តើមេដឹកនាំថ្មីរបស់ចិននឹងផ្លាស់ប្តូរនយោបាយចំពោះទីបេឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៩
កាលពីថ្ងៃពុធកន្លងទៅនេះ សម្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា បានថ្លែងថា លោកមើលឃើញសញ្ញាខ្លះ ដែលគួរឲ្យមានសុទិដ្ឋិនិយមថា នៅពេលមានមេដឹកនាំថ្មី ចិនទំនងជានឹងផ្លាស់ប្តូរជំហរ ជុំវិញបញ្ហាទីបេ។ តើមេដឹកនាំរបស់ចិនពិតជានឹងអាចមានជំហរទន់ភ្លន់ជាមួយទីបេមែនឬ? តើមានសញ្ញាអ្វី ដែលអាចឲ្យសម្តេចសង្ឃដាឡៃ ឡាម៉ា យល់ថា ចិនអាចនឹងផ្លាស់ប្តូរនយោបាយចំពោះទីបេ នៅពេលមានមេដឹកនាំថ្មី?
គណបក្សកុម្មុយនិស្តចិននឹងធ្វើការជ្រើសរើសមេដឹកនាំថ្មី នៅចុងឆ្នាំនេះ ក៏ប៉ុន្តែ គ្រប់គ្នាមើលឃើញថា អ្នកដែលនឹងឡើងមកជំនួសលោកហ៊ូ ជិនតាវ គឺគ្មានអ្នកណាក្រៅពីលោកស៊ី ជីនពីង (Xi Jinping) នោះទេ។ ហើយនៅពេលនេះ មានមនុស្សតិចតួចបំផុត ដែលអាចដឹងថា តើលោក ស៊ី ជីនពីង មានគំនិតបែបណាចំពោះទីបេ? ក៏ប៉ុន្តែ អ្វីគេដឹងនោះ គឺថា ឪពុករបស់លោកស៊ី ជីនពីង ដែលជាអតីតមេដឹកនាំបក្សកុម្មុយនិស្តចិន និងធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្រ្តីចិន នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៥០ និង៦០ ធ្លាប់មានទំនាក់ទំនងល្អជាមួយសម្តេចសង្ឃដាឡៃ ឡាម៉ា។
កាលពីឆ្នាំ១៩៥៤ សម្តេចសង្ឃដាឡៃ ឡាម៉ា ធ្លាប់បានស្នាក់នៅក្នុងក្រុងប៉េកាំងរយៈពេលប្រមាណពី ៥ខែ ទៅ ៦ខែ ហើយក្នុងអំឡុងពេលនោះ លោកធ្លាប់បានជួបស្គាល់ និងជូនអំណោយជានាឡិកាដៃយ៉ាងថ្លៃមួយ ដល់ឪពុករបស់លោកស៊ី ជីនពីង ។ ៥ឆ្នាំក្រោយមក ក្រោយពីមានការបះបោររបស់ជនជាតិទីបេ ប្រឆាំងនឹងបក្សកុម្មុយនិស្តចិន សម្តេចសង្ឃដាឡៃ ឡាម៉ា ក៏បានរត់ភៀសខ្លួនចេញពីចិន ក៏ប៉ុន្តែ រហូតមកទល់នឹងចុងឆ្នាំ១៩៧៩ គេនៅតែឃើញឪពុករបស់លោកស៊ី ជីនពីង ពាក់នាឡិកាដៃ ដែលជាអំណោយរបស់សម្តេចសង្ឃដាឡៃ ឡាម៉ា។
នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ នាពេលថ្មីៗនេះ សម្តេចសង្ឃដាឡៃ ឡាម៉ា បានរំឭកពីឪពុករបស់លោកស៊ី ជីនពីងថា ជាមនុស្សម្នាក់រាក់ទាក់ មានចិត្តល្អ និងប្រកាន់គំនិតសេរីនិយមជាងមេដឹកនាំកុម្មុយនិស្តចិនផ្សេងទៀត។
ជាការពិត ឪពុករបស់លោកស៊ី ជីនពីង ត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកនយោបាយចិនម្នាក់ ដែលប្រកាន់ជំហរមិនសូវតឹងរ៉ឹង ហើយមានទំនោរគំនិតចង់ការពារសិទ្ធិសេរីភាពរបស់ជនជាតិទីបេ របស់ពួកអ៊ុយហ្កួរ នៅស៊ីងជាំង និងជនជាតិភាគតិចចិនផ្សេងទៀត។ លោកក៏ធ្លាប់បានប្រឆាំងផងដែរ ចំពោះការប្រើកម្លាំងទ័ព បង្រ្កាបបាតុកម្មនិស្សិតចិន នៅទីលាន Tiananmen កាលពីឆ្នាំ១៩៨៩។
ក៏ប៉ុន្តែ សំណួរសួរថា តើលោកស៊ី ជីនពីង ពិតជាមានគំនិតនយោបាយដូចឪពុករបស់លោកដែរឬក៏យ៉ាងណា?
សម្តេចសង្ឃដាឡៃ ឡាម៉ា បានទទួលស្គាល់ថា លោកមិនដែលបានជួបលោកស៊ីន ជីនពីងនោះទេ ហើយក៏មិនអាចដឹងឲ្យប្រាកដថា តើលោកស៊ី ជីនពីង មានគំនិតបែបណាចំពោះទីបែនោះដែរ។ ប៉ុន្តែ លោកមានសុទិដ្ឋិនិយម ដោយសារតែលោកសំអាងទៅលើអ្វីដែលលោកស្គាល់ ពីឪពុករបស់លោកស៊ី ជីនពីងផង និងតាមរយៈអ្វី ដែលលោកបានឮ ពីប្រភពក្នុងប្រទេសចិនផង។
ជាការពិត អ្នកជំនាញខាងនយោបាយ និងវប្បធម៌ចិនភាគច្រើន សុទ្ធតែបានអះអាងថា តាមទម្លាប់ នៅក្នុងត្រកូលថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន កូនៗជំនាន់ក្រោយតែងតែស្នងមរតកពីឪពុក ដោយស្នងទាំងត្រកូល និងទាំងគំនិត។ វាជារឿងកម្របំផុត ដែលកូនចៅរបស់មេដឹកនាំបក្សកុម្មុយនិស្តចិន ធ្វើផ្ទុយពីគំនិតរបស់ឪពុក ដោយគេយល់ថា ធ្វើបែបនេះ គឺជាការក្បត់នឹងត្រកូល។ ហេតុដូច្នេះហើយបានជាគេគិតថា លោកស៊ី ជីនពីង ទំនងជានឹងមានគំនិតកណ្តាលនិយម ដូចជា ឪពុករបស់លោក ហើយនឹងមានការយោគយល់ច្រើន ចំពោះទីបេ ក៏ដូចជា ចំពោះពួកអ៊ុយហ្កួរ នៅស៊ីនជាំង និងចំពោះកោះតៃវ៉ាន់។
ក៏ប៉ុន្តែ បើទោះជាលោកស៊ី ជីនពីង ពិតជាមានគំនិតសេរីនិយម ដូចជាឪពុករបស់លោកមែន សំណួរសួរថា តើគំនិតនេះគ្រាន់តែមាននៅក្នុងចិត្ត ឬក៏លោកពិតជាហ៊ាន ឬមានលទ្ធភាពបញ្ចេញគំនិតទាំងនេះ ដាក់ចេញជានយោបាយកំណែទម្រង់ណាមួយជាក់លាក់បាន?
នៅចិន ថ្វីដ្បិតតែជារបបដឹកនាំបែបកុម្មុយនិស្តផ្តាច់ការ ក៏ប៉ុន្តែ ក៏មិនមែនមានន័យថា មេដឹកនាំណាម្នាក់ ទោះជាអគ្គលេខាបក្ស និងជាប្រធានាធិបតីក៏ដោយ មានអំណាចលើសគេលើសឯង ជាបុរសខ្លាំង ធ្វើអ្វីបានតាមចិត្តនោះដែរ។ តាមទម្លាប់តាំងពីដើមមក មេដឹកនាំបក្សកុម្មុយនិស្តចិន តែងតែសម្រេចការងារជាក្រុម តាមរយៈកុងសង់ស៊ីស (Consensus)។ ម្យ៉ាងទៀត ជាទម្លាប់ មេដឹកនាំចិនចាស់ៗ ដែលផុតអាណត្តិ ទោះបីជាបានផ្ទេរអំណាចទៅឲ្យមេដឹកនាំជំនាន់ថ្មីហើយក៏ដោយ ក៏ពួកគេនៅតែបន្តរក្សាឥទ្ធិពល នៅក្នុងបក្សដែរ។
ដូច្នេះ តើលោកស៊ីន ជីនពីង នឹងមាននយោបាយបែបណា? ប្រកាន់ជំហរបែបអភិរក្សនិយម កណ្តាលនិយម ឬសេរីនិយម? មាននយោបាយកំណែទម្រង់បែបណា? វាមិនអាស្រ័យតែនឹងអ្វីដែលមាននៅក្នុងគំនិតរបស់គាត់តែមួយមុខនោះទេ។ វាក៏អាស្រ័យផងដែរទៅនឹងថា តើគាត់មានសេចក្តីក្លាហានប៉ុណ្ណា? គាត់អាចក្តាប់អំណាចក្នុងដៃបានខ្លាំងប៉ុណ្ណា? មានឥទ្ធិពលប៉ុណ្ណាក្នុងបក្ស? ហើយតើតុល្យភាពនៃអំណាចក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិនជំនាន់ក្រោយនេះ មានទំនោរទៅខាងណា? ទៅខាងអ្នកប្រកាន់តឹង ឬទៅខាងអ្នកសេរីនិយម?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ