ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

​២០១៧ ជា​ឆ្នាំ​នៃការ​បកអាក្រាតរឿង​អាស្រូវ​​រំលោភបំពានផ្លូវ​ភេទ

​២០១៧ ជា​ឆ្នាំ​នៃការ​បកអាក្រាតរឿង​អាស្រូវ​​រំលោភបំពានផ្លូវ​ភេទ
 
Rose McGowan តារាភាពយន្តហូលីវូដម្នាក់ បកអាក្រាត លោក វីនស្ទីន ពីបទបំពារបំពាន និងរំលោភផ្លូវភេទ។ REBECCA COOK/REUTERS

​​ឆ្នាំ​២០១៧ ​ត្រូវ​គេមើលឃើញថា គឺជាអំឡុង​ពេល​មួយ ដែល​មាន​ការ​រីកចម្រើន​ខ្លាំង សម្រាប់​​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រំលោភបំពាន​​ផ្លូវ​ភេទទៅលើស្ត្រី​។ ចាប់តាំងពីមាន​ការ​បកអាក្រាត​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​ផលិត​ករ​ភាពយន្តហូលីវូដ លោក Harvey Weinstein នៅ​តាម​បណ្តាញ​សង្គមរួច​​មក, មនុស្ស​​​ស្ទើរតែ​ទូទាំង​ពិភពលោក បាន​ផ្តោត​ការ​ចាប់អារម្មណ៍ និង​បាន​នាំគ្នា​ផុសផុល​អង្រួន​រឿង​អាស្រូវផ្លូវ​ភេទ​នេះ ឲ្យ​ផ្ទុះ​ឡើង ជា​សាធារណៈ​។​ រឿង​អាស្រូវ​ដែល​កើត​​ជាង​៣-៤ទសវត្សរ៍មកហើយ ក៏​ត្រូវ​គាស់​កកាយ​យក​មក​លាត​ត្រដាងដែរ។​ លោកស្រី Phumzile Mlambo-Ngcuka នាយិ​កា​ប្រតិបត្តិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ស្ត្រី UN Women បាន​ចាត់ទុកថា រាត្រីដាច់​ឆ្នាំចាស់ ជា​ឱកាស​ឆ្លង​ឆ្នាំ​សម្រាប់​ប្រឆាំង​នឹងការ​រើសអើង និង​ការ​រំលោភបំពាន​ស្រ្តី​ភេទ។

UN women ចាត់ទុកថា ​២០១៧ ជា​ឆ្នាំ​ដែល​មាន​ការ​ប្រឆាំង​ការ​រំលោភបំពាន​​ផ្លូវ​ភេទ​ស្ត្រីយ៉ាង​ខ្លាំង

ចំពោះការ​បំពារ​បំពាន​ផ្លូវ​ភេទ​ទៅលើស្ត្រី​និង​កុមារ គឺមានកើត​ឡើង​​នៅក្នុង​សង្គមមនុស្ស ដុះ​ស្លែរ​ណាស់​មកហើយ។ អង្គការ​សហប្រជាជាតិ​សម្រាប់​ស្ត្រី អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​មួយ​ចំនួន​ គឺ​បាន​ធ្វើកិច្ច​ការ​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​នេះ ជាហូរហែ​​ណាស់​មកហើយដែរ​។ ក៏ប៉ុន្តែ គឺ​ទើប​តែ​ឆ្នាំ​២០១៧ នេះទេ ដែល​ប្រធាន​បទ​នេះ ត្រូវ​បាន​គេ​យក​មក​ជជែកយ៉ាង​ផុសផុល​​ជា​សាធារណៈ តាម​សារព័ត៌មាន និង​ហើយ​ពិសេស​គឺ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​តែម្តង។

ដើម​ហេតុ​នៃការ​ផុលផុស​រឿងនេះ គឺ​ដោយសារតែមានការ​​បកអាក្រាត​ លោក Harvey Weinstein ដែល​ជា​ផលិតករ​ដ៏​មាន​អំណាចបំផុតម្នាក់​នៅ​ហូលីវូត។  តារាភាព​យន្ត​​ហូលីវូដ​ម្នាក់ ​បានចោទប្រកាន់រូបលោក វិនស្ទីន ​ពី​បទ​បំពារបំពាន និង​រំលោភ​ផ្លូ​វភេទ។ ហើយ​ជាបន្តបន្ទាប់មកមាន​នារី​តារា​ភាពយន្ត ជាច្រើន​​ ជាង​៣០​រូប ចេញ​មុខ​ បកអាក្រាត​ព្រម​ៗគ្នា។ សូម្បី​តែលោកស្រី Angelina Jolieដែល​បាន​ថតកុន​នៅ​ស្រុក​ខ្មែរយើង ក៏​លោកស្រី​ថ្លែង​ថា ធ្លាប់​មាន​ប្រវត្តិបទពិសោធ​មិន​សូវ​ល្អ ជាមួយ​លោក​ វិនស្ទី​ន នេះដែរ។ មកដល់​​ពេលនេះ គឺ​មានមនុស្ស ជិត​​១០០នាក់ឯណោះ ​បាន​ចេញ​មក​បកអាក្រាត និង​ថ្លែង​ពី​ប្រវត្តិ​ខ្លួន​ ដែលថា ​ធ្លាប់​ត្រូវ​លោក Weinstein នេះ រំលោភ ឬ​ក៏ បំពារបំពាន​ភេទ។

ទីបំផុតទៅ លោក វិនស្ទីន ក្នុង​៦៥ឆ្នាំ ត្រូវ​ខូច​ខាត​មុខមាត់កត្តិយសកេរ្តិ៍ឈ្មោះ ហើយ​ត្រូវ​បណ្ឌិត​សភាសិល្បៈ​និង​វិទ្យាសាស្ត្រអាមេរិក ដែល​ជា​គណកម្មាធិការ​ផ្តល់​ពានរង្វាន់​អូស្ការ ដ៏​ល្បីទូទាំងពិភពលោកនោះ ក៏​បា​ន​សម្រេច​​ដក​លោក Weinstein ចេញ​។ ចំណែក​ក្រុម​ហ៊ុន​ផលិត​ភាពយន្ត​របស់​គាត់ ក៏​កើត​មាន​បញ្ហាធ្ងន់ធ្ងរ​​ ហើយ​គេ​បាន​សម្រេច​ដក​គាត់​ចេញ ឈប់ឲ្យ​គ្រប់​គ្រង​ក្រុម​ហ៊ុនទៀត​។

​រឿងអាស្រូវ​ Weinstein នាំ​ឲ្យ​ពិភពលោក​​​​ផុសផុល ​បកអាក្រាត​ជន​រំលោភបំពាន​ផ្លូវ​ភេទ

ក្រោយ​ពីមាន​ការ​បកអាក្រាត​រឿង​អាស្រូ​​វ​របស់​លោក វិនស្ទីន នៅ​សហរដ្ឋ​អាមេរិករួច​មក, ប្រទេស ​នៅ​អឺរ៉ុប គឺ​មាន​ការ​ផុស​ផុល​សម្បើម​ណាស់។​​ ដូច​ជា​នៅ​អង់គ្លេសជាដើម គឺលោករដ្ឋមន្ត្រី​ក្រសួង​ការ​ជាតិ Michael Fallon បាន​សុំ​លាឈប់ពី​តំណែង។ មូលហេតុ​ដែល​គាត់​ ​លាឈប់ពីតំណែង​ គឺ​ដោយ​សារតែ​ស្ត្រី​អ្នក​កាសែត​ម្នាក់ បាន​ចេញ​មក​បក​អាក្រាត​រូប​គាត់ ថា​បាន​បំពារបំពាន​រាង​កាយ​នាង ដោយ​បាន​ស្ទាប​ភ្លៅ និង​ជង្គង់​របស់នាង ​កាលពី​១៥ឆ្នាំ​មុន​។

​នៅ​ប្រទេស​បារាំងវិញ​, ស្ត្រី​អ្នក​តំណាង​រាស្ត្រ Sandrine Rousseau ​ មកពី​បក្ស​បរិស្ថាន​ បាន​លាឈប់ពីបក្ស ហើយ​បាន​សរសេរ​សៀវភៅ បកអាក្រាត​ថ្នាក់​ដឹកនាំ​បក្ស​របស់​ខ្លួន​ និង​បាន​ប្តឹងផ្តល់​ពីបទ​បំពាន​ផ្លូវ​ភេទ។ ចំណែកសារព័ត៌មា​នបារាំង បាន​ចុះ​ផ្សាយ​ប្រធាន​បទ​​នេះ សឹង​ស្ទើរតែ​រាល់ថ្ងៃ។ ស្ត្រី​អ្នក​កាសែតនៅស្រុក​បារាំង ក៏​បាន​សរសេរ​បក​អាក្រាត​រឿង​បំពារបំពាន​ភេទ ពីសំណាក់​​ចៅហ្វាយ​របស់ខ្លួន ហើយ​ក៏មាន​ថ្នាក់ដឹកនាំ​សារព័ត៌មាន​​ធំៗខ្លះ បាន​សុំ​លាឈប់ ឬ​សុំ​ចូល​និវត្តន៍​ខ្លះ​មកហើយ។

ក្រុម​ហ៊ុន​ និង​កន្លែង​ធ្វើការ​នៅ​បច្ចិម​លោក​ឥឡូវ មា​នការ​ប្រុង​ប្រយ័ត្ន​សម្បើម​ណាស់ ចំពោះ​បញ្ហា​នេះ។ ក្រុម​ហ៊ុន​ខ្លះ បា​នអប់រំ​បង្រៀន​បុគ្គលិក​របស់​គេ ពីស​កម្ម​ភាព​ណា​ដែល​ចាត់ទុក​ថា​ជាការ​បំពារបំពាន​ភេទ។ ករណី​​បើ​ឲ្យ​តែ​មាន​លិច​ឮ​ដំណឹង​មិន​ល្អ ពីការ​បំពាន​ផ្លូវ​ភេទនេះ គឺគេ​ចាត់​​វិធានឈប់​ស្កាត​​ភ្លាមៗ​ដែរ។ ឧទាហរណ៍ ក្រុម​ហ៊ុន Netflix ដែល​ជា​ក្រុមហ៊ុន​ផលិត​កុន​ សម្រាប់​ចាក់ផ្សាយ​តាម​អ៊ិនធ័រនែត ជាដើម។ គ្រាន់តែលេឮថាលោក Kevin Spacey ដែលជាតួ​ឯកល្បី​ នៅ​ក្នុងរឿងភាគ​វែង​​ The House of Cards ធ្លាប់​បាន​បំពាន​ភេទ ​ទៅលើ​ក្មេងប្រុស​ម្នាក់ គឺ​ក្រុម​ហ៊ុន Netflix ក៏​បាន​ផ្តាច់​កុងត្រាចោលភ្លាម,​ ឈប់​ជួល​រូប​គាត់​ ឲ្យ​ថត​កុនភាគ​បន្តទៅទៀត​ដែរ។

​ច្បាប់​ឲ្យ​អនុញ្ញាត​ឲ្យ​ជន​ល្មើល​រំលោភភេទ អាច​រៀប​ការ​ជាមួយ​ជន​រងគ្រោះ ត្រូវ​លុបចោល

ប្រទេស​មួយ​ចំនួន នៅ​តំបន់​អារ៉ាម ដូចជា លីបង់ ទុណេស៊ី និងហ្ស័កដានី ជាដើម បាន​សម្រេច​លុប​ចោល​ច្បាប់ ដែល​ពីមុន​អាច​អនុញ្ញាត​ឲ្យ​បុរស​ដែល​រំលោភស្ត្រីហើយ អាច​រៀបការ​យក​នារីនោះ ជាភរិយា​។ នៅពេលនេះ ច្បាប់​ដូច្នេះ ត្រូវលុប​ចោលហើយ។ នេះគឺជា​ការ​សម្រេច​ជោគជ័យ​មួយ របស់​ចលនា​លើកតម្កើង​ស្ត្រី​នៅ​សហគមន៍​អារ៉ាប ហើយ​គេ​សង្ឃឹមថា ឆ្នាំថ្មីខាងមុខ នឹង​មា​នប្រទេស​ផ្សេងទៀត នៅ​ក្នុង​សម្ព័ន្ធ​អារ៉ាប នឹង​អនុវត្ត​តាម​ដូច្នេះ​​ដែរ។

គួរ​​បញ្ជាក់ដែរ​ថា ការចាប់​កូនស្រីឲ្យ​​រៀបការ ក្រោម​អាយុ​១៨ឆ្នាំ​ គឺ​ជា​រូបភាព​នៃការ​រំលោភបំពាន​ផ្លូវ​ភេទមួយ​ដែរ។ ប្រទេស​មួយ​ចំណួន ដូចជា ម៉ាឡាវី ហុងដុយរ៉ាស សាវាដ័រ និង កូតឺម៉ាឡា ជា​ដើម​​ គឺ​បាន​ហាម​ឃាត​អាពាហ៍ពិពាហ៍​បែបនេះ។ ចំណែក​នៅ​ ប្រទេសឥណ្ឌា វិញ ច្បាប់​ក៏​មាន​ចែង​ដូច្នេះដែរ ក៏ប៉ុន្តែ ទម្លាប់​នៅ​ក្នុង​ការ​អនុវត្ត​នៅតែ​បន្ត​​ឃើញមាន​ជា​ញឹកញយណាស់ ដែល​កូន​ក្រមុំ មានអាយុ​តិច​ជាង​១៨ឆ្នាំ​​។

ទោះ​​យ៉ាងណា​ក៏ដោយ អង្គការ​សហប្រជាជាតិ​សម្រាប់ស្ត្រី សង្ឃឹម​និង​ចង់​ឃើញ​ថា ឆ្នាំថ្មី រូប​ភាព​ទាំង​អាក្រក់​ទាំងអស់​នេះ នៅ​នឹង​មិនមាន​តទៅទៀតនោះ​​ទេ៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ផ្ទុះរឿងអាស្រូវផ្លូវភេទ មិនធ្លាប់មាន នៅក្នុង​ពិភពភាពយន្ត​ហូលីវូត

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    «​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»ក្លាយ​ជា​ឯកសារ​សិល្បៈ​បង្ហាញ​ពី​អំពើ​ឃោរ​ឃៅ

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    ថៃបង្វិល​​លុយ​១៥ភាគរយ​ទៅឲ្យ​ក្រុមហ៊ុន​បរទេស​ដែល​ថត​កុន​នៅ​​ថៃ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ