អានតួអត្ថបទ
បារំាង-ហ្វីលីពីន

ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​បារំាង​នៅ​ទ្វីបអាស៊ី​ក្នុង​គោលដៅ​សេដ្ឋកិច្ច

លោក​នាយករដ្ឋមន្រ្តី​បារំាង Jean-Marc Ayrault បាន​ផ្តើម​ទស្សនកិច្ច​មួយជុំ​ទ្វីប​អាស៊ីអាគ្នេយ៍។ បន្ទាប់​ពី​ប្រទេស​សិង្ហបុរី លោក Jean-Marc Ayrault កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​​ប្រទេស​ហ្វីល្លីពីន​នៅ​ថ្ងៃ​សៅរ៍ ទី២០ តុលា​នេះ។ លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​បាន​ធ្វើ​ដំណើរ​ជាមួយ​ប្រធាន​ក្រុមហ៊ុន និង​ប្រធាន​រោងចក្រសហគ្រាស​បារំាង​ជា​ច្រើន​រូប។ គោលដៅ​សំខាន់​នៃ​ទស្សនកិច្ច​បាន​ផ្តោត​សំខាន់​លើ​វិស័យ​សេដ្ឋកិច្ច​ដោយ​សង្ឃឹម​ថា នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​កិច្ចសន្យា​ជា​ច្រើន។

លោក​ប្រធានាធិបតី​ហ្វីល្លីពីន Benigno Aquino (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​បារំាង Jean-Marc Ayrault
លោក​ប្រធានាធិបតី​ហ្វីល្លីពីន Benigno Aquino (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​បារំាង Jean-Marc Ayrault REUTERS/Cheryl Ravelo
ផ្សាយពាណិជ្ជកម្ម

នៅ​តាម​ផ្លូវ​ចូល​វិមាន​ប្រធានាធិបតី​ហ្វីល្លីពីន​ក្នុង​ទីក្រុង​ម៉ានីល លោក​នាយករដ្ឋមន្រ្តី​បារំាង​ Jean-Marc Ayrault ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់ និង​ប្រកប​ដោយ​កិត្តិយស​ខ្ពង់ខ្ពស់។ បន្ទាប់​ពី​បាន​ដើរ​ឆ្លងកាត់​ពិធី​ត្រួតពល​មក លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​ក៏​ត្រូវ​បាន​លោក​ប្រធានាធិបតី​ហ្វីល្លីពីន Benigno Aquino ចេញ​មក​ទទួល​ដោយ​សេចក្តីសោមនស្ស​រីករាយ​ជា​លើកទីមួយ។

« គេ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ប្រជាជន​ហ្វីល្លីពីន និង​បារំាង​បាន​ចែក​រំលែក​នូវ​តម្លៃ​រួម​តែ​មួយ​ដូច​គ្នា តែ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​សហការណ៍​គ្នា​ឲ្យ​បាន​ខ្លំាងក្លា​នៅ​ឡើយ​ទេ។ ដូច្នេះ ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ពេល​នេះ គឺ​​ជា​ឱកាស​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​យើង​ទំាង​ពីរ​ផ្តើម​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា » នេះ​ជា​ការ​ថ្លែង​របស់​លោក​ Benigno Aquino ទៅ​កាន់​លោក Jean-Marc Ayrault។ លោកMarc Ayrault ដែល​បាន​ឆ្លើយ​តប​វិញ​ថា « លោក​ប្រធានាធិបតី អរគុណ​ចំពោះ​ការ​ទទួល​យ៉ាង​រាក់ទាក់ កក់ក្តៅ​របស់​លោក ដែល​នេះ គឺ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ពី​មហា​មិត្តភាព​រវាង​ប្រទេស​យើង​ទំាង​ពីរ »។

ទន្ទឹម​គ្នា​នេះ និង​ក្រៅ​ពី​មិត្តភាព លោក​នាយករដ្ឋមន្រ្តី​បារំាង​ក៏​មិន​ភ្លេច​និយាយ​ពី​ការ​ផ្តោះប្តូរ​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម​ទេ។ « ខ្ញុំ​មាន​បំណងចង់​ឲ្យ​រោងចក្រ​សហគ្រាស​បារំាង​ដែល​មាន​ប្រមាណ​ជា ១០០ នៅ​ក្នុង​ប្រទេស​ហ្វីល្លីពីន​សព្វថ្ងៃ​អាច​នឹង​ទទួល​បាន​នូវ​ការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​ហ្វីល្លីពីន​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀត​នូវ​សកម្មភាព​របស់​ខ្លួន។ នេះ​ហើយ​គឺ​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ » នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក Jean-Marc Ayrault។

អ្វី​ជា​ការ​កត់សម្គាល់ ទស្សនកិច្ច​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​នៅ​ទ្វីប​អាស៊ីអាគ្នេយ៍​ពេល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​អភិវឌ្ឍន៍​ការទូត​សេដ្ឋកិច្ច​មួយ​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​បារំាង និង​ស្វែង​រក​លំនឹង​ជញ្ជីង​ពាណិជ្ជកម្ម​ជាថ្មី ចាប់​ពី​នេះ ទៅ ៥ឆ្នំា​ខាង​មុខ។ ដូច្នេះ ហ្វីល្លីពីន​ដែល​ជា​ប្រទេស​អាស៊ី​មួយ​ដែល​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ពិត​ជា​ដៃគូ​មួយ​របស់​បារំាង​ដែល​មិន​អាច​ខ្វះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ