ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អឺរ៉ុប

ជំនួបកំពូល​អាហ្វ្រិក​ដើម្បី​ប្រយុទ្ធប្រឆាំង​មេរោគ​អេបូឡា

media គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​អ្នកជម្ងឺ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​ប្រទេស​លីបេរីយ៉ា ©REUTERS/Samaritan's Purse

ជំនួប​កំពូល​ថ្នាក់​តំបន់​ដើម្បី​និយាយ​ពី​មេរោគ​​រាតត្បាត​អេបូឡា​ត្រូវ​បាន​បើក​ធ្វើ​ជា​បន្ទាន់​នៅថ្ងៃ​សុក្រនេះ នៅក្នុងកូណាគ្រី​របស់​សាធារណរដ្ឋ​ហ្គីណេ។ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ផ្តល់​ជំនួយ​១០០​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង​មេរោគ​អេបូឡា ដែល​ពេលនេះ​កំពុង​រាតត្បាត​សម្លាប់​មនុស្ស​កាន់តែខ្លាំង នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច។ អាជ្ញាធរ​បារាំង អាមេរិក និង​អាល្លឺម៉ង់វិញ​បាន​អំពាវនាវ​ប្រាប់​ប្រជាជន​របស់ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរទៅ​ប្រទេស​ចំនួន​បី​ ដែល​នៅទីនោះ​​មេរោគ​អេបូឡា​បាន​សម្លាប់​មនុស្ស៧២៩​នាក់​ ក្នុង​ករណី​ឆ្លង​សរុប​​១២០០​ (តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ទី ៣១​កក្កដា)។

 

ប្រមុខ​ដឹកនាំ​របស់​ប្រទេស​ហ្គីណេ សៀរ៉ាឡេអូន និង​លីបេរីយ៉ា ដែល​កំពុង​ជួប​រងគ្រោះ​ដោយការរាតត្បាត​របស់​មេរោគ​អេបូឡា​ត្រូវ​ចូលរួម​នៅក្នុង​ជំនួប​កំពូល​ថ្នាក់​តំបន់​​ដែល​នឹង​និយាយ​តែ​ពី​យុទ្ធសាស្រ្ត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អេបូឡា។ មេដឹកនាំ​របស់​ប្រទេស​កូតឌីវ័រ​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ហ្គីណេ និង​លីបេរីយ៉ា និង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោកស្រី​វេជ្ជបណ្ឌិត ម៉ាហ្គារីត ចាន់ ក៏​ត្រូវ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​មេរោគ​អេបូឡា​នេះដែរ។

 
កាលពីថ្ងៃ​ព្រហស្បតិ៍ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ផ្តល់​ជំនួយ​ក្នុង​ទឹកប្រាក់​១០០​លាន​ដុល្លារ ដើម្បី​ជួយ​គំាទ្រ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​លីបេរីយ៉ា និង​សៀរ៉ាឡេអូន​ ដែល​បាន​ចាត់​វិធានការ​តឹងរ៉ឹង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេបូឡា។ តាម​លោកស្រី​ប្រធាន​អង្គការ​សុខភាព​ពិភពលោក តាម​រយៈ​បង្កើន​​ទឹកប្រាក់​ជំនួយលើកនេះ គេ​អាច​បញ្ជូន​អ្នកជំនាញ​សុខភាព​បន្ថែម​ដើម្បីទៅ​ធ្វើការ​នៅទីតាំង​ដែល​មាន​ផ្ទុះ​ឆ្លង​មេរោគ​អេបូឡា។ វេជ្ជបណ្ឌិត Tom Frieden ប្រធាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជម្ងឺ​​របស់​ប្រទេស​អាមេរិក​វិញ​បាន​ប្រកាស​ដែរ​ថា នឹង​បញ្ជូន​អ្នកជំនាញ​អាមេរិក​៥០​នាក់​ទៅក្នុង​តំបន់​ដែល​កំពុង​រាតត្បាត​ដោយ​មេរោគ​អេបូឡា។ តាម​លោក​Tom Frieden គេ​ត្រូវ​ពេល​ពី​៣​ទៅ​៦​ខែ​ដើម្បី​លុបបំបាត់​មេរោគ​អេបូឡា។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​រដ្ឋាភិបាល​​​សៀរ៉ាឡេអូន បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ស្ថានភាព​អាសន្ន។ ក្រឹត្យ​នេះ​​មាន​ន័យថា ផ្ទះ​ដែល​មាន​សង្ស័យ​ឆ្លង​មេរោគ​រាតត្បាត​អេបូឡា​ចំនួន៤០​ត្រូវ​ស្ថិតនៅក្រោម​ត្រួតពិនិត្យ។ អ្នកជំនាញ​ខាងសុខភាពដែល​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​រក​អ្នកកើត​ជម្ងឺ​​នឹង​ត្រូវ​អមដំណើរ​ការពារ​ដោយ​ទាហាន ហើយ ទាហាន​ដដែល​មាន​សិទ្ធិ​ចូល​ឆែកឆេរ​នៅ​តាម​ផ្ទះ ដើម្បី​រក​អ្នកជម្ងឺដែល​លាក់ខ្លួន​មិន​ទៅ​រក​ការព្យាបាល​នៅ​មន្ទីរ​សុខភាព។ នៅ​ប្រទេស​លីបេរីយ៉ាវិញ លោកស្រី​ ប្រធានាធិបតី​អេឡែន ស៊ៀលីហ្វ បាន​ ​ ប្រកាស​បិទ​ទ្វារ​សភា បិទ​ជំនុំ​សាធារណៈ និង​បិទ​ការប្រជុំ​នយោបាយ លើកលែង​តែ​កិច្ចប្រជុំ​ដែល​ផ្តោត​ទៅលើ​ការប្រយុទ្ធ ប្រឆាំង​នឹង​មេរោគ​អេបូឡា។ រដ្ឋាភិបាល​​លីបេរីយ៉ា​បញ្ជា​ផងដែរ​ឲ្យ​បុគ្គលិក​រដ្ឋដែល​មិន​សូវ​សំខាន់​ឈប់​សម្រាក​៣០​ថ្ងៃ និង​បាន​ប្រកាស​យក​ថ្ងៃ​សុក្រ​នេះ ជា​ថ្ងៃ​សម្រាក​ទូទាំង​ប្រទេស ដើម្បី​អនុញ្ញាត​ឲ្យ​គេ​បាញ់​សម្លាប់​មេរោគ​នៅ​គ្រប់​អគារ​សាធារណៈ។

រដ្ឋាភិបាល​កូតឌីវ័រ​ក៏​បាន​ចាត់​វិធានការ​ពង្រឹង​តាម​ព្រំដែន​ និង​ត្រួតពិនិត្យ​ដើម្បី​កុំ​ឲ្យ​មាន​អ្នកឆ្លង​មេរោគ​អេបូឡា​ចូល​ក្នុង​ទឹកដី​របស់ខ្លួន។ អាមេរិក បារាំង និង​អាល្លឺម៉ង់ បាន​ហាម​ប្រជាពលរដ្ឋ​របស់ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ចូលទៅក្នុង​ប្រទេស​ទាំងហ្គីណេ សៀរ៉ាឡេអូន និង​លីបេរីយ៉ា ចំណែក​ប្រធាន​អង្គការ​អាមេរិក​​ដើម្បី​សន្តិភាព​​​បាន​ប្រកាស​កាលពីថ្ងៃ​ពុធថា នឹង​ដកបុគ្គលិក​ស្ម័គ្រចិត្ត​​រាប់រយ​នាក់​របស់ខ្លួន​ចេញ​ពី​ទឹកដី​ហ្គីណេ សៀរ៉ាឡេអូន និង​លីបេរីយ៉ា៕

 
  ​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ