អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ប៉ាគីស្ថាន នៅ​ឥណ្ឌា​សំខាន់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​​ប៉ាគីស្ថាន​លោក​ Asif Ali Zardari​ បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ញូវដេលី នៅថ្ងៃ​អាទិត្យទី៨ មេសា ២០១២។ តាមកម្មវិធី លោក​នឹង​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​Manmohan Singh មុន​ធ្វើ​ដំណើរ​ទៅ​វិហារ​សាសនា​អ៊ីស្លាម ដ៏ល្បីឈ្មោះ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី​ឥណ្ឌា។ ទស្សនកិច្ច​បាន​បង្ហាញ​ពីការងាក​ចូលជិត​គ្នាវិញ​រវាងប្រទេស​គូសត្រូវ​ជាប្រវត្តិសាស្រ្ត​ទាំងពីរ។

ប្រធានាធិបតី​ប៉ាគីស្ថាន (ឆ្វេង)ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh នៅទីក្រុង​ញូវដេលី​នៅថ្ងៃ​អាទិត្យ​ទី ៨​មេសា ២០១២
ប្រធានាធិបតី​ប៉ាគីស្ថាន (ឆ្វេង)ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh នៅទីក្រុង​ញូវដេលី​នៅថ្ងៃ​អាទិត្យ​ទី ៨​មេសា ២០១២ ©​ REUTERS
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​រយៈពេល ៧​ឆ្នាំ​ចុងក្រោយនេះ លោក​ Asif Ali Zardari​ជា​ប្រមុខ​រដ្ឋ​ប៉ាគីស្ថាន​ទីមួយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ ឥណ្ឌា។ ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​ប្រមុខរដ្ឋ​ប៉ាគីស្ថាន នៅឥណ្ឌា ធ្វើឡើង នៅឆ្នាំ ២០០៥ ដែលពេលនោះ នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​បាន​អញ្ជើញ​លោក​Pervez Musharraf ជាប្រធានាធិបតី​ប៉ាគីស្ថាន ឲ្យ​ទៅ​ទស្សនា​ការប្រកួត​កីឡា Cricket រវាង​ប្រទេសទាំងពីរ​ក្នុង​ទីក្រុង​ញូវដេលី។

 
ទាំង​ភាគី​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​និយាយ​ថា ទស្សនកិច្ច​របស់​ប្រធានាធិបតី​ប៉ាគីស្ថាន Asif Ali Zardari​នៅប្រទេស​ឥណ្ឌា ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ឯកជន។ ជំនួប​ក្នុង​រយៈពេល​មួយថ្ងៃ គេ​មិន​រំពឹង​ទេ ថា ថ្នាក់ដឹកនាំ​ប៉ាគីស្ថាន និង​ឥណ្ឌា នឹង លើក​យក​ជម្លោះ​ព្រំដែន​ដ៏រសើប​នៅ​Cachemire មកនិយាយ ព្រោះ​ថា រឿង​ទាំង​អស់​នេះ​អាច​បំពុល​បរិយាកាស បំពុល​ការខិតខំ​ប្រឹងប្រែង​រក​សន្តិភាព​ដែល​ប៉ាគីស្ថាន និង​ឥណ្ឌា​បាន​រួមគ្នា​ធ្វើ​រហូតមក។

គួរដឹងថា ជម្លោះព្រំដែន​នៅ​Cachemire បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​រៀងខ្លួន ប្រយុទ្ធគ្នា​ដណ្តើមគ្នា​គ្រប់គ្រង​អស់ ជាង ៦០​ឆ្នាំមកហើយនោះ។

ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ប្រមុខដឹកនាំ​រដ្ឋទាំងពីរ​ងាយ​និយាយ​ឲ្យ​ ត្រូវគ្នា គឺ​បញ្ហា​សេដ្ឋកិច្ច។ បើទោះជា​ប្រទេស​ទាំងពីរ​នៅងាយ​ផ្ទុះសង្រ្គាម​ដាក់គ្នា គឺ​ភ្នែកទល់ភ្នែក ធ្មេញ​ទល់ធ្មេញខាង​ផ្នែក​នយោបាយ​ការពារ​ទឹកដី ប៉ុន្តែ ប្រទេស​ទាំងពីរ​នៅ​តែ​បន្តទំនាក់ទំនង​សេដ្ឋកិច្ចជាមួយ​គ្នា។ ត្រូវ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦ ឥណ្ឌា​បាន​ចាត់ទុក​ប៉ាគីស្ថាន​ជា​ប្រទេស​ដៃគូ​សេដ្ឋកិច្ច​សំខាន់​មួយ​ក្នុង​ តំបន់។ ប៉ាគីស្ថាន​វិញ​ទើប​កំណត់​ កាលពី​ឆ្នាំ មុន ថា ឥណ្ឌា​ជា​ដៃគូ​សេដ្ឋកិច្ច​សំខាន់​ដែរ ហើយ ប៉ាគីស្ថាន​បាន​សម្រេច​កាត់បន្ថយ​មុខ​ទំនិញ​ដែល​ខ្លួន​ធ្លាប់ហាម​មិន​ឲ្យ​ នាំចូល​ពី​ឥណ្ឌា កាលពីមុនមក។ មើលទៅ ប្រទេស​ទាំងពីរ​ចង់​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​នៅតាម​តំបន់​ជាប់ព្រំដែន ដែល​ឥណ្ឌា និង​ប៉ាគីស្ថាន​មាន​ជាមួយគ្នា ជាង​៣០០០គីឡូម៉ែត្រ។

វត្តមាន​របស់​ប្រធានាធិបតី​ប៉ាគីស្ថាននៅឥណ្ឌា គឺ​ជា​ព្រឹត្តិការណ៍​មួយ​សំខាន់ ព្រោះ​វា​ធ្វើឡើង ក្នុង​កាលៈទេសៈ ដែល​ប៉ុន្មាន​ថ្ងៃ​នេះ ឥណ្ឌា និង​អាមេរិក​បាន​ទាមទារ​ឲ្យ​គេ​ចាប់ Mohammad Saeed ​មេដឹកនាំ​​សាសនាអ៊ីស្លាម ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ក្នុង​ប្រទេស​ប៉ាគីស្ថាន។ អាមេរិក និង​ឥណ្ឌា​ចោទ Mohammad Saeed ថា ជា​មេគំនិត​រៀបចំ​អំពើ​ភេរវកម្ម នៅទីក្រុង​ប៊ុមបៃ ដែល​បាន​សម្លាប់​មនុស្ស ១៦៦​នាក់ កាលពី​ឆ្នាំ ២០០៨។ ឥណ្ឌា​ចោទ​ក្រុម​ភេរវជន​មក​ពីប៉ាគីស្ថាន​ថា ជា​អ្នកបង្កឡើង ហើយថា ក្រុមនេះ បាន​ទទួល​ជំនួយ​គាំទ្រ​ពី​ក្រសួងស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន។ អាមេរិក​វិញ​ដែល​មាន​ប្រជាជន​របស់ខ្លួន ៦​នាក់ស្លាប់ នៅក្នុង​អំពើ​ភេរវកម្ម​ក៏​ទើប​បាន​ប្រកាស​ឲ្យ​ថ្លៃ​ក្បាល​ Mohammad Saeed ១០​ម៉ឺន។

ការប្រកាស​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​កំណត់​ថ្លៃ​មេភេរវជន​ Mohammad Saeed​បាន​ធ្វើ​ឲ្យ​ប្រជាជន​ប៉ាគីស្ថាន​ផ្ទុះកំហឹង និង​ដុត​ទង់ជាតិ​អាមេរិក នៅក្នុង​ទីក្រុង និង​ខេត្ត​ប៉ាគីស្ថាន កាលពី​ថ្ងៃ​សុក្រ។ អាជ្ញាធរ​ប៉ាគីស្ថាន​វិញ​បាន​ទាមទារ​ឲ្យ​ឥណ្ឌា​បង្ហាញ​ភស្តុតាង​ដែល​បង្ហាញ​ ថា Mohammad Saeed ជា​មេចលនា​អ៊ីស្លាមជ្រុលនិយម​lashka e tayba ដែលបាន​រៀបចំ​ផែនការ​បង្ក​អំពើ​ភេរវកម្ម នៅ​ទីក្រុង​ប៊ុមបៃ។

គ្មានការសហការ​ពី​អាជ្ញាធរ​ប៉ាគីស្ថាន គេមិនដឹងថា តើ​អាមេរិក និង​ឥណ្ឌា​អាច​នឹង​ចាប់ខ្លួន Mohammad Saeed​បាន​ដោយ​វិធីណាទេ។ ក្នុង​ប្រទេស​ប៉ាគីស្ថាន មេដឹកនាំ​សាសនា​អ៊ីស្លាម​ជាតិអេហ្ស៊ីប​រូបនេះ​ល្បីឈ្មោះ។ គាត់​បាន​​ទទួល​ការគាំទ្រ​ពី​ប្រជាជន និង​ពី​រដ្ឋាភិបាល​ប៉ាគីស្ថាន ដោយ​មកពី​គាត់​បាន​បង្កើត​មជ្ឈមណ្ឌល​សប្បុរស​មួយ​ជួយ​យុវជន​ប៉ាគីស្ថាន​ឲ្យ​ រួចផុត​ពី​គ្រោះអត់ការងារ​ធ្វើ។ ក្នុង​ប្រទេស​ប៉ាគីស្ថាន Mohammad Saeed​ធ្វើ​ដំណើរ​ដោយ​មាន​សេរីភាព​ ដោយចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ទាហាន​ប៉ាគីស្ថាន ដោយសារ​គាត់​មាន​ឋានៈ​ជាសមាជិកមួយដែរ​របស់ក្រុមប្រឹក្សា​យោធា​ប៉ាគីស្ថាន។

ច្បាប់​អន្តរជាតិ​មិន​បាន​ហាម មិន​ឲ្យ​អាមេរិក​កំណត់ថ្លៃ​ក្បាល​ភេរវជន​ដែល​ខ្លួន​ចង់ចាប់នោះទេ ប៉ុន្តែ ច្បាប់​អន្តរជាតិ​មិន​អនុញ្ញាត​ឲ្យ​អាមេរិក​មាន​សិទ្ធិស្របច្បាប់​ដើម្បី​ ចាប់​ជនសង្ស័យ​ណា​នៅលើ​ទឹកដី​ប្រទេស​ដទៃដែរ។ ប៉ុន្តែបើ​អាមេរិក​ចង់​ចាប់ហើយ គឺ​គ្មាន​អ្វី​ដែល​ថា មិន​អាច​ធ្វើ​ទៅបាននោះទេ។ ដូចក្នុង​ករណី​អូសាមា បិនឡាដិន អាមេរិក​បាន​ប្រើ​កងកុម៉្មង់ដូរ​ពិសេស​ចូលទៅ​ចាប់​មេបណ្តាញ​ភេរវជន​អាល់កៃដា រូបនេះ ដល់​ផ្ទះដែលស្ថិត ក្បែរ​រដ្ឋធានី អ៊ីស្លាម៉ាបាត ទាំង​មិន​ឲ្យ​អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ដឹងផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ