ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

តើ​ច្បាប់ខ្មែរ​ចែង​ពី​លក្ខខណ្ឌ​អ្វីខ្លះស្តីពី​ការ​សុំកូន​ទៅ​ចិញ្ចឹម​នៅ​បរទេស?

តើ​ច្បាប់ខ្មែរ​ចែង​ពី​លក្ខខណ្ឌ​អ្វីខ្លះស្តីពី​ការ​សុំកូន​ទៅ​ចិញ្ចឹម​នៅ​បរទេស?
 
ការជួញដូរ​កុមារ គឺ​ជា​បញ្ហា​ចោទ​ចម្បង ក្នុង​ករណី​សុំកូន​ទៅចិញ្ចឹម​នៅ​បរទេស © គី​ សុខលីម/RFI/Ky Soklim

រដ្ឋាភិបាល​កម្ពុជា​ទើប​នឹង​បាន​ប្រកាស​ថា នឹង​ចាប់ផ្តើម​បើក​ឲ្យ​មាន​ការ​សុំកូន​យក​ទៅ​ចិញ្ចឹម​នៅបរទេស​ឡើងវិញ នៅ​ដើមឆ្នាំ​២០១៣​ ឆាប់ៗខាងមុខនេះ ក្រោយ​ពី​បាន​ផ្អាក​​មួយរយៈ ចាប់តាំង​ពីឆ្នាំ​២០០៩​មក។ ការសុំកូន​យក​ទៅ​ចិញ្ចឹម​ឆ្លង​ប្រទេស គឺ​ជា​ផ្នែក​មួយ​នៃ​នីតិ​​ឯកជន​អន្តរជាតិ ដែលចាំបាច់​ត្រូវ​មាន​កិច្ចសហប្រតិបត្តិការ​​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ និង​មាន​បទដ្ឋាន ដែល​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ។

តើ​ការ​សុំកូន​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស អាច​មាន​ចោទ​ជា​បញ្ហា​អ្វីខ្លះ?

ការសុំកូន​ទៅ​ចិញ្ចឹម​ឆ្លងប្រទេស គឺ​ជា​បញ្ហា​ស្មុគស្មាញ ដោយសារ​តែ​វា​មិន​អាស្រ័យ​លើ​ច្បាប់ និង​អាជ្ញាធរ​នៃ​ប្រទេស​តែមួយ។ ការ​រៀបចំ​បទដ្ឋាន​ច្បាប់​ និង​នីតិវិធី​ថ្នាក់​ជាតិ​ឲ្យ​ត្រូវ​តាម​​ស្តង់ដារ​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កំណើត​របស់​កូនសុំ និង​ប្រទេស​របស់​អ្នកសុំ គឺ​ជា​រឿងចាំបាច់ ដើម្បី​ចៀសវាង​បញ្ហា​ ដែល​អាច​បង្ក​​ផល​ប៉ះពាល់​ដល់​​អនាគត​របស់​កុមារ និង​ជា​ពិសេស ការជួញដូរ​កុមារ។

ប្រទេស​កំណើត​របស់​កូនសុំ​ និង​ប្រទេស​របស់​អ្នកសុំ ចាំបាច់​ត្រូវ​មាន​ការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ថា​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​បំពេញ​តាម​កាតព្វកិច្ច​រៀងៗ​ខ្លួន។

ប្រទេស​កំណើត​របស់​កូនសុំ​ត្រូវ​តែ​មាន​ច្បាប់ នីតិវិធី និង​ស្ថាប័ន​​គ្រប់គ្រាន់ ដើម្បី​​ត្រួតពិនិត្យ​មើល​លក្ខខណ្ឌ ដែល​ទាក់ទង​នឹង​កូនសុំ ដើម្បី​​​ឲ្យដឹង​ប្រាកដ​ច្បាស់​ថា កុមារ​ពិតជា​ក្មេងកំព្រា ឬ​ជា​ក្មេង​ដែល​​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ ដែល​គួរ​ដាក់​ជា​កូនសុំ។

ចំណែក​ប្រទេស​កំណើត​របស់​អ្នកសុំវិញ​​ត្រូវតែ​មាន​ច្បាប់ ​នីតិវិធី និង​ស្ថាប័ន​គ្រប់គ្រាន់ ដើម្បី​ត្រួតពិនិត្យ​មើល​លក្ខខណ្ឌ ដែល​ទាក់ទង​នឹង​អ្នក​សុំ ដើម្បី​ឲ្យ​ប្រាកដ​ថា គ្រួសារ​ថ្មីនេះ​​អាច​ផ្តល់​ការថែទាំ​សមស្រប​ដល់​កូនសុំ។​
 
រហូតមកទល់សព្វថ្ងៃនេះ តើ​កម្ពុជា​​មាន​ក្របខ័ណ្ឌ​ច្បាប់​អ្វីខ្លះ ដែល​គ្រប់គ្រង​ការ​សុំកូន​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស?

កាលពីដំបូង គឺ​មាន​អនុក្រឹត្យ​ឆ្នាំ​២០០១ “ស្តីពី​ការសុំទារកកំព្រា ឬ​កុមារកំព្រា​​ទៅ​ចិញ្ចឹម​នៅ​បរទេស”។ ក្រោយមក នៅ​ឆ្នាំ​២០០៧ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន លើ​ “​អនុសញ្ញា ស្តីពី​ការការពារ​កុមារ និង​សហប្រតិបត្តិការ​ទាក់ទង​នឹង​ស្មុំកូន​អន្តរប្រទេស” (អនុសញ្ញា​ក្រុងឡាអេ​ ឆ្នាំ​១៩៩៣) ហើយ​នៅ​ឆ្នាំ​២០០៩ រដ្ឋសភាកម្ពុជា​​ក៏​បាន​អនុម័ត​ច្បាប់មួយ​ទៀត គឺ​ “ច្បាប់​ស្តីពី​ស្មុំកូន​អន្តរប្រទេស” ដើម្បី​រៀបចំ​បទដ្ឋាន​ឲ្យ​ត្រូវ​ទៅតាម​អនុសញ្ញា​ក្រុង​ឡាអេ​នេះ។

ក៏ប៉ុន្តែ តាំង​ពី​ត្រូវ​អនុម័ត​មក ច្បាប់​ស្តីពី​ស្មុំកូន​អន្តរប្រទេស​ ឆ្នាំ​២០០៩​នេះ មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​​​ចាប់​ផ្តើម​អនុវត្ត​នៅឡើយទេ​ ដោយសារ​តែត្រូវ​ចាំរៀបចំ​នីតិវិធី បែបបទ​​លម្អិត​ក្នុងការ​អនុវត្ត​ ហើយ​ជាពិសេស គឺ​​ក្រសួង​សង្គមកិច្ច ដែល​ជា “អាជ្ញាធរ​កណ្តាល​ស្មុំកូន​អន្តរជាតិ” ត្រូវ​រៀបចំ​បង្កើត​ជា​រដ្ឋបាល​ស្មុំកូន​អន្តរជាតិ ដែល​ត្រូវ​ជា​សេនាធិការ​ទទួល និង​ពិនិត្យ​ពាក្យ​សុំ​កូន​អន្តរប្រទេស។

តើ​នៅ​ក្នុង​ច្បាប់​ ឆ្នាំ​២០០៩​នេះ ​មាន​ចែង​អំពី​លក្ខខណ្ឌ​អ្វីខ្លះ ដើម្បី​ឲ្យ​ជនជាតិ​បរទេស​អាច​សុំ​កូន​នៅ​កម្ពុជា​យក​ទៅ​ចិញ្ចឹម​បាន?

លក្ខខណ្ឌ​ ត្រូវ​ចែកជា​ពីរ​ផ្នែក៖ លក្ខខណ្ឌ​ទាក់ទង​នឹង​កូន​ដែល​ត្រូវ​សុំ​យក​ទៅ​ចិញ្ចឹម និង​លក្ខខណ្ឌ​ទាក់ទង​នឹង​អ្នក​សុំ។

លក្ខខណ្ឌ​ទាក់ទង​នឹង​កូនសុំ

ច្បាប់​ចែង​ថា កុមារ​ដែល​អាច​ជា​កម្មវត្ថុ​នៃ​ស្មុំកូន​អន្តរប្រទេស​បាន ត្រូវ​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ទាំងអស់ ៥៖

១-ត្រូវមាន​សញ្ជាតិខ្មែរ ហើយ​មាន​លំនៅឋាន​ជាអចិន្រ្តៃយ៍​ក្នុង​ប្រទេស​កម្ពុជា

២-ត្រូវមាន​អាយុ​ក្រោម ៨ឆ្នាំ គិត​ត្រឹមថ្ងៃ​ទទួល​ពាក្យសុំ លើកលែង​តែ​ករណី​ពិសេស​ខ្លះ ដូចជា​ ករណី​កុមារ​ត្រូវការ​​ចាំបាច់​នូវការ​ថែទាំ​ពិសេស គឺ​អាច​អនុញ្ញាត​ឲ្យ​សុំ​ទៅ​ចិញ្ចឹម​បាន ទោះបី​ជា​មាន​អាយុ​លើស​ពី​៨​ឆ្នាំ​ក៏ដោយ ក៏ប៉ុន្តែ មិនត្រូវ​ឲ្យ​ដល់​អាយុ ១៨ឆ្នាំ។ ករណី​មួយទៀត គឺ​កូនសុំ​មាន​ច្រើន​គ្នា ហើយ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ បើ​មាន​កូនមួយ​ណា​អាយុ​ក្រោម ៨​ឆ្នាំ ហើយ​កូន​ផ្សេងទៀត​អាយុ​លើស​ពី ៨​ឆ្នាំ តែ​ក្រោម ១៨ឆ្នាំ គឺ​អាច​សុំ​យក​ទៅ​ចិញ្ចឹម​រួមគ្នា​បាន។

៣-ត្រូវតែ​ជា​កុមារ ដែល​កំពុងរស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ ឬ​​កន្លែងណាផ្សេងទៀត ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​ក្រសួង​សង្គមកិច្ច។

៤-ត្រូវតែ​ជា​កុមារ​ដែល​ស្ថិតក្រោម​អាណាព្យាបាល​សម្រាប់​អនីតិជន ឬ​ស្ថិតក្រោម​អំណាច​មេបា ដែលមាន​ស្ថានភាព​លំបាក​បំផុត។

៥-​​ត្រូវតែ​ជាកុមារ ដែល​ក្រសួង​សង្គមកិច្ច​បាន​ខិតខំ​អស់ពីលទ្ធភាព​ រកដំណោះស្រាយ​ក្នុងស្រុក​ជាមុនសិន។ មានន័យថា ដំបូង​ក្រសួង​សង្គមកិច្ច​ត្រូវ​ខិតខំ​ឲ្យ​អស់​ពីលទ្ធភាព ដើម្បី​បញ្ជូន​កុមារ​ទៅ​គ្រួសារ​កំណើត បើ​មិន​អាច​ធ្វើ​ទៅបាន​ទេ ត្រូវ​រក​ដំណោះស្រាយ​តាមរយៈ​ការសុំកូន​ក្នុង​ប្រទេស​កម្ពុជា​ជាមុនសិន។ ខិតខំ​អស់លទ្ធភាព​ហើយ នៅតែ​មិន​អាច​ដោះស្រាយ​តាម​វិធី​ទាំងពីរ​ខាង​លើ​នេះ​ទេ ទើប​អាច​ឲ្យ​សុំ​កុមារ​នេះ​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស​បាន។
 
លក្ខខណ្ឌ​ទាក់ទង​នឹង​អ្នក​សុំ

ជនបរទេស​ ដែល​អាច​សុំ​កូន​ខ្មែរ​យក​ទៅ​ចិញ្ចឹម​បាន ទាល់តែ៖

១-មាន​អាយុ​ចាប់ពី​៣០ឆ្នាំ​ឡើងទៅ ប៉ុន្តែ មិនលើស​ពី ៤៥ឆ្នាំ ហើយ​អាយុ​ត្រូវ​លើស​កូនសុំ យ៉ាងតិច ២២ឆ្នាំ។

២-អ្នកសុំ​ត្រូវ​តែ​ជា​ប្តីប្រពន្ធ ដែល​មាន​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់ ហើយ​ការ​សុំកូន​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ប្តីប្រពន្ធ​ទាំងពីរនាក់​រួមគ្នា។

៣-អ្នកសុំ​ត្រូវតែ​មាន​សញ្ជាតិ ឬ​មាន​លំនៅឋាន​អចិន្រ្តៃយ៍ នៅ​ក្នុង​ប្រទេស ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា ហើយ​ច្បាប់​ជាតិ​នៃ​ប្រទេស​របស់​អ្នក​សុំ​នេះ ត្រូវតែ​ទទួល​ស្គាល់ចំណង​បុត្តភាពរបស់​កូនសុំ ក្នុងលក្ខណៈ​ជា​កូនសុំ​ពេញលេញ។

៥-អ្នកសុំ​ត្រូវតែ​មាន​លក្ខណសម្បត្តិ និង​លក្ខខណ្ឌ​ចាំបាច់​ ដែល​ច្បាប់​ជាតិ​របស់​ខ្លួន​តម្រូវ សម្រាប់​ការសុំកូន។ ត្រូវមាន​សមត្ថភាព​ផ្តល់​ការ​ថែទាំ​ដល់​កូនសុំ។ មិន​ធ្លាប់​ត្រូវបាន​ផ្តន្ទាទោស ឬ​កំពុង​ជាប់​បណ្តឹង​ពី​បទឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ឬ​​​កំហុស​ណាមួយ​ផ្សេងទៀត ដែល​​ទាក់ទង​នឹង​កិរិយាមារយាទ។

៦-អាច​សុំ​កូន​ទៅចិញ្ចឹមបាន ទាល់តែ​អ្នកសុំ​អត់មាន​កូនសោះ ឬ​មាន​កូន​តែ​ម្នាក់​ក្នុង​បន្ទុក។ ហើយ​សម្រាប់​ប្តីប្រពន្ធ​មួយ​គូ អាច​សុំ​កូន​​ពី​កម្ពុជា​ទៅ​ចិញ្ចឹម​បាន​តែ​ម្នាក់​ប៉ុណ្ណោះ លើកលែង​តែ​ករណី​សុំ​កូន​ ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា ទើប​អាច​សុំ​ច្រើន​គ្នា​បាន។

ចុងក្រោយ ដំណើ​ការ​សុំកូន​អាច​ប្រព្រឹត្តទៅបាន លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​សំណាក់​ឪពុកម្តាយ ឬ​អាណាព្យាបាល​របស់​កូនសុំ​ជាមុនសិន។ ហើយ​ការ​យល់ព្រម​នេះ​ត្រូវតែ​ធ្វើ​ឡើង​ដោយ​ច្បាស់លាស់ និង​ដោយ​សេរី មិនត្រូវ​មាន​ការ​បង្ខិតបង្ខំ ការ​ឆបោក ឬ​ការ​បញ្ចុះបញ្ចូល​តាមរយៈការ​ផ្តល់​លាភសក្ការៈ​អ្វីមួយ​នោះទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ស្មុំ​កូន​ខ្មែរ​ទៅ​ចិញ្ចឹម នៅ​អាមេរិក​សា​ជា​ថ្មី

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    នីតិវិធី​នៃ​ការ​រៀបអាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​បរទេស

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    នីតិវិធី​ក្នុង​ការ​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ