី​អាច​ទទួលជោគជ័យក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ២០១៧។

​កម្មវិធី​នយោបាយ​ហ្វ៊ីយ៉ុង បើ​និយាយ​ពី​គុណវិបត្តិ​ គឺ​​តឹងរ៉ឺង​ អភិរក្ស​ ត្បិតត្បៀត​ការចាយវាយ​ខ្លាំង។ ជានយោបាយ​ទាក់ទាញ​សហគ្រាស​រកស៊ី​ទៅវិញទេ។ ​ត្បិតថា សេដ្ឋកិច្ច​បារាំង​មានបញ្ហា ​តែ​​ក្រុមជំនាញ​មើលឃើញ​ថា បើ​បក្ស​ស្តាំនិយម​​តឹងតែង​​​​​ខ្លាំងពេក អាច​នឹងអោយ​ប្រជាជន​ពិចារណាឡើងវិញ ​ហើយ​អាច​មិនបោះឆ្នោត​អោយ​បក្ស​ស្តាំនិយម​ផងក៏ថាបាន។ ​​

ប្រតិកម្ម​បក្ស​ស្តាំនិយមជ្រុល ចំពោះ​បេក្ខជន​ប្រធានាធិបតី​បក្សស្តាំនិយម​​
បក្ស​រណសិរ្ស​ជាតិ​ ជាបក្ស​ស្តាំនិយមជ្រុល របស់​លោកស្រី ម៉ារីន ​​ឡឺពេន​ ​​មា​នកម្លាំង​នយោបាយ​លំដាប់ទី៣ ក្នុង​ប្រទេស​បារាំង។ ​នៅចំពោះ​មុខ​​​ជោគជ័យ​របស់​លោក​ហ្វ៊ីយ៉ុង ដែលបាន​​​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ម្សិលមិញ​​នេះ បក្ស​ស្តាំនិយមជ្រុល​មិនចង់​អោយ​លោក​ហ្វ៊ីយ៉ុង​អរទុក​ជាមុន​ទេ។

សម្រាប់​បក្សរណសិរ្ស​ជាតិ ​​ស្តាំ​ជ្រុល ជ័យជំនះ​អតីត​នាយករដ្ឋមន្ត្រី​ហ្វ៊ីយ៉ុង​មិនបាន​បង្ក​បញ្ហា​អ្វី​សម្រាប់​​បក្ស​រណសិរ្ស​ជាតិ​ របស់​ឡឺពេន​ទេ។ ជ័យជំនះ​នេះ គ្រាន់តែ​ជា​ស្រោមមុខ​ ពាក់​បំបាំងភាព​ពិត​របស់​បក្ស​ស្តាំនិយម​ ដែល​ធ្លាប់​កាន់អំណាច​ ក្នុង​អាណត្តិ​មុនៗ​ប៉ុណ្ណោះ។ ​បក្ស​ស្តាំជ្រុល​និយម​បានឆ្លៀត​​​លើកឡើង​ពី​គុណវិបត្តិ​របស់​លោក​ហ្វ៊ីយ៉ុង កាលពី​លោក​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ ថា​លោក​បានធ្វើអោយ​បារាំង​កើន​បំណុល​​ដល់ទៅ​៦០០ពាន់លាន​អឺរ៉ូ​ថែមទៀត។

កាលពី​លោក​ហ្វ៊ីយ៉ុង​កាន់អំណាច ​លោក​បាន​ធ្វើអោយ​ចំនួន​អ្នក​គ្មានការងារ​ធ្វើ​ក្នុងស្រុក​កាន់តែ​កើនឡើង ​ហើយ​ជន​អន្តោប្រវេសន៍​​​ក្នុងស្រុក​ ​ក៏​កើន​ជាងមុន​​២សែននាក់​ក្នុង​មួយឆ្នាំៗ។ ដរាបណា​បារាំង​មិនទាន់​បោះឆ្នោត​ប្រធានាធិបតី​​ បក្ស​ស្តាំជ្រុលរបស់​លោកស្រី​ឡឺពេន ​​នៅតែ​មាន​សង្ឃឹម​ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ