អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​លោក​ហូឡង់​ទៅ​​​អាហ្វ្រិក​​ខាងលិច​​ ​​​​​ក្នុង​​ទិសដៅ​​​​​សេដ្ឋកិច្ច​​និង​​សន្តិសុខ​ តែ​​​​​​​ឈឺក្បាល​​នឹង​​បញ្ហា​​សិទ្ធិ​មនុស្ស​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតីបារាំង​ ហ្វ្រង់ស៊័រ ហូឡង់​បាន​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​​​​រយៈពេល​៣ថ្ងៃ​ នៅប្រទេស​អាហ្វ្រិក​ខាងលិច​ចំនួន​៣ គឺ​កូតឌីវ័រ ​នីហ្សេ និង​​ឆាដ។ ទស្សនកិច្ច​របស់​ប្រធានាធិបតីបារាំង ផ្តោត​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​​​​ ​​ពិសេស​លើ​​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ នៅ​តំបន់​សាហែល​ ដែល​បារាំង​កំពុង​ត្រៀម​ដំណើរការ ​​ក្រោយ​ពេល​​យោធា​បារាំង​បិទ​បញ្ចប់​ប្រតិបត្តិការ​​​កំចាត់​ក្រុម​ភេរវជន​​នៅ​ម៉ាលី ក្នុងខែ​កក្កដា​នេះ។ ​​នៅ​ក្រុង​អាប៊ីតចង់ ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រធានាធិបតី​កូតឌីវ័រ អាឡាសាន់ វ៉ាត់តារ៉ា​ ​​បាន​ទៅ​ទទួល​លោក​ហូឡង់​ នៅ​អាកាសយានដ្ឋាន​ដោយ​​ផ្ទាល់។ ​  

ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស៊័រ ហូឡង់ និង​ប្រធានាធិបតី​កូតឌីវ័រ អាឡាសាន់ វ៉ាត់តារ៉ា នៅ​​អាកាសយានដ្ឋាន​​ក្រុង​អាប៊ីតចង់ ថ្ងៃ​​​១៧កក្កដានេះ។
ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស៊័រ ហូឡង់ និង​ប្រធានាធិបតី​កូតឌីវ័រ អាឡាសាន់ វ៉ាត់តារ៉ា នៅ​​អាកាសយានដ្ឋាន​​ក្រុង​អាប៊ីតចង់ ថ្ងៃ​​​១៧កក្កដានេះ។ REUTERS/Luc Gnago
ផ្សាយពាណិជ្ជកម្ម

បារាំង​ត្រៀម​ដំណើរការ​​​ប្រតិបត្តិការ​​ប្រឆាំង​ភេរវកម្ម​ Barkhane នៅ​តំបន់​សាហែល ក្នុង​ពេល​ឆាប់ៗ​

តំបន់​សាហែល ស្ថិត​នៅភាគខាងត្បូង​តំបន់​សាហារ៉ា។ ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម នៅ​តំបន់​​សាហែល នៅ​អាហ្វ្រិក​នេះ មានឈ្មោះថា Barkhane។  ប្រតិបត្តិការ​នេះ​បង្កើតឡើង​ដើម្បី​ជំនួស​ប្រតិបត្តិការ​​​ ​Serval ​របស់​បារាំង​ដែល​ទើប​​បិទបញ្ចប់​នៅ​ម៉ាលី​ នៅ​ខែ​កក្កដា​នេះ។ បារាំង​​ប្រាប់ថា បានកំចាត់​ក្រុមភេរវជន​ចេញ​អស់​ពីម៉ាលី​ហើយ។ ប៉ុន្តែ ដើម្បី​ធានា​និង​ពង្រឹង​​សន្តិសុខ​អោយ​បាន​ទូលំទូលាយ​នៅ​អាហ្វ្រិក​ បារាំង​សម្រេច​ចេញ​ប្រតិបត្តិការ​​បាខាន ​នៅ​តំបន់​សាហែល​នេះឡើង។ ប្រតិបត្តិការ​នេះ មាន​ការ​សហ​ប្រតិបត្តិការ​​​ពី​ប្រទេស​អាហ្វ្រិក​ចំនួន​៥ គឺ​ម៉ូរីតានី ម៉ាលីដដែល ​បួគីណាហ្វាសូ ​នីហ្សេ និង​ឆាត។

នីហ្សេ​និង​ឆាត​​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហូឡង់​។ នៅ​នីហ្សេ​មាន​ទីតាំង​ទ័ព​អាកាស​បារាំង។ បារាំងចង់ប្រើ​ទីតាំង​នេះ ​សម្រាប់​ការងារ​ចារកិច្ច។ ​នៅ​ឆាត​វិញ បារាំង​ក៏​មាន​​ទីតាំង​យោធា​សំខាន់​ដែរ។ បារាំង​​​ចង់​បោះ​ទីតាំង​បញ្ជាការ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​​ឈ្មោះ​​បាខា នៅ​​ក្រុង​ចាមេណី ប្រទេស​ឆាត។ ពេល​​លោក​ហូឡង់​ទៅ​នីហ្សេ និង​ទៅ​ឆាត ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​នេះ លោក​ហូឡង់​ចង់​មើលថា តើ​ប្រតិបត្តិការ​​បាខាន​នេះ ​នឹង​ត្រូវ​ដាក់ដំណើរការ​បាន​ដូចម្តេច​ដែរ។ ជា​ការ​កត់សម្គាល់​​ប្រតិបត្តិការ​បាខាន​មាន​ទាហាន​​៣០០នាក់ ​ឧទ្ធម្ភាគចក្រ​​២០គ្រឿង ​រថពាសដែក​​២០០ ​យន្តហោះ​​យុទ្ធសាស្ត្រ​​១០គ្រឿង យន្តហោះ​ប្រដេញ​៦គ្រឿង និង​យន្តហោះ​​ដ្រូន​៣គ្រឿង។ ​ ​​

ពេល​បារាំង​សម្លឹង​ប្រយោជន៍​ទីផ្សារ​​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក​ខាងលិច​ ​លោក​ហូឡង់​អាច​​ឈឺក្បាល​​នឹង​​​​​​​បញ្ហា​​សិទ្ធិមនុស្ស​នៅ​កូតឌីវ័រ​ ​និង​ឆាត

អង្គការ​សង្គមស៊ីវិល​បារម្ភ​ថា ប្រធានាធិបតី​បារាំង​​ជជែក​តិចតួច​​ពី​​រឿង​សិទ្ធិមនុស្ស​ ​នៅ​អាហ្វ្រិក​ខាងលិច​ ​ដោយសារ​តែ​លោកហូឡង់ ​ផ្តោត​លើ​តែ​​​​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​​កូតឌីវ័រ និង​នីហ្សេ។ ​គួរ​រំលឹក​ថា បារាំង​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១​របស់​កូតឌីវ័រ។ កូតឌីវ័រ​ធ្លាប់​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់​នៅ​អាហ្វ្រិកខាងលិច។ ពេលនេះ ​​កូតឌីវ័រ​ជួប​កំណើន​​ខ្ពស់​គួរ​កត់សំគាល់ គឺ​​មាន​​៩,៨ភាគរយ ក្នុង​ឆ្នាំ​២០១២ និង​៨,៧ ក្នុង​ឆ្នាំ​២០១៣។ គេ​រំពឹង​ថា កូតឌីវ័រ​​អាច​ជួបកំណើន​ពី​៨ទៅ​១០ភាគរយ​ ​សម្រាប់​ឆ្នាំ​២០១៤នេះ។ ពេលនេះ​បារាំង​ឆ្លៀត​ចង់​ក្តោបក្តាប់​ទីផ្សារ​កូតឌីវ័រ​ដែល​កំពុង​ស្ទុះ​ឡើង​នេះ។

សម្រាប់​នយោបាយ​ក្នុងស្រុក​វិញ អង្គការ​សង្គម​ស៊ីវិល​​ចង់​អោយ​លោក​ហូឡង់​​​​​​ជំរុញ​​អាជ្ញាធរ​កូតឌីវ័រ​បច្ចុប្បន្ន អោយ​សម្រេច​អោយ​បាន​ការ​ផ្សះផ្សារ​ជាតិ។ គឺ​​ការ​ផ្សះផ្សារ​​ជាតិ​ រវាង​​សកម្មជន​​​​​អតីត​ប្រធានាធិបតី​​ឡូរ៉ង់​បាក់បូ ជាមួយ​សកម្មជន​បក្ស​កាន់​អំណាច​របស់​ប្រធានាធិបតី​​​​វ៉ាត់តារ៉ា។ ការ​ផ្សះផ្សានេះ​​​​ ​​នៅ​មាន​បញ្ហា​​​ដោយសារ​ភាគី​និមួយៗ ​ចោទគ្នា​ទៅវិញ​ទៅមក ថា​ជា​អ្នក​បង្ក​ហិង្សា​ប្រដាប់អាវុធ​​ កាលពី​ឆ្នាំ​២០១០​នោះ។ សូម​រម្លឹក​ថា កាលពី​ឆ្នាំ​២០១០ អតីត​ប្រធានាធិបតី​បាក់បូ ដែល​ត្រូវ​ផុត​អាណត្តិ​ បាន​ទាត់ចោល​​លទ្ធផល​ការ​បោះឆ្នោត​​ដែល​ផ្តល់​ជោគជ័យ​អោយ​​លោក​វ៉ាត់តារ៉ា ជា​ប្រធានាធិបតី​​បច្ចុប្បន្ន។ ជម្លោះ​ប្រដាប់​អាវុធ​ក៏ផ្ទុះ​ឡើង ​សម្លាប់​មនុស្ស​​៣ពាន់នាក់។ ​អតីត​ប្រធានាធិបតី​បាក់បូ កំពុង​ជាប់ឃុំឃាំង​​​នៅ​តុលាការ​អន្តរជាតិ​ក្រុង​​ឡាអេ ​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​មនុស្សជាតិ។

ដោយឡែក​ ​រដ្ឋ​អំណាច​គ្រប់គ្រង​របស់​ប្រធានាធិបតី​វ៉ាត់តាវ៉ា ​​បច្ចុប្បន្ន​ មាន​សមាសភាព​សមាជិក​ជា​អតីត​មេ​សង្គ្រាម​ផងដែរ។ ​អតីត​មេ​សង្គ្រាម​ទាំងនេះ​កំពុង​កាន់កាប់​កងកម្លាំង​ការពារ​កូតឌីវ័រ។ ​​គេ​តែង​សង្ស័យ​ថា ពួក​អតីត​​មេ​សង្គ្រាម​ទាំង​អស់​នេះ បាន​​​សម្លាប់​​មនុស្ស​ដែល​កំពុង​ជាប់​គុក​ទៀតផង។ ដើម្បី​ឆ្លើយតប​ការទាមទារ​របស់​សង្គម​ស៊ីវិល​​ក្នុង​ទស្សនកិច្ច​​នេះ លោកហូឡង់ ត្រូវ​ធ្វើ​យ៉ាងណា​ជំរុញ​​អោយ​កូតឌីវ័រ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ព្រហ្មទណ្ឌ​អោយ​បាន​ឆាប់​រហ័ស។ ​

លោក​ហូឡង់​ប្រហែល​​​ពិបាក​បញ្ចុះ​បញ្ចូល​​​ ​វ៉ាត់តារ៉ា​​​ ព្រោះថា ​លោក​ហូឡង់​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយទៀត​ដែរ ក្នុង​​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កូតឌីវ័រ។ ​ច្រើនខែ​មកនេះ ប្រធានាធិបតី​​កូតឌីវ័រ បាន​​សុំ​អោយ​បារាំង​​​លុបចោល​បំណុល​ដែល​កូតឌីវ័រ​ជំពាក់​បារាំង។ កន្លងមក​ ​បារាំង​ធ្លាប់​ជួយ​លុបចោល​បំណុល​​​ជិត​១ពាន់លាន​អឺរ៉ូ​រួចហើយ។ សួរថា តើ​លោក​ហូឡង់​អាច​លុប​បំណុល​កូតឌីវ័រ​បន្ថែម​ទៀត​រឺទេ ព្រោះថា ​ក្នុង​ស្រុក​បារាំង​​ឯណោះ​វិញ រដ្ឋាភិបាល​បារាំង​ក៏កំពុង​ជួប​បញ្ហា​ចាយវាយ​ថវិកា​​ដែរ។ ​​​

ប្រធានាធិបតី​ហូឡង់​នឹង​ទៅ​នីហ្សេ​ថ្ងៃ​សុក្រ​ស្អែក ហើយ​បិទបញ្ចប់ទស្សនកិច្ច​នៅ​ឆាត​ថ្ងៃ​សៅរ៍។ បារាំង​ក៏​កំពុង​សម្លឹង​ប្រយោជន៍​នៅ​នីហ្សេ​ដូច​គ្នា​ដែរ ព្រោះ​​នីហ្សេ​សំបូរ​ធនធាន​​ធម្មជាតិ។​ ​​​នៅ​នីហ្សេ ក្រុមហ៊ុន​បារាំង​ដូច​ជា​ក្រុមហ៊ុន​នុយក្លេអ៊ែរ​អារេវ៉ា​ កំពុង​រកស៊ី​ផ្នែក​មាស និង​រ៉ែ។ ​ ពេលនេះ​​ បារាំង​កំពុង​សម្លឹង​ឃើញ​ធនធាន​​អ៊ុយរ៉ានីញ៉ូម​ក្រោម​ដីនៅ​នីហ្សេ។ ដូច្នេះ​ ទស្សនកិច្ច​លោក​ហូឡង់​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​សេដ្ឋកិច្ច​បារាំង។​ ​ទស្សនកិច្ច​​នៅ​នីហ្សេ ​​អាច​រលូន​ជាង​​នៅ​​កូតឌីវ័រ ឬ​ក៏ឆាត ព្រោះ​ថាលោក​ហូឡង់ ​និង​ប្រធានាធិបតី​នីហ្សេ លោក​ម៉ាហាម៉ាឌូ​ អ៊ីស៊ូហ្វ៊ូ ​ជា​មិត្តភក្តិ​ ស្និទ្ធស្នាល​គ្នា។ មេដឹកនាំ​ទាំង​២នេះ ជា​អ្នក​នយោបាយ​​សង្គម​និយម​ដូចគ្នា​ទៀតផង។ ​

នៅប្រទេស​ឆាដ ថ្ងៃ​សៅរ៍ចុង​សប្តាហ៍​នេះ​​វិញ​ ​លោក​ហូឡង់​អាច​​ឈឺក្បាល​ដោយសារ​បញ្ហា​សិទ្ធិមនុស្ស​ដែរ។ ​​​ទាហាន​​ឆាដ​ធ្លាប់​ចូលរួម​​បេសកកម្ម​ការពារ​សន្តិសុខ​​ជាមួយ​កងកម្លាំង​អាហ្វ្រិក​ចម្រុះ​​​មីស្កា នៅ​អាហ្វ្រិក​កណ្តាល។ តែ​ទាហាន​ឆាដ​ធ្លាប់​រងការ​ចោទ​ប្រកាន់​ពី​​គណៈ​កម្មការ​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថា ​​​ថា​បាញ់​លើ​ហ្វូង​មនុស្ស​មិន​រើស​មុខ នៅ​ក្រុង​បង់ហ្គី អាហ្វ្រិក​កណ្តាល កាលពី​ខែ​មិនា។ ​ដូច្នេះ ​ក្រុម​ប្រឆាំង​ឆាដ​​ជំទាស់​ដាច់ខាត​​នឹង​អន្តរាគមន៍​​យោធា​ឆាដ​នៅក្រៅ​ប្រទេស។

ក្រុម​ប្រឆាំង​នៅឆាដ​លើកឡើង​ទៀត​ថា ឆាដ​គ្មាន​ប្រជាធិបតេយ្យ គ្មាន​នីតិ​រដ្ឋ។ ទន្ទឹម​នេះដែរ ​ក្រុម​ប្រឆាំង​ឆាដ​ ​បរិហារ​រដ្ឋអំណាច​របស់​​ប្រធានាធិបតី​ដេប៊ី អ៊ីតណូ​ ផងដែរ ថា​​រុញ​អោយ​ប្រជាជន​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ​​ងើប​មិន​រួច និង​បាន​ទុក​អោយ​ជន​មួយចំនួន​​​​ទាញយក​ផល​ចំណេញ​​ពី​ជាតិ ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន។ ក្រុម​ប្រឆាំង​នៅ​ឆាត​ ​​ចង់​អោយ​រដ្ឋាភិបាល​បារាំង​របស់​លោក​ហូឡង់ ​​ដាក់​សម្ពាធ​ធ្ងន់​លើ​​​​ប្រធានាធិបតី​ដេប៊ី អ៊ីតណូ ​​​ទាក់ទង​​ការ​​គ្រប់គ្រង​សេដ្ឋកិច្ច និង​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​ស្រុក។ ​​​

ពេលនេះ បារាំង​កំពុងគិតគូរ​ពីដំណើរ​ការ​​ប្រតិបត្តិការ​ប្រឆាំង​​​​ភេរវកម្ម​​នៅ​តំបន់​សាហែល បារាំង​​ត្រូវការ​​ប្រទេស​នីហ្សេ និង​​​ឆាត ជា​ចាំបាច់​​​ ​សម្រាប់​ជាទីតាំង​ក្នុង​យុទ្ធនាការ​នៅ​តំបន់​​សាហែល។ ដូច្នេះ បើ​ទោះ​ជា​លោក​ហូឡង់​​​លើក​​​​​បញ្ហា​សិទ្ធិមនុស្សមក​និយាយ ក៏​ពិបាក​នឹង​និយាយ​​​អោយ​បាន​​អស់ពី​មាត់​ពី​ក​ដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ