អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​អាមេរិក​និង​ចិន​​​បារម្ភ​អំពី​ការ​​បោះឆ្នោត​ប្រធានាធិបតី​នៅ​តៃវ៉ាន់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សៅរ៍​​ ១៤ មករា​​នេះ ពលរដ្ឋ​តៃវ៉ាន់​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ថ្មី។ មេដឹកនាំ​អាមេរិក និង​ចិន​​កំពុង​តែតាមដាន​មើល​យ៉ាង​យកចិត្ត​ទុកដាក់​​ ​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅតៃវ៉ាន់ ព្រោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​នឹង​ជះឥទ្ធិពល​ចំពោះ​ទំនាក់ទំនង​តៃវ៉ាន់-ចិន និង​ទំនាក់ទំនង​អាមេរិក-ចិន។

លោកស្រី​ឆៃ អ៊ីងវិន (Tsai Ing-wen)​ បេក្ខនារី​​​​ប្រធានាធិបតី​តៃវ៉ាន់ មក​ពី​គណបក្ស​ប្រឆាំង​
លោកស្រី​ឆៃ អ៊ីងវិន (Tsai Ing-wen)​ បេក្ខនារី​​​​ប្រធានាធិបតី​តៃវ៉ាន់ មក​ពី​គណបក្ស​ប្រឆាំង​ REUTERS/Ashley Pon
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងការបោះឆ្នោតថ្ងៃ​សៅរ៍​នេះ គេ​ឃើញ​មាន​បេក្ខជន​ពីររូប ដែល​កំពុង​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា ក្នុងការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​តៃវ៉ាន់។ មួយ គឺ​លោក​ម៉ា យីងជៀវ (Ma Ying Jeou) មក​ពី​គណបក្ស​គួមីនតាង (Kuomintang)​ និង​ជា​ប្រធានាធិបតី​ផុតអាណត្តិ។ មួយទៀត គឺ​លោកស្រី ឆៃ អ៊ីងវិន (Tsai Ing Wen) មេដឹកនាំ​គណបក្ស​ប្រឆាំង។

សម្រាប់​ពលរដ្ឋ​តៃវ៉ាន់ បញ្ហា​សំខាន់​ដែល​នឹង​កំណត់​​ជម្រើស​របស់​ពួកគេ គឺ​បញ្ហា​សេដ្ឋកិច្ច ការងារ និង​អត្តសញ្ញាណ​ជាតិ។ ក៏ប៉ុន្តែ សម្រាប់​មេដឹកនាំ​អាមេរិក និង​ចិន អ្វី​ដែលសំខាន់ គឺនយោបាយ​របស់​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់ ចំពោះ​ចិន។

ចាប់តាំង​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី កាលពី​ឆ្នាំ​២០០៨ លោក​ម៉ា យីងជៀវ បាន​ប្រកាន់​យក​នូវ​នយោបាយ​កណ្តាលមួយ ពោលគឺ តៃវ៉ាន់​​​នឹង​មិន​បង្រួបបង្រួម​ជាមួយ​ចិន ហើយ​ក៏​មិន​ប្រកាស​ឯករាជ្យ​​ជាផ្លូវការ​ដែរ។ ដោយសារ​នយោបាយ​នេះ ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់​មាន​សភាព​ធូរស្រាល រហូត​មាន​មន្រ្តី​ជាន់ខ្ពស់​ចិន​ខ្លះ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​តៃវ៉ាន់​ទៀតផង។

លោកស្រី​ឆៃ អ៊ីងវិន​វិញ គឺ​ជា​មេដឹកនាំ​គណបក្ស ដែល​​តែងតែប្រកាន់​យក​នយោបាយ​តឹងរ៉ឹង​ចំពោះ​ចិន​ ជាពិសេស គឺ​ចង់​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​​ជាផ្លូវការ​ពី​ចិន។

នយោបាយ “ចិនមួយ” គឺ​ជា​នយោបាយ​ដ៏សំខាន់​មួយ​របស់​រដ្ឋាភិបាល​ចិន​បច្ចុប្បន្ន។ ចិន​តែងតែ​ចាត់ទុក​ថា តៃវ៉ាន់​គ្រាន់តែ​ជា​កោះ​មួយ​ប៉ុណ្ណោះ​របស់​ចិន។​ ការ​ទាញ​តៃវ៉ាន់​បញ្ចូល​មក​ក្នុង​ទឹកដី​ចិន​តែមួយ​វិញ គឺ​ជា​បញ្ហា​ទាក់ទង​នឹង​មោទនភាព​ជាតិ​របស់​ចិន។ រដ្ឋាភិបាល​ក្រុងប៉េកាំង​តែងតែ​បាន​អះអាង​ថា ខ្លួន​ចង់​ឲ្យ​ការបង្រួបបង្រួម​ជាមួយ​កោះតៃវ៉ាន់​អាច​ធ្វើ​ទៅបាន​ដោយ​សន្តិវិធី ក៏ប៉ុន្តែ ក៏​បាន​គំរាម​ផងដែរ​​ថា​នឹង​ប្រើ​កម្លាំង​ទ័ព ប្រសិន​បើ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ។

រហូតមកទល់ពេលនេះ ​ចិន​រក្សា​ទុក​មីស៊ីល​​​រាប់រយ​ដើម​តម្រង់​ទៅ​កោះតៃវ៉ាន់។ ជម្លោះ​រវាង​ចិន និង​តៃវ៉ាន់ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​មាន​​ការប្រឈមមុខ​ដាក់គ្នា​រវាង​ចិន និង​សហរដ្ឋ​អាមេរិក។

អាមេរិក និង​តៃវ៉ាន់​បាន​ចុះកិច្ចព្រមព្រៀង​ការពារជាតិ​ជាមួយ​គ្នា កាលពី​ឆ្នាំ​១៩៥៤។ កាលពី​ឆ្នាំ​១៩៧៩ សភា​អាមេរិក​ក៏​បាន​អនុម័ត​ច្បាប់​មួយ កំណត់ថា ការ​​ប្រើកម្លាំង​ទ័ព​វាយប្រហារ​​លើ​កោះតៃវ៉ាន់ គឺ​ជា​​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ។ រហូតមកទល់ពេលនេះ​ អាមេរិក​នៅតែ​បន្តលក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ដែលបង្ក​ភាព​តានតឹង​ជារឿយៗ​រវាង​ចិន និង​អាមេរិក។

ដូច្នេះ ទាំងអាមេរិក ទាំង​ចិន សុទ្ធតែ​ចង់​ឃើញ​តៃវ៉ាន់​បន្ត​នយោបាយ​ចំពោះ​ចិន ដូច​ពេល​បច្ចុប្បន្ន​នេះ​តទៅមុខទៀត។

ការមាន​ទំនាក់ទំនង​ល្អ​​នឹង​គ្នា​ នាពេល​កន្លងទៅនេះ បាន​ផ្តល់​ផលប្រយោជន៍​យ៉ាង​ច្រើន​ ទាំងចំពោះ​ចិន និង​ចំពោះ​តៃវ៉ាន់។ ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​តៃវ៉ាន់ កាលពី​ឆ្នាំ​២០១១​កន្លងទៅនេះ បាន​កើនឡើង​រហូតដល់​ទៅ ១៦០ពាន់​លាន​ដុល្លារ។ ការវិនិយោគ​របស់ក្រុមហ៊ុន​​ចិន​ នៅ​តៃវ៉ាន់​ មាន​ ១៧៤លាន​ដុល្លារ ចំណែក ការវិនិយោគ​របស់​តៃវ៉ាន់ នៅចិន​វិញ មានរហូតដល់​ទៅ ១២ពាន់លាន​ដុល្លារ។

ចាប់តាំង​ពី​តៃវ៉ាន់​បើក​ច្រក​ព្រំដែន​ទទួល​អ្នកទេសចរ​ចិន កាល​ពី​បី​ឆ្នាំ​កន្លះមុន រហូតមកទល់ពេលនេះ មាន​អ្នកទេសចរចិន​ជាង ៣លាន​នាក់ បាន​មក​លេង​កោះតៃវ៉ាន់ ហើយ​អ្នកទេសចរ​តៃវ៉ាន់ រហូតដល់​ទៅ ៥លាន​នាក់ នាំគ្នា​ទៅ​លេង​ចិន​ដីគោក។

និយាយ​ជារួម ទំនាក់ទំនង​ល្អ​រវាង​ចិន និង​តៃវ៉ាន់ បាន​ផ្តល់​ផលប្រយោជន៍​ដល់​គ្រប់​ភាគី ទាំង​ចិន ទាំង​អាមេរិក និង​ទាំង​តៃវ៉ាន់​ខ្លួនឯង។ ក៏ប៉ុន្តែ ការកើនឡើង​នៃ​ប្រជាប្រិយភាព​របស់​បេក្ខនារី​បក្ស​ប្រឆាំង ដែល​​កំពុង​មាន​កម្លាំង​ប្រដំប្រសង​នឹង​លោក​ម៉ា យីងជៀវ គឺ​ជា​បញ្ហា​​ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ