អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ខួប១០០ឆ្នាំ​នៃ​ខ្សែបន្ទាត់ព្រំដែន​មជ្ឈិមបូព៌ា​គូសដោយ​បារាំង​និង​អង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​កិច្ចព្រមព្រៀង រវាង​បារាំង និង​អង់គ្លេស ដើម្បី​ពុះចែក​តំបន់​មជ្ឈិមបូព៌ា កាល​ពី​ឆ្នាំ​១៩១៦។ កិច្ចព្រមព្រៀង​ ដែល​ជាដើមហេតុ​ដ៏ចម្បងមួយ ដែល​ធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា​ត្រូវ​ជួប​នឹង​បញ្ហា​មិនចេះចប់​មិនចេះហើយ រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ខ្សែបន្ទាត់ព្រំដែន​គូស​ដោយ​បារាំង​និង​អង់គ្លេស នៅ​ក្នុ​ងអំឡុង​សង្រ្គាម​លោក​លើកទី១ ដើម្បី​ពុះចែក​តំបន់​មជ្ឈិមបូព៌ា។ ស៊ីរី (A)​ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​បារាំង ចំណែក​អ៊ីរ៉ាក់ (B) ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អង់គ្លេស
ខ្សែបន្ទាត់ព្រំដែន​គូស​ដោយ​បារាំង​និង​អង់គ្លេស នៅ​ក្នុ​ងអំឡុង​សង្រ្គាម​លោក​លើកទី១ ដើម្បី​ពុះចែក​តំបន់​មជ្ឈិមបូព៌ា។ ស៊ីរី (A)​ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​បារាំង ចំណែក​អ៊ីរ៉ាក់ (B) ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អង់គ្លេស
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​គេ​សង្កេតឃើញ​ថា តំបន់​មជ្ឈិមបូព៌ា​តែងតែ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​បញ្ហា​ចាក់ស្រែះ​មិនចេះចប់​មិនចេះហើយ។ ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន, ជម្លោះ និង​ការ​ប្រជែង​អំណាច រវាង​ស៊ុននីត និង​ស្ហ៊ីអ៊ីត, សង្រ្គាម​ស៊ីវិល​រាប់មិនអស់ ដូចជា​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី អ៊ីរ៉ាក់ និង​យេម៉ែន​សព្វថ្ងៃ, ជម្លោះ​ទាមទារ​ផ្តាច់ទឹកដី​របស់​ពួក​គួឌីស្ថាន និង​ចុងក្រោយ គឺ​បញ្ហា​ជីហាត​រដ្ឋអ៊ីស្លាម​​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។

នៅពេលដែល​បាន​ប្រកាស​តាំងខ្លួន​ជា​រដ្ឋ​អធិបតេយ្យ កាល​ពីឆ្នាំ២០១៤ ក្រុម​ជីហាត​​បាន​កំណត់​យក​តំបន់​​មួយ​ផ្នែក​របស់​ស៊ីរី និង​មួយផ្នែក​ទៀត​របស់​អ៊ីរ៉ាក់ មក​ធ្វើ​ជា​ដែនដីរបស់​រដ្ឋ​អ៊ីស្លាម ដោយ​ប្រកាស​លុបចោល​ទាំងស្រុង​នូវ​ខ្សែបន្ទាត់​ព្រំដែន​ដែល​មាន​ពីមុន។ ខ្សែបន្ទាត់ព្រំដែន ដែល​តាមពិតទៅ មិនមែន​កើតចេញ​ពី​ឆន្ទៈ​របស់​ប្រទេស​សាម៉ី​នោះទេ តែ​កើតចេញ​ពី​ការ​គូសវាស​តាមចិត្តឯង ដោយ​មហាអំណាច​អាណានិគម​បារាំង និង​អង់គ្លេស។

អ្វីៗ​កើតឡើង កាល​ពី​១០០ឆ្នាំមុន គឺ​នៅ​ឆ្នាំ១៩១៦។ នៅ​ពេលនោះ គ្មាន​ទេ​ប្រទេស​ស៊ីរី លីបង់ អ៊ីរ៉ាក់ ហើយ​​ក៏​គ្មាន​ដែរ​​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​ស្ថិត​នៅ​ក្នុង​ដែនដី​នៃ​ចក្រភព​ដ៏ធំមួយ គឺ​ចក្រភព​អូតូម៉ង់ ដែល​កកើតឡើងតាំង​ពី​សតវត្សរ៍​ទី១៣ ហើយ​ដែល​កាន់កាប់​ដែនដី​លាតសន្ធឹង​តាំង​ពី​ឈូងសមុទ្រ​ពែក្ស​នៅ​ខាងកើត រហូត​ទៅដល់​ប្រទេស​ហុងគ្រី​​នៅ​ខាងលិច និង​ពី​អេហ្ស៊ីប​នៅ​ខាង​ត្បូង រហូត​ទៅដល់​តំបន់​អាស៊ី​កណ្តាល​នៅ​ខាងជើង ហើយ​មាន​រាជធានី​នៅ​ក្នុង​ទីក្រុង​កុងស្តង់ទីណូប គឺ​ទីក្រុង​អ៊ីស្តង់ប៊ុល​ (តួកគី) បច្ចុប្បន្ន។

ចាប់ពី​សតវត្សរ៍​ទី១៩ ចក្រភព​អូតូម៉ង់​បាន​ចាប់ផ្តើម​ធ្លាក់​ចុះទន់ខ្សោយ​បន្តិចម្តងៗ ដោយ​ដែន​ដីខ្លះ​នៅ​អឺរ៉ុប​ខាង​កើត​ត្រូវ​ត្រូវ​បាន​ចក្រភព​អូទ្រីសហុងគ្រី​ដណ្តើម​យក​ទៅកាន់កាប់ ដែនដី​ខ្លះទៀត​នៅ​តំបន់​មជ្ឈិមបូព៌ា​ត្រូវ​ធ្លាក់​ទៅក្នុងដៃ​អង់គ្លេស។ ចំណែក​ឯ​នៅ​តំបន់​បាល់​កង់វិញ អតីត​ដែនដី​ចក្រភព​អូតូម៉ង់​​បាន​ចាប់ផ្តើម​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ទៅ​បង្កើត​ជា​ប្រទេស​ឯករាជ​រៀងៗខ្លួន។
 

នៅ​ឆ្នាំ​១៩១៤ សង្រ្គាម​លោកលើកទី១​បាន​ចាប់ផ្តើម​ផ្ទុះឡើង។ ចក្រភព​អូតូម៉ង់ ដែល​កំពុងតែ​ធ្លាក់ចុះដុនដាប​ខ្លាំង​ស្រាប់​ទៅហើយ​នោះ បាន​ចូលដៃ​ជាមួយ​នឹង​បក្ស​សម្ព័ន្ធ​អាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី ដើម្បី​ប្រយុទ្ធតទល់​នឹង​បក្ស​សម្ព័ន្ធ​បារាំង-អង់គ្លេស-រុស្ស៊ី។

នៅ​ក្នុង​អំឡុង​ឆ្នាំ១៩១៥ និង​ឆ្នាំ​១៩១៦ នៅ​ក្នុងពេល​ដែល​សង្រ្គាម​លោកលើកទី១​នៅមិនទាន់​បញ្ចប់​នៅឡើយ រុស្ស៊ី បារាំង និង​អង់គ្លេស បាន​លួចចរចា​គ្នា​ដោយ​សម្ងាត់ ដើម្បី​យក​ដែនដី​​នៃ​ចក្រភព​អូតូម៉ង់​ទៅ​ពុះចែកគ្នា​កាន់កាប់ នៅ​ពេលណា​ដែល​ឈ្នះ​សង្រ្គាម។ តាមការព្រមព្រៀង រុស្ស៊ី​ត្រូវកាន់កាប់​ទីក្រុង​កុងស្តង់ទីណូប ព្រមទាំង​ដែនដី​មួយផ្នែក​​នៅ​ជាប់នឹង​សមុទ្រ​ខ្មៅ។ ចំណែក​ឯ​បារាំង និង​អង់គ្លេសវិញ ត្រូវ​កាន់កាប់​តំបន់​មជ្ឈិមបូព៌ា​មួយចំណែក​ម្នាក់។

ការចរចា​ពុះចែក​តំបន់​មជ្ឈិមបូព៌ា​ត្រូវ​បាន​ធ្វើឡើង ដោយ​​មន្រ្តី​ទូត​អង់គ្លេស​ឈ្មោះ ម៉ាក សៃក្ស៍ (Mark Sykes) និង​មន្រ្តី​ការទូត​បារាំង​ឈ្មោះ ហ្វ្រង់ស័រ ហ្សកពីកូ (François Georges-Picot) ហើយ​បាន​ឈាន​ទៅដល់​ការ​ចុះកិច្ចព្រមព្រៀង​ដោយសម្ងាត់​នៅ​​​ខែ​ឧសភា ឆ្នាំ១៩១៦។

យោងតាម​កិច្ចព្រមព្រៀងនេះ ដែលគេ​ឲ្យឈ្មោះ​ថា “កិច្ចព្រមព្រៀង​សៃក្ស៍-ពីកូ” ដែនដី​នៃចក្រភព​អូតូម៉ង់ នៅ​ក្នុង​តំបន់មជ្ឈិមបូព៌ា ត្រូវ​ពុះចែក​ជា​ពីរ គឺ​បារាំង​ត្រូវ​កាន់កាប់​ដែនដី​នៅ​ត្រង់​ប្រទេស​លីបង់ និង​ស៊ីរី​បច្ចុប្បន្ន ចំណែក​ឯ​អង់គ្លេស​វិញ​ត្រូវ​កាន់កាប់​ដែនដី​នៅត្រង់​ប្រទេស​អ៊ីរ៉ាក់​ និង​ហ្សកដានី​បច្ចុប្បន្ន។ ដែនដី​នៅ​ត្រង់​អ៊ីស្រាអែល​និង​​ប៉ាឡេស្ទីន​បច្ចុប្បន្ន ពីដំបូង​ត្រូវ​បាន​ព្រមព្រៀង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​កាន់កាប់​ជា​អន្តរជាតិ ក៏ប៉ុន្តែ ក្រោ​យមក​ត្រូវ​ដាក់​បញ្ចូល​ជា​ដែនអាណានិគម​របស់​អង់គ្លេស។

នៅត្រង់​ចំណុច​ប្រសព្វ​នៃ​ដែនឥទ្ធិពល​បារាំង និង​អង់គ្លេស ខ្សែបន្ទាត់​មួយ​ត្រូវ​បាន​គេ​គូស​ស្ទើរតែ​ត្រង់​ដូចបន្ទាត់ ចាប់តាំង​ពី​ប្រទេស​អ៊ីរ៉ង់​ រហូត​ទៅដល់​សមុទ្រ​មេឌីទែរ៉ាណេ។ ខ្សែបន្ទាត់​នេះ​ហើយ​ដែល​បាន​ក្លាយ​ជា​ព្រំដែន រវាង​ស៊ីរី និង​អ៊ីរ៉ាក់ នៅ​ពេល​បច្ចុប្បន្ន​នេះ។

ខ្សែបន្ទាត់ព្រំដែន រវាង​ស៊ីរី និង​អ៊ីរ៉ាក់ ដែល​ត្រូវ​បាន​គេ​ហៅ​ជាទូទៅ​ថា ខ្សែបន្ទាត់​សៃក្ស៍-ពីកូ ត្រូវបាន​បារាំង និង​អង់គ្លេស​គូស​តាមតែចិត្តឯង តម្រូវតែ​ទៅតាម​ផលប្រយោជន៍​ផ្ទាល់​ខ្លួនឯង​តែ​ប៉ុណ្ណោះ ដោយ​មិនបាន​គិតគូរ​ពី​លក្ខខណ្ឌ​ប្រជាសាស្រ្ត ភាសា និកាយ សាសនា ឬ​ជាតិសាសន៍​​​នៅលើ​ដីជាក់ស្តែងនោះទេ។

ជាលទ្ធផល គេសង្កេតឃើញ​ថា បណ្តា​ជន​ដែល​មាន​ភាសាដូចគ្នា និកាយ​សាសនា​ដូចគ្នា ឬ​ជា​ជាតិសាសន៍​ដូចគ្នា ត្រូវ​បាន​ពុះជា​ចំណែកៗ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ប្រទេស​ផ្សេងគ្នា ជាពិសេស គឺ​ពួក​គួឌីស្ថាន ដែល​ត្រូវ​ពុះចែក​ដោយខ្សែបន្ទាត់​ព្រំដែន​សៃក្ស៍-ពីកូ ដោយ​មួយផ្នែក​ទៅនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយ​មួយផ្នែក​ទៀត​ស្ថិត​ក្នុង​ទឹកដី​ស៊ីរី។ ដូចគ្នា​ដែរ​ចំពោះ​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត ដែលត្រូវ​ពុះចែក​ជា​ស៊ុននីត​ស៊ីរី និង​ស៊ុននីត​អ៊ីរ៉ាក់។ ស៊ុននីត នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់​និកាយ​ស្ហ៊ីអ៊ីត។

នៅទីចុងបំផុត​ទៅ ប្រទេស​ ដូចជា ស៊ីរី និង​អ៊ីរ៉ាក់​នេះ មាន​ឈ្មោះ​ជា​ប្រទេស​តែ​នៅលើ​ក្រដាស​តែ​ប៉ុណ្ណោះ។ រីឯនៅលើ​ដីជាក់ស្តែងវិញ គ្មានទេ​ភាព​រួបរួមគ្នា​ជា​លក្ខណៈ​ប្រជាជាតិ។ ប្រជាជន​ម្នាក់ៗ ភ្ជាប់​អត្តសញ្ញាណ​ខ្លួន​ឯង​ទៅនឹង​សហគមន៍ ជាតិសាសន៍ ឬ​និកាយ​សាសនា​របស់​ខ្លួន ជាជាងទៅនឹង​ប្រទេស​ជាតិ។ ម្នាក់ៗ​គិត​ទៅដល់​ផលប្រយោជន៍​ និង​អត្តសញ្ញាណ​ជា​ស៊ុននីត ជា​ស្ហ៊ីអ៊ីត ឬ​ជា​គួឌីស្ថាន មុននឹង​គិតទៅដល់​ភាព​ជាពលរដ្ឋ​អ៊ីរ៉ាក់ ឬ​ស៊ីរី។

ប្រទេស​ទាំងពីរ​នេះ​​​អាច​រក្សា​អត្ថិភាព​ជា​រដ្ឋ​​នៅ​ជាប់លាប់​បាន នៅ​ក្នុងរយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងទៅនេះ គឺ​ដោយសារ​តែ​មាន​របប​ផ្តាច់ការ និង​មេដឹកនាំ​ជា​បុរស​ខ្លាំង ប្រើ​កណ្តាប់​ដៃដែក​​គាបសង្កត់​ ចាប់​បង្ខំ​ឲ្យ​ប្រជាជន​នៅ​រួបរួមគ្នា​ជា​ប្រជាជាតិតែមួយ។ នៅពេលដែល​របបផ្តាច់ការ​ត្រូវ​ដួលរលំ ឬ​រង្គោះរង្គើ ដូចជា ករណី​សាដាមហ៊ូសេន នៅ​អ៊ីរ៉ាក់ និង​របបដឹកនាំ​របស់​លោក​បាស្ហា អាល់អាសាដ នៅ​ស៊ីរី ក្នុងពេល​បច្ចុប្បន្ន​នេះ​ ភាព​រួបរួម​ជា​ប្រជាជាតិ​ដែល​មាន​តែ​សម្បក​ខាងក្រៅ ហើយ​ដែល​កើតមាន​​​ដោយសារតែ​ការ​ចាប់បង្ខំនោះ ក៏​ត្រូវ​រលំរលាយ​ទៅតាម​នោះ​ដែរ គឺ​ពួក​ស៊ុននីត​ទៅដោយ​ស៊ុននីត ស្ហ៊ីអ៊ីត​ទៅដោយ​ស្ហ៊ីអ៊ីត ហើយ​គួឌីស្ថាន​ទៅដោយ​គួឌីស្ថាន។ និមិត្តរូប​ធំជាងគេ ដែល​បង្ហាញ​ពី​ការ​រលំរលាយ​នៃ​ខ្សែបន្ទាត់​ព្រំដែន​សៃក្ស៍-ពីកូ គឺ​ការ​កកើត​រដ្ឋ​អ៊ីស្លាម ដែល​​ជា​ក្រុម​​​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត​នៅ​អ៊ីរ៉ាក់​និង​នៅ​ស៊ីរី ហើយ​ដែល​បាន​ប្រកាស​លុបចោល​ទាំងស្រុង​នូវ​ខ្សែបន្ទាត់​ព្រំដែន ដែល​គូដោយ​បារាំង និង​អង់គ្លេស កាលពី​១០០ឆ្នាំមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ