អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ជប៉ុន​មាន​អ្វី​យក​ទៅ​ប្រជែង​ជាមួយ​ចិន​នៅ​អាហ្វ្រិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ល្ងាច​ថ្ងៃ​អង្គារ លោក​ស្ហ៊ីបហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ទើប​នឹង​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច នៅ​ក្នុង​​ប្រទេស​បី​ក្នុង​តំបន់​អាហ្វ្រិក គឺ​ម៉ូសំប៊ិក កូតឌីវ័រ និង​អេត្យូពី។ ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​យុទ្ធសាស្រ្ត​របស់ជប៉ុន ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ចិន ពីព្រោះ​ថា រហូត​មក​ទល់​នឹង​ពេលនេះ អាហ្វ្រិក​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​ចិន។

លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abé) នាយករដ្ឋមន្រ្តី​ជប៉ុន និង​លោក​អាឡាសាន់ វ៉ាតារ៉ា (Alassane Ouattara) ប្រធានាធិបតី​កូតឌីវ័រ កាលពីថ្ងៃ​ទី១០ មករា ២០១៤
លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abé) នាយករដ្ឋមន្រ្តី​ជប៉ុន និង​លោក​អាឡាសាន់ វ៉ាតារ៉ា (Alassane Ouattara) ប្រធានាធិបតី​កូតឌីវ័រ កាលពីថ្ងៃ​ទី១០ មករា ២០១៤ REUTERS/Luc Gnago
ផ្សាយពាណិជ្ជកម្ម

៨ឆ្នាំ​មកហើយ ​ដែល​គេ​មិនធ្លាប់​ឃើញ​មាន​ប្រមុខរដ្ឋាភិបាល​ជប៉ុន​​​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុងតំបន់​អាហ្វ្រិក។ ទើប​តែ​នៅពេលនេះ ដែល​ចិន និង​ជប៉ុន កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង ស្រាប់តែ​គេឃើញ​នាយករដ្ឋមន្រ្តី​ជប៉ុន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាហ្វ្រិក ដែល​​​បច្ចុប្បន្ន​នេះ កំពុងតែ​ធ្លាក់​ក្រោម​ឥទ្ធិពល​របស់​ចិន​កាន់តែ​ខ្លាំង។

សម្រាប់​ចិន វាគ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​នោះទេ! លោកស្ហ៊ីនហ្សូ អាបេ មក​អាហ្វ្រិក គឺ​ដើម្បី​ប្រជែង​ដណ្តើម​ឥទ្ធិពល​ជាមួយ​ចិន។ ការណ៍​ដែល​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច ក្នុង​ប្រទេស​អេត្យូពី ដែល​ជា​​សសរទ្រូង​នៃ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​អាហ្វ្រិក រឹត​តែ​ធ្វើ​ឲ្យ​ចិនយល់ថា​ នេះ​គឺ​ជា​ទង្វើ​ ដើម្បី​ផ្គើន​ចិន។

ជាការពិត គេសង្កេតឃើញ​ថា នៅ​ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លងទៅនេះ នៅ​ក្នុង​ពេល​ដែល​ចិន​ខិតខំ​ខ្នះខ្នែង​ពង្រីក​មុខជំនួញ នៅ​ក្នុង​តំបន់​អាហ្វ្រិក ជប៉ុនវិញ បាន​ដើរតួនាទី​ត្រឹមតែ​ជា​ប្រទេស​ផ្តល់​ជំនួយ​មនុស្សធម៌ ជាពិសេស ផ្តល់​លុយកាក់ សម្រាប់​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អ.ស.ប។

បើគេ​ក្រឡេក​មើល​ទៅលើ​ទំហំ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អាហ្វ្រិក គេឃើញ​ថា វា​ល្មម​ដល់​ពេល ដែល​ជប៉ុន​ត្រូវ​ភ្ញាក់​ខ្លួន​ពិតមែន។ កាល​ពី​ឆ្នាំ​២០១២​កន្លងទៅនេះ ការដោះដូរ​ពាណិជ្ជកម្ម រវាង​អាហ្វ្រិក និង​ចិន បាន​កើនឡើង​រហូតដល់​ទៅ ១៨០ពាន់លាន​ដុល្លារ ចំណែក​ រវាង​អាហ្វ្រិក និង​ជប៉ុន​វិញ មាន​ត្រឹមតែ​ ២៥ពាន់លាន​ដុល្លារ​តែប៉ុណ្ណោះ ពោលគឺ តិចជាង​ចិន​រហូតដល់​ទៅ​ ៧ដង។

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច នៅ​​អាហ្វ្រិក ក្រៅពីបាន​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍ​ប្រមាណ​ជា ៣២០លាន​ដុល្លារ លោក​ស្ហ៊ីនហ្សូ អាបេ ដែល​អម​ដំណើរ​ដោយ​អ្នក​ជំនួញ​ជប៉ុន​ជាច្រើន​រូបផងនោះ ក៏​បាន​សន្យា​ផងដែរ​ថា នឹង​ផ្តល់​កម្ចី​ចំនួន ២ពាន់​លាន​ដុល្លារ ដល់​វិស័យ​ឯកជន នៅ​អាហ្វ្រិក ពោលគឺ កើនឡើង ១ទ្វេជា២ ធៀប​ទៅ​នឹង​ការ​សន្យា កាល​ពី​ឆ្នាំ​២០១២។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ឲ្យដឹង​ថា ការ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ពង្រឹង​វិស័យ​ឯកជន ក្នុង​តំបន់​អាហ្វ្រិក គឺ​ជា​អាទិភាព​ចម្បងមួយ​នៃ​រដ្ឋាភិបាល​ជប៉ុន​បច្ចុប្បន្ន។

តាមការពិត ការណ៍​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​មក​ផ្តោត​លើ​​តំបន់​អាហ្វ្រិក​ នៅពេលនេះ មិនមែន​មាន​គោលដៅ​គ្រាន់តែ​​​មក​រុកគួន​រំខាន​ចិន​នោះទេ។ ក៏ប៉ុន្តែ លោក​អាបេ ​សំឡឹងឃើញ​​អំពី​សក្តានុពល​សេដ្ឋកិច្ច​របស់​អាហ្វ្រិក ដែលអាចផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ជប៉ុន។

អាហ្វ្រិក គឺ​ជា​តំបន់​​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដែល​អាច​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល​ សម្រាប់​ការនាំចេញ​របស់​ជប៉ុន។ ក៏ប៉ុន្តែ គោលដៅ​ចម្បងបំផុត​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ក៏​មិនខុស​ពី​ចិន​ប៉ុន្មាន​ដែរ គឺការស្វះស្វែង​រក​វត្ថុធាតុដើម និង​ប្រភព​ថាមពល ដែល​ជប៉ុន​កំពុងតែ​ត្រូវការ​យ៉ាងខ្លាំង ជាពិសេស ចាប់តាំង​ពី​មាន​វិបត្តិ​នុយក្លេអ៊ែរ នៅ​ហ៊្វូគូស្ហ៊ីម៉ា។ នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​លោក​ស្ហ៊ីនហ្សូ អាបេ បាន​សន្យា​ផ្តល់​ឥណទាន​ ៧០០លាន​ដុល្លារ ដល់​រដ្ឋាភិបាល​ម៉ូសំប៊ិក សម្រាប់​ការ​ស្តា​រ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​តាម​ផ្លូវគោក​​។ ម៉ូសំប៊ិក ដែលសម្បូរ​ឧស្ម័ន​ធម្មជាតិ និង​រ៉ែ​ធ្យូងថ្ម។

ក៏ប៉ុន្តែ ការបោះជំហាន​ចូល​មក​ក្នុង​តំបន់​អាហ្វ្រិ​កនៅពេលនេះ ជប៉ុន​ប្រាកដ​ជា​នឹង​ត្រូវ​ប្រឈមមុខ​នឹង​គូប្រជែង​ដ៏​ធំមួយ គឺ​ចិន ដែល​មាន​ឥទ្ធិពល​ចាក់ឫស​កាន់តែ​ជ្រៅ នៅ​ក្នុង​តំបន់​នេះ។ ចិន​គឺ​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏ធំមួយ សម្រាប់​រដ្ឋាភិបាល​​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ នៅ​អាហ្វ្រិក។ នៅ​ក្នុង​ប្រទេស​ខ្លះ ដូចជា ប្រទេស​អេត្យូពី​ជាដើម ក្រុមហ៊ុន​ចិន​បើក​ការ​រកស៊ី​ស្ទើរតែ​ផ្តាច់មុខ នៅ​ក្នុង​វិស័យ​ខ្លះ ដូចជា វិស័យ​ទូរគមនាគមន៍​ ជាដើម។

ជប៉ុន​មិនសម្បូរ​លុយ​ដូច​ចិន​នោះទេ។ ក៏ប៉ុន្តែ ជប៉ុន​​មាន​​បច្ចេកវិទ្យា​ខាង​វិស័យ​ឧស្សាហកម្ម ដែល​អាច​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៃ​បណ្តា​ប្រទេស​អាហ្វ្រិក។ បច្ចេកវិទ្យា​ដែល​ចិន​នៅ​ខ្វះខាត​ច្រើន​នៅឡើយ។

ម្យ៉ាងទៀត ដើម្បី​ប្រកួតប្រជែង​ជាមួយ​ចិន ជប៉ុន​អាច​មាន​យុទ្ធសាស្រ្ត​មួយទៀត គឺ​ការ​ចាប់ដៃគូ​ជាមួយ​ប្រទេស​ ដែល​មាន​ផលប្រយោជន៍​ដូចជប៉ុន នៅ​ក្នុង​តំបន់​អាហ្វ្រិក ហើយ​ជប៉ុន​បាន​រកឃើញ​ដៃគូ​មួយ​រួច​ទៅហើយ គឺ​បារាំង ដែល​ជា​អតីត​មហាអំណាច​អាណានិគម​នៅ​អាហ្វ្រិក ហើយ​ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នៅ​អាហ្វ្រិក​ដូចគ្នា។

កាលពី​សប្តាហ៍​មុន ជប៉ុន និង​បារាំង បាន​បើក​កិច្ចប្រជុំ​ទ្វេភាគី​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​​ការពារជាតិ​ជាលើក​ដំបូង ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​បង្កើន​​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ទាំង​​ខាង​ផ្នែកសេដ្ឋកិច្ច និង​ផ្នែក​យោធា។

ទាក់ទង​នឹង​តំបន់​អាហ្វ្រិក​វិញ គេឃើញ​ថា ជប៉ុន​បាន​ផ្តល់​លុយ​ចំនួន ៧៣៥លាន​ដុល្លារ ដើម្បី​​ជួយ​ដល់​ប្រតិបត្តិការ​បារាំង នៅ​ក្នុង​ប្រទេស​ម៉ាលី ហើយ​បារាំង​រំពឹង​ថា ជប៉ុន​​ក៏​នឹង​បន្ត​ជួយ​ក្នុង​ប្រតិបត្តិការ​យោធា នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ