អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ហេតុអ្វី​បានជា​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ៊្វូគូស្ហ៊ីម៉ា​ផ្ទុះឡើងវិញ​នៅពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

២ឆ្នាំ​កន្លះ ក្រោយ​រលកយក្ស​ស៊ូណាមី វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ៊្វូគូស្ហ៊ីម៉ា​នៅ​តែ​ចោទ​ជា​បញ្ហា។ កាលពី​ខែមុន អាជ្ញាធរ​ទទួលបន្ទុក​សុវត្ថិភាព​នុយក្លេអ៊ែរ​នៅ​ជប៉ុន បាន​សម្រេច​ដំឡើង​ចំណាត់ថ្នាក់​នៃ​វិបត្តិ​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា ពី​កម្រិត​ធ្ងន់ធ្ងរ​ទី១ ទៅ​ទី៣ ដែល​មានន័យថា វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ៊្វូគូស្ហ៊ីម៉ា នៅពេលនេះ កំពុង​ស្ថិត​សភាព​​ធ្ងន់ធ្ងរ​បំផុត ចាប់តាំង​ពី​​ខែ​មីនា ឆ្នាំ​២០១១​មក។ តើ​ហេតុអ្វីបាន​ជា​ជាង​២ឆ្នាំ​ក្រោយ​រលកយក្ស​ស៊ូណាមី ​វិបត្តិ​នៅហ៊្វូគូស្ហ៊ីម៉ា​​មិនធូរ​ស្រាល​តែ​បែរ​ជា​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ? តើ​អ្វីទៅ​ដែល​បង្ក​វិបត្តិ​នៅ​ហ៊្វូគូស្ហ៊ីម៉ា​នៅ​ពេល​នេះ?

អាជ្ញាធរ​ទទួលបន្ទុក​សុវត្ថិភាព​នុយក្លេអ៊ែរ​ជប៉ុន​ទៅ​ត្រួតពិនិត្យ​មើល​ធុង​ស្តុកទឹក​មាន​ធាតុវិទ្យុសកម្ម​ នៅ​ហ៊្វូគូស្ហ៊ីម៉ា
អាជ្ញាធរ​ទទួលបន្ទុក​សុវត្ថិភាព​នុយក្លេអ៊ែរ​ជប៉ុន​ទៅ​ត្រួតពិនិត្យ​មើល​ធុង​ស្តុកទឹក​មាន​ធាតុវិទ្យុសកម្ម​ នៅ​ហ៊្វូគូស្ហ៊ីម៉ា REUTERS/Nuclear Regulation Authority/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

 

បញ្ហា​ដែល​ជប៉ុន​កំពុង​ប្រឈមមុខ​​​នៅ​ហ៊្វូគូស្ហ៊ីម៉ា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​លេចធ្លាយ​ទឹក ដែល​មាន​ធាតុវិទ្យុសកម្ម ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ហើយ​ហូរចូល​ទៅ​ក្នុង​សមុទ្រ។

ដូចជា​យើងដឹង​ស្រាប់ហើយ​ថា វិបត្តិ​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា បាន​​ផ្ទុះឡើង​ជា​ដំបូង កាល​ពី​ថ្ងៃ​ទី១១ មីនា ២០១១ ដោយសារ​តែ​មាន​​ការ​រញ្ជួយដី និង​​រលកយក្ស​ស៊ូណាមី។ គ្រោះធម្មជាតិ​នេះ​បាន​បង្ក​ការខូចខាត​ដល់​ប្រព័ន្ធ​បូមទឹក​ត្រជាក់​នៅ​ក្នុង​មជ្ឈមមណ្ឌល​នុយក្លេអ៊ែរ ​ជា​ហេតុធ្វើ​​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ដែល​ត្រូវការ​ទឹកត្រជាក់​ជា​ប្រចាំ មាន​សីតុណ្ហភាព​កើនឡើង​ខ្ពស់ រហូតធ្វើ​ឲ្យ​រលាយ​ស្នូល ដែល​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ ហើយ​ធ្វើ​ឲ្យ​ធាតុ​វិទ្យុសកម្ម​ត្រូវ​លេចធ្លាយ​មក​ខាងក្រៅ។

ចាប់ពីពេលនោះមក ក្រុមហ៊ុន​ Tepco (Tokyo Electric Power Company) ដែល​ជា​ម្ចាស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា បាន​​ប្រើ​បរិមាណ​ទឹកត្រជាក់​​ប្រមាណ​ជា ៤០០តោន​ក្នុងមួយថ្ងៃៗ ដើម្បី​បញ្ចុះសីតុណ្ហភាព​ស្នូលរ៉េអាក់ទ័រ ហើយ​ទឹកត្រជាក់​ទាំងនេះ​ត្រូវ​លាយឡំ​នឹង​ធាតុវិទ្យុសកម្ម​ ដែល​លេចធ្លាយ​ចេញ​ពី​ស្នូលរ៉េអាក់ទ័រ។ នេះមានន័យថា នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា ទឹក​ដែល​មាន​ធាតុវិទ្យុសកម្ម មាន​បរិមាណ​កើនឡើង​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុងមួយថ្ងៃៗ​កើនឡើង​ប្រមាណ​ជា ៤០០តោន ហើយ​ទឹកដែល​មាន​ធាតុវិទ្យុសកម្ម​នេះ ត្រូវ​បាន​គេ​យក​ទៅ​ស្តុកទុក ក្នុង​ធុងទឹក​ធំៗ រាប់ពាន់​ធុង នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។

ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទឡើង គឺ​នៅត្រង់ថា ធុងទឹក​ទាំងនេះ​មាន​គុណភាព​មិនល្អ ជាហេតុធ្វើ​ឲ្យ​​​ទឹក​​ដែល​មាន​ធាតុវិទ្យុសកម្ម​ត្រូវ​លេចធ្លាយ​ចេញ​ពី​ធុង ​ជ្រាបចូល​ទៅដល់​ប្រព័ន្ធ​ទឹក​ក្រោមដី រួចហើយ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ។ កាលពី​ខែមុន ក្រុមហ៊ុន​ Tepco បាន​ឲ្យដឹង​ថា ទឹក​ដែល​មាន​ធាតុវិទ្យុសកម្ម​កម្រិត​ខ្ពស់​​ប្រមាណ​ជា ៣០០តោន បាន​លេចធ្លាយ​ចេញ​ពី​ធុងស្តុកទឹក ហើយ​ជ្រាបចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទឹក​ក្រោមដី។

ថ្មីៗនេះ​ទៀត គេ​មាន​ការ​សង្ស័យថា ការលេចធ្លាយ​ធាតុវិទ្យុសកម្ម​នេះ ប្រហែល​ជា​មិនមែន​កើតមាន​ចេញ​ពី​ធុង​ស្តុកទឹក​នេះ​ទេ ក៏ប៉ុន្តែ អាច​លេចធ្លាយ​ចេញ​ពី​បំពង់​បង្ហូរទឹក ក្នុង​អគារ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ផងដែរ។

ការលេចធ្លាយ​ធាតុវិទ្យុសកម្ម​ក្នុងកម្រិត​ខ្ពស់​បែបនេះ​ ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព​នុយក្លេអ៊ែរ​នៅ​ជប៉ុន បាន​សម្រេច​កាល​ពី​ខែ​មុន ដំឡើង​ចំណាត់ថ្នាក់​វិបត្តិ​នុយក្លេអ៊ែរ ពី​កម្រិត​ទី១ ឡើងទៅ​ដល់​កម្រិតទី៣។ ចំណាត់ថ្នាក់​វិបត្តិ​នុយក្លេអ៊ែរ​​ទៅតាម​បទដ្ឋាន​អន្តរជាតិ ដែល​មាន​ពី​កម្រិត​​​ទី១ ទៅដល់ទី៧ (​កម្រិត​ធ្ងន់ធ្ងរ​បំផុត)។

អ្វីដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​បារម្ភ​ទៅទៀត​នោះ គឺនៅត្រង់ថា តំបន់​ហ៊្វូគូស្ហ៊ីម៉ា​តែងតែ​មាន​ការ​រញ្ជួយដី​ជារឿយៗ។ ដូច្នេះ កម្លាំង​រញ្ជួយ​អាច​នឹង​ធ្វើ​ឲ្យ​ធុង​ស្តុកទឹក​មាន​ធាតុ​វិទ្យុសកម្ម ដែល​មិនសូវ​មាន​គុណភាព​ស្រាប់​ អាច​នឹង​ងាយ​ខូចខាត បណ្តាល​ឲ្យ​លេចធ្លាយ​ធាតុវិទ្យុសកម្ម​​ក្នុង​ទ្រង់ទ្រាយធំ។ ការរញ្ជួយដី កាលពី​ថ្ងៃពុធ បើទោះបីជា​មិន​បណ្តាលឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ វា​គឺ​ជា​ការ​ដាស់​អារម្មណ៍​អាជ្ញាធរ​ជប៉ុន​ឲ្យ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ។

បញ្ហា​ ដែល​ជប៉ុន​កំពុង​ប្រឈមមុខ នៅ​ហ៊្វូគូស្ហ៊ីម៉ា នៅពេលនេះ គឺ​ទីមួយ ​ស្វះស្វែង​រកដំណោះស្រាយ​ ធ្វើយ៉ាងណា​កុំ​ឲ្យ​ធាតុវិទ្យុសកម្ម ដែល​លេចធ្លាយចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ជ្រាបចូល​ទៅ​ដល់​ប្រព័ន្ធទឹក​ក្រោមដី។ ទីពីរ រំដោះទឹក​ដែល​មាន​ធាតុវិទ្យុសកម្ម ចេញ​ពី​មជ្ឈមណ្ឌលនុយក្លេអ៊ែរ ពីព្រោះ​ថា រហូតមកទល់នឹង​ពេលនេះ សមត្ថភាព​ស្តុកទឹក នៅ​ហ៊្វូគូស្ហ៊ីម៉ា​ត្រូវ​បាន​គេ​ប្រើអស់​ប្រមាណ​ជា ៨៥%​ហើយ។ រីឯ​បរិមាណ​ទឹក​​មាន​ធាតុវិទ្យុសកម្ម ចេះតែ​បន្ត​កើនឡើង​រាប់រយតោន ក្នុងមួយថ្ងៃៗ។

ក្រុមហ៊ុន Tepco ដែល​ជា​អ្នក​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​​ ត្រូវ​ទទួលរងនូវ​ការរិះគន់​ថា មាន​ការ​​ធ្វេសប្រហែស ឬ​អសមត្ថភាព ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នេះ។ ហេតុដូច្នេះ​ហើយ​បាន​ជា រដ្ឋាភិបាល​ជប៉ុន​បានប្រកាស កាលពីថ្ងៃ​អង្គារ ថា​រដ្ឋាភិបាល​នឹង​ចេញមុខ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង ដោយ​គ្រោង​ចំណាយលុយ​ប្រមាណ​ជា ៤៧០លាន​ដុល្លារ ដើម្បី​សង់របាំង​ទប់​កុំ​ឲ្យ​ធាតុវិទ្យុសកម្ម​លេចធ្លាយ​ចូល​ទៅដល់​ប្រព័ន្ធ​ទឹក​ក្រោម​ដី។

ក៏ប៉ុន្តែ អ្នក​ជំនាញ​​ខាង​នុយក្លេអ៊ែរជាច្រើន​យល់ថា វិបត្តិ​នៅ​ហ៊្វូគូស្ហ៊ីម៉ា​ពេលនេះ មាន​សភាព​ធ្ងន់ធ្ងរ​ ដែល​រដ្ឋាភិបាល​ជប៉ុន​គួរ​តែ​​​បង្កើត​ជា​ក្រុម​ការងារ​អន្តរជាតិ ដើម្បី​ជួយដោះស្រាយ​វិបត្តិ​នេះ។ គេ​ក៏បានរិះគន់​ផងដែរ​ថា ជប៉ុន​គួរតែ​បង្កើត​ក្រុមការងារ​អន្តរជាតិ​នេះ​ជាយូរ​មកហើយ ក៏ប៉ុន្តែ រដ្ឋាភិបាល​ជប៉ុន​មិនចង់​ស្វះស្វែងរក​ជំនួយ​ពី​បរទេស ដោយសារតែ​ខ្លាច​បាក់មុខមាត់​។ កន្លងមក គេឃើញ​ថា ទាំងក្រុមហ៊ុន​ Tepco ទាំង​អាជ្ញាធរ​ជប៉ុន​ បាន​ព្យាយាម​ធ្វើ​មិនដឹង​មិនឮ និង​មិន​ទទួលស្គាល់​ អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​នុយក្លេអ៊ែរ ដែល​គេ​ត្រូវ​ប្រឈមមុខ​ នៅ​ហ៊្វូគូស្ហ៊ីម៉ា​នេះ​ទេ។

ការសម្រេច​របស់​អាជ្ញាធរ​ទទួលបន្ទុក​សុវត្ថិភាព​នុយក្លេអ៊ែរ ក្នុងការ​ដំឡើង​កម្រិត​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​នៅ​ហ៊្វូគូស្ហ៊ីម៉ា ពីទី១ ទៅ​ទី៣ និង​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ជប៉ុន កាលពីថ្ងៃ​អង្គារ ដែល​ទទួលស្គាល់​នូវ​សភាព​ធ្ងន់ធ្ងរ​នៃ​​វិបត្តិ​នុយក្លេអ៊ែរនេះ គឺ​ជា​ការវិវឌ្ឍ​មួយ ក្នុង​ទិសដៅវិជ្ជមាន នៃ​ឥរិយាបថ​របស់​អាជ្ញាធរ​ជប៉ុន ចំពោះ​វិបត្តិ​នៅ​ហ៊្វូគូស្ហ៊ីម៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ