អានតួអត្ថបទ
វៀតណាម

វៀតណាម​ដោះលែង​អ្នក​ទោស​មនសិការ​ជា​កូនជន​​កុម្មុយនិស្ត​ស្និទ្ធ​នឹង​ហូជីមិញ

ជា​សកម្មជន​​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន និង​ជា​កូន​ប្រុស​របស់​សកម្ម​ជន​កុម្មុយនិស្ត​ស្និទ្ធ​នឹង​មេ​បក្ស​ ហូ ជីមិញ លោក គូ ហ៊ុយ ហា វូ (Cu Huy Ha Vu) ត្រូវ​បានគេ​ដោះលែង​ឱ្យ​ចេញ​ពីពន្ធនាគារ និង​បាន​ចាក​ចេញពី​ប្រទេស​វៀតណាម​សំដៅ​​​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​អាមេរិក។ លោក គូហ៊ុយហាវូ ត្រូវ​បាន​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ​ពី​បទ​ បាន​ “ឃោសនា​នយោបាយ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​​” វៀតណាម កាលពី​ឆ្នាំ​២០១១។

លោក ចូ ហ៊ុយ ហា វូ (កណ្តាល) ក្នុង​រង្វង់​ក្រចក​សេះ​នៅ​តុលាការ​ក្រុង​ហាណូយ​ ថ្ងៃទី​២១​សីហា ២០១១
លោក ចូ ហ៊ុយ ហា វូ (កណ្តាល) ក្នុង​រង្វង់​ក្រចក​សេះ​នៅ​តុលាការ​ក្រុង​ហាណូយ​ ថ្ងៃទី​២១​សីហា ២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ក្រុង​ហាណូយ មិន​បាន​បញ្ជាក់​ថា​អំពី​មូលហេតុ​នៃ​ការ​ដោះលែង​​អ្នក​ទោស​មនសិការ​ដែល​បណ្តា​ជន​វៀតណាម​គាំទ្រ​យ៉ាង​ខ្លាំង​​​នោះ​ទេ។ ចំណែក​មេធាវី​លោក គូ ហ៊ុយ ហា វូ វិញ​ បាន​ត្រឹម​អះអាង​ថា ហេតុ​ផល​នៃ​ការ​បើក​ចំហ​​​បន្ធូរបន្ថយ​ទោស​នេះ​ មិន​ច្បាស់​លាស់​ឡើយ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​ផ្តល់​សេរីភាព​ដល់​បណ្ឌិត​ច្បាប់​ ដែល​ធ្លាប់​ដាក់​បណ្តឹង​ប្រឆាំង​នឹង​នាយករ​ដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung ផ្ទាល់ កាលពី​ឆ្នាំ​២០០៩ ត្រូវ​បាន​ស្វាគមន៍​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​ជា​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាមទារ​រហូត​មក​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​រដ្ឋាភិបាល​បរទេស។

សំណុំ​រឿង​កាត់​ទោស​លោក វូ កាលពី​ឆ្នាំ​២០១១ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​នយោបាយ​​បំផុត​មួយ​។ កាលណោះ​​តុលាការ​ក្រុងហាណូយ ដែល​បាន​បើក​សវនការ​តែ​មួយ​ព្រឹកគត់ ក្រោម​ការ​ការពារ យ៉ាង​ហ្មត់ចត់​បំផុត រួច​​ផ្តល់​សាល​ក្រម​ភ្លាមក្នុង​ថ្ងៃ​តែ​មួយ បាន​សម្រេច​​ដាក់​ទោស​លោក​បណ្ឌិត​ច្បាប់​ឱ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ ពីបទ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល ​ សម្តី​និង​សំណេរ មាន​លក្ខណៈ​មួល​បង្កាច់​ បង្ខូចឈ្មោះ​​ ​គណបក្ស​កុម្មុយនិស្ត​ ដែល​កំពុង​កាន់​អំណាច ធ្វើ​​ឲ្យ​សង្គម​វៀតណាម​អាចទទួល​រង​ការ​ខូច​ខាត !

ម្យ៉ាង​​ទៀត​មក​ពី​​លោក វូ ជា​កូន​ប្រុស​របស់​ជន​កុម្មុយនិស្ត ​លោក គូហ៊ុយគឹង (Cu Huy Can) ស្និទ្ធ​នឹង​លោក​ ហូ ជីមិញ។ ឪពុក​លោក​វូ ឈ្មោះ​ គូហ៊ុយគឹង គឺ​​ជា​កវី​ ​ដ៏​ល្បីល្បាញ ជា​​​ជន​កុម្មុយនិស្ត​​ដ៏​សកម្ម និង​ជា​អតីត​សមាជិក​រដ្ឋាភិបាល​បដិវត្តិ​បណ្តោះ​អាសន្ន​ដំបូង ក្នុង​ឆ្នាំ​១៩៤៥​ ដែល​​បង្កើត​ឡើង​ដោយ​លោក​ ហូជីមិញ។ ​កំណាព្យ​​ដែល​មាន​ក្នុង​កម្មវិធី​សិក្សា​នៅ​តាម​សាលារៀន ភាគ​ច្រើន​ជា​ស្នាដៃ​និពន្ធ​​របស់​លោក Cu Huy Can។​

ប៉ុន្តែ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​លោក​វូ​ មិន​ស៊ី​គ្នា​វៀតណាម​​ទំនើប​បច្ចុប្បន្ន​ ដែល​ហាមឃាត់​មិន​ឱ្យ​មាន​សារព័ត៌មាន​ឯកជន មេធាវី​ សកម្មជន​សិទ្ធិមនុស្ស​ អ្នក​បង្កើត​ប្លុក​អ៊ីនធ័រនែត តែង​ត្រូវ​ឃាត់​ខ្លួន និង​ចាប់​ដាក់​ពន្ធនាគារដោយ​គ្មាន​អ្វី​ប្រកែក​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ