អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ការទទួលខុសត្រូវ​ចំពោះ​ខ្លឹមសារ​ដែល​ចុះផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទីយល់ដឹង​ពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូម​ធ្វើការ​ពន្យល់​ជុំវិញ​ការ​ទទួលខុសត្រូវ ចំពោះ​ខ្លឹមសារ ដែល​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​អ៊ីនធ័រនែត។ នៅពេល​ដែល​ការចុះផ្សាយ​នៅលើ​វិបសៃត៍​ណាមួយ មាន​បង្កប់​នូវ​ខ្លឹមសារ​មិនស្របច្បាប់  តើ​អ្នកណា​ជា​អ្នក​ទទួលខុសត្រូវ?

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

សំណួរ-នៅ​ក្នុង​សម័យកាល​អ៊ីនធ័រនែត​បច្ចុប្បន្ន​នេះ រាល់ការ​ចុះផ្សាយ​អត្ថបទ រូបភាព ឬ​វីដេអូ គឺ​ជា​រឿង​ដែល​ងាយស្រួល​បំផុត ដែល​នរណា​ក៏​អាច​ធ្វើ​បាន​ដែរ។ ក៏ប៉ុន្តែ ប្រសិនបើ​ការ​ចុះផ្សាយ​ទាំងអស់​នេះ មាន​ចោទ​ជា​បញ្ហា​ច្បាប់ តើ​​អ្នក​ណាខ្លះ ដែល​​ជា​អ្នក​ទទួលខុសត្រូវ?
 
មុននឹង​ពិចារណា​អំពី​ការទទួលខុសត្រូវ យើង​គួរ​ពិនិត្យ​មើល​សិន​ថា តើ​តួអង្គសំខាន់ៗ នៅ​ក្នុងការ​ចុះផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត មាន​អ្នកណា​ខ្លះ?

  • អ្នក​និពន្ធ៖ អ្នកបង្កើត​ខ្លឹមសារ​ដែល​ត្រូវ​ចុះផ្សាយ (អ្នក​និពន្ធ​អត្ថបទ, អ្នក​ថតរូប, អ្នក​ថតវីដេអូ, អ្នកគូរគំនូរ ។ល។)
  • អ្នកទទួលខុសត្រូវ​ចុះផ្សាយ៖ ម្ចាស់វិបសៃត៍, ម្ចាស់ប្លក (Blog), ម្ចាស់ Forum
  • អ្នកផ្តល់​សេវាកម្ម​វិបសៃត៍ (Hébergeur/Host)
  • ក្រុមហ៊ុន​​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត(Fournisseur d’accès à internet/Internet Service Provider)

ឧទាហរណ៍៖ ខ្ញុំ​បង្កើត Blog ផ្ទាល់ខ្លួនមួយ តាមរយៈ​វិបសៃត៍របស់ Blogspot.com​ (dynaseng.blogspot.com)។ តួអង្គសំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​ខ្លឹមសារចុះផ្សាយ​នៅលើ​ប្លក dynaseng.blogspot.com​ នេះ គឺ​មាន៖

  • Blogspot គឺ​ជា​អ្នក​ផ្តល់​សេវាកម្មវិបសៃត៍ (Héberbeur/Host)
  • ខ្លួន​ខ្ញុំផ្ទាល់ ដែល​ជា​ម្ចាស់ប្លក គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ
  • បើសិន​ជា​អត្ថបទ​ ដែល​ចុះផ្សាយ​នៅលើ​ប្លក​នេះ ជា​អត្ថបទ ដែល​ខ្ញុំ​សរសេរ​ដោយ​ខ្លួនឯង ខ្ញុំ​គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ​ផង និង​ជា​អ្នក​និពន្ធ​ផង
  • បើ​សិន​ជា​ខ្ញុំ​ចុះផ្សាយ​អត្ថបទ​ ឬ​រូបថត ដែល​សរសេរ ឬ​ថត​ដោយ​អ្នក​ផ្សេង អ្នក​សរសេរ​អត្ថបទ ឬ​អ្នក​ថតរូប​នេះ គឺ​ជា​អ្នក​និពន្ធ ហើយ​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ​ប៉ុណ្ណោះ។
  • ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត បើ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ដូចជា Online, CityLink, Angkornet, Camnet ...

​ទាក់ទង​នឹង​បណ្តាញ​​ទំនាក់ទំនងសង្គមវិញ ឧទាហរណ៍ ដូចជា៖

  • Facebook គឺ​​ត្រូវ​ចាត់ទុក​ដូចជា​អ្នក​ផ្តល់​សេវាកម្មវិបសៃត៍ (Héberbeur/Host) ឯ​ម្ចាស់​ទំព័រហ្វេសប៊ុក គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ
  • Youtube ក៏​ដូចគ្នា គឺ​​ត្រូវ​ចាត់ទុក​ដូចជា​អ្នក​ផ្តល់​សេវាកម្មវិបសៃត៍ (Héberbeur/Host) ឯ​អ្នក​ដែល​បង្កើត Account នៅលើ​ Youtube គឺ​ជា​អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ។

ទាក់ទង​ទៅនឹង​​ការ​ទទួលខុសត្រូវ​លើ​ខ្លឹមសារ ដែល​ចុះផ្សាយ​នៅលើ​វិបសៃត៍ Blog ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់នេះ ដោយសារ​តែ​ច្បាប់​ខ្មែរ​នៅ​មាន​ចំណុច​ខ្វះចន្លោះ​ច្រើន​ទាក់ទង​នឹង​បញ្ហា​នេះ ខ្ញុំ​សូម​ធ្វើការ​ពន្យល់ ដោយ​យោងទៅលើ​ច្បាប់​នៅ​ប្រទេស​បារាំង។

ច្បាប់​បារាំង​បាន​កំណត់​នូវ​គោលការណ៍​មួយ​ថា អ្នក​ទទួលខុសត្រូវ​ចុះផ្សាយ មានន័យថា ម្ចាស់វិបសៃត៍ ឬ​ម្ចាស់ Blog គឺ​ជា​អ្នក​ដែល​មាន​ការ​ទទួលខុសត្រូវ​ច្រើន​ជាងគេ និង​មុនគេ ចំពោះ​ខ្លឹមសារ ដែល​ចុះផ្សាយ​នៅលើ​វិបសៃត៍ ឬ​ Blog របស់​ខ្លួន។

ចំពោះ​អ្នក​និពន្ធ គាត់​អាច​មានការ​ទទួលខុសត្រូវ ឬ​ក៏​អត់ គឺ​អាស្រ័យ​ទៅលើ​ករណី​ជាក់ស្តែង។ ធម្មតា អ្នកនិពន្ធ​​ត្រូវ​មាន​ចំណែក​ទទួលខុស​ត្រូវ​ជាមួយ​នឹង​ម្ចាស់វិបសៃត៍ បើសិន​ជា​គាត់​បាន​សហការ​ជាមួយ​ម្ចាស់វិបសៃត៍​ក្នុងការ​ចុះផ្សាយ ឬ​បាន​ព្រមព្រៀង​ឲ្យ​មាន​ការ​ចុះផ្សាយ​ខ្លឹមសារ ដែល​គាត់​បាន​បង្កើត។ អ្នកនិពន្ធ​អាច​ចៀសផុត​ពី​ការទទួលខុសត្រូវ បើសិន​ជា​ម្ចាស់វិបសៃត៍​យក​ស្នាដៃ​របស់​គាត់​ទៅ​ចុះផ្សាយ ដោយ​គ្មាន​ការ​ដឹងឮ គ្មាន​ការ​ព្រមព្រៀង​ គ្មានការ​អនុញ្ញាត​ពី​គាត់។ ក្នុងករណី​នេះ អ្នក​និពន្ធ​អាច​ប្តឹង​ម្ចាស់វិបសៃត៍​វិញ​ផង បើ​សិន​ជា​ចូល​ក្នុងករណី​រំលោភ​លើ​សិទ្ធិ​អ្នក​និពន្ធ។

ចំពោះ​អ្នក​ផ្តល់​សេវាកម្ម​វិបសៃត៍ (Hébergeur/Host) និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត ច្បាប់​បារាំង​កំណត់​ជាគោលការណ៍​មិន​ឲ្យ​ជាប់ការទទួលខុសត្រូវ ចំពោះ​ខ្លឹមសារ​ ដែល​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​អ៊ិនធ័រនែត​ទេ ក្នុង​ហេតុផល​ថា ទាំង​អ្នក​ផ្តល់​សេវាកម្ម​វិបសៃត៍ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត មាន​តួនាទី និង​ការទទួលខុសត្រូវ​ តែ​ទៅលើ​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ មិនមានតួនាទី​ត្រួតពិនិត្យ​មើល​ខ្លឹមសារ​ ដែល​ចុះផ្សាយ​នៅលើ​វិបសៃត៍ ដែល​ប្រើ​សេវាកម្ម​របស់​គាត់​ទេ។

ក៏ប៉ុន្តែ គោលការណ៍​មិនទទួលខុសត្រូវ​នេះ អាច​មាន​ករណី​លើកលែង គឺ ក្នុងករណី ដែល​អ្នក​ផ្តល់​សេវាកម្ម​វិបសៃត៍ ឬ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត​បាន​ដឹងថា មាន​​អត្ថបទ, រូបភាព ឬ​​អ្វី​ផ្សេងទៀត ដែល​មាន​ខ្លឹមសារ​មិន​ស្របច្បាប់ (មានអត្ថន័យ​បរិហាកេរ្តិ៍, រំលោភ​លើ​សិទ្ធិបុគ្គល ឬ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា ជាដើម) ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​វិបសៃត៍ ដែល​ប្រើសេវាកម្ម​​​របស់​ខ្លួន ក៏ប៉ុន្តែ មិនបាន​ប្រញាប់ប្រញាល់​បិទខ្ទប់​លែង​ឲ្យ​សាធារណជន​ចូល​ទៅមើល​វិបសៃត៍​ដែល​មាន​ចុះផ្សាយ​​ខ្លឹមសារ​ខុសច្បាប់​ទាំងនេះ។

នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង តុលាការ​បារាំង​បាន​កំណត់​ថា នៅពេលណា​ ដែល​មាន​ការជូនដំណឹង​ អំពី​ការចុះផ្សាយ​ដោយ​មិន​ស្របច្បាប់​ណាមួយ​ នៅលើ​វិបសៃត៍ ដែល​ស្ថិត​ក្នុង​បណ្តាញ​អ៊ីនធ័រនែត​របស់​ខ្លួន អ្នក​ផ្តល់​សេវាកម្ម​វិបសៃត៍ ឬ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធ័រនែត ត្រូវ​តែ​បិទ​វិបសៃត៍​នេះ​ភ្លាម ហើយ “ភ្លាម” ក្នុង​ន័យ​នេះ គឺ​មានន័យថា ទទួល​បាន​ដំណឹង​ថ្ងៃ​ណា ត្រូវ​បិទ​នៅ​ថ្ងៃ​នោះ មិនមែន​ចាំ ពីរ-បី​ថ្ងៃ​ បាន​បិទ​ទេ។
 
សំណួរ-តើ​អ្នក​ដែល​គ្រាន់តែ​​យក​ខ្លឹមសារ ដែល​បាន​ចុះផ្សាយ​រួចហើយ ទៅ​ចុះផ្សាយ​បន្ត ត្រូវ​ទទួលខុសត្រូវ​លើ​ខ្លឹមសារ​នេះ​ដែរ​ឬទេ?
 
បើសិន​ជា​អត្ថបទ ឬ​រូបភាព ដែល​ត្រូវ​បាន​ចុះផ្សាយ​រួចហើយ​នេះ ជា​អត្ថបទ ឬ​រូបភាព ដែល​មាន​អត្ថន័យ​បរិហាកេរ្តិ៍​, ជេរប្រមាថ ឬ​រំលោភ​លើ​សិទ្ធិ​ឯកជនរបស់​អ្នក​ដទៃ អ្នក​ដែល​យក​ទៅ​ចុះផ្សាយ​បន្ត​ ក៏​អាច​មាន​ការ​ទទួលខុសត្រូវ​​ដែរ។ ជនរងគ្រោះ​អាច​ប្តឹង​ទាមទារ​ឲ្យ​អ្នក​ចុះផ្សាយ​បន្ត​នេះ បញ្ឈប់ការ​ចុះផ្សាយ ហើយ​អាច​ទាមទារ​សំណង​ជំងឺ​ចិត្ត​បាន។

ដូច្នេះ អ្នក​ប្រើ​ប្រាស់​អ៊ីនធ័រនែត​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់ មុននឹង​យក​អត្ថបទ ឬ​រូបភាព​ណាមួយ ទៅ​ចុះផ្សាយ​បន្ត។ ជាពិសេស អ្នក​ប្រើ Tweeter! នៅលើ​ Tweeter មាន​ប៊ូតុង​មួយ​ សម្រាប់ Tweet បន្ត នូវ​អ្វី ដែល​អ្នក​ផ្សេង​បាន Tweet រួចហើយ ដែល​ហៅ​ថា “Retweet”។ ដូច្នេះ ចង់​ Tweet របស់​គេ​បន្ត ​ស្រួល​ណាស់ ហើយ​មើលទៅ​ សាមញ្ញ​បំផុត ដូចជា​អត់មាន​បញ្ហា​អ្វី​ទាំងអស់។ ក៏ប៉ុន្តែ សូមកុំភ្លេច​ថា Retweet នេះ គឺ​ជា​ការ​ចុះផ្សាយ​បន្ត។ ដូច្នេះ មុននឹង​ចុច Retweet ត្រូវ​ពិនិត្យ ពិចារណា​ឲ្យ​បាន​ច្បាស់ បើ​សិន​ជា​ Tweet ដើម មាន​ខ្លឹមសារ​បរិហាកេរ្តិ៍, ជេរប្រមាថ ឬ​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​អ្នក​ដទៃ ការ​ Tweet បន្ត អាចនឹង​នាំ​ឲ្យ​មាន​ការ​ទទួលខុសត្រូវ​លើ​ខ្លឹមសារ​ខុសច្បាប់​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ