អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​មេដឹកនាំ​ថ្មី​របស់​ចិន​​នឹង​ផ្លាស់ប្តូរ​នយោបាយ​ចំពោះ​ទីបេ​​​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ពុធ​កន្លងទៅ​នេះ សម្តេចសង្ឃ​ទីបេ ដាឡៃ ឡាម៉ា បាន​ថ្លែង​ថា លោក​មើលឃើញ​សញ្ញាខ្លះ ដែល​គួរ​ឲ្យ​មាន​សុទិដ្ឋិនិយម​​ថា នៅពេល​មាន​មេដឹកនាំ​ថ្មី ចិន​ទំនង​ជា​នឹង​ផ្លាស់ប្តូរ​ជំហរ ជុំវិញ​បញ្ហា​ទីបេ។ តើ​មេដឹកនាំ​របស់​ចិន​ពិតជានឹង​អាច​មាន​ជំហរ​ទន់ភ្លន់​ជាមួយ​ទីបេ​មែន​ឬ? តើ​មាន​សញ្ញា​អ្វី ដែល​អាច​ឲ្យ​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា យល់ថា ចិន​អាច​នឹង​ផ្លាស់ប្តូរ​នយោបាយ​ចំពោះ​ទីបេ នៅ​ពេល​មាន​មេដឹកនាំ​ថ្មី?

លោក​ស៊ី ជីនពីង (Xi Jinping) អនុប្រធានាធិបតីចិន ដែល​ត្រូវ​បាន​គេមើលឃើញ​ថា​​ជា​អ្នក​ត្រូវ​​ឡើងមក​ជំនួស​លោក​ហ៊ូ ជិនតាវ
លោក​ស៊ី ជីនពីង (Xi Jinping) អនុប្រធានាធិបតីចិន ដែល​ត្រូវ​បាន​គេមើលឃើញ​ថា​​ជា​អ្នក​ត្រូវ​​ឡើងមក​ជំនួស​លោក​ហ៊ូ ជិនតាវ Reuters/David Moir
ផ្សាយពាណិជ្ជកម្ម

គណបក្ស​កុម្មុយនិស្ត​ចិន​នឹង​ធ្វើការ​ជ្រើសរើស​មេដឹកនាំ​ថ្មី នៅ​ចុង​ឆ្នាំនេះ ក៏​ប៉ុន្តែ គ្រប់គ្នា​មើលឃើញ​ថា អ្នកដែល​នឹង​ឡើង​មក​ជំនួស​លោក​ហ៊ូ ជិនតាវ គឺ​គ្មាន​អ្នកណា​ក្រៅ​ពី​លោក​ស៊ី ជីនពីង (Xi Jinping) ​នោះទេ។ ហើយ​នៅ​ពេលនេះ មាន​មនុស្ស​តិចតួច​បំផុត ដែល​អាច​ដឹង​ថា តើ​លោក ស៊ី ជីនពីង មាន​គំនិត​បែបណា​ចំពោះ​ទីបេ? ក៏ប៉ុន្តែ អ្វី​គេ​ដឹង​នោះ គឺ​ថា ឪពុក​របស់​លោក​ស៊ី ជីនពីង ដែល​ជា​អតីត​មេដឹកនាំ​បក្សកុម្មុយនិស្ត​ចិន និង​ធ្លាប់​កាន់តំណែង​ជា​​​ឧបនាយករដ្ឋមន្រ្តី​ចិន នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៥០ និង​៦០ ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា។

កាលពី​ឆ្នាំ​១៩៥៤ សម្តេច​សង្ឃ​ដាឡៃ​ ឡាម៉ា ធ្លាប់បាន​​ស្នាក់នៅ​​ក្នុង​ក្រុង​ប៉េកាំងរយៈពេល​ប្រមាណ​ពី ៥ខែ ទៅ​ ៦ខែ ហើយ​ក្នុង​អំឡុង​ពេលនោះ លោក​ធ្លាប់​បាន​ជួបស្គាល់ និង​​ជូន​អំណោយ​ជា​នាឡិកា​ដៃ​យ៉ាងថ្លៃមួយ ដល់​ឪពុក​របស់​លោក​ស៊ី ជីនពីង ។ ៥ឆ្នាំក្រោយមក ក្រោយ​ពីមាន​ការ​បះបោរ​របស់​ជនជាតិ​ទីបេ​ ប្រឆាំង​នឹង​បក្ស​កុម្មុយនិស្ត​ចិន សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ក៏​បាន​រត់ភៀសខ្លួន​ចេញ​ពី​ចិន ក៏ប៉ុន្តែ រហូតមកទល់​នឹង​ចុង​ឆ្នាំ​១៩៧៩ គេ​នៅតែ​ឃើញ​ឪពុក​របស់​លោក​ស៊ី ជីនពីង ពាក់​នាឡិកាដៃ ដែល​ជា​អំណោយ​របស់​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ នាពេល​ថ្មីៗនេះ សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា បាន​រំឭក​ពី​ឪពុក​របស់​លោក​ស៊ី ជីនពីង​ថា ជា​មនុស្សម្នាក់​រាក់ទាក់ មាន​ចិត្តល្អ និង​ប្រកាន់​គំនិត​សេរីនិយម​ជាង​មេដឹកនាំ​កុម្មុយនិស្ត​ចិន​ផ្សេងទៀត។

ជាការពិត ឪពុក​របស់​លោក​ស៊ី ជីនពីង ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​អ្នកនយោបាយ​ចិន​ម្នាក់ ដែល​ប្រកាន់​ជំហរ​មិន​សូវ​តឹងរ៉ឹង ហើយ​មាន​ទំនោរ​​គំនិត​​​ចង់ការពារ​សិទ្ធិសេរីភាព​របស់​ជនជាតិ​ទីបេ ​របស់​ពួក​អ៊ុយហ្កួរ នៅ​ស៊ីងជាំង និង​ជនជាតិ​ភាគតិច​ចិន​ផ្សេងទៀត។ លោក​ក៏​ធ្លាប់បាន​ប្រឆាំង​ផងដែរ ចំពោះ​ការ​ប្រើ​កម្លាំង​ទ័ព បង្រ្កាប​បាតុកម្ម​និស្សិត​ចិន នៅ​ទីលាន Tiananmen កាល​ពី​ឆ្នាំ​១៩៨៩។

ក៏ប៉ុន្តែ សំណួរសួរ​ថា តើ​លោក​ស៊ី ជីនពីង ពិតជា​មាន​គំនិត​នយោបាយ​ដូច​ឪពុក​របស់​លោក​ដែរ​ឬ​ក៏​យ៉ាងណា?

សម្តេច​សង្ឃដាឡៃ ឡាម៉ា បាន​ទទួលស្គាល់ថា លោក​មិនដែល​បាន​ជួប​លោក​ស៊ីន ជីនពីង​នោះទេ ហើយ​ក៏​មិន​អាច​ដឹង​ឲ្យ​ប្រាកដ​​ថា តើ​លោក​ស៊ី ជីនពីង មាន​គំនិត​បែបណា​ចំពោះ​ទីបែនោះដែរ។ ប៉ុន្តែ លោក​មាន​សុទិដ្ឋិនិយម ដោយសារ​តែ​លោក​សំអាង​ទៅលើ​អ្វី​ដែល​លោក​ស្គាល់ ពី​ឪពុក​របស់​លោក​ស៊ី ជីនពីង​​ផង និង​តាមរយៈ​អ្វី ដែល​លោក​បាន​ឮ ពី​ប្រភព​ក្នុង​ប្រទេស​ចិន​ផង។

ជាការពិត អ្នក​ជំនាញ​ខាង​នយោបាយ និង​វប្បធម៌​ចិន​ភាគច្រើន សុទ្ធតែ​បាន​អះអាង​ថា តាម​ទម្លាប់ នៅ​ក្នុង​ត្រកូល​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន កូនៗ​ជំនាន់​ក្រោយតែងតែ​ស្នង​មរតក​​ពី​ឪពុក ដោយ​ស្នង​ទាំង​ត្រកូល និង​ទាំង​គំនិត។ វា​ជា​រឿង​កម្រ​បំផុត ដែល​កូនចៅ​របស់​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន ធ្វើ​ផ្ទុយ​ពី​​គំនិត​របស់​ឪពុក ដោយ​គេ​យល់​​ថា ធ្វើ​បែបនេះ គឺ​​ជា​ការ​ក្បត់​នឹង​ត្រកូល។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​គិត​ថា លោក​ស៊ី ជីនពីង ទំនង​ជា​នឹង​មានគំនិត​កណ្តាល​និយម ដូចជា ឪពុក​របស់​លោក​ ហើយ​​នឹង​មាន​ការ​​យោគយល់​ច្រើន ចំពោះ​ទីបេ ក៏​ដូចជា ចំពោះ​ពួក​អ៊ុយហ្កួរ នៅ​ស៊ីនជាំង និង​​ចំពោះ​កោះតៃវ៉ាន់។

ក៏ប៉ុន្តែ បើទោះជា​លោក​ស៊ី ជីនពីង​ ពិតជា​មាន​គំនិត​សេរីនិយម ដូចជា​ឪពុក​របស់​លោក​មែន សំណួរ​សួរថា តើ​គំនិត​នេះ​គ្រាន់តែ​មាន​នៅ​ក្នុង​ចិត្ត ឬ​ក៏​​លោក​ពិតជា​​​ហ៊ាន ឬ​មាន​លទ្ធភាព​បញ្ចេញ​គំនិត​ទាំងនេះ ដាក់ចេញ​ជា​នយោបាយ​កំណែទម្រង់​ណាមួយ​ជាក់លាក់​បាន?

នៅ​ចិន ថ្វីដ្បិតតែជា​របបដឹកនាំ​បែបកុម្មុយនិស្ត​ផ្តាច់ការ ក៏ប៉ុន្តែ ក៏​មិនមែន​មានន័យថា មេដឹកនាំ​ណា​ម្នាក់ ទោះជា​អគ្គលេខាបក្ស និង​ជា​ប្រធានាធិបតី​ក៏ដោយ​ ​មាន​អំណាច​លើសគេ​លើសឯង ជាបុរសខ្លាំង ធ្វើ​អ្វី​បាន​តាមចិត្ត​នោះដែរ។ តាមទម្លាប់​​តាំងពីដើមមក មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន តែងតែ​សម្រេច​ការងារ​​ជា​ក្រុម តាមរយៈ​កុងសង់ស៊ីស (Consensus)។ ម្យ៉ាងទៀត ជាទម្លាប់ មេដឹកនាំ​ចិនចាស់ៗ ដែល​ផុត​អាណត្តិ ទោះបីជា​​​បាន​​​ផ្ទេរ​អំណាច​ទៅ​ឲ្យ​មេដឹកនាំ​ជំនាន់​ថ្មី​ហើយក៏​ដោយ​ ក៏​ពួកគេ​នៅ​​​តែ​បន្ត​​រក្សា​ឥទ្ធិពល នៅ​ក្នុង​បក្ស​​ដែរ។

ដូច្នេះ តើ​លោក​ស៊ីន ជីនពីង នឹង​មាន​នយោបាយ​បែបណា? ប្រកាន់​ជំហរ​បែបអភិរក្ស​និយម កណ្តាល​និយម ឬ​សេរីនិយម? មាន​នយោបាយ​កំណែទម្រង់​បែបណា? វា​មិន​អាស្រ័យ​តែ​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​គំនិត​របស់​គាត់​តែ​មួយ​មុខនោះទេ។ វាក៏​អាស្រ័យផងដែរ​ទៅនឹង​ថា តើ​គាត់​មាន​សេចក្តីក្លាហាន​ប៉ុណ្ណា? គាត់​អាច​ក្តាប់​អំណាច​​ក្នុង​ដៃ​បានខ្លាំង​​ប៉ុណ្ណា? មាន​ឥទ្ធិពល​ប៉ុណ្ណា​ក្នុង​បក្ស? ហើយ​តើ​តុល្យភាព​នៃ​អំណាច​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​ជំនាន់​ក្រោយ​នេះ មាន​ទំនោរ​ទៅខាងណា? ទៅខាង​អ្នក​ប្រកាន់​តឹង ឬ​ទៅខាង​​អ្នក​សេរីនិយម?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ