អានតួអត្ថបទ
ស៊ីរី

ការសម្លាប់​រង្គាល​នៅ​ស៊ីរី៖ សហគមន៍​អន្តរជាតិ​​បាន​ត្រឹម​ថ្កោលទោស​ តែ​គ្មាន​ដំណោះស្រាយ

របាយការណ៍​អំពី​ការ​សម្លាប់​រង្គាល នៅ​ក្នុង​ភូមិ Treimsa ប្រទេស​ស៊ីរី កំពុង​តែ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្ទុះកំហឹង។ ក៏ប៉ុន្តែ គេហាក់ដូចជា​មិន​ឃើញ​មាន​សញ្ញា​នៃ​ដំណោះស្រាយ​ណាមួយ ដើម្បី​បញ្ចប់​វិបត្តិ ១៦ខែ​នេះ​នៅឡើយទេ។ រុស្ស៊ី​នៅតែ​បន្ត​ជំទាស់​នឹង​សេចក្តីព្រាង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ស៊ីរី បើ​សិន​ជា​​មិន​ដកគ្រឿង​សព្វាវុធ​ធុនធ្ងន់​ចេញ​ពី​ទីក្រុង​ និង​ទីប្រជុំជន​របស់​ក្រុម​ប្រឆាំង។

បាតុកម្ម​ប្រឆាំង​លោក​អាសាដ កាល​ពីថ្ងៃ​សុក្រ ១៣ កក្កដា ២០១២ មួយថ្ងៃ​ក្រោយ​ពី​មាន​ការ​សម្លាប់​រង្គាល នៅ Treimsa
បាតុកម្ម​ប្រឆាំង​លោក​អាសាដ កាល​ពីថ្ងៃ​សុក្រ ១៣ កក្កដា ២០១២ មួយថ្ងៃ​ក្រោយ​ពី​មាន​ការ​សម្លាប់​រង្គាល នៅ Treimsa REUTERS
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​អំពី​ហេតុការណ៍​ នៅ Treimsa ត្រូវបាន​រាយការណ៍​ខុសៗគ្នា ទាំង​មូលហេតុ និង​ចំនួន​អ្នក​ស្លាប់។ យោងតាម​ក្រុមប្រឆាំង ចំនួន​អ្នក​ស្លាប់ នៅ Treimsa មាន​ចំនួន​ពី ១០០ ទៅ ២០០នាក់ ហើយ​ថា​ភាគច្រើន​ជា​ជនស៊ីវិល។ ចំណែក​រដ្ឋាភិបាល​របស់​លោក​អាសាដ​វិញ បាន​ផ្តល់​តួលេខ​អ្នក​ស្លាប់​តិច​ជាងនេះ ហើយ​អះអាង​ថា ប្រតិបត្តិការ​យោធា​នៅ Treimsa គឺ​ជា​ប្រតិបត្តិការ​បោសសម្អាត​ “ក្រុមភេរវជន”។

ក៏ប៉ុន្តែ ក្រុម​អ្នក​សង្កេតការណ៍​របស់​អ.ស.ប. ដែល​កំពុង​ឈរជើង នៅ​ក្នុងប្រទេស​ស៊ីរី​ បាន​រាយការណ៍​ថា ទាហាន​រដ្ឋាភិបាល​បាន​បាញ់​ផ្លោង​ចូល​​ទៅលើ​ភូមិ Treimsa ដោយ​​ប្រើ​អាវុធ​ធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើង​ធំ និង​ឧទ្ធម្ភាចក្រ​ចម្បាំង (ធុន Mi-24 ផលិត​នៅ​រុស្ស៊ី)។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ លោក​កូហ្វ៊ី អាណាន់ ប្រេសិត​ពិសេស​របស់​អ.ស.ប.-សម្ព័ន្ធអារ៉ាប់ បាន​ចាត់ទុក​ការ​ប្រើ​អាវុធ​ធុនធ្ងន់​បាញ់​ផ្លោង​ទៅលើ​ទីប្រជុំជន​នេះ​ថា​ជាការ​រំលោភ​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ និង​ការ​សន្យា​របស់​រដ្ឋាភិបាល​ស៊ីរី​ខ្លួនឯង។

មេដឹកនាំ​ប្រទេស​ធំៗ​ជាច្រើន​បាន​នាំគ្នា​ថ្កោលទោស​ការ​សម្លាប់​រង្គាល នៅ​ Treimsa នេះ។ លោក​បាន គីមូន អគ្គលេខា​ធិការ​អ.ស.ប.​ បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នៅ​ស៊ីរី ដោយ​បាន​សង្កត់​ធ្ងន់ថា ប្រសិនបើ​ក្រុមប្រឹក្សា​សន្តិសុខ​មិន​ធ្វើ​អ្វីសោះទេនោះ គឺ​ប្រៀបដូច​ជា​បើកដៃ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ជនស៊ីវិល​តាម​អំពើ​ចិត្ត។

ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ការ​ចរចា​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៅតែ​បន្ត​ជាប់គាំង។ បារាំង អង់គ្លេស អាមេរិក ព័រទុយហ្កាល់ និង​អាល្លឺម៉ង់ បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​អនុម័ត​​សេចក្តីសម្រេច​មួយ ដោយ​ដាក់​កំហិត​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​អនុវត្ត​ផែនការ​សន្តិភាព ៦ចំណុច​របស់​លោក​កូហ្វ៊ី អាណាន់ ក្នុង​រយៈពេល​យ៉ាងយូរ​បំផុត ១០ថ្ងៃ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម។ ក៏ប៉ុន្តែ រុស្ស៊ី​ជំទាស់​មិន​ឲ្យ​មាន​ចែង​អំពី​ទណ្ឌកម្ម​​នេះ បើទោះជាមិនមែន​ជា​ទណ្ឌកម្ម​តាម​ផ្លូវ​យោធា​ក៏ដោយ។

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​ បាន​អំពាវនាវ​ដល់​រុស្ស៊ី និង​ចិនឲ្យ​ឈប់​រារាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​របបដឹកនាំ​ស៊ីរី ដែល​កំពុង​តែ​ប្រើ​កម្លាំង​សម្លាប់​ប្រជាជន​ខ្លួនឯង។

រុស្ស៊ី​ក៏​បាន​ប្រកាស​ថ្កោលទោស​ការ​សម្លាប់​រង្គាល នៅ Treimsa ដែរ ក៏ប៉ុន្តែ ហាក់​ដូចជា​បង្កប់​នូវ​ការ​ទម្លាក់​ការ​ទទួលខុសត្រូវ​ទៅលើ​ក្រុម​ប្រឆាំង​ទៅវិញ។

ក្រុមប្រឆាំង​ស៊ីរី​បាន​ចេញ​សេចក្តីប្រកាស​មួយ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ថា ពួកគេ​លែង​​​មាន​ទំនុកចិត្ត​លើ​​បេសកកម្ម​របស់​លោក​កូហ្វ៊ី អាណាន់ ទៀតហើយ។ ចាប់ពីពេលនេះ​ទៅ ក្រុមប្រឆាំង​នឹង​បញ្ឈប់​ការទាក់ទង​ទាំងអស់​ជាមួយ​លោក​កូហ្វ៊ី អាណាន់ ហើយ​ទាមទារ​ឲ្យ​អ.ស.ប. និង​សម្ព័ន្ធ​អារ៉ាប់​​បញ្ចប់​បេសកកម្ម​របស់​លោក​កូហ្វ៊ី អាណាន់ នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ