អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិទ្ធិខាងរូបភាព គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល ដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​មាត្រា ១០​ នៃ​ក្រមរដ្ឋប្បវេណី​​ខ្មែរ ​ចែងថា៖ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​ សុខភាព សេរីភាព នាម កិត្តិយស ភាព​ឯកជន ឬ សិទ្ធិ​ផ្សេងទៀត ដែល​ជា​ផលប្រយោជន៍ ទាក់ទង​នឹង​លក្ខណៈ​បុគ្គល”។ ខាងក្រោម​នេះ ជា​សំណួរ-ចម្លើយ​ជុំវិញ​សិទ្ធិ​ខាង​រូបភា​ពនៃ​បុគ្គល។

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

 

សំណួរ-តើ​អ្វី​ទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

ចម្លើយ-សិទ្ធិ​ខាង​រូបភាព គឺ​ជា​​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ហាមឃាត់​អ្នកដទៃ​មិន​ឲ្យ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​របស់​ខ្លួន។

ដូច្នេះ បើ​ទោះបី​​ត្រឹម​តែ​ថតរូប ហើយមិន​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​ក៏ដោយ ក៏​ជា​ការ​រំលោភ​លើ​សិទ្ធិ​ខាង​រូបភាព​​ដែរ ប្រសិន​បើ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់រូប។
 
សំណួរ-តើ​អ្នក​​រំលោភលើ​​សិទ្ធិ​ខាងរូបភាព​នេះ អាច​ត្រូវ​ទទួល​ទោស​បែបណា?

ចម្លើយ-​​អ្នក​រំលោភ​លើ​សិទ្ធិ​ខាងរូបភាព​អាច​នឹង​ត្រូវ​ទទួល​ទោស​ខាង​រដ្ឋប្បវេណីផង និង​ខាង​ព្រហ្មទណ្ឌផង។

យោងតាម​​ក្រម​រដ្ឋប្បវេណី ក្នុងករណី​​មាន​ការ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់រូប ម្ចាស់​រូប​មាន​សិទ្ធិ៖

  • ទាមទារ​ឲ្យ​បញ្ឈប់ (មាត្រា​ ១១)៖ ដូចជា ពេល​ឃើញ​គេ​​លើក​ម៉ាស៊ីន​ថត​ចង់​ថត ​សាមី​ខ្លួន​អាច​​ហាមឃាត់​មិន​ឲ្យ​ថត។
  • ទាមទារ​ឲ្យ​ដក​ចេញ​នូវលទ្ធផល​នៃ​សកម្មភាព​រំលោភ (មាត្រា ១២)៖ បើ​សិន​ជា​រូបភាព​ត្រូវ​បាន​ថតរួចទៅហើយ សាមី​ខ្លួន​អាច​ទាមទារ​ឲ្យ​លុប​រូប​នេះ​ចេញ​ពី​ម៉ាស៊ីន​ថតវិញ។ បើ​សិន​ជា​រូបថតនេះ ត្រូវ​បាន​យក​ទៅ​ចុះផ្សាយ​រួចហើយ​ (ដូចជា​ចុះផ្សាយ​នៅលើ​ទំព័រ​វិបសៃត៍​ជាដើម) ម្ចាស់​រូប​អាច​ទាមទារ​ឲ្យ​ដក​រូបនេះ​ចេញវិញ។
  • ទាមទារ​សំណង​ការខូចខាត (មាត្រា ១៣)៖ ប្រសិន​បើ​ការ​ថតរូប ឬ​ការ​ផ្សព្វផ្សាយ​រូបភាពនេះ បាន​បង្ក​ការខូតខាត​ណាមួយ​ ម្ចាស់​រូប​អាច​ទាមទារ​សំណង​ខូតខាត​​ពី​អ្នក​ប្រព្រឹត្ត​ល្មើស​បាន។ សិទ្ធិ​ទាមទារ​សំណង​ខូតខាត​នេះ អាច​អនុវត្ត​ព្រមគ្នា​ជាមួយ​សិទ្ធិ​ទីពីរ​ខាងលើ មានន័យថា ម្ចាស់រូប​អាច​ទាមទារ​ឲ្យ​​បញ្ឈប់​ការ​ចុះផ្សាយ​រូបភាព​ផង ហើយ​អាច​ទាមទារ​ឲ្យ​សង​ការ​ខូតខាត​ផង។

ក្នុង​ពេល​ជាមួយ​គ្នា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល ក៏​អាច​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ​​​ដែរ។ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ត្រង់​មាត្រា ៣០២ មានចែងថា
អំពើ​ថតរូបភាព​នៃ​បុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ ដោយ​គ្មាន​ការព្រមព្រៀង​ពីបុគ្គលនេះ​ទេ​ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ១ខែ ទៅ ១ឆ្នាំ និង​ពិន័យ​ជាប្រាក់ ពី​១សែន ទៅ ២លាន​រៀល លើកលែង​តែ​ក្នុង​ករណី​ដែល​ច្បាប់​អនុញ្ញាត”។
 
សំណួរ-ដូច្នេះ មានន័យថា រាល់ពេល​ដែល​ចង់​ថតរូប​អ្នកណា​ម្នាក់ គឺ​ដាច់ខាត​ត្រូវ​តែ​មាន​ការព្រមព្រៀង​ពី​សាមី​ខ្លួន​ជាមុន​ជានិច្ច​ឬយ៉ាងណា?

ចម្លើយ-ជាគោលការណ៍ គឺ​ត្រូវ​តែ​​​មានការព្រមព្រៀង​ពី​ម្ចាស់​រូប​ជាមុនសិន ទាំង​ការ​ថតរូប និង​ការ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ ព្រោះ​ថា ការព្រមព្រៀង​ឲ្យ​ថត មិនមែន​មានន័យ​ថា ឲ្យ​យក​រូបថត​នេះ​ទៅ​ផ្សព្វផ្សាយ​ទេ។

ការព្រមព្រៀង​​ឲ្យ​ថត ឬ​ឲ្យ​ចុះផ្សាយ​រូបថត អាច​ជា​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់ (ម្ចាស់រូប​ប្រាប់​អ្នក​ថត​ថា ខ្លួន​អនុញ្ញាត​ឲ្យថតរូប ឬ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ) ឬ​ដោយ​តុណ្ហី (ម្ចាស់​រូប​ដឹង​ដែរ​ថា គេថត តែ​មិន​ជំទាស់ ឬ​ដឹង​ដែរ​ថា គេ​យក​រូប​ទៅ​ចុះផ្សាយ​តែ​មិន​ជំទាស់ គឺ​មានន័យ​ស្មើ​នឹង​យល់ព្រម​ឲ្យ​គេ​ថតរូប ឬ​ឲ្យ​គេ​យក​រូបថត​ទៅ​ចុះផ្សាយ)។

ក៏ប៉ុន្តែ អ្នកថតគួរតែស្វែងរកការព្រមព្រៀង​​ឲ្យ​បាន​ជាក់ច្បាស់​​ពី​ម្ចាស់​រូប ប្រសើរ​ជាង​ការព្រមព្រៀង​ដោយ​តុណ្ហី ជាពិសេស បើ​ចង់​យក​រូបថត​គេ​ទៅ​ផ្សព្វផ្សាយ ពីព្រោះថា បើ​ ​គ្មាន​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់​ជាមុន​ទេ​ ម្ចាស់រូប​មិនត្រឹមតែ​​​អាច​ទាមទារ​ឲ្យ​ដករូប​នេះ​ចេញវិញ​ទេ ប៉ុន្តែ ថែម​ទាំង​អាច​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ទៀតផង។

សំណួរ-តើការថតរូបភាព​​ក្រុម​មនុស្ស​កកកុញ ត្រូវ​តែ​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​រូប​គ្រប់ៗ​គ្នា​ឬ​យ៉ាងណា?

ចម្លើយ-​​ការ​ថតរូប​ ឬ​ចុះផ្សាយ​រូបថត​ក្រុមមនុស្ស​ មិន​ចាំបាច់​មាន​ការព្រមព្រៀង​ពី​ម្ចាស់​រូប​នោះទេ ប្រសិន​បើ​ក្នុង​រូប​ថត​នេះ គេ​មិន​អាច​មើល​ដឹង​ថា​ជា​រូប​របស់​អ្នក​ណា​ច្បាស់លាស់​ទេ។
តាមការពិត ទោះបី​ថត​រូប​មនុស្ស​​ច្រើន​គ្នា​ជាក្រុម​ក៏ដោយ​ ឬ​ថត​​មនុស្ស​ម្នាក់​ឯង​ក៏ដោយ ឲ្យ​តែ​មនុស្ស​ក្នុង​រូបថត គេ​មិន​អាច​មើល​ស្គាល់​​ទេ គឺ​មិនមាន​ការប៉ះពាល់​ដល់​សិទ្ធិ​​ខាង​រូបភាព​ទេ។ ដូច្នេះ គេ​មិនចាំបាច់​​សុំ​ការព្រមព្រៀង​ពី​ម្ចាស់រូបទេ។
 
សំណួរ-ការថត ឬ​ចុះផ្សាយ​រូបថត របស់​មន្រ្តី​រដ្ឋាភិបាល ក្នុង​ទំព័រសារព័ត៌មាន​ ដោយ​គ្មាន​ការអនុញ្ញាត តើ​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​ដែរ​ឬទេ?

ចម្លើយ-ការថតរូប ឬ​ចុះផ្សាយ​រូបថត របស់​មន្រ្តី​ដែល​កាន់​មុខងារ​សាធារណៈ មិនមែន​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នោះទេ ប្រសិន​បើ​រូបថត​នោះ ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផលប្រយោជន៍​សាធារណៈ។ បុគ្គល​ដែល​កាន់មុខងារ​សាធារណៈ (ដូចជា រដ្ឋមន្រ្តី ប្រធាន​ស្ថាប័ន​សាធារណៈ ឬ​​​មន្រ្តី​នាំពាក្យ​ស្ថាប័ន​សាធារណៈ ជាដើម) សុទ្ធ​តែ​បាន​​​ដឹង​ខ្លួន​ជាមុន​ថា ខ្លួន​អាច​ត្រូវ​គេ​ថតរូប និង​ចុះផ្សាយ​រូបថត ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ។ ដូច្នេះ គេ​សន្មត់​ជាទូទៅ​ថា បុគ្គល​សាធារណៈទាំងនោះ បាន​ព្រមព្រៀង​​ជាមុន ឲ្យ​គេ​ថតរូប និង​ចុះផ្សាយ​រូបថតរបស់​ខ្លួន។ ប៉ុន្តែ រូបថតនោះ​អាច​ប្រើ​បាន តែ​ក្នុង​គោលដៅ​ផលប្រយោជន៍​សាធារៈ​ប៉ុណ្ណោះ មិនអាច​ប្រើ​ក្នុងគោលដៅ​​បម្រើ​ផលប្រយោជន៍​ឯកជន ឬ​គោលដៅ​ពាណិជ្ជកម្ម​បានទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ