អានតួអត្ថបទ
កម្ពុជា-ហ្គីណេ

ប្រធានាធិបតីហ្គីណេមកកម្ពុជាដើម្បីសុំទិញ​អង្ករ

ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្គីណេ លោក អាល់​ហ្វា កុង​ដេ (Alpha CONDE ) ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជាបាន​សុំ​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន៤ម៉ឺន​តោន​ដើម្បី​បំពេញ​កង្វះខាត​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​នេះ។ ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃទី២៥ ខែ​ឧសភា ម្សិលមិញ ប្រធានាធិបតី​ហ្គីណេ​ក៏​បាន​សុំ​ឲ្យ​កម្ពុជា​ជួយ​ដល់​វិស័យ​កសិកម្ម​ប្រទេស​របស់​ខ្លួន​ផង​ដែរ។

ប្រធានាធិបតីហ្គីណេមកកម្ពុជាដើម្បីសុំទិញអង្ករ
ប្រធានាធិបតីហ្គីណេមកកម្ពុជាដើម្បីសុំទិញអង្ករ
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ហ្គី​ណេ​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ទ្វីបអាហ្វ្រិក​បាន​សុំ​ទិញ​អង្ករ៤ម៉ឺន​តោន​ពី​កម្ពុជា​ដើម្បី​បំពេញ​កង្វះខាត​ស្បៀងអាហារ​នៅក្នុង​ប្រទេស​របស់ខ្លួន។ ការសុំ​ទិញ​អង្ករ​ពី​កម្ពុជា​បានធ្វើ​ឡើង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ដោយផ្ទាល់​របស់​ប្រធានាធិបតី​ប្រទេស​នេះ​មកកាន់​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ។ លោក អាល់​ហ្វា កុង​ដេ (Alpha CONDE ) បានមក​ដល់​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី២៤ឧសភា​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ​នៅ​កម្ពុជា។

គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​រឹតចំណង​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​កសិកម្ម​ជាមួយ​កម្ពុជា។ កម្ពុជា និង​ហ្គីណេ ធ្លាប់​បាន​ភ្ជាប់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​កសិកម្ម​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ២០០៨​មក។ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ផ្អាក​មួយរយៈ​ដោយសារ​តែ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​មួយ​នេះ។ ដើម្បី​ត​ភ្ជាប់​កិច្ចសហប្រតិបត្តិការ​នេះ​ឡើង​វិញ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​នៃ​ប្រទេស​ហ្គីណេ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ដោយផ្ទាល់ តាមរយៈ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នា​ពេល​នេះ។

ក្រៅ​ពី​សុំ​ទិញ​អង្ករ​យ៉ាង​ច្រើន​ពី​កម្ពុជា លោក Alpha  CONDE ក៏​​បាន​សុំ​ឲ្យ​កម្ពុជា​បញ្ជូន​អ្នកជំនាញ​កសិកម្ម​ទៅ​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​ហ្គីណេ​ដែល​កំពុង​តែ​ជួប​ការ​ខ្វះខាត​ស្បៀងអាហារ​ផង​ដែរ។ ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សន្យា​ថា​ នឹង​បញ្ជូន​អ្នកជំនាញ​ទៅ​ប្រទេស​ហ្គីណេ​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៃ​ប្រទេស​នេះ។ ប៉ុន្តែ ចំពោះ​សំណើ​សុំ​ទិញ​អង្ករ ៤ម៉ឺន​តោន​របស់​កម្ពុជា​នៅ​មិន​ទាន់​ច្បាស់​ថា​ អាច​ឆ្លើយ​តប​នឹង​តម្រូវការ​នេះ​ដែរ ឬ​យ៉ាងណា​នោះទេ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ថា នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រទេស​ហ្គី​ណេ។

សូម​បញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា កម្ពុជា​មិន​ត្រឹម​តែ​មាន​ស្បៀង​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ឆ្នាំ២០១២​នេះ កម្ពុជា​នៅ​សល់​អង្ករ​ជិត៣លាន​តោន​លើស​ពី​សេចក្តី​ត្រូវការ​ទៀត​ផង ​បើ​ទោះ​ជា​ទឹកជំនន់​ក្នុង​ឆ្នាំ២០១១​បាន​បំផ្លាញ​ស្រូវ​យ៉ាង​ធ្ងន់ធ្ងរ​ក៏​ដោយ។ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ដ៏​ធំ​មួយ​នៅ​ពេល​ខាង​មុខ។ នេះ​ជា​ហេតុផល​ដែល​បណ្តា​ប្រទេស​ជា​ច្រើន​បាន​មក​ទាក់ទង​សុំ​ទិញ​អង្ករ​ពី​កម្ពុជា​រាប់​ទាំង​ប្រទេស​ហ្គីណេ​ផង​ដែរ។ ក៏​ប៉ុន្តែ កសិកម្ម​កម្ពុជា​នៅ​តែ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ទឹកភ្លៀង​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ