អានតួអត្ថបទ
Wikileaks

ប្រធាន Wikileaks ដែល​គេ​តាម​ប្រមាញ់ កំពុង​ស្ថិត​នៅ​ប្រទេស​អង់គ្លេស

ប៉ូលិស​អន្តរជាតិ (Interpol) បាន​ចេញ​និវេតក្រហម (Red Notice) តាម​ស្វែងរក​លោក​ជូលៀន​ អាសាញ់ជ៍ (Julian Assange) ទៅ​តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ស៊ុយអែដ។ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ប្រភព​ពី​ប៉ូលិស​អង់គ្លេស​ឲ្យដឹង​ថា លោក​អាសាញ់ជ៍ កំពុង​ស្ថិត​ក្នុង​ប្រទេស​អង់គ្លេស។

លោក​ជូលៀន អាសាញ់ជ៍ (Julian Assange) ស្ថាបនិក​វែបសៃត៍ Wikileaks
លោក​ជូលៀន អាសាញ់ជ៍ (Julian Assange) ស្ថាបនិក​វែបសៃត៍ Wikileaks ©Reuters
ផ្សាយពាណិជ្ជកម្ម

តើ​អាមេរិក​អាច​ចាប់ខ្លួន​ប្រធាន Wikileaks ទៅ​កាត់ទោស​បានដែរឬទេ?
04:58

បទវិភាគ​របស់ សេង ឌីណា

លោក​ជូលៀន អាសាញ់ជ៍ (Julian Assange) ប្រធាន Wikileaks ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​លេចធ្លាយ​ឯកសារ​សម្ងាត់​អាមេរិក កំពុង​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​អង់គ្លេស។ នេះ​បើ​យោង​តាម​កាសែតថៃមស៍ (Times) ដែល​ដកស្រង់​សម្តី​មន្រ្តី​ប៉ូលិស​អង់គ្លេស។ ក៏ប៉ុន្តែ បើ​ទោះជា​ដឹង​ទីកន្លែង​លាក់ខ្លួន​របស់​លោក​អាសាញ់ជ៍​ក៏ដោយ ក៏​ប៉ូលិស​អង់គ្លេស​មិនបាន​ចាប់ខ្លួន តាមការ​ស្នើសុំ​របស់​អាជ្ញាធរ​ស៊ុយអែដ​នោះដែរ។ ប៉ូលិស​អង់គ្លេស​បាន​លើក​ហេតុផល​ថា ដីកា​របស់​ស៊ុយអែដ​មាន​​ចំណុច​ខុសឆ្គង។ នៅពេលនេះ ប៉ូលិស​ស៊ុយអែដ​​បាន​ប្រកាស​ថា​នឹង​ចេញ​ដីកា​ថ្មីមួយ​ទៀត បញ្ជូន​ឲ្យ​ទៅ​ប៉ូលិស​អង់គ្លេស ដើម្បី​ចាប់ខ្លួន​លោក​អាសាញ់ជ៍។

គួរ​បញ្ជាក់ថា តុលាការ​ស៊ុយអែដ​តាម​ចាប់ខ្លួន​លោក​អាសាញ់ជ៍ ដោយ​សង្ស័យ​ពី​បទល្មើស​ផ្លូវភេទ ពោល​គឺ​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចុះផ្សាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក​នោះទេ។ មេធាវី​របស់​លោក​អាសាញ់ជ៍​បាន​ប្តឹង​ទៅ​តុលាការ​កំពូលស៊ុយអែដ ដើម្បី​លុប​ដីកា​នេះ​ចោលវិញ ក៏ប៉ុន្តែ បណ្តឹងនេះ​ត្រូវ​បាន​តុលាការ​កំពូល​បដិសេធ​ចោល នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

នៅ​អាមេរិក​ឯណោះវិញ​ អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ឲ្យដឹង​ថា គេ​​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ ទៅលើ​​ការ​លេចធ្លាយ​ឯកសារ​សម្ងាត់​ ដោយ​វែបសៃត៍ Wikileaks ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ខ្លះ​យល់ថា អាមេរិក​ប្រហែល​ជា​បានចេញដីកា​តាមចាប់ខ្លួន​លោក​អាសាញ់ជ៍​រួច​ទៅហើយ ក៏ប៉ុន្តែ មិនប្រកាស​ជា​សាធារណៈ។

ការ​ព្យាយាម​ចោទប្រកាន់​ Wikileaks អំពី​ការ​ចុះផ្សាយ​ឯកសារ​សម្ងាត់ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ចម្រូងចម្រាស់​ផ្លូវច្បាប់ នៅ​អាមេរិក។ អំពើ​របស់ Wikileaks ស្ថិត​នៅ​ព្រំដែន​រវាង​ការ​រំលោភ​ច្បាប់​ប្រឆាំង​ចារកិច្ច និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​អាមេរិក។ ប្រសិន​បើ​ចង់​ធ្វើការ​ចោទប្រកាន់​លោកអាសាញ់ជ៍​ពី​បទ​ចារកិច្ច ​អាមេរិក​​ត្រូវ​រកភស្តុតាង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ គាត់​គឺ​ជា​អ្នក​លួច​ឯកសារ​សម្ងាត់​យក​មក​ចុះផ្សាយ​លើ​វែបសៃត៍ Wikileaks ពោល​គឺ មិនមែន​គ្រាន់តែ​ទទួល​ឯកសារ​ពី​គេ​យក​មក​ចុះផ្សាយ​​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ