អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អ្វីទៅ​ជា​ដើមហេតុ​ដែល​នាំឲ្យ​មាន​បញ្ហា​ខ្វះស្បៀង​នៅ​ទូទាំង​ពិភពលោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ១៦តុលា​នេះ គឺ​ជា​ទិវា​ស្បៀងអាហារពិភពលោក​ ដែល​រៀបចំ​ធ្វើ​ជារៀងរាល់​ឆ្នាំ ដោយ​អង្គការ FAO ដែល​ជា​ផ្នែកមួយ​របស់​អ.ស.ប។ ទិវាស្បៀងអាហារពិភពលោក​ធ្វើឡើង ដើម្បី​ទាក់ទាញ​អារម្មណ៍​សាធារណមតិ​អន្តរជាតិ ឲ្យ​គិតគូរ​អំពី​កង្វះ​ស្បៀងអាហារ​នៅលើ​ពិភពលោក។ នៅ​ឆ្នាំនេះ ទិវា​ស្បៀងអាហារពិភពលោក​ត្រូវ​បាន​រៀបចំ​ធ្វើឡើង ក្រោម​ប្រធានបទ “ប្រព័ន្ធ​ស្បៀងអាហារ​ប្រកប​ដោយ​ចីរភាព”។

ការខ្ជះខ្ជាយ​នាំ​ឲ្យ​បាត់បង់​ស្បៀង​ប្រមាណ​ជា ១៣០០លាន​តោន​ក្នុងមួយឆ្នាំៗ ក្នុងពេល​ដែល​មនុស្ស​ប្រមាណ​ជា ៨៤២លាននាក់ ខ្វះស្បៀង​នៅទូទាំង​ពិភពលោក
ការខ្ជះខ្ជាយ​នាំ​ឲ្យ​បាត់បង់​ស្បៀង​ប្រមាណ​ជា ១៣០០លាន​តោន​ក្នុងមួយឆ្នាំៗ ក្នុងពេល​ដែល​មនុស្ស​ប្រមាណ​ជា ៨៤២លាននាក់ ខ្វះស្បៀង​នៅទូទាំង​ពិភពលោក Zoé Berri
ផ្សាយពាណិជ្ជកម្ម

សំណួរ-គិតជាសរុប​នៅទូទាំង​ពិភពលោក តើ​មាន​មនុស្ស​​ប៉ុន្មាន​លាននាក់ ដែល​រងគ្រោះ​ដោយ​បញ្ហា​ខ្វះស្បៀង នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?
 
បើ​តាម​របាយការណ៍​របស់​អ.ស.ប នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចំនួន​មនុស្ស​ដែល​ប្រឈមមុខ​នឹង​ការ​ខ្វះស្បៀង​ជា​ប្រចាំ នៅទូទាំង​ពិភពលោក មាន​ប្រហែល​ជា ៨៤២លាននាក់ ក្នុង​ចំណោម​ប្រជាជន​សរុប ៧ពាន់លាននាក់។ មានន័យថា បើ​គិតជា​មធ្យម នៅទូទាំង​ពិភពលោក ក្នុង​ចំណោម​មនុស្ស ៨នាក់ មាន​ ១នាក់ ជួប​នឹង​បញ្ហា​ខ្វះស្បៀង។

ក្នុង​ចំណោម​មនុស្ស​ទាំង ៨៤២លាននាក់ ដែល​ជួប​នឹង​បញ្ហា​ខ្វះស្បៀង​នេះ ស្ទើរតែ​ទាំងអស់ រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ មានតែ​ ១៦លាន​នាក់​ប៉ុណ្ណោះ ដែល​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ។
 
សំណួរ-បើប្រៀបធៀប​នឹង​កាលពីមុន តើ​បញ្ហា​ខ្វះស្បៀង​នេះ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ ឬ​ក៏​មាន​ការ​ធូរស្រាល​ជាងមុន?
 
វាអាស្រ័យ​ទៅតាម​តំបន់។ នៅ​អាស៊ីប៉ាស៊ីហ្វិក និង​នៅ​អាមេរិក​ឡាទីន ចំនួន​ប្រជាជន ដែល​ប្រឈមមុខ​នឹង​ការ​ខ្វះស្បៀង​មាន​ការ​ថយចុះ​ (ជាពិសេស នៅ​អាស៊ីប៉ាស៊ីហ្វិក​ថយចុះ ប្រហែល​ជា ៣០% ធៀប​នឹង ១០ឆ្នាំមុន ដោយសារ​តែ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៅតាម​ប្រទេសមួយចំនួន)។ ក៏ប៉ុន្តែ នៅ​អាហ្វ្រិក​វិញ ចំនួន​មនុស្ស ដែលរងគ្រោះ​ដោយ​ខ្វះស្បៀង មានការ​កើនឡើង​។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍ ចំនួន​មនុស្ស ដែល​ប្រឈមមុខ​នឹង​ការ​ខ្វះស្បៀង​បែរ​ជា​មាន​ការ​កើនឡើង​ដែរ គឺ​កើនឡើង ពី ១៣លាន​នាក់ កាល​ពី​ឆ្នាំ​២០០៦ ទៅដល់ ១៦លាននាក់ កាល​ពី​ឆ្នាំ​២០១​២​កន្លងទៅ។
 
សំណួរ-តើ​​ពិភពលោក​ទាំងមូល​​មាន​សមត្ថភាព​ផលិត​ស្បៀងគ្រប់គ្រាន់ ស្រប​ទៅនឹង​ចំនួន​ប្រជាជន​ទាំង​ជាង ៧ពាន់លាននាក់សព្វថ្ងៃ​នេះ​ដែរ​ឬទេ?
 
បើយោងតាម​ការសិក្សា​របស់​អង្គការ FAO ស្បៀង​សរុប​ដែល​គេ​អាច​ផលិតបាន នៅ​ទូទាំង​ពិភពលោក មាន​បរិមាណ​គ្រប់គ្រាន់ សម្រាប់​ចិញ្ចឹម​ជីវិត​ប្រជាជន​សរុប​ទាំង ៧ពាន់លាននាក់​បាន។ អ្វី​ដែល​ចោទ​ជា​បញ្ហា​ គឺនៅត្រង់​ថា បរិមាណ​ស្បៀង​នេះ វា​មិន​ដូចគ្នា នៅ​គ្រប់​តំបន់ទេ។ កន្លែង​ខ្លះ​មាន​ស្បៀង​​ច្រើន​លើស​ពី​តម្រូវការ ចំណែក​កន្លែង​ខ្លះ​ទៀត មិនមាន​​គ្រប់គ្រាន់​តាម​តម្រូវការ។
 
សំណួរ-តើ​អ្វី​ខ្លះ ដែល​ជា​ដើមហេតុ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ខ្វះស្បៀង​នេះ​?
 
មូលហេតុ​មាន​ច្រើន ក៏ប៉ុន្តែ ដើមហេតុ​ចម្បង​ជាងគេ​ រួមមាន៖

  • ភាពក្រីក្រ៖ នៅតាម​កន្លែង​ខ្លះ ការផលិតស្បៀង​មាន​បរិមាណ​គ្រប់គ្រាន់ ក៏ប៉ុន្តែ ដោយសារ​តែ​ភាព​ក្រីក្រ ប្រជាជន​មិនមាន​លុយ​ ដើម្បី​ទិញ​ស្បៀងអស់ទាំងនេះ​មក​បំពេញ​ក្រពះ​គ្រប់គ្រាន់បាន។
  • សង្រ្គាម៖ សង្រ្គាម ឬ​ជម្លោះ​ប្រដាប់អាវុធ​ក្នុង​ទ្រង់ទ្រាយ​ផ្សេងទៀត វា​គឺ​ជា​ដើមហេតុ​ ដែល​នាំ​ឲ្យ​មាន​ភាពក្រីក្រ ហើយ​ភាពក្រីក្រ ជា​ដើមហេតុ ដែល​នាំ​ឲ្យ​ប្រជាជន​មិន​លុយ​អាច​ទិញ​ស្បៀង​មក​ចិញ្ចឹមជីវិត​បាន​គ្រប់គ្រាន់។ ម្យ៉ាងទៀត សង្រ្គាម ឬ​ជម្លោះ​ប្រដាប់អាវុធ វា​ធ្វើឲ្យ​ប៉ះពាល់​ទៅដល់​សកម្មភាព​ផលិត​ស្បៀង ឬ​សកម្មភាព​ដឹកជញ្ជូន​ស្បៀង។
  • ភាពអត់ឃ្លាន​ជាដើមហេតុ​នាំ​ទៅរក​ភាព​ក្រីក្រ និង​ភាព​អត់ឃ្លានកាន់តែ​ខ្លាំង៖ នៅ​ពេល​ដែល​ប្រជាជន​មិនមាន​អាហារ​ចិញ្ចឹមជីវិត​គ្រប់គ្រាន់ វាធ្វើ​ឲ្យ​សុខភាព​ធ្លាក់ចុះខ្សោយ ឈឺច្រើន និង​គ្មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ធ្វើការ ឬ​រៀនសូត្រ។ ដូច្នេះ វា​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ជាប់អន្ទាក់​នៃ​ភាព​ក្រីក្រ និង​ភាព​អត់ឃ្លាន​តទៅទៀត ឬ​ក៏​អាច​កាន់តែ​ធ្ងន់ធ្ងរ​ជាងមុន​ទៅទៀត​ក៏មាន។
  • បញ្ហា​អាកាសធាតុ៖ ការប្រែប្រួល​អាកាស​ធាតុធ្វើ​បង្ក​ឲ្យ​មាន​គ្រោះធម្មជាតិ ដូចជា គ្រោះរាំងស្ងួត ឬ​ក៏​ទឹកជំនន់ ជាដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ការ​ដាំដុះ។ឮ
  • ការខ្ជះខ្ជាយស្បៀង៖ ក្នុងមួយឆ្នាំៗ មាន​ស្បៀង​ប្រមាណ​ជា ១ពាន់ ៣រយ​លាន​តោន (​ស្មើនឹង ១ភាគ៣ នៃ​បរិមាណ​ស្បៀង​សរុប ដែល​គេផលិតបាន) ត្រូវបាត់បង់​ដោយសារ​ការទុកដាក់​មិនបាន​ល្អ ឬ​ដោយសារ​ការ​ខ្វះសមត្ថភាព ឬ​ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុងការ​ចាត់ចែង រវាង​ស្តុក​ ការ​ដឹកជញ្ជូន និង​តម្រូវការ​​ស្បៀងជាក់ស្តែង ឬ​ដោយសារ​ការខ្ជះខ្ជាយ។ ប្រជាជន​នៅតាម​បណ្តា​ប្រទេស​អ្នកមាន​បោះចោល​ដោយខ្ជះខ្ជាយ​ស្បៀង ប្រមាណ​ជា ២២២លាន​តោន ក្នុងមួយឆ្នាំៗ ក្នុងពេល​ដែល​នៅតំបន់​ផ្សេងទៀត ប្រជាជន​ខ្លះ​ស្លាប់​ដោយ​ការ​អត់ឃ្លាន។ គ្រាន់តែ​ចំនួន​ស្បៀង ដែល​គេ​ខ្ជះខ្ជាយចោល នៅតាម​ប្រទេស​អ្នកមាន​នេះ គេ​អាច​យក​ទៅ​ចិញ្ចឹម​មនុស្ស​ ៨៤២លាន​នាក់ ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​ខ្វះស្បៀង​សព្វថ្ងៃ​ជិតគ្រប់គ្នាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ