ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

ការរាតត្បាត​នៃ​មេរោគ ​Ebola ​កំពុង​បង្ក​ក្តីបារម្ភ​​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក

ការរាតត្បាត​នៃ​មេរោគ ​Ebola ​កំពុង​បង្ក​ក្តីបារម្ភ​​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក
 
បុគ្គលិក​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​សែង​សាកសព​អ្នក​ជំងឺ Ebola នៅ​ប្រទេស​ហ្គីណេ (រូបថតឯកសារ) AFP PHOTO / SEYLLOU

មេរោគ Ebola ដែល​កំពុង​រាតត្បាត​នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក កំពុងបង្ក​ក្តីបារម្ភ​កាន់តែ​ខ្លាំង​ដល់​អ្នក​ជំនាញ​ខាង​ផ្នែក​សុខាភិបាល​ នៅទូទាំង​ពិភពលោក។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ទាញ​សញ្ញា​អាសន្ន​ថា ការរាតត្បាត​នៃ​មេរោគ Ebola នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ធ្ងន់ធ្ងរ​​​បំផុត ដែល​គេ​មិនធ្លាប់ឃើញ​​ពីមុន ហើយថា ​វា​អាច​នឹង​​​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត រហូត​គ្រប់គ្រង​លែង​បាន។

បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី ក៏កំពុងតែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ដើម្បី​ត្រៀម​ទប់ទល់​នឹង​មេរោគ​ដ៏​កាចសាហាវនេះ។

រដ្ឋាភិបាល​លីបេរីយ៉ា ដែល​ជា​ប្រទេស​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​មេរោគ​ Ebola បាន​សម្រេច​ កាលពីថ្ងៃ​ពុធ បិទទ្វារ​សាលារៀន​នៅទូទាំង​ប្រទេស ហើយ​មន្រ្តី​រដ្ឋការ​ដែល​មិនចាំបាច់​មួយចំនួន​ត្រូវ​បាន​ដាក់​ឲ្យ​ឈប់សម្រាក ​រយៈពេល ៣០ថ្ងៃ។

នៅ​សៀរ៉ាឡេអូនវិញ ប្រធានាធិបតី​ទើប​នឹង​បាន​ប្រកាស​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន ដោយសារ​តែ​ការ​រាតត្បាត​នៃ​មេរោគ Ebola។ លោក Ernest Bai Koroma​ ប្រធានាធិបតី​សៀរ៉ាឡេអូន​ក៏​បាន​ប្រកាស​ផងដែរ​ថា​លោក​បាន​សម្រេច​លុបចោល​​ ដំណើរ​ទៅ​ចូលរួម​ក្នុង​ជំនួបកំពូល​ រវាង​មេដឹកនាំ​អាហ្វ្រិក និង​លោក​អូបាម៉ា ដែល​នឹង​ត្រូវ​បើក​ធ្វើ​នៅ​រដ្ឋធានីវ៉ាស៊ីងតោន នៅ​សប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា មេរោគ Ebola ចាប់ផ្តើម​រាលដាល​ដំបូង​​ កាល​ពី​ខែមីនា ចេញ​ពី​ប្រទេស​ហ្គីណេ (អាហ្វ្រិក​ខាងលិច) ហើយ​បន្ទាប់​មក ក៏​បាន​រាលដាល​បន្តិចម្តងៗ ទៅកាន់​ប្រទេស​ដែល​នៅ​​ជិតខាង។ គិត​មក​ត្រឹម​ពេលនេះ មាន​ប្រទេស​ចំនួន ៣ ដែល​កំពុង​ទទួលរង​ការ​រាតត្បាត​នៃ​មេរោគ Ebola គឺ​មាន​ហ្គីណេ លីបេរីយ៉ា និង​សៀរ៉ាឡេអូន។ នៅ​នីហ្សេរីយ៉ា​ក៏​គេ​រកឃើញ​មាន​ករណី​ឆ្លងមេរោគ Ebola នេះ​មួយដែរ ក៏ប៉ុន្តែ គេ​មិនឃើញ​មាន​ករណី​ឆ្លង​រាលដាល​ទៅ​មនុស្ស​ផ្សេងទៀត​ទេ។

អ្នក​ឆ្លង​មេរោគ Ebola មាន​អត្រាស្លាប់​ខ្ពស់​រហូតដល់​ទៅ ៩០%

យោងតាម​អង្គការ​សុខភាព​ពិភពលោក គិតមកទល់​នឹង​ថ្ងៃ​ទី៣១​កក្កដា​នេះ គេរកឃើញ​មាន​មនុស្ស ១ ៣២៣នាក់ ដែល​បាន​ឆ្លង​មេរោគ Ebola ហើយ​ក្នុងនោះ មាន ៧២៩នាក់​ត្រូវ​ស្លាប់ ពោលគឺ​ អត្រា​នៃ​ការឆ្លង​ហើយ​ស្លាប់​ដោយ​មេរោគ Ebola នេះ មាន​រហូតដល់​ទៅ​ជាង ៥០%។ ក៏ប៉ុន្តែ បើតាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន មេរោគ Ebola ដែល​កំពុង​រាតត្បាត​នៅ​អាហ្វ្រិក​ខាងលិច​នៅពេលនេះ អាច​មាន​អត្រា​នៃ​ការ​ស្លាប់​រហូត​ដល់​ទៅ ៩០% ឯណោះ ពោលគឺ​ វា​ជា​មេរោគ​ដ៏​កាចសាហាវបំផុត​នៅលើ​ពិភពលោក។

យោងតាម​អ្នកជំនាញ​ខាង​មេរោគ Ebola អត្រា​នៃ​ការ​ស្លាប់​​​ដោយ​មេរោគ​នេះ​អាច​ត្រូវ​កាត់បន្ថយ​បាន​ច្រើន ប្រសិនបើ​អ្នក​ជំងឺ​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ ដើម្បី​ស្វែងរក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់។ ក៏ប៉ុន្តែ បញ្ហា​ចោទ គឺ​នៅត្រង់ថា រោគ​សញ្ញា​នៃ​ជំងឺ Ebola នេះ ពិបាក​នឹង​កំណត់​ច្បាស់លាស់។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក អ្នក​កើតជំងឺ Ebola អាច​មាន​រោគសញ្ញា​​ស្រដៀង​ទៅនឹង​ជំងឺ​ជាច្រើន​ផ្សេងទៀត ដូចជា មាន​ការ​គ្រុនក្តៅ​ដូច​គ្រុនចាញ់ ឬ​​គ្រុនពោះវៀន ឬ​មាន​ការ​រាគក្អួត ដូច​ជំងឺ​រាគរូស ជាដើម ដែល​អាច​នាំឲ្យ​អ្នក​ជំងឺ​មិនដឹង​ថាខ្លួន​ឆ្លងមេរោគ Ebola ហើយ​មិន​រូតរះ​ទៅ​មន្ទីរពេទ្យ។

មេរោគ Ebola ឆ្លង​ពី​មនុស្ស​ទៅមនុស្ស តែ​មិនឆ្លង​តាម​ខ្យល់ដង្ហើម
 
មេរោគ Ebola ត្រូវ​បាន​គេ​រកឃើញ​ដំបូង កាល​ពី​ឆ្នាំ​១៩៧៦ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​កុងហ្គោ។ មេរោគ​នេះ​មាន​ប្រភព​ដើម​​ចេញ​ពី​សត្វជ្រឹង​មួយប្រភេទ​នៅ​អាហ្វ្រិក បន្ទាប់​មក​វា​​ឆ្លង​ទៅ​សត្វផ្សេងៗ​ទៀត រហូត​ឆ្លងទៅ​ដល់​មនុស្ស ហើយ​រាលដាល​កាន់តែ​ខ្លាំង តាមរយៈ​ការ​​​ឆ្លងពីមនុស្ស​ទៅមនុស្ស​។ រហូតម​កទល់​នឹង​ពេលនេះ គេមិនទាន់​រកឃើញ​​វ៉ាក់សាំង​ ដើម្បី​បង្ការ​មេរោគ​នេះ​នៅឡើយទេ។

មេរោគ Ebola ឆ្លងពីមនុស្សទៅមនុស្ស​តាមរយៈ​ការប៉ះពាល់​អ្នក​ជំងឺ​ដោយ​ផ្ទាល់ ឬ​ប៉ះពាល់​កំហាក ឈាម កម្អួត​របស់​អ្នក​ជំងឺ ប៉ុន្តែ មិនមាន​ការ​ឆ្លង​តាម​ខ្យល់ដង្ហើម​ទេ។ នេះ​ជា​ចំណុច​សំខាន់ ដែល​ក្រុម​អ្នក​ជំនាញ​ខាង​មេរោគ Ebola កំពុងតែ​ព្យាយាម​ផ្សព្វផ្សាយ​ ជាពិសេស ដល់​ប្រជាជន នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច ដែល​កំពុងប្រឈមមុខ​នឹង​ការរាតត្បាត​នៃ​មេរោគ Ebola ពីព្រោះ គេមើលឃើញ​ថា ប្រជាជន​នៅ​ក្នុង​ប្រទេស​អស់ទាំងនេះ​កំពុងតែ​នាំគ្នា​ភ័យខ្លាច​ខ្លាំង ដោយ​ពួកគេ​គិត​ថា មេរោគ Ebola អាច​ឆ្លង​​តាម​ខ្យល់ដង្ហើម ដោយគ្រាន់តែ​នៅ​ក្បែរ ឬ​នៅ​ក្នុង​បន្ទប់​ ឬ​អគារ​ជាមួយអ្នក​ជំងឺ។ ការភ័យខ្លាច​ជ្រុលហួសហេតុ​បែបនេះ​​ជា​ហេតុផល​ចម្បងមួយ ដែល​ធ្វើ​ឲ្យ​​គេ​ពិបាក​​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​មេរោគ Ebola ពីព្រោះ​ថា អ្នកខ្លះ​​ដែល​បាន​ឆ្លង​មេរោគ Ebola ​ដោយ​មាន​រោគសញ្ញា​ជា​​អាការៈ​គ្រុនក្តៅ រាគ ឬ​ក្អួត ក៏​ប៉ុន្តែ ចេះតែ​អល់អែក​មិនហ៊ាន​ទៅ​មន្ទីរពេទ្យ​​ ក៏មិន​ដឹង​ខ្លួន​ថា​មាន​ជំងឺ​ Ebola មិន​បាន​ទទួល​ការព្យាបាល និង​មិន​អាច​បង្ការ​ការ​ឆ្លង​រាលដាល​ទៅ​អ្នក​ដទៃទៀត។

អឺរ៉ុប និង​អាស៊ី​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចាំទប់ទល់​នឹង​​មេរោគ Ebola

បើ​យោងតាម​អ្នក​ជំនាញ​ខាង​ផ្នែក​សុខាភិបាល មេរោគ Ebola ដែល​កំពុង​រាតត្បាត​​នៅ​អាហ្វ្រិក​ខាងលិច នៅពេលនេះ អាច​នឹង​ឆ្លង​ទៅដល់​​តំបន់​ផ្សេងៗ​ទៀត ទាំង​នៅ​អឺរ៉ុប និង​អាស៊ី ជាពិសេស ឆ្លង​តាមរយៈ​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ។ ហេតុដូច្នេះហើយ​បាន​ជា​ប្រទេស​ជាច្រើន​​​ទាំងនៅ​អឺរ៉ុប និង​អាស៊ី កំពុងតែ​ចាប់ផ្តើម​ដាក់វិធានការ​​តាមដាន​មើល​អ្នក​ដំណើរ​ពី​តំបន់​អាហ្វ្រិក ​ខាងលិច ដែល​មាន​រោគសញ្ញា​ប្រហាក់ប្រហែល​នឹង​រោគសញ្ញា Ebola​ ដើម្បី​ស្ទាក់ចាប់​ករណី​ Ebola ដំបូង​ឲ្យ​បាន​ទាន់ពេល ដើម្បី​បង្កា​កុំ​ឲ្យ​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​របស់​គេ។

អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ក៏​កំពុងតែ​ពិភាក្សា​ជាមួយ​អ្នក​ ជំនាញ​ខាង​មេរោគ Ebola នេះ​ដែរ ដើម្បី​សិក្សា​អំពី​វិធានការ​ដែល​គេ​អាច​អនុវត្ត​ ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​នៅតាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ ដើម្បី​បង្ការ​ការ​រីករាលដាល​នៃ​មេរោគ Ebola ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ