អានតួអត្ថបទ
វៀតណាម

​វៀតណាម៖ ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា​ចូល​ជា​ធរមាន

ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា របស់​វៀតណាម បាន​ចូលជាធរមាន នៅថ្ងៃអង្គារ៍ ទី​១មករា ម្សិលមិញ។ អង្គការ​ការពារសិទ្ធមនុស្ស គិត​ថា ច្បាប់ថ្មីនេះ នឹង​រំលោភ​លើសិទ្ធ​អ្នក​ប្រើ​ប្រាស់​អ៊ីនធ័រនែត និង​ដើម្បី​តែ​ពង្រឹង​អំណាច​រដ្ឋ។ ចំណែក​ ​អង្គការ​អ្នក​កាសែត​អន្តរជាតិ ឈ្វេង​យល់​ថា ច្បាប់​ថ្មីនេះ នឹង​ជិះជាន់​សេរីភាព​ព័ត៌មាន​កាន់​តែ​ខ្លាំង​។ ក៏ប៉ុន្តែ របបដឹកនាំក្រុងហាណូយ អះអាងថា ច្បាប់​អនុម័ត​ឡើង​ដើម្បីរក្សា​សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ប្រទេសជាតិ​។

បុរសវៀតណាម​ម្នាក់​កំពុង​ប្រើ​ iPad នៅក្នុង​ហាង​កាហ្វេមួយ នាទីក្រុង ហាណូយ
បុរសវៀតណាម​ម្នាក់​កំពុង​ប្រើ​ iPad នៅក្នុង​ហាង​កាហ្វេមួយ នាទីក្រុង ហាណូយ REUTERS/Kham/File Photo
ផ្សាយពាណិជ្ជកម្ម

ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ​ របស់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែត​ដែល​រកស៊ី​នៅ​វៀតណាម ត្រូវ​លុប​ចោល​រាល់​ខ្លឹមសារ​ទាំងឡាយ​ណាលើ​បណ្តាញ​សង្គមម​និង​លើ​ទំព័រ​អ៊ីនធ័រនែត​ ដែល​រដ្ឋ​អំណាចវៀតណាម​ ​យល់ថា ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

មិន​តែប៉ុណ្ណោះ ​ច្បាប់​ថ្មី​នេះ នឹងអនុញ្ញាត​ឲ្យ​អាជ្ញាធរ​ ​លុប​ចោល​រាល់​បណ្តាញ​អ៊ីនធ័រនែត​ទាំងឡាយ​ណា ដែល​មាន​ផ្សាយ​ខ្លឹមសារ​ ​បង្ក​ឲ្យ​ខូច​ខាត​ប៉ះពាល់​ប្រវត្តិ​សាស្ត្រ​ ឬក៏​ផ្សាយ​ព័ត៌មាន​មិនពិត ប៉ះពាល់​ដល់​សង្គម​និង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ។​

អ្នក​តំណាង​ក្រុម​ហ៊ុន​យក្ស Facebook​ បានលើកឡើង​​បែប​ការទូត​ ថា​ខ្លួន​នឹង​លុប​រាល់​ខ្លឹមសារ​ណា ដែល Facebook ពិចារណា​ឃើញថា ប្រាស់ចាក​ពីគោលការណ៍​ជាមូលដ្ឋាន​របស់​ហ្វេសបុក។ ហើយអ្នក​តំណាង​​ក្រុម Facebook បញ្ជាក់ទៀត​ថា ក្រុមហ៊ុន​នេះ មាន​យន្តការ​ច្បាស់​លាស់​ ដើម្បី​ពិនិត្យ​រាល់​សំណើ​របស់​គ្រប់​រដ្ឋាភិបាល​នៅលើពិភពលោក។

ចំណែក​ក្រុម​ហ៊ុន Google វិញ  ដែល​ត្រៀម​ខ្លួន​ប្រុង​​នឹង​បង្កើត​ការិយាល័យ​នៅ​ទីក្រុង​ហាណូយ​ហើយ​នោះ​  នៅ​មិនទាន់​បញ្ចេញ​ជំហរ​អ្វី​ទេ។ ក៏ប៉ុន្តែ បើ​តាម​សេចក្តី​បញ្ជា​របស់​ច្បាប់​ថ្មី គឺ​រាល់​ក្រុមហ៊ុន​អ៊ីនធ័រនែត ដែល​រកស៊ី​នៅ​ស្រុក​វៀត​ណាម គឺត្រូវ​បង្កើត​ការិយាល័យ​តំណាង​នៅទីនោះ។ ហេតុនេះ គឺសេរីភាព​របស់​ Google ក៏​មិនដឹង​​ថា​អាច​ត្រូវ​ធានា​បា​នកម្រិត​នា​នោះទេ នៅពេល​ដែល​ក្រុមហ៊ុនយក្ស​​នេះ​បើក​ការិយាល័យ​ជា​ផ្លូវ​ការ​នៅ​វៀតណាម​។

ច្បាប់​ថ្មី​នេះ ត្រូវ​សភា​របប​សង្គម​និយម អនុម័តនៅ​ខែ​មិថុនា​ឆ្នាំ​មុន ហើយ​នៅ​វិច្ឆិកាឆ្នាំ​២០១៨ កន្លងទៅថ្មីៗនេះ រដ្ឋអំណាច​វៀតណាម បាន​ចេញ​ក្រឹត្យ​មួយ ព្រមានឲ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែត​ទាំងអស់ រៀបចំ​​ត្រៀម​​ខ្លួន​ ឲ្យ​សមស្រប​តាម​គោលការណ៍​ណែនាំ​របស់​បទបញ្ញត្តិ​​ថ្មី។ រដ្ឋ​ទុក​ពេល​ឲ្យ​១ឆ្នាំ សម្រាប់​សម្របសម្រួល​កិច្ចការនេះ។​

ជាការ​កាត់​សម្គាល់​ ច្បាប់ថ្មី​នេះ បាន​ចូល​ជាធរមាន​ គឺ​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​សមាគម​អ្នក​កាសែត​វៀតណាម ចេញ​ក្រម​វិន័យ​វិជ្ជាជីវៈ ហាម​ប្រាម​កុំ​ឲ្យ​អ្នក​កាសែត​សរសេរ​ព័ត៌មាន ផ្សាយ​រូបភាព និង​ចុះ​ផ្សាយ​ខ្លឹមសារ ប្រឆាំងនឹង​​រដ្ឋ​អំណាច​។ ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន Reporters Sans frontières និង អង្គការ​សិទ្ធម​នុស្ស Humain Right Watch សុទ្ធតែ​យល់​ដូចគ្នាថា រដ្ឋាភិបាល​វៀតណាម កំពុង​តែ​ផ្តាច់​ការត្រួតត្រា​អ្ន​កកាសែត​ និង​បិទ​ខ្ទប់​សេរីភាព​សារព័ត៌មាន​។

គួរ​ជ្រាប​ថា ​វៀតណាម មាន​ពលរដ្ឋជាង​៩៣លាន​នាក់ ហើយ​អ្នក​ប្រើ​​អ៊ីនធ័រនែត មាន​​​​ប្រមាណ​ជា​៥០លាន​​នាក់។ វៀតណាម ក៏ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​១ក្នុង​ចំណោម​១០ប្រទេស ដែល​និយម​ប្រើ​ Facebook ច្រើន​ជាងគេ​ នៅលើពិភពលោក​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ