អានតួអត្ថបទ
កម្ពុជាក្រោម

តើ​ទឹកដី​កម្ពុជាក្រោម​ត្រូវ​បាត់បង់​តាំងពី​ឆ្នាំណា​មក?

ថ្ងៃទី៤ ខែមិថុនា ​គឺ​ជា​ថ្ងៃ​ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​នាំគ្នា​រំឭកខួប ​នៃ​ការ​បាត់បង់ទឹកដី​កម្ពុជា​ក្រោម ​ដែល​ត្រូវ​បាន​បារាំង​ដាក់​បញ្ចូល​ក្នុងទឹកដី​វៀតណាម ​នៅ​ក្នុង​អំឡុង​ពេល​ដែល​បារាំង​ដាក់អាណាព្យាបាល​លើ​កម្ពុជា។ ​ក៏ប៉ុន្តែ ​ជាទូទៅ ​គេ​តែងតែ​ឃើញ​មាន​ភាពចម្រូងចម្រាស​គ្នា​ខ្លាំង ​ទាក់ទង​នឹង​បញ្ហា​នេះ ​ដោយ​ភាគី​វៀតណាម តែងតែ​បាន​លើកឡើង​ថា ​ទឹកដី​កម្ពុជា​ក្រោម​ជា​កម្មសិទ្ធិ​របស់​វៀតណាម​​តាំងពីរយូរមកហើយ ​មិនមែន​ទើប​តែ​ត្រូវ​អាណានិគម​បារាំង​កាត់ចេញ​ពី​កម្ពុជា ​នៅ​ឆ្នាំ​១៩៤៩។ ​តើ​ពិតប្រាកដ​ទៅ ​កម្ពុជា​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅវៀតណាម​ចាប់តាំង​ពីពេលណាមក?

ក្បួនដង្ហែញ្ញត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម កាលពី​ថ្ងៃទី១១ សីហា ២០១៤ (រូបថតឯកសារ)
ក្បួនដង្ហែញ្ញត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោម កាលពី​ថ្ងៃទី១១ សីហា ២០១៤ (រូបថតឯកសារ) RFI/Chab Mikthona
ផ្សាយពាណិជ្ជកម្ម

ប្រវត្តិ​នៃ​ទឹកដី​កម្ពុជាក្រោម ដែលបារាំង​ហៅថា កូសាំងស៊ីន (Cochinchine) ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្រ្ត​ជាច្រើន ដែលមិនគួរ​ជា​បញ្ហា​ចម្រូងចម្រាស ដូចអ្វី​ដែល​បានកើតឡើង​នៅពេលនេះ​ទេ ប្រសិនបើ​ភាគី​ម្ខាងៗ​មិន​នាំគ្នា​បកស្រាយ​ទាញ​យក​ត្រូវតែ​រៀងៗខ្លួន​ទេនោះ។

ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩ គឺ​ជា​រឿង​មិនអាច​ប្រកែក​បាន ដោយសារ​តែ​មាន​ឯកសារច្បាប់​ជា​សំអាង គឺ​ច្បាប់ ដែល​សភា​បារាំង​បាន​អនុម័ត នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩។ ក៏ប៉ុន្តែ គេ​ក៏​គួរតែ​ទទួលស្គាល់​ផងដែរ​ថា ច្បាប់​ឆ្នាំ​១៩៤៩​នោះ មិនមែន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចេញ​ពី​ទឹកដី​កម្ពុជា ប្រគល់​ទៅ​ឲ្យ​វៀតណាម​នោះទេ ពីព្រោះ​ថា ទឹកដី​កម្ពុជា​ក្រោម​នេះ​លែង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​តាំង​ពីរាប់​រយឆ្នាំ​មុនម៉្លេះ។

តាមការពិត កម្ពុជា​បាន​ចាប់ផ្តើម​បាត់​ដី​កម្ពុជាក្រោម​​បន្តិចម្តងៗ តាំង​ពី​អំឡុង​សតវត្សរ៍​ទី១៧ គឺ​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យជេដ្ឋាទី២ ដែល​មាន​មហេសី​ជា​កូនស្រី​ស្តេច​អាណ្ណាម ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​រស់​នៅ​ក្នុង​ខេត្ត​ព្រៃនគរ (ឈ្មោះដើម ខេត្ត​ព្រៃគ)។ បន្តិចម្តងៗ នៅ​ក្នុងពេល​ដែល​នគរខ្មែរ​ធ្លាក់ចុះទន់ខ្សោយ ដោយសារតែ​ការកៀបសង្កត់​ពី​សៀម និង​អាណ្ណាម​ផង និង​ដោយសារ​ជម្លោះផ្ទៃក្នុង​ដណ្តើម​រាជបល្ល័ង្ក​ផង​ នគរអាណ្ណាម​ក៏​បាន​ពង្រីក​ការកាន់កាប់​ទឹកដី​កម្ពុជា​ក្រោម​ជា​លក្ខណៈ​អចិន្រ្តៃយ៍ ដោយ​តាំង​ខ្លួន​ជា​ម្ចាស់ស្រុក។

គិតត្រឹម​ឆ្នាំ​១៨៣៤ ពោលគឺ​ប្រមាណ​ជា ៣០ឆ្នាំ​មុនពេល​បារាំង​ចូល​មក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន កម្ពុជា​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​​ស្ទើរតែ​ទាំងស្រុង (លើកលែងតែ​ស្រុកទ្រាំង ដែល​បាត់បង់​នៅ​ឆ្នាំ​១៨៤០)។

នៅ​ឆ្នាំ​១៨៤៥ នៅ​ពេល​ដែល​ព្រះបាទ​អង្គឌួង​ឡើង​គ្រងរាជ្យ នគរ​ខ្មែរ​ត្រូវ​បាត់បង់​ឯករាជ្យ​ស្ទើរតែ​ទាំងស្រុង ដោយ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​នគរ​សៀម និង​នគរ​អាណ្ណាម។ នៅ​ក្នុង​ស្ថានភាព​នោះហើយ ដែល​ព្រះបាទ​អង្គឌួង ត្រូវ​សៀម និង​អាណ្ណាម​បង្ខំ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​​កាត់​ខេត្ត​ប៉ែក​ពាយ័ព្យ​ទៅ​ឲ្យ​សៀម និង​ទទួលស្គាល់​ឲ្យ​វៀតណាម​បន្ត​កាន់កាប់​​ទឹកដី​កម្ពុជា​ក្រោមតទៅទៀត។ ចាប់ពី​ពេល​ចុះ​សន្ធិសញ្ញា​នោះហើយ ដែល​ប្រជាជន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​បាន​នាំគ្នា​រត់​មក​រស់​នៅ​នគរ​ខ្មែរ​វិញ ដោយសារ​តែ​ពួក​​ទទួលរង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង​​ពី​ប្រជាជន និង​អាជ្ញាធរ​អាណ្ណាម។ ឈ្មោះ​ភូមិ ស្រុក​ ខេត្ត​​ទាំងអស់​នៅ​កម្ពុជាក្រោម​​ត្រូវ​បាន​អាជ្ញាធរ​អាណ្ណាម​​ប្តូរ​ទៅ​ជា​ភាសា​វៀតណាម​វិញ​ទាំងអស់ ដើម្បី​ឲ្យ​គេ​ភ្លេច​ឈ្មោះ​ដើម​ជា​ខ្មែរ។

មិនត្រឹមតែ​ប៉ុណ្ណោះទេ សូម្បី​តែ​ដែនដី​ខ្មែរ​កណ្តាល​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការ​​បាត់បង់​ផងដែរ នៅ​ពេលនោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ព្រះបាទ​អង្គ​ឌួង​ស្វះស្វែង​រក​ជំនួយ​ពី​អធិរាជ​ណាប៉ូឡេអុង​ទី៣​របស់​បារាំង ដើម្បីទប់ទល់​នឹង​នគរ​សៀម និង​អាណ្ណាម។

នៅ​ឆ្នាំ​១៨៥៨ បារាំង​បាន​បញ្ជូន​កងទ័ព​ទៅ​​វាយលុក​ទៅលើ​នគរ​អាណ្ណាម រហូត​ដណ្តើម​យក​​​ទឹកដី​កម្ពុជា​ក្រោម​មកកាន់កាប់​ នៅ​ឆ្នាំ​១៨៦២ មុននឹង​ដាក់​អាណាព្យាបាល​លើ​កម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និងឡាវ (១៨៩៣) បង្កើត​ទៅ​ជា​សហភាព​ឥណ្ឌូចិន។

គួរបញ្ជាក់ថា នៅ​ក្នុង​សហភាព​ឥណ្ឌូចិន​នេះ ដែនដី​កូសាំងស៊ីន​មាន​លក្ខណៈពិសេស​ពី​ប្រទេស​​កម្ពុជា វៀតណាម និង​ឡាវ។ កម្ពុជា វៀតណាម និង​ឡាវ គឺ​ជា​ប្រទេស​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង ចំណែក​កូសាំងស៊ីនវិញ នៅក្រោយ​​ពេល​ដែល​បារាំង​​ច្បាំង​ដណ្តើម​យ​ក​បាន​ពី​នគរ​អាណ្ណាម នៅ​ឆ្នាំ​១៨៦២ បារាំង​មិនបាន​ដាក់​​បញ្ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​វិញ​នោះទេ តែ​បារាំង​បាន​យកដែនដី​កូសាំងស៊ីន​នេះ​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដី​បារាំង​នៅ​នាយសមុទ្រ (Territoire d’Ouetre-Mer)។ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បារាំង​ក៏​បន្ត​មាន​ដែនដី​នៅ​នាយ​សមុទ្រ​យ៉ាង​ច្រើន​ដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែល​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ប្រទេស​អូស្រ្តាលី និង​នូវែលសេឡង់។

ដូច្នេះ សរុប​សេចក្តីមកវិញ បើ​យោងទៅលើឯកសារ​ប្រវត្តិសាស្រ្ត កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹកដី​របស់​នគរ​ខ្មែរ មិនមែន​ជា​របស់​វៀតណាម​តាំង​ពី​ដើម​មក​នោះទេ។ ក៏ប៉ុន្តែ កម្ពុជា​ក្រោម​នេះ​​ក៏​មិនមែន​ទើប​នឹង​ត្រូវ​បាន​បាត់បង់​ ដោយ​សារ​បារាំង​កាត់​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩​នេះ​ដែរ។ តាមរយៈ​​ច្បាប់ ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩ បារាំង​​​គ្រាន់តែ​បាន​​​ប្រគល់​ទឹកដី​កូសាំងស៊ីន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ពី​វៀតណាម នៅ​ឆ្នាំ​១៨៦២ ឲ្យ​ទៅវៀតណាម​វិញ​ប៉ុណ្ណោះ មិនមែន​ជា​ការ​កាត់យក​ពី​កម្ពុជា​ទៅ​ឲ្យ​វៀតណាម​នោះទេ។ ទឹកដី​កម្ពុជា​ក្រោម​នេះ កម្ពុជា​បាន​បាត់បង់​ទៅ​វៀតណាម​ តាំង​ពី​មុនពេល​បារាំង​ចូល​មក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន​ទៅទៀត គ្រាន់តែ​ថា កម្ពុជា​ក៏​​មិនបាន​បោះបង់ការ​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​ពី​វៀតណាម​​មកវិញ​នោះដែរ។ រហូត​ទាល់តែ​មាន​ច្បាប់​បារាំង​ ដែល​សម្រេច​ភ្ជាប់​ទឹកដី​កូសាំងស៊ីន​ទៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៤៩ ទើប​ធ្វើ​ឲ្យ​​កម្ពុជា​​លែង​អាច​ធ្វើការ​តវ៉ា​​តាមផ្លូវច្បាប់​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​មកវិញ ពីព្រោះ​ថា យោងតាម​គោលការណ៍​នៃ​នីតិ​អន្តរជាតិ ព្រំដែន​ដែល​បន្សល់ទុក​ដោយ​មហាអំណាច​អាណានិគម គឺ​ជា​ព្រំដែន​ស្ថាពរ ដែល​មិន​អាច​សើរើ​ឡើងវិញ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ