អានតួអត្ថបទ
សមុទ្រ​ចិន​ខាង​ត្បូង

នាវា​វៀតណាម​និង​ចិន​ប្រឈមមុខ​ដាក់គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង បាន​ឡើង​កម្តៅ​កាន់តែ​ខ្លាំង នៅ​ក្រោយ​ពេល​មាន​ការ​ប៉ះទង្គិចគ្នា រវាង​នាវា​ល្បាត​វៀតណាម និង​នាវា​ចិន នៅ​តំបន់​ជាប់ជម្លោះ។ ក្រសួង​ការបរទេស​វៀតណាម​បាន​អះអាង កាល​ពីពុធ​ថា នាវារបស់​ចិន​ជាច្រើន​គ្រឿង បាន​បើក​កៀរ​នាវាល្បាត​វៀតណាម​ដោយ​ចេតនា កាល​ពីថ្ងៃ​អាទិត្យ។

ទាហាន​ជើងទឹក​វៀតណាម នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ខែ​១៧ មករា ២០១៣ (រូបថតឯកសារ)
ទាហាន​ជើងទឹក​វៀតណាម នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ខែ​១៧ មករា ២០១៣ (រូបថតឯកសារ) REUTERS/Quang Le/Files
ផ្សាយពាណិជ្ជកម្ម

 

ហេតុការណ៍​បាន​កើតមានឡើង កាល​ពីថ្ងៃ​អាទិត្យ ៤ឧសភា នៅ​ក្នុងពេល​ដែល​នាវាល្បាត​វៀតណាម បាន​ព្យាយាម​រារាំង​នាវាចិន ដែល​ចង់​ចូល​ទៅ​ខួងបូមប្រេង ក្រោម​បាតសមុទ្រ ក្នុង​ប្រជុំកោះ Paracel ដែល​ជា​តំបន់​កំពុង​ជាប់ជម្លោះ​ជាមួយ​វៀតណាម។

យោងតាម​ក្រសួង​ការបរទេស​វៀតណាម នាវាចិន​ជាច្រើន​គ្រឿង ដោយ​មាន​ជំនួយ​ពី​យន្តហោះ​ផង ដែល​បើក​អម​ការពារ​នាវា​បូមប្រេង​ចិន បាន​បាញ់​ទឹក​ទៅលើ​នាវាល្បាត​វៀតណាម ព្រមទាំង​បាន​បើក​កៀរនាវា​វៀតណាម​ដោយ​ចេតនា បណ្តាល​ឲ្យ​មនុស្ស ៦នាក់ រងរបួស​ស្រាល។

មេបញ្ជាការ​រងនៃ​ប៉ូលិស​ល្បាត​ដែនសមុទ្រ​វៀតណាម​ក៏​បាន​អះអាង​ផងដែរ​ថា ការប្រឈមមុខ​ដាក់គ្នា រវាង​នាវា​វៀតណាម និង​នាវាចិន កំពុង​ស្ថិត​ក្នុង​សភាព​តានតឹង​ខ្លាំង ក៏ប៉ុន្តែ មិនមាន​ការ​ផ្ទុះ​អាវុធ​នោះទេ។ តែ​មន្រ្តី​ដដែល​បាន​ព្រមាន​ថា ប្រសិនបើ​​នាវាចិន​នៅតែ​បន្ត​វាយប្រហារ​លើ​នាវា​វៀតណាម​តទៅទៀត វៀតណាម​ប្រាកដ​ជា​នឹង​ត្រូវ​ចាត់វិធាន​ការ​ ដើម្បី​ការពារខ្លូន។

គួរបញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស កាល​ពីថ្ងៃ​សៅរ៍​ថា ខ្លួន​នឹង​បញ្ជូន​នាវា​ឲ្យ​ចូល​ទៅ​ខួង​បូមប្រេង​ក្រោម​បាតសមុទ្រ នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ Paracel ដោយ​អះអាងថា វា​គឺ​ជា​សិទ្ធិ​របស់​ចិន ព្រោះ​ តំបន់​នេះ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ចិន។ ក៏ប៉ុន្តែ វៀតណាម​វិញ​បាន​អះអាង​ថា សកម្មភាព​ខួងបូមប្រេង​ដោយ​នាវាចិន​នេះ គឺ​ជា “​សកម្មភាព​ខុសច្បាប់”។

កាលពីថ្ងៃ​អង្គារ សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ចិន​ថា ការចូល​ទៅខួង​បូមប្រេង​នៅក្នុង​តំបន់​ជាប់ជម្លោះ​នេះ គឺ​ជា​ “សកម្មភាព​បង្កហេតុ” ហើយ​ថា អាមេរិក​កំពុង​តាមដាន​មើល​យ៉ាង​​ជិតដិត​បំផុត ទៅលើ​សកម្មភាព​ទាំងនេះ។

កាលពីថ្ងៃ​អង្គារ នៅ​ឯ​ប៉ែក​ម្ខាងទៀត​នៃ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​នៅ​ឯ​ម្តុំ​ប្រជុំកោះ Spratley នាវានេសាទ​ចិន​មួយគ្រឿង ដែល​មាន​អ្នក​នេសាទ ១១នាក់ ត្រូវ​បាន​ឆ្មាំ​ល្បាត​ដែន​សមុទ្រ​ហ្វីលីពីន​ចាប់ទុក ដោយ​ចោទ​ថា បាន​ចូល​ទៅ​នេសាទ​ដោយ​ខុសច្បាប់ នៅ​ក្នុង​ដែនទឹក​របស់​ហ្វីលីពីន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​​ធ្វើការ​បកស្រាយ​ពី​ការ​ចាប់​ខ្លួន​ទូកនេសាទ​នេះ ព្រមទាំង​បាន​ទាមទារ​ឲ្យ​ដោះលែង​ទាំងទូក និង​ទាំង​អ្នក​នេសាទ​ចិន​​មកវិញ​ទាំងអស់។

គួររំឭកឡើងវិញ​ថា ចិន​ទាមទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរតែ​ទាំងស្រុង​មក​ដាក់​ជា​ទឹកដី​របស់​ខ្លួន នៅ​ក្នុង​ពេល​ដែល​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ ព្រមទាំង​កោះតៃវ៉ាន់ ក៏​មាន​ការ​ទាមទារ​ផ្នែក​ខ្លះ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ