អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋ​មន្ត្រី​វៀតណាម ចូលរួម​សម្ពោធ​មន្ទីរពេទ្យ​ជោរៃ​

នៅ​ព្រឹក​ថ្ងៃទី ១៣មករា​នេះ លោក ង្វៀន​ តាន់​យ៉ុង នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេសវៀតណាម និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្ពោ​ធ​មន្ទីរពេទ្យ​ ជោរី ដែល​មាន​ទីតាំង នៅ​ខណ្ឌ​ច្បារ​អំពៅ​​រាជធានីភ្នំពេញ។ បន្ទាប់ពី​កម្មវិធីនេះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេសទាំងពីរ ក៏​បាន​​​ចូល​រួម​ក្នុងសន្និសីទ លើកទី ៤ ស្ដីពីការ​ជំរុញវិនិយោគទុន កម្ពុជា-វៀតណាម និង​ ចុះ​ហត្ថលេខា លើ​​កិច្ចព្រមព្រៀងរវាងក្រសួងអប់រំកម្ពុជា និងធនាគារវិនិយោគ និង​អភិវឌ្ឍន៍​វៀតណាម ស្ដី​​ពី​​ការ​​ផ្ដល់​អាហា​រូបករណ៍ ៥០​​កន្លែង ដល់​និស្សិត​កម្ពុជា។

សន្និសីទ​លើក​ទី​៤ ស្ដី​ពី​ការ​ជំរុញ​វិនិយោគទុន​កម្ពុជា​-វៀតណាម  នៅ​ថ្ងៃទី​១៣មករា ២០១៤។
សន្និសីទ​លើក​ទី​៤ ស្ដី​ពី​ការ​ជំរុញ​វិនិយោគទុន​កម្ពុជា​-វៀតណាម នៅ​ថ្ងៃទី​១៣មករា ២០១៤។ @Facebook
ផ្សាយពាណិជ្ជកម្ម

លោក ង្វៀន​ តាន់យ៉ុង នាយករដ្ឋមន្ត្រី​នៃ​ប្រទេសវៀតណាម និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​​ ១៣មករានេះ បាន​ធ្វើ​ដំណើរ​រួម​គ្នា ទៅ​សម្ពោធ​មន្ទីរពេទ្យ​វៀតណាម​ជោរៃ​ ដែល​មាន​ទីតាំង ​នៅជាប់​នឹង​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ។ ពិធី​សម្ភោធនេះ គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​ ដែលលោក​នាយករដ្ឋមន្ត្រីនៃ​ប្រទេស​វៀតណាម មក​​បំពេញ​​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ១២មករា ដល់ថ្ងៃទី ១៤មករា។

 
មន្ទីរពេទ្យ​ជោរៃ ជាមន្ទីរពេទ្យ​វៀតណាមដែល​មាន​តម្លៃ​១៥លាន​ដុល្លារ និង​ជាមន្ទីរពេទ្យ​ ដែល​រដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ​ យល់​ថាជាសមិទ្ធិផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រាជធានី​​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ។

បន្ទាប់ពី​កា​រសម្ពោធមន្ទីរពេទ្យ​ជោរៃនេះ នៅ​ក្នុង​​ដំណើរ​ទស្សនកិច្ចថ្ងៃ​​ទី២នេះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេសទាំងពីរ ក៏​បាន​ចូលរួម​ក្នុង​សន្និសីទ​លើក​ទី​៤ ស្ដី​ពី​ការ​ជំរុញ​វិនិយោគទុន​កម្ពុជា​-វៀតណាម ហើយដែល​ក្នុងសន្និសីទនោះ ក៏មានពិធីប្រគល់អាជ្ញាបណ្ណ ដោយ​តំណាង​ក្រសួង​ផែនការ និងវិនិយោគ​វៀតណាម ដល់​ក្រុមហ៊ុន Saigon Medical Investment JSC នៃ​មន្ទីពេទ្យ ជោរៃភ្នំពេញ ផងដែរ ។

បន្ទាប់​មក នាយករដ្ឋមន្ត្រីនៃ​ប្រទេសជាមិត្ត​ទាំងពីរ នឹង​​ចុះហត្ថលេខា លើ​កិច្ច​ព្រមព្រៀង រវាង​ក្រសួង​អប់រំកម្ពុជា និងធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ស្ដី​ពី​ការ​ផ្ដល់​អាហារូបករណ៍​ ៥០​កន្លែង សម្រាប់និស្សិតខ្មែរ ដើម្បី​បាន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​វៀតណាម ។ ជាមួយ​គ្នានោះ ធនាគា​រវៀតណាម ក៏​នឹង​ប្រគល់​កុំព្យូទ័រចំនួន ១០០ គ្រឿង​ ដល់​​ធនាគារជាតិនៃកម្ពុជាផងដែរ ។ នៅពេល​ល្ងាច នាយករដ្ឋមន្ត្រី​នៃ​ប្រទេសទាំងពីរ នឹងជួប​ទ្វេរភាគី ជាមួយ​គ្នា នៅវិមាន​សន្តិភាព។

លុះ​ដល់​ថ្ងៃទី ១៤មករា នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ចូលរួម​ ក្នុង​ពិធី​​បញ្ចុះ​បឋម​សិលា​សាងសង់​ស្ពានជ្រៃធំ-ឡុងប៊ិញ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកោះធំ ខេត្ត​កណ្ដាល។ បន្ទាប់​មក លោក ង្វៀន​ តាន់យ៉ុង នឹង​ចូលគាល់​ព្រះ​មហាក្សត្រនៃ​ប្រទេសកម្ពុជា មុន​ពេល​ធ្វើ​ដំណើរ​ត្រលប់ទៅ​ប្រទេសវៀតណាមវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ