លោកប្រធានាធិបតីចិនផ្តើមទស្សនកិច្ចនៅអាស៊ីខាងត្បូងដែលជាតំបន់ស្ថិតក្រោមឥទ្ធិពលរបស់ឥណ្ឌា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៥
លោកប្រធានាធិបតីចិនស៊ី ជីនពីងបានផ្តើមទស្សនកិច្ចនៅអាស៊ីខាងត្បូងពីថ្ងៃអាទិត្យ ទី១៤ ដល់ថ្ងៃសុក្រ ទី១៩ កញ្ញា។ ទស្សនកិច្ចនៅអាស៊ីខាងត្បូងរបស់លោកស៊ី ជីនពីងពេលនេះបានធ្វើឡើង បន្ទាប់ពីលោកបានត្រឡប់ពីការចូលរួមនៅក្នុងជំនួបកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃដែលបានរៀបចំពីថ្ងៃទី១១ ដល់ថ្ងៃទី ១២ កញ្ញាក្នុងទីក្រុងឌូហ្សានបេនៃប្រទេសតាហ្ស៊ីគីស្ថាន។ មុននឹងទៅទស្សនកិច្ចក្នុងប្រទេសឥណ្ឌានៅថ្ងៃទី១៧ កញ្ញាសប្តាហ៍ក្រោយ លោកប្រធានាធិបតីចិនបានអញ្ជើញទៅប្រទេសម៉ាល់ឌីវ និងប្រទេសស្រីលង្កា។ អ្វីជាការកត់សម្គាល់ លោកប្រមុខរដ្ឋចិនកំពុងដាក់ជើងនៅក្នុងតំបន់ដែលជាដែនឥទ្ធិពលរបស់ប្រទេសឥណ្ឌា។
គោលដៅសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅអាស៊ីខាងត្បូង គឺដើម្បីប្រយោជន៍សេដ្ឋកិច្ច និងការបង្កើនឥទ្ធិពលរបស់ចិននៅក្នុងតំបន់ដែលតាមប្រពៃណី ជាដែនអំណាចស្ថិតក្រោមឥទ្ធិពលរបស់ឥណ្ឌា។ តែគេក៏មិនត្រូវភ្លេចនិយាយទេថា បន្ទាប់ពីប្រទេសម៉ាល់ឌីវ និងស្រីលង្កាដែលលោកប្រធានាធិបតីចិនស៊ី ជីនពីងត្រូវទៅបំពេញទស្សនកិច្ចមុនគេ លោកស៊ី ជីនពីងក៏នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌាដែរ។ នៅថ្ងៃនេះ លោកស៊ី ជីនពីងទើបបានទៅដល់ប្រទេសម៉ាល់ឌីវដែលចិនបានចាប់ផ្តើមបង្កើនទំនាក់ទំនងកាន់តែខ្លំាងនារយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ ពិសេសតំាងពីទីក្រុងប៉េកំាងដាក់ទូតជាថ្មីកាលពីឆ្នំា ២០១១។ មួយវិញទៀត តំាងពីចិនបានភ្ជាប់ទំនាក់ទំនងផ្លូវទូតជាមួយម៉ាល់ឌីវកាលពី ៤២ឆ្នំាមុនមក នេះជាលើកទីមួយបង្អស់ដែលមានប្រមុខរដ្ឋចិនម្នាក់បានដាក់ជើងជាន់ទឹកដីម៉ាល់ឌីវ។ យោងតាមក្រសួងការបរទេសចិន ទីក្រុងប៉េកំាង និងទីក្រុងម៉ាលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិជាច្រើននាឱកាសទស្សនកិច្ចរបស់លោកស៊ី ជីនពីង។
នៅក្នុងប្រទេសស្រីលង្កាដែលចិនបានភ្ជាប់ទំនាក់ទនងការទូតតំាងពី ៥៧ឆ្នំាកន្លងមក លោកប្រធានាធិបតីចិននឹងទៅទស្សនកិច្ចអាកាសយានដ្ឋាន និងកំពុងផែដ៏ធំមួយដែលចិនបានបោះទុនវិនិយោគក្នុងទឹកប្រាក់ ១ ៤០០លានដុល្លារ។ កំពុងផែដ៏ធំនេះ គឺជានិមិត្តរូបនៃឆន្ទៈរបស់ចិនក្នុងការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ប្រឈមទល់នឹងឥណ្ឌា ព្រោះថា ទីតំាងកំពុងផែនោះមានចម្ងាយមិនដល់ ២៥០គីឡូម៉ែត្រផងពីឆ្នេរសមុទ្រឥណ្ឌា។ មួយវិញទៀត ចិនបានចាត់ទុកប្រទេសស្រីលង្កាថា ជាតំបន់ឆ្លងកាត់ដ៏សំខាន់មួយនៃចរាចរណ៍ផ្លូវសមុទ្រដែលមមាញឹកជាងគេ។
ឥណ្ឌា និងជប៉ុនពួតដៃគ្នាទប់នឹងចិន
ជាទូទៅ ឥណ្ឌាមិនសូវសប្បាយចិត្តចំពោះវត្តមានរបស់ថ្នាក់ដឹកនំាចិននៅក្នុងតំបន់ទេ។ ក៏ប៉ុន្តែ ឥណ្ឌាក៏មិនអាចរារំាងចិនមិនឲ្យធ្វើអ្វីដែលចិនចង់ធ្វើនោះទេ ព្រោះថា ចិនក៏ជាប្រទេសមហាអំណាចមួយនៅក្នុងតំបន់ដែរ។ ការដែលលោកស៊ី ជីនពីងទៅទស្សនកិច្ចក្នុងប្រទេសឥណ្ឌាពេលនេះក៏ជាការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីថ្មីឥណ្ឌាណារ៉េនដ្រា ម៉ូឌីដែរ។ តែទន្ទឹមគ្នានេះ លោកប្រមុខរដ្ឋាភិបាលឥណ្ឌាដែលជាអ្នកជាតិនិយមម្នាក់ក៏បានព្យាយាមទប់ស្កាត់ចិនដែលបន្តចែចង់បណ្តាប្រទេសជាប់របងជាមួយឥណ្ឌា។ អ៊ីចឹងហើយបានជាលោកម៉ូឌីបានជ្រើសយកប្រទេសប៊ូតង់ និងនេប៉ាល់សម្រាប់ដំណើរទស្សនកិច្ចលើកទី១ នៅបរទេស ក្នុងនោះ ក៏បានឆ្លៀតបោះដៃទៅរកប៉ាគីស្ថានដែលជាសត្រូវរបស់ឥណ្ឌាដែរ។
មួយវិញទៀត និងដើម្បីអាចទប់នឹងឥទ្ធិពលរបស់ចិន លោកម៉ូឌីអាចពឹងពាក់ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏យូរលង់មួយរបស់ឥណ្ឌា។ ថ្មីៗនេះនាឱកាសដំណើរទស្សនកិច្ចរបស់លោកម៉ូឌីនៅក្នុងប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូ អាបេបានសន្យាបង្កើនវិនិយោគទ្វេដងនៅឥណ្ឌាចាប់ពីពេលនេះទៅ ៥ឆ្នំាខាងមុខ។ គួរជម្រាបជូនថា ទីក្រុងញូដែលី និងទីក្រុងតូក្យូសុទ្ធតែបានសម្តែងក្តីបារម្ភដូចគ្នាចំពោះឥទ្ធិពលកាន់តែខ្លំាងរបស់ចិននៅក្នុងតំបន់។ មួយវិញទៀត ជប៉ុន និងឥណ្ឌាក៏កំពុងមានជម្លោះដែនដីជាមួយចិនដូចគ្នាដែរ។ គឺទំនាក់ទំនងការទូត និងសេដ្ឋកិច្ចដ៏ប្រសើររវាងឥណ្ឌា និងជប៉ុនពេលនេះហើយដែលកំពុងធ្វើឲ្យចិនមិនសប្បាយចិត្ត តែវាជាថ្នំាប៉ូវកម្លំាងមួយដែលឥណ្ឌាត្រូវប្រើដើម្បីអាចមានប្រៀបលើចិននៅក្នុងកិច្ចចរចា។
ទំនាក់ទំនងរវាងចិន និងឥណ្ឌាកំពុងបន្តបំពុលដោយជម្លោះដែនដី
គោលដៅសំខាន់នៃទស្សនកិច្ចរបស់លោកស៊ី ជីនពីងនៅឥណ្ឌាមានពីរ ទី១ ការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកដោះដូរពាណិជ្ជកម្ម និងវិនិយោគ និងទី២ ការព្យាយាមកាត់បន្ថយភាពមិនចុះសម្រុងគ្នានៅក្នុងជម្លោះដែនដី។ លោកប្រមុខរដ្ឋចិនស៊ី ជីនពីងនឹងលើកយកទៅជជែកជាមួយលោកប្រមុខរដ្ឋាភិបាលឥណ្ឌាណារ៉េនដ្រា ម៉ូឌីនូវគម្រោងវិនិយោគក្នុងផ្នែកផ្លូវដែក និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល។ ជាការពិត ចិន និងឥណ្ឌាកំពុងបន្តមើលមុខគ្នាមិនសូវចំដោយសារតែជម្លោះដែនដី តែប្រទេសមហាអំណាចអាស៊ីទំាងពីរនេះក៏ត្រូវការគ្នាដោយខានមិនបាននៅក្នុងផ្នែកសេដ្ឋកិច្ច និងការទូត។ ចិនធ្លាប់បានសន្យាដោយចាត់ទុកឥណ្ឌាក្នុងជំនាន់លោកនាយករដ្ឋមន្រ្តីម៉ូឌីថា ជាដៃគូអភិវឌ្ឍន៍មួយមិនអាចខ្វះបាន និងថា ចិនគ្មានបំណងណាមួយដើម្បីប្រជែងកាច់បំបាក់ឥណ្ឌាទេ។ មួយវិញទៀត ចិន និងឥណ្ឌាថែមទំាងបានចាត់ទុកឆ្នំា ២០១៤ ជាឆ្នំានៃការដោះដូរមិត្តភាពរវាងគ្នាទៀតផង។
តែគេក៏មិនត្រូវភ្លេចនិយាយទេថា ទំនាក់ទំនងរវាងឥណ្ឌា និងចិនក៏កំពុងបន្តបំពុលដោយជម្លោះដែនដីនៅក្នុងរដ្ឋអារូណាស្ហាល ប្រាដេស។ គឺជាដែនដីមួយដែលសព្វថ្ងៃស្ថិតក្រោមអាណាព្យាបាលរបស់ឥណ្ឌា តែចិនកំពុងបន្តទាមទារជារបស់ខ្លួន។ ជម្លោះដែលបានរុញច្រានប្រទេសទំាងពីរឲ្យធ្លាក់ក្នុងសង្រ្គាមយ៉ាងបង្ហូរឈាមកាលពីឆ្នំា ១៩៦២។ តំាងពីពេលនោះមក ស្ថានការណ៍នៅបន្តតានតឹងជាអចិន្ត្រែយ៍ដោយប្រទេសនីមួយៗបន្តបង្ហាញសាច់ដុំដាក់គ្នាតាមរយៈការពង្រឹងកម្លំាងទ័ព និងការដាក់តំាងសព្វាវុធទំនើបនៅតាមព្រំដែន។ ជារឿយៗ ទាហានចិនបានឆ្លងកាត់ខ្សែព្រំដែន រួចបោះជំរំសំពត់ និងទង់ជាតិនៅក្នុងដែនដីឥណ្ឌា។ ដូច្នេះ និងដើម្បីឲ្យចិន និងឥណ្ឌាអាចបង្កើនទំនាក់ទំនងល្អធម្មតាជាថ្មីបាន លោកស៊ី ជីនពីង និងលោកណារ៉េនដ្រា ម៉ូឌីត្រូវតែដកឆ្អឹងដែលកំពុងជាប់ទទឹង ក មួយនេះជាមុនសិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ