អានតួអត្ថបទ
កម្ពុជា

ប្រធានាធិបតី​វៀតណាម​បន្ត​ទស្សនកិច្ច​ថ្ងៃ​ទី​២​នៅ​ក​ម្ពុជា​

ក្នុង​ថ្ងៃ​ទី​២​នៃ​ទស្សនកិច្ច​របស់​ខ្លួន ប្រធានាធិបតី​វៀតណាម លោក ជ្រឿង តឹង​សាង (Truong Tan Sang ​) បាន​ចូល​បង្គំ​គាល់​សម្តេច​ព្រះមហាសង្ឃ​រាជ​ទាំង​ពីរ​គណៈ​និង​ជួប​ជាមួយ​វិនិយោគិន​វៀតណាម នៅ​កម្ពុជា​ផង​ដែរ។ ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ភាគី​ទាំងពីរ បាន​ព្រម​ព្រៀង​ជំរុញ​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​វៀតណាម​ឲ្យ​ដល់ ៥ ០០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥។

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន(ស្តាំ) និង​លោក ជ្រឿង តឹងសាង ប្រធានាធិបតីវៀតណាម(ឆ្វេង)។
លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន(ស្តាំ) និង​លោក ជ្រឿង តឹងសាង ប្រធានាធិបតីវៀតណាម(ឆ្វេង)។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដូច​ការ​គ្រោង​ទុក លោក ជ្រឿង តឹងសាង ប្រធានាធិបតី​វៀតណាម នៅ​ព្រឹក ថ្ងៃ​ទី​២៤ ខែ​ធ្នូ​នេះ បាន​ជួប​ថ្វាយ​បង្គំ​សម្តេច​ព្រះមហាសង្ឃ​រាជ ទេព វង្ស នៃ​គណៈ​មហា​និ​កាយនៅ​ឯ​វត្ត​ឧណ្ណាឡោម និង​សម្តេច​ព្រះមហាសង្ឃ​រាជ បួរ គ្រី នៃ​គណៈធម្មយុត្តិកនិកាយ​នៅ​វត្ត​ស្វាយ​អំពែ។ ប្រមុខ​រដ្ឋ​ទី​ក្រុង​ហាណូយ ក៏​បាន​ជួប​ជាមួយ​វិនិយោគិន​វៀតណាម​ដែល​កំពុង​ប្រកប​អាជីវកម្ម នៅ​កម្ពុជា​ផង​ដែរ។

 
គ្មាន​សេចក្តី​រាយការណ៍​អំពី​ខ្លឹមសារ​នៃ​ជំនួប រវាង​ប្រមុខ​រដ្ឋ​វៀតណាម ជាមួយ​សម្តេច​សង្ឃ​រាជ​នោះ​ទេ។ ប៉ុន្តែ ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីល្ងាច​ថ្ងៃ​អង្គារ ភាគី​ទាំងពីរ បាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​ដល់ ៥០០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥ ។ ក្នុង​ជំនួប​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃ​អង្គារដែរ លោក ជ្រឿង តឹងសាង បាន​សុំ​ឲ្យ​កម្ពុជា​ជួយ​ការពារ​ជនជាតិ​វៀតណាម ដែលកំពុង​រស់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ស្របតាម​ច្បាប់​អន្តរជាតិ។

ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​មិន​ទាន់​យល់​ស្រប​គ្នា​ត្រង់​ចំណុច​មួយ​ចំនួន​នោះ ក៏ត្រូវ​បាន​ភាគី​ទាំង​ពីរ​ជំរុញ​ឲ្យ​បញ្ចប់​ឲ្យ​បាន​ឆាប់​ផង​ដែរ។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​នៃ​ជំនួប​ទាំងពីរ។ ប៉ុន្តែ គ្មាន​ព័ត៌មាន​ថា មេដឹក​នាំ​កម្ពុជា និង​វៀតណាម​បាន​ជជែក​គ្នា​អំពី​ករណី​ជនជាតិ​ម៉ុង​តា​ញ៉ា​វៀតណាម ឬ​ក៏​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ។

លោក ជ្រឿង តឹងសាង បាន​មក​ដល់​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ ទស្សនកិច្ច​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ភាគី​ទាំងពីរ​គ្រោង​ចេញ​សេចក្តី​ប្រកាស​រួម​គ្នាមួយ​នៅ​ចុង​បញ្ចប់​នៃ​ទស្សនកិច្ច​របស់​លោក ជ្រឿង តឹងសាង នា​រសៀល​ថ្ងៃ​ពុធ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ