អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ី ជីនពីង និង​លី ខឺឈាំង​នឹង​មាន​មុខមាត់​យ៉ាងម៉េច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ស៊ី ជីនពីង (Xi Jinping) ត្រូវ​បាន​សភា​ប្រជាជន​ចិន​តែងតាំង​ជាផ្លូវការ​ជា​ប្រធានាធិបតី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ចំណែក​លោក​​លី ខឺឈាំង (Li Keqiang) ទើប​នឹង​ត្រូវ​បាន​តែងតាំង នៅថ្ងៃ​សុក្រនេះ។ ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ូ ជីនតាវ និង​លោកវេន ជៀប៉ាវ ត្រូវ​បិទបញ្ចប់ ហើយ​បើក​ទំព័រ​ថ្មី ក្រោមការ​ដឹកនាំ​របស់​លោក​ស៊ី ជីនពីង និង​លោក​លី ខឺឈាំង។ តើ​ចិន​ក្រោមការដឹកនាំ​របស់​លោក​ស៊ី ជីនពីង និង​លី ខឺឈាំង​នេះ​ នឹង​មាន​មុខមាត់​យ៉ាងណា?

លោក​ស៊ី ជីនពីង (ស្តាំ) ប្រធានាធិបតី​ចិន ចាប់ដៃ​លោក​លី ខឺឈាំង នាយករដ្ឋមន្រ្តី នៅក្នុង​សម័យប្រជុំ​សភា​ ថ្ងៃទី១៥ មីនា ២០១៣
លោក​ស៊ី ជីនពីង (ស្តាំ) ប្រធានាធិបតី​ចិន ចាប់ដៃ​លោក​លី ខឺឈាំង នាយករដ្ឋមន្រ្តី នៅក្នុង​សម័យប្រជុំ​សភា​ ថ្ងៃទី១៥ មីនា ២០១៣ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

 

វាប្រហែល​ជា​មិនមែន​ជា​រឿង​​អ្វី​សម្ងាត់​ទេ ដែល​ថា ចិន​មិនមែន​ជា​ប្រទេស​​ប្រជាធិបតេយ្យ​នោះទេ តែ​ជា​ប្រទេស​ប្រកាន់​យក​របបដឹកនាំ​បែបឯកបក្ស ​គ្រប់គ្រង​ដោយ​បក្ស​តែមួយ គឺ​បក្សកុម្មុយនិស្ត​ចិន។

 

ដូច្នេះ អំណាច​ពិតប្រាកដ​របស់​លោក​ស៊ី ជីនពីង មិនមែន​កើតចេញ​ពី​តំណែង​ជា​ប្រធានាធិបតី ដែល​លោក​ទើប​នឹង​ទទួលបាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ទេ គឺ​កើតចេញ​ពី​តំណែង​ជា​អគ្គលេខាបក្ស​កុម្មុយនិស្ត ដែល​លោក​ទទួលបាន​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅមិញ និង​ពី​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​កងទ័ព​មជ្ឈិម​បក្ស ដែល​ជា​អំណាច​កំពូល​ខាង​កងទ័ព។

 

លោក​លី ខឺឈាំង ក៏ដូចគ្នា​ដែរ ឫសគល់​នៃ​អំណាច​ពិតប្រាកដ​របស់​លោក គឺ​កើតចេញ​ពី​តំណែង​ជា​សមាជិក​គណៈអចិន្រ្តៃយ៍​បក្ស និង​ជា​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​លំដាប់​ទី២ បន្ទាប់​ពី​លោក​ស៊ី ជីនពីង។

 

នៅចិន ជាទូទៅ ភារកិច្ច​ចម្បងបំផុត​របស់​នាយករដ្ឋមន្រ្តី គឺ​​ទទួលបន្ទុក​ចាត់ចែង​​ខាងផ្នែក​សេដ្ឋកិច្ច។ លោក​លី ខឺឈាំង ត្រូវ​បាន​គេ​ទទួលស្គាល់​ជាទូទៅ​ថា​ជា​អ្នក​មាន​សមត្ថភាព​ខ្ពស់ ខាង​ផ្នែក​សេដ្ឋកិច្ច ក៏ប៉ុន្តែ ជា​អ្នក​នយោបាយ​ដែលខ្វះអំណាចបុគ្គល ដោយសារ​តែ​លោក​មិនសូវ​មាន​មនុស្ស​ជិតស្និទ្ធ នៅ​ក្នុង​ចំណោម​សមាជិក​គណៈអចិន្រ្តៃយ៍​បក្ស ដែល​ជា​ស្ថាប័ន ដែល​មាន​អំណាច​កំពូល នៅ​ចិន។ ដូច្នេះ ដើម្បី​ពង្រឹង​អំណាច​បុគ្គល​ ជំរុញ​ការ​ធ្វើ​កំណែទម្រង់ ឬ​ការ​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​របស់លោក លោក​​លី ខឺឈាំង ប្រាកដ​ជា​ត្រូវ​ពឹង​លើ​លោក​ស៊ី ជីនពីង ដែល​មាន​ខ្សែបណ្តាញ​រឹងមាំ​ជាង ជាពិសេស នៅ​ក្នុង​ចំណោម​សមាជិក​គណៈអចិន្រ្តៃយ៍បក្ស ដោយសារ​តែ​​លោក​ស៊ី ជីនពីង ​ស្ថិត​ក្នុង​ចំណោម​ “ក្រុមព្រះអង្គម្ចាស់” មានន័យថា ជា​កូនៗ​របស់​អតីត​មេដឹកនាំ​ចិន​សម័យ​បដិវត្តន៍។

 

ដូច្នេះ គេ​ត្រូវ​មើល​ថា តើ​លោក​ស៊ី ជីនពីង មាន​ចក្ខុវិស័យ​ដូចម្តេច សម្រាប់​ចិន ក្រោម​ការ​ដឹកនាំ​របស់​លោក?

 

លោក​ស៊ី ជីនពីង ធ្លាប់​បាន​ប្រកាស​ថា លោក​គឺ​ជា​មនុស្ស​ដែលមាន​ក្តីសុបិន្ត ដែល​លោក​ហៅ​ថាជា “ក្តីសុបិន្ត​របស់​ចិន” គឺ​ក្តីសុបិន្ត​​ចង់​ឃើញ​ចិន​ជា​ប្រទេស​មានបាន ជាប្រទេស​មាន​អំណាច និង​មាន​មោទនភាព។

 

ដើម្បី​ជា​ការគូសបញ្ជាក់​ក្តីសុបិន្ត​ទាំងនេះ​ឲ្យ​សាធារណជន​ចិន​បាន​ឃើញ​កាន់តែ​ច្បាស់ កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ គេ​ឃើញ​ថា លោក​ស៊ី ជីនពីង​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញទស្សនកិច្ច​នៅ​កន្លែង​សំខាន់ៗ​មួយចំនួន ក្នុង​ប្រទេស​ចិន ហើយ​ទីតាំង​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នោះ ទំនង​ជា​ត្រូវ​បាន​ជ្រើសរើសឡើង ដោយ​សម្រិតសម្រាំង​បំផុត ហើយ​ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​បំផុត តាម​រយៈ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​។

 

ដំណើរទស្សនកិច្ច​ទីមួយ​របស់​លោក​ស៊ី ជីនពីង គឺ​ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស។ តាមរយៈ​ទស្សនកិច្ច​នេះ លោក​ស៊ី ជីនពីង ចង់​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា លោក​នឹង​ជា​អ្នក​កំណែទម្រង់​សេដ្ឋកិច្ច​​ដ៏ស្រួចស្រាវម្នាក់ ដូចជា លោក​តេង ស៊ាវពីង អតីត​មេដឹកនាំ​បដិវត្តន៍ ដែល​ជា​ស្ថាបត្យករ​ដ៏ចម្បង នៃ​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ចិន។

 

បន្ទាប់មកទៀត លោក​ស៊ី ជីនពីង បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ក្រីក្រ​ពីរកន្លែង គឺ​នៅ​ក្បែរ​រដ្ឋធានី​ប៉េកាំង​មួយកន្លែង និង​នៅ​ខេត្ត​ប៉ែកខាង​លិច​ប្រទេស​មួយកន្លែង។ ទូរទស្សន៍​ចិន​បាន​ចាក់​ផ្សាយ​បង្ហាញ​ពី​សកម្មភាព​របស់​លោក​លេខាបក្ស​កុម្មុយនិស្ត ដែល​កំពុង​តែ​ជួប​ជជែក​ជាមួយ​កសិករ​ក្រីក្រ ភ្លក់​ផលិតផល និង​ម្ហូបអាហារ​របស់​ពួកគាត់ និង​ចូល​ជជែក​លេង​ក្នុង​ផ្ទះ​របស់​ពួកគាត់។ លោក​ស៊ី ជីនពីង ចង់​បង្ហាញ​ឲ្យ​ប្រជាជនចិន​ឃើញ​ថា លោក​នឹង​ជា​មេដឹកនាំ​ដែល​នៅ​ជាប់​នឹង​ប្រជាជន ដឹង​សុខទុក្ខ​របស់​ប្រជាជន... ជា​មេដឹកនាំ​របស់​ប្រជាជន ដើម្បី​ប្រជាជន។

 

លោក​ស៊ី ជីនពីង ទំនង​ជា​បាន​មើល​ឃើញ​ច្បាស់​ថា មុខមាត់ និង​អំណាច​របស់​អាជ្ញាធរ​ចិន​កំពុង​តែ​ធ្លាក់​ចុះ ដោយសារ​តែ​ប្រជាជន​ទូទៅ​មើល​ឃើញ​ពី​អំពើ​​ពុករលួយ​ក្នុង​ចំណោម​មន្រ្តី​ចិន និង​ពី​គម្លាត ដែល​កើតមាន​កាន់តែ​ខ្លាំង​រវាង​អ្នក​ក្រ និង​អ្នកមានលុយ មាន​អំណាច។ លោក​ស៊ី ជីនពីង បាន​សន្យា​តាំង​ពី​ដើម​មក​ថា លោក​នឹង​បង្កើន​សកម្មភាព ដើម្បី​កម្ចាត់​អំពើ​ពុករលួយ ហើយ​ធ្វើ​យ៉ាងណា​បែងចែក​ប្រាក់​ចំណូលរដ្ឋ​ឲ្យ​ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ដើម្បី​បង្កើត​ជា​សង្គម​មួយ​ដែល​មាន​​យុត្តិធម៌។

 

ដំណើរទស្សនកិច្ច​សំខាន់​ទី៣​របស់​លោក​ស៊ី ជីនពីង គឺ​ធ្វើ​ឡើង នៅ​អង្គភាព​ទ័ព ដើម្បី​ជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ក្តីសុបិន្ត​របស់​លោក ដែល​ចង់​ឲ្យ​ចិន​ក្លាយ​ជា​មហាអំណាច​យោធា។

 

ដូច្នេះ សរុបជារួមមកវិញ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ក្នុងរយៈពេល ១០ឆ្នាំ​តទៅមុខ​ទៀត​នេះ លោក​ស៊ី ជីនពីង មាន​ចក្ខុវិស័យ​​ចង់​ឲ្យ​ចិន​ជា​ប្រទេស​រុងរឿង​ មានបាន ហើយ​មាន​បាន​​ដោយ​មាន​យុត្តិធម៌​ ក្នុងការ​ចែករំលែក​ធនធាន​សេដ្ឋកិច្ច​ជាតិ និង​ជា​ប្រទេស​មហាអំណាច​យោធា។ ក៏ប៉ុន្តែ គេ​ក៏​មិនគួរ​ភ្លេចដែរ​ថា អ្វី​ដែល​ជា​ការ​ចង់​បាន វាខុស​ពី​អ្វី​ដែល​អាច​ធ្វើ​បាន។

 

ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​អាច​ប្រឈមមុខ​នឹង​បញ្ហា នៅ​ពេលណា ដែល​វា​ប៉ះពាល់​ទៅដល់​ទ្រព្យសម្បត្តិ​របស់​មន្រ្តី​មាន​អំណាច។ បើ​សិន​ជា​ទប់ស្កាត់​អំពើ​ពុករលួយ​តែ​ទៅលើ​មន្រ្តី​ថ្នាក់​ក្រោម និង​អ្នក​ទន់ខ្សោយ​អំណាច គេ​នឹង​មើល​មក​ថា​ជា​រឿង​អយុត្តិធម៌។ ក៏ប៉ុន្តែ ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​មន្រ្តី​អ្នក​មាន​អំណាច​ខ្ពស់ វា​អាច​នឹង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​អំណាច​របស់​លោក​ស៊ី ជីនពីង​ផ្ទាល់​ខ្លួនឯង។

 

ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ក៏​អាច​ជារឿង​ស្មុគស្មាញ​មួយដែរ ពីព្រោះ​ថា នៅពេលនេះ សេដ្ឋកិច្ច​ចិន​បាន​ឈាន​ចូល​ដល់​របត់​មួយថ្មី គឺ​​កំណើន​សេដ្ឋកិច្ច​ចិន លែង​អាចបន្ត​​ពឹងផ្អែក​តែ​ទៅលើ​តម្លៃ​ពលកម្ម​ទាប និង​តម្រូវការ​ទីផ្សារ​ សម្រាប់​ការ​នាំចេញ​ទំនិញ​ថោក​ទៅ​បរទេស​ដូចមុន​ទៀត​បានទេ។ ចិន​ចាំបាច់​ត្រូវ​តែ​កែប្រែ​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន មក​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ខ្លួនឯងវិញ ដើម្បី​ធានា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។ ទាំងនេះ​ទាមទារ​ចាំបាច់​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​ធំៗ​ជាច្រើន ដែល​អាច​មិនមែន​ជា​រឿង​ងាយស្រួល សម្រាប់​លោក​ស៊ី ជីនពីង លោក​លី ខឺឈាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ