តើជប៉ុនមានអ្វីយកទៅប្រជែងជាមួយចិននៅអាហ្វ្រិក?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៦
កាលពីល្ងាចថ្ងៃអង្គារ លោកស្ហ៊ីបហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ទើបនឹងបានបញ្ចប់ដំណើរទស្សនកិច្ច នៅក្នុងប្រទេសបីក្នុងតំបន់អាហ្វ្រិក គឺម៉ូសំប៊ិក កូតឌីវ័រ និងអេត្យូពី។ ដំណើរទស្សនកិច្ចដ៏កម្រនេះត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្តរបស់ជប៉ុន ក្នុងការប្រកួតប្រជែងជាមួយចិន ពីព្រោះថា រហូតមកទល់នឹងពេលនេះ អាហ្វ្រិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន។
៨ឆ្នាំមកហើយ ដែលគេមិនធ្លាប់ឃើញមានប្រមុខរដ្ឋាភិបាលជប៉ុនធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់អាហ្វ្រិក។ ទើបតែនៅពេលនេះ ដែលចិន និងជប៉ុន កំពុងតែប្រឈមមុខដាក់គ្នាខ្លាំង ស្រាប់តែគេឃើញនាយករដ្ឋមន្រ្តីជប៉ុនធ្វើដំណើរទៅកាន់តំបន់អាហ្វ្រិក ដែលបច្ចុប្បន្ននេះ កំពុងតែធ្លាក់ក្រោមឥទ្ធិពលរបស់ចិនកាន់តែខ្លាំង។
សម្រាប់ចិន វាគ្មានអ្វីដែលគួរឲ្យសង្ស័យនោះទេ! លោកស្ហ៊ីនហ្សូ អាបេ មកអាហ្វ្រិក គឺដើម្បីប្រជែងដណ្តើមឥទ្ធិពលជាមួយចិន។ ការណ៍ដែលលោកនាយករដ្ឋមន្រ្តីជប៉ុនបញ្ចប់ដំណើរទស្សនកិច្ច ក្នុងប្រទេសអេត្យូពី ដែលជាសសរទ្រូងនៃឥទ្ធិពលចិនក្នុងតំបន់អាហ្វ្រិក រឹតតែធ្វើឲ្យចិនយល់ថា នេះគឺជាទង្វើ ដើម្បីផ្គើនចិន។
ជាការពិត គេសង្កេតឃើញថា នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ នៅក្នុងពេលដែលចិនខិតខំខ្នះខ្នែងពង្រីកមុខជំនួញ នៅក្នុងតំបន់អាហ្វ្រិក ជប៉ុនវិញ បានដើរតួនាទីត្រឹមតែជាប្រទេសផ្តល់ជំនួយមនុស្សធម៌ ជាពិសេស ផ្តល់លុយកាក់ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប។
បើគេក្រឡេកមើលទៅលើទំហំនៃការដោះដូរពាណិជ្ជកម្មជាមួយអាហ្វ្រិក គេឃើញថា វាល្មមដល់ពេល ដែលជប៉ុនត្រូវភ្ញាក់ខ្លួនពិតមែន។ កាលពីឆ្នាំ២០១២កន្លងទៅនេះ ការដោះដូរពាណិជ្ជកម្ម រវាងអាហ្វ្រិក និងចិន បានកើនឡើងរហូតដល់ទៅ ១៨០ពាន់លានដុល្លារ ចំណែក រវាងអាហ្វ្រិក និងជប៉ុនវិញ មានត្រឹមតែ ២៥ពាន់លានដុល្លារតែប៉ុណ្ណោះ ពោលគឺ តិចជាងចិនរហូតដល់ទៅ ៧ដង។
នៅក្នុងអំឡុងដំណើរទស្សនកិច្ច នៅអាហ្វ្រិក ក្រៅពីបានសន្យាផ្តល់ជំនួយអភិវឌ្ឍប្រមាណជា ៣២០លានដុល្លារ លោកស្ហ៊ីនហ្សូ អាបេ ដែលអមដំណើរដោយអ្នកជំនួញជប៉ុនជាច្រើនរូបផងនោះ ក៏បានសន្យាផងដែរថា នឹងផ្តល់កម្ចីចំនួន ២ពាន់លានដុល្លារ ដល់វិស័យឯកជន នៅអាហ្វ្រិក ពោលគឺ កើនឡើង ១ទ្វេជា២ ធៀបទៅនឹងការសន្យា កាលពីឆ្នាំ២០១២។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានឲ្យដឹងថា ការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងវិស័យឯកជន ក្នុងតំបន់អាហ្វ្រិក គឺជាអាទិភាពចម្បងមួយនៃរដ្ឋាភិបាលជប៉ុនបច្ចុប្បន្ន។
តាមការពិត ការណ៍ដែលលោកស្ហ៊ីនហ្សូ អាបេ ផ្លាស់ប្តូរយុទ្ធសាស្រ្តមកផ្តោតលើតំបន់អាហ្វ្រិក នៅពេលនេះ មិនមែនមានគោលដៅគ្រាន់តែមករុកគួនរំខានចិននោះទេ។ ក៏ប៉ុន្តែ លោកអាបេ សំឡឹងឃើញអំពីសក្តានុពលសេដ្ឋកិច្ចរបស់អាហ្វ្រិក ដែលអាចផ្តល់ផលប្រយោជន៍ច្រើនដល់ជប៉ុន។
អាហ្វ្រិក គឺជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលអាចជាទីផ្សារប្រកបដោយសក្តានុពល សម្រាប់ការនាំចេញរបស់ជប៉ុន។ ក៏ប៉ុន្តែ គោលដៅចម្បងបំផុតរបស់លោកស្ហ៊ីនហ្សូ អាបេ ក៏មិនខុសពីចិនប៉ុន្មានដែរ គឺការស្វះស្វែងរកវត្ថុធាតុដើម និងប្រភពថាមពល ដែលជប៉ុនកំពុងតែត្រូវការយ៉ាងខ្លាំង ជាពិសេស ចាប់តាំងពីមានវិបត្តិនុយក្លេអ៊ែរ នៅហ៊្វូគូស្ហ៊ីម៉ា។ នៅក្នុងបរិបទនេះហើយ ដែលលោកស្ហ៊ីនហ្សូ អាបេ បានសន្យាផ្តល់ឥណទាន ៧០០លានដុល្លារ ដល់រដ្ឋាភិបាលម៉ូសំប៊ិក សម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក។ ម៉ូសំប៊ិក ដែលសម្បូរឧស្ម័នធម្មជាតិ និងរ៉ែធ្យូងថ្ម។
ក៏ប៉ុន្តែ ការបោះជំហានចូលមកក្នុងតំបន់អាហ្វ្រិកនៅពេលនេះ ជប៉ុនប្រាកដជានឹងត្រូវប្រឈមមុខនឹងគូប្រជែងដ៏ធំមួយ គឺចិន ដែលមានឥទ្ធិពលចាក់ឫសកាន់តែជ្រៅ នៅក្នុងតំបន់នេះ។ ចិនគឺជាប្រភពហិរញ្ញវត្ថុដ៏ធំមួយ សម្រាប់រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន នៅអាហ្វ្រិក។ នៅក្នុងប្រទេសខ្លះ ដូចជា ប្រទេសអេត្យូពីជាដើម ក្រុមហ៊ុនចិនបើកការរកស៊ីស្ទើរតែផ្តាច់មុខ នៅក្នុងវិស័យខ្លះ ដូចជា វិស័យទូរគមនាគមន៍ ជាដើម។
ជប៉ុនមិនសម្បូរលុយដូចចិននោះទេ។ ក៏ប៉ុន្តែ ជប៉ុនមានបច្ចេកវិទ្យាខាងវិស័យឧស្សាហកម្ម ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៃបណ្តាប្រទេសអាហ្វ្រិក។ បច្ចេកវិទ្យាដែលចិននៅខ្វះខាតច្រើននៅឡើយ។
ម្យ៉ាងទៀត ដើម្បីប្រកួតប្រជែងជាមួយចិន ជប៉ុនអាចមានយុទ្ធសាស្រ្តមួយទៀត គឺការចាប់ដៃគូជាមួយប្រទេស ដែលមានផលប្រយោជន៍ដូចជប៉ុន នៅក្នុងតំបន់អាហ្វ្រិក ហើយជប៉ុនបានរកឃើញដៃគូមួយរួចទៅហើយ គឺបារាំង ដែលជាអតីតមហាអំណាចអាណានិគមនៅអាហ្វ្រិក ហើយដែលកំពុងតែប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅអាហ្វ្រិកដូចគ្នា។
កាលពីសប្តាហ៍មុន ជប៉ុន និងបារាំង បានបើកកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិជាលើកដំបូង ហើយនៅក្នុងកិច្ចប្រជុំនេះ ប្រទេសទាំងពីរបានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងខាងផ្នែកសេដ្ឋកិច្ច និងផ្នែកយោធា។
ទាក់ទងនឹងតំបន់អាហ្វ្រិកវិញ គេឃើញថា ជប៉ុនបានផ្តល់លុយចំនួន ៧៣៥លានដុល្លារ ដើម្បីជួយដល់ប្រតិបត្តិការបារាំង នៅក្នុងប្រទេសម៉ាលី ហើយបារាំងរំពឹងថា ជប៉ុនក៏នឹងបន្តជួយក្នុងប្រតិបត្តិការយោធា នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ