អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

នីតិ​ព្រហ្មទណ្ឌ៖ តើអ្វីទៅ​ជា​ការ​ព្យួរទោស? អ្វីទៅ​ជា​របប​ពាក់កណ្តាល​សេរីភាព?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​ក្រមព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ដែល​តុលាការ​ប្រកាស​ផ្តន្ទាទោស​ជនល្មើស​ណាមួយ តុលាការ​អាច​បង្គាប់​ឲ្យ​ព្យួរទោស ឬ​ក៏​អាច​បង្គាប់​ឲ្យ​អនុវត្ត​របប​ពាក់​កណ្តាល​សេរីភាព​បាន។ តើ​អ្វីទៅជាការព្យួរទោស? ហើយ​អ្វី​ទៅជា​របប​ពាក់​កណ្តាល​សេរីភាព?

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

ការព្យួរទោស

ការព្យួរទោស គឺ​ការ​អនុញ្ញាត​ឲ្យ​ជនជាប់​ពិរុទ្ធ​ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស អាច​មិន​អនុវត្ត​ទោស​នេះ​បាន ប្រសិនបើ​មិន​ប្រព្រឹត្ត​ល្មើស​ថ្មី​ទៀត ក្នុងរយៈពេល​​ដែល​បាន​កំណត់​ណាមួយ។ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌខ្មែរ ទោស​ដែល​អាច​ព្យួរបាន គឺ​មាន​ទាំងទោស​ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់ ហើយ​ការព្យួរទោស​ត្រូវ​​ចែក​ជា​ពីរប្រភេទ គឺ​ការព្យួរទោស​ធម្មតា (Sursis simple) និង​ការ​ព្យួរទោស​សាកល្បង (Sursis avec mise à l’épruve)។

ការព្យួរទោស​ធម្មតា
 
ប្រសិនបើ​ជនល្មើស​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ដោយ​ត្រូវ​ព្យួរទោស ជនល្មើស​នេះ​មិនត្រូវ​ជាប់​ក្នុង​ពន្ធនាគារទេ។ ក៏ប៉ុន្តែ ប្រសិនបើ​ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃ​ប្រកាស​ទោស ជនល្មើស​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​​ថ្មីទៀត ការព្យួរទោស​នឹង​ត្រូវ​លើកចេញវិញ ហើយ​ជនល្មើស​នឹង​ត្រូវ​អនុវត្ត​ទោស​ទាំងពីរ គឺ​​ទាំង​ទោស​ទី១ ដែល​បានព្យួរ និង​ទោស​ទី២ សម្រាប់​បទល្មើស​ដែលប្រព្រឹត្ត​ថ្មីក្រោយ។

ដូចគ្នា​ចំពោះ​ទោស​ពិន័យជាប្រាក់។ ប្រសិនបើ​តុលាការ​ប្រកាស​ព្យួរទោស ជនល្មើស​មិន​ត្រូវ​បង់ប្រាក់ពិន័យ​ទេ ប្រសិនបើ​មិនមាន​ប្រព្រឹត្ត​បទល្មើស​ថ្មីទៀត ក្នុងរយៈពេល ៥ឆ្នាំ។

គួរបញ្ជាក់ថា ការប្រកាស​ព្យួរទោស ឬ​មិន​ព្យួរ គឺ​ជា​សិទ្ធិអំណាច​របស់​តុលាការ ក៏ប៉ុន្តែ ទោស​ពន្ធនាគារ ដែល​តុលាការ​អាច​ប្រកាស​ព្យួរ​បាន ទាល់តែ​ទោស​ពន្ធនាគារ​នោះ មាន​រយៈពេល​យ៉ាងច្រើន​បំផុត ៥ឆ្នាំ។ ប្រសិនបើ​ជនល្មើស​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ លើស​ពី៥ឆ្នាំ តុលាការ​មិន​អាច​ប្រកាស​ព្យួរ​ទោសនេះ​បានទេ។

ម្យ៉ាងទៀត បើទោះបីជា​ទោស​ពន្ធនាគារ​នេះ​មានរយៈពេល​ត្រឹម ៥ឆ្នាំ​ ឬ​តិច​ជាង​ ៥ឆ្នាំ​ក៏ដោយ តុលាការ​អាច​ប្រកាស​ព្យួរទោស​បាន លុះត្រាតែ​ជនល្មើស​មិន​ធ្លាប់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្តងសោះ នៅ​ក្នុង​រយៈពេល ៥ឆ្នាំ​មុន​អំពើ​ល្មើស។

ឧទាហរណ៍៖ នៅឆ្នាំ​២០០៨ ជនល្មើស “ក” ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្តងរួចមកហើយ ស្រាប់តែ ៤ឆ្នាំក្រោយមក នៅ​ឆ្នាំ​២០១២ “ក” បាន​ប្រព្រឹត្ត​បទល្មើស​ថ្មីទៀត ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៣ឆ្នាំ។ ទោស​ ៣ឆ្នាំ​ក្រោយ​​នេះ​មិន​អាច​ត្រូវ​ព្យួរបានទេ។

ការព្យួរទោស​សាកល្បង
 
ការព្យួរទោស​សាកល្បង គឺ​ប្រហាក់ប្រហែល​នឹង​ការព្យួរទោស​ធម្មតា​ដែរ គ្រាន់តែមាន​រយៈពេល​សាកល្បងមួយ ដែល​មានរយៈពេល ពី ១ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងរយៈពេល​សាកល្បង​នេះ ទណ្ឌិត​ត្រូវ​គោរព​ទៅតាម​​វិធានការ​ត្រួតពិនិត្យ ដែល​កំណត់​ដោយ​តុលាការ៖

  • ត្រូវ​ចូលខ្លួន​ទៅតាម​​ដីកា​កោះ​ពី​ព្រះរាជអាជ្ញា (ឬ​តំណាង​ព្រះរាជអាជ្ញា)
  • ត្រូវ​ទទួល​ការ​មក​ត្រួតពិនិត្យ​មើល​របស់​ព្រះរាជអាជ្ញា
  • ត្រូវ​ផ្តល់​ឯកសារ ទៅតាម​ការ​បង្គាប់​របស់​ព្រះរាជអាជ្ញា
  • ត្រូវ​ជូនដំណឹង​ដល់​ព្រះរាជអាជ្ញា អំពី​ការ​ផ្លាស់ប្តូរ​អាសយដ្ឋាន ឬ​ការ​ផ្លាស់ប្តូរ​មុខរបរ
  • ត្រូវ​សុំ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​មុន​នឹង​ធ្វើ​ដំណើរ​ទៅបរទេស

ក្រៅពី​វិធានការ​ទាំងអស់នេះ តុលាការ​អាច​កំណត់​ឲ្យ​ទណ្ឌិត​គោរព​ទៅតាម​កាតព្វកិច្ច​មួយ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​រយៈពេល​សាកល្បង ដូចជា ៖

  • ត្រូវ​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ
  • ត្រូវ​ទៅ​រៀន ឬ​ទទួលការ​បណ្តុះបណ្តាល​ខាង​វិជ្ជាជីវៈ​
  • ត្រូវ​រស់នៅ​ក្នុង​កន្លែងណាមួយ​ជា​កំណត់
  • ត្រូវ​ទទួល​ឲ្យ​ពេទ្យ​​ធ្វើការ​ពិនិត្យ និង​ព្យាបាល
  • មិនត្រូវមាន​វត្តមាន នៅ​ទីកន្លែងណាមួយ ដែល​កំណត់​ដោយ​តុលាការ
  • មិនត្រូវ​ធ្វើ​សកម្មភាព​មួយចំនួន ដូចជា សេពគប់បនល្បែង គ្រឿងស្រវឹង កាន់កាប់ ឬ​យក​អាវុធ​តាមខ្លួន​ ឬ​ប្រកប​អាជីវកម្ម​ណាមួយ ដែល​កំណត់​ដោយ​តុលាការ
  • មិនត្រូវ​​ទៅ​ក្បែរ ឬ​ទៅ​ជួប​ជាមួយ​បុគ្គល​ខ្លះ ដូចជា អ្នក​ផ្តើមគំនិត អ្នក​សមគំនិត ឬ​ជនរងគ្រោះ​នៃ​បទល្មើស ជាដើម។

នៅក្នុង​រយៈពេល​សាកល្បង (១ឆ្នាំ ទៅ៣ឆ្នាំ) ប្រសិនបើ​ជនល្មើស​មិនគោរព​តាម​វិធានការ​ត្រួតពិនិត្យ ឬ​តាម​កាតព្វកិច្ច ដែល​កំណត់​ដោយ​តុលាការ​ទេ ការព្យួរទោស​នឹង​ត្រូវ​លើកចេញវិញ ហើយ​ជនល្មើស​ត្រូវ​តែ​អនុវត្ត​ទោស។ ប្រសិនបើ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​ថ្មីណាមួយ​ទៀត ក្នុងរយៈពេល​សាកល្បង​នេះ ការ​ព្យួរទោស​ក៏​ត្រូវលើកចេញវិញ​ដូចគ្នា​ដែរ ហើយ​ជនល្មើស​ត្រូវ​អនុវត្ត​ទោស​ សម្រាប់​បទល្មើស​ទាំងពីរ ដូច​ករណី​ព្យួរទោស​ធម្មតាដែរ។

គួរបញ្ជាក់ថា តុលាការ​អាច​ប្រកាស​ព្យួរទោស​សាកល្បង​បាន តែ​ចំពោះ​ទោស​ពន្ធនាគារ​ប៉ុណ្ណោះ ហើយ​បាន​តែ​ចំពោះ​ទោសពន្ធនាគារ ដែល​មានរយៈពេល ក្នុង​ចន្លោះ​ពី ៦ខែ ទៅ ៥ឆ្នាំ​ប៉ុណ្ណោះ។ ទោស​ពិន័យជាប្រាក់ និង​ទោសពន្ធនាគារ​តិច​ជាង ៦ខែ ឬ​ច្រើន​ជាង ៥ឆ្នាំ មិន​អាច​ព្យួរ​ដោយ​មាន​រយៈពេល​សាកល្បង​នេះ​បានទេ។

ចំណុច​ដែល​គួរ​កត់សម្គាល់​ចុងក្រោយ ការ​ប្រកាស​ព្យួរទោស​អាច​ធ្វើ​ចំពោះ​ទោស​ទាំងមូល ឬ​ក៏​ធ្វើ​មួយ​ផ្នែក​ក៏បាន។

ឧទាហរណ៍៖ ជនល្មើស “ក” ប្រព្រឹត្ត​បទល្មើស​ឆបោក ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែ ២ឆ្នាំ​ត្រូវ​ព្យួរ។ ក្នុងករណីនេះ ជនល្មើស​ត្រូវ​ជាប់​ពន្ធនាគារតែ ២ឆ្នាំប៉ុណ្ណោះ ដោយ​ត្រូវ​ព្យួរទោស ២ឆ្នាំ។
 
របបពាក់កណ្តាលសេរីភាព
 
របបពាក់កណ្តាល​សេរីភាព​អាច​អនុវត្ត​បាន​តែ​ចំពោះ​ទោស​ពន្ធនាគារ ដែល​មានរយៈពេល ៦ខែ ឬ​តិច​ជាង ៦ខែ​ប៉ុណ្ណោះ។​ តុលាការ​អាច​ប្រកាស​របបពាក់កណ្តាល​សេរីភាព គឺ​ដើម្បី​ឲ្យ​ទណ្ឌិត​អាច​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ ទទួល​ការ​សិក្សា ឬ​ការ​បណ្តុះបណ្តាល ឬ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ ឬ​ជួយ​ឧបត្ថម្ភ​ដល់​សេចក្តី​ត្រូវ​ការ​របស់​ក្រុមគ្រួសារ។

ទណ្ឌិត​ដែល​ស្ថិត​ក្នុង​របបពាក់កណ្តាល​សេរីភាព ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ពន្ធនាគារ ក្នុងរយៈពេល​ជា​កំណត់​ណាមួយ។ នៅពេល​ប្រកាស​ពី​របប​ពាក់​កណ្តាល​សេរីភាព តុលាការ​ត្រូវ​កំណត់​នៅ​ក្នុង​សេចក្តីសម្រេច អំពី​ថ្ងៃ និង​ម៉ោង ដែល​ទណ្ឌិត អាច​ចេញពី​ពន្ធនាគារ​បាន។

ឧទាហរណ៍​៖ ឈ្មោះ “ក” ជានិស្សិត ត្រូវ​តុលាការ​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ ៦ខែ ពី​បទលួច។ តុលាការ​ពិនិត្យ​ពិចារណា​មើលទៅ មិនចង់​ឲ្យ​ទណ្ឌិត “ក” ខាត​ការ​រៀនសូត្រ ក៏​សម្រេច​ឲ្យ​អនុវត្ត​របបពាក់កណ្តាល​សេរីភាព ដើម្បី​​ឲ្យ​ទណ្ឌិត “ក” អាចបន្ត​ការ​រៀនសូត្រ​បាន។ ដូច្នេះ​​ ទណ្ឌិត “ក” អាច​ចេញ​ពី​ពន្ធនាគារ​បាន ដើម្បី​ទៅរៀន ទៅតាម​ថ្ងៃ​ និង​ម៉ោងពេល ដែល​បាន​កំណត់ដោយ​តុលាការ ដូចជា ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ អាច​ចេញពី​ពន្ធនាគារ ទៅ​សាលា​រៀន​បាន នៅ​ម៉ោង ៨ព្រឹក ហើយ​ត្រូវ​ត្រឡប់​​ចូល​មក​ក្នុង​ពន្ធនាគារ​​វិញ នៅ​​ម៉ោង ៥ល្ងាច។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ