អានតួអត្ថបទ
កម្ពុជា

កិច្ចប្រជុំ​ចរចា​ប្រាក់ខែ​កម្មករ នឹងធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី២០តុលា

កិច្ចប្រជុំ​ក្រុមការងារ​ត្រីភាគី ចរចា​ពី​ការ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ នឹង​បើក​ធ្វើ នៅ​ម៉ោង ៣ រសៀល ថ្ងៃ​ចន្ទ ទី២០តុលា។ លោក ហេង សួគ៌ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​ជា​ប្រធាន​ក្រុមការងារ​ត្រីភាគី​ថ្មី បាន​ឲ្យ​ដឹងថា រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ ទើប​ភាគី​ថៅកែ​រោង​ចក្រ​ បញ្ជូន​សមាសភាព​ឲ្យ​គ្រប់ ៩ រូប ដើម្បី​ចូលរួម​កិច្ចប្រជុំ​ចរចា។ សមាសភាព​ក្រុមការងារ​ថ្មី ទើបតែ​បង្កើត​នោះ មាន​តំណាង​រដ្ឋាភិបាល ៩ រូប តំណាង​ថៅកែ​រោងចក្រ ៩ រូប និង​តំណាង​សហជីព​កម្មករ ៩ រូប។

តំណាង​​សហជីព​ ចូល​រួម​​ប្រជុំ​​ផ្ដល់​​យោបល់​គ្នា​ពី​បញ្ហា​ប្រាក់ខែ​កម្មករ​នា​ពេល​កន្លង​មក​។
តំណាង​​សហជីព​ ចូល​រួម​​ប្រជុំ​​ផ្ដល់​​យោបល់​គ្នា​ពី​បញ្ហា​ប្រាក់ខែ​កម្មករ​នា​ពេល​កន្លង​មក​។ រូបភាព​ពី​សហភាព​ការងារ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង ចាប់ពី​ថ្ងៃទី២០តុលា​តទៅ ក្រសួង​ការងារ នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ត្រី​ភាគី ដែល​ទើបតែ​បង្កើត ដើម្បី​ចរចា​ពី​ការ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ សម្រាប់​ឆ្នាំ២០១៥។ ក្រុមការងារ​ថ្មី​នោះ មាន​សមាសភាព ៩ រូប មកពី​រដ្ឋាភិបាល ៩ រូប​ជា​តំណាង​ថៅកែ​រោងចក្រ និង៩រូប​ទៀត ជា​តំណាង​សហជីព​កម្មករ។

ក៏ប៉ុន្តែ​ក្រុមការងារ​ខាង​ភាគី​ថៅកែ​រោងចក្រ ត្រូវបាន​លោក ហេង សួគ៌ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​ជា​ប្រធាន​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​ថា ភាគី​ថៅកែ​រោងចក្រ នឹង​បញ្ជូន​សមាសភាព​ឲ្យ​គ្រប់ ៩ រូប មកកាន់​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ចន្ទ។ ដូច្នេះ​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ និយាយ​ពី​ការចរចា​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ នឹង​អាច​ធ្វើឡើង នៅ​ម៉ោង ៣ រសៀល ថ្ងៃ​ចន្ទ។

លោក ហេង សួគ៌ បន្តថា ក្នុង​កិច្ចប្រជុំ ចាប់ពី​រសៀល​ថ្ងៃ​ចន្ទ​តទៅ​នោះ ភាគី​សហជីព មាន​ឱកាស​បង្ហាញ​ហេតុផល ទឡ្ហី​ករ ក្នុងការ​ទាមទារ​ឡើង​ប្រាក់ខែ ដាក់​លើ​តុ បង្ហាញ​ទៅកាន់​ភាគី​ថៅកែ​រោងចក្រ។ ចំណែក​ថៅកែ​រោងចក្រ​វិញ ក៏មាន​ពេល​ដើម្បី​ផ្តល់​ហេតុផល​ទៅកាន់​សហជីព​វិញ អំពី​លទ្ធភាព​ដែល​ខ្លួន អាច​តម្លើង​ប្រាក់ខែ​ដល់​កម្មករ​រោងចក្រ។ រីឯ​ភាគី​រដ្ឋាភិបាល ជា​អ្នកសម្របសម្រួល។

តាម​លោក ហេង សួគ៌ ក្រុមការងារ​ចម្រុះ ដែល​លោក​ដឹកនាំ​នោះ នឹងត្រូវ​ជួបប្រជុំ​ចរចា រហូត​​ដល់​រកឃើញ តួលេខ​ឯកភាពគ្នា​រួមមួយ ទើប​ដាក់​ទៅកាន់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែលជា​យន្តការ​ត្រីភាគី ដើម្បី​ប្រជុំ​សម្រេច​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ សម្រាប់​ឆ្នាំ២០១។

ក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​កន្លងមក ភាគី​សហជីព​កម្មករ បានបង្ហាញ​ជំហរ ទាមទារ​ឡើង​ប្រាក់​ខែ​កម្មករ ១៥០ ដុល្លារ។ តែ​ក៏មាន​សហជីព​ខ្លះ ទារ​ឡើងដល់ ១៧៧ ដុល្លារ។ រីឯ​ថៅកែ​រោងចក្រ យល់ព្រម​ត្រឹមតែ ១១០ ដុល្លារ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ តាម​លោក​ហេង​សួគ៌ ការសម្រេច​កំណត់ឡើង​ប្រាក់ខែ​កម្មករ នឹងត្រូវ​គណៈកម្មការ​ប្រឹក្សា​ការងារ ដឹកនាំ​ដោយ​លោក​អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ប្រជុំ​សម្រេច នៅក្នុង​ខែវិច្ឆិកា។ ការសម្រេច​ទៀតសោត ក៏ត្រូវ​ធ្វើឡើង តាម​មតិ​ភាគច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ