អានតួអត្ថបទ
វៀតណាម

អ្នក​ប្រឆាំង​នឹងការរំលោភ​ដែនដី​របស់​​ចិន​ត្រូវ​តុលាការ​វៀតណាម​ផ្តន្ទាទោស

នៅភាគខាងត្បូង​វៀតណាម តុលាការ​ប្រជាជន​បាន​ប្រកាស​ផ្តន្ទាទោស​អ្នកនិពន្ធ​បទភ្លេង និង​ទំនុកច្រៀង ពីរនាក់ ឲ្យ​ជាប់គុក ៤ឆ្នាំ និង​៦​ឆ្នាំ។ យោងតាម​មេធាវី​របស់​ជនជាប់ចោទ តុលាការ​បាន​ចោទ​អ្នកទាំងពីរ​នាក់​ក្នុង​បទ​បាន​ធ្វើ​ការឃោសនា​ប្រឆាំង​រដ្ឋអំណាច។

អ្នកនិពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​វៀតណាម​ដែល​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​៤ឆ្នាំ និង​៦​ឆ្នាំ ពីបទ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល
អ្នកនិពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​វៀតណាម​ដែល​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​៤ឆ្នាំ និង​៦​ឆ្នាំ ពីបទ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល DR
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ទាំងពីរនាក់​ដែល​តុលាការ​វៀតណាម​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​នោះ ដោយពិតទៅ​មិន​បាន​រិះគន់​ដោយ​ផ្ទាល់ ចំៗ​ទៅលើ​រដ្ឋាភិបាល​វៀតណាមទេ។ ពួកគេ​ទាំងពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ចុងឆ្នាំ ២០១១ ក្នុង​អំឡុង​បង្រ្កាប​របស់​អាជ្ញាធរ​ទៅលើ​ចលនា​ដែល​ប្រឆាំង​នឹង​ចិន។

អ្នកទាំងពីរ​ត្រូវ​គេ​ស្គាល់​ជាទូទៅ​ថា ជាអ្នក​និពន្ធបទភ្លេង និង​សរសេរ​ទំនុកច្រៀង​ឲ្យ​តារាចម្រៀង​ល្បីៗ​នៅវៀតណាម។ បុរស​ឈ្មោះ Viet Khang អាយុ ៣៤​ឆ្នាំ ដែល​តុលាការ​បាន​កាត់ទោស​ឲ្យ​ជាប់គុក ៤ឆ្នាំនោះ មាន​ឈ្មោះល្បី ដោយ​មកពី​គាត់​បាន​និពន្ធ​បទចម្រៀង មាន​លក្ខណៈ​ស្នេហាជាតិ ដូចជា បទ តើ​អ្នក​ជា​នរណា? ឬ​បទ តើ​ប្រទេស​វៀតណាម​របស់ខ្ញុំ​នៅឯណា? បទទាំងពីរនេះ​ចង់​សំដៅ​ទៅលើ​ជម្លោះ​ដែនដី​សមុទ្រ​ដែល​វៀតណាម​កំពុង​មាន​ជាមួយ​ចិន។

អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយចំនួន បាន​ថ្កោលទោស​ការសម្រេច​របស់​តុលាការ និង​បាន​ទាមទារ​ឲ្យ​គេ​ដោះលែង អ្នកនិពន្ធ​ទាំងពី ដែល​គេ​ចាត់ទុក​ថា ជាអ្នក​ជាប់ទោស​មនសិការ។

សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​វៀតណាម ជាទី​ដែល​ការពិភាក្សា​ប្រជាធិបតេយ្យ​ត្រូវ​រដ្ឋាភិបាល​កុម្មុយនិស្ត​បិទ ហាមឃាត់ អាជ្ញាធរ​ឧស្សាហ៍​យក​បទចោទប្រកាន់​”ធ្វើការ​ឃោសនា​ប្រឆាំងរដ្ឋ” ឬ​បទចោទប្រកាន់​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល មក​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុមចលនា​តវ៉ា​នានា។ បទ​ចោទប្រកាន់​ខាងលើ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​តវ៉ា​បញ្ចេញមតិ​អាច​ប្រឈមមុខ​នឹង​ការដាក់ទោស​ជាប់ពន្ធនាគារ​ដល់​ទៅ​២០ឆ្នាំ។

រហូតមកដល់​ពេលនេះ សកម្មជន​ប្រឆាំង​អំពើពុករលួយ អ្នកប្រជាធិបតេយ្យ​ដែល​សរសេរ​បញ្ចេញមតិ​រិះគន់ និង​កវី​និពន្ធ ជាច្រើននាក់​កំពុង​ជាប់ក្នុង​គុកនយោបាយ​របស់​រដ្ឋាភិបាល​វៀតណាម។ អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​វាយតម្លៃថា ​សកម្មភាព​របស់​រដ្ឋាភិបាល ធ្វើឡើង ដើម្បី​គាបសង្កត់ និង​បិទសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នកសេ្នហា​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ