អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ចូលរួម​បុណ្យ​អុំទូក​អោយ​បាន​ច្រើន​កុះករ​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី៣ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាន​ចេញ​មក​អំពាវនាវ​ឲ្យ​ប្រជាពល​រដ្ឋ​មក​ចូល​រួម​បុណ្យ​អុំទូក​អោយ​បាន​ច្រើន​កុះករ​។ ការ​អំពាវនាវ​នេះ​គឺ​ដោយ​សារ​តែ​ចំនួន​ពលរដ្ឋ​ទៅ​ចូល​រួម​ទស្សនា​បុណ្យ​អុំទូក​ឆ្នាំ​នេះ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​ជិត​ពាក់កណ្តាល​។ លោក ហ៊ុន សែន អះអាង​ថា មក​ពី​លេច​ឮពាក្យ​ចចាម​អារ៉ាម​ទាក់​ទង​នឹង​បញ្ហា​សន្តិសុខ​សង្គម​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @Internet
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន តាម​ទំព័រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា​នេះ បាន​សរសេរ​ថា ថ្ងៃទី ១២​វិច្ឆិកា​នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ​អុំទូក ដូច្នេះ​លោក​សូម​អញ្ជើញ​បង​ប្អូន​ប្រជាពលរដ្ឋ​នាំ​កូន​ចៅ​មក​កំសាន្ត​សប្បាយ​ ​នៅ​ក្នុង​ព្រះ​រាជ​ពិធីបុណ្យ​អុំ​ទូក​អោយ​បាន​ច្រើន​កុះករ​។

ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​លោក លេចឮ​ពាក្យ​ចចាម​អារ៉ាម និង​ពាក្យ​ប្រឌិត​ នៅ​តាម​បណ្តា​ខេត្តមួយ​ចំនួន ដែល​ភូតកុហក​បោក​ប្រាស់​ដោយ​ជន​អគតិ ដែល​មាន​បំណង​បំពុល​និង​បំប៉ោង​បញ្ហា​សន្តិសុខ​សង្គម​ បំណង​ធ្វើ​អោយ​ពល​រដ្ឋ​ភ័យ​ខ្លាច​។ នេះ​បើ​តាម​លោក​ហ៊ុន សែន​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​របស់​លោក​សូមធានា​ជូន​នូវ​សន្តិសុខ​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​មិន​អោយ​មាន​អ្វី​កើត​ឡើង​ឡើយ ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន​នេះ​តែ​ម្តង​។

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា​ចំនួន​ប្រជា​ពលរដ្ឋ​មក​ចូល​រួម​ពិធីបុណ្យ​អុំទូក និង​បណ្តែត​ប្រទីប មាន​ការ​ថយចុះ ដោយ​សារ​ការ​ពង្រាយ​កម្លាំង​សន្តិសុខ​ច្រើន​​​ជុំវិញ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​។

តាម​រយៈវិទ្យុ​បារាំង​អន្តរ​ជាតិ​ប្រជា​ពលរដ្ឋ និង​អាជីវករ​ដែល​ធ្លាប់​លក់​ដូរ​ក្នុង​ពិធី​បុណ្យ​អុំទូក​កាល​ពី​ឆ្នាំ​មុនៗ​បាន​លើក​ឡើង​ថា​ការ​លក់ដូរ​​របស់​ពួក​គេ​មិន​សូវ​ជា​ដាច់​ឡើយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ហើយ​អ្នក​លក់​ទាំង​នោះ​ជឿ​ថា​ បីថ្ងៃ​នៃ​បុណ្យ​អុំទូក​ការ​លក់​របស់​ពួក​គេ​ទំនង​ជា​មិន​រួច​ថ្លៃជួល​កន្លែង​ឡើយ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ចេញ​ទៅ​ស្រុក​ច្រើន ធ្វើ​ឲ្យ​មនុស្ស​មក​ទីក្រុង​ក្នុង​ឱកាស​បុណ្យ​អំទូក​មាន​តិច​។

វិទ្យុ​បារាំង​អន្តរ​ជាតិ​មិន​អាច​សុំការ​បំភ្លឺ​បន្ថែម​ពី​សាលាក្រុង​ភ្នំពេញ​បាន​ទេ នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា​នេះ។ ប៉ុន្តែ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ កាល​ពីថ្ងៃទី១១ ខែ​វិច្ឆិកា ថា​ចំនួន​ប្រជា​ពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​អុំទូក​ក្នុង​ថ្ងៃទី១ ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​មុន​គឺ​មាន​ប្រមាណ​៨០ម៉ឺន​នាក់ ​ខណៈ​ឆ្នាំ​នេះ​មាន​ប្រមាណ​៥៥​ម៉ឺន​នាក់ ដោយ​សារ​តែ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត និង​ខ្លះ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ