ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/06 12h00 GMT

តេងស៊ាវភីង៖ ​ការ​វិលត្រឡប់​ទៅ​កាន់អំណាច​ក្រោយ​និរទេស

តេងស៊ាវភីង៖ ​ការ​វិលត្រឡប់​ទៅ​កាន់អំណាច​ក្រោយ​និរទេស
 
លោក តេង ស៊ាវភីង (ស្តាំ) ពេល​ជួប​ជាមួយ​លោក​ជេរ៉ាល ហ្វដ ប្រធានាធិបតី​អាមេរិក នៅ​ឆ្នាំ​១៩៧៥

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់ លោក តេង ស៊ាវភីង ដោយ​លើកឡើង អំពី​ការវិលត្រឡប់​ទៅ​កាន់​អំណាច ក្រោយ​ពី​បញ្ចប់​ការ​និរទេស​លត់ដំខ្លួន​នៅ​ស្រុកស្រែ ក្នុង​អំឡុង​បដិវត្តន៍​វប្បធម៌។

នៅ​ឆ្នាំ​១៩៦៩ ម៉ៅសេទុង​បាន​បញ្ជូន​ តេង ស៊ាវភីង ឲ្យ​ទៅរស់​នៅ​និរទេស​ខ្លួន​នៅ​ជាំងស៊ី ក្នុងហេតុផល​ថា ដើម្បី​ឲ្យ​លោក​លត់ដំ​កែប្រែខ្លួន​ពី​គំនិត​មូលធន​និយម។ ក៏ប៉ុន្តែ ផ្ទុយ​ពី​ការគិត​របស់​ម៉ៅសេទុង គឺ​នៅ​ក្នុង​អំឡុង​ពេល​រស់នៅ​និរទេស​នៅ​ជាំងស៊ី ដែល​ តេង ស៊ាវភីង បាន​កំណត់​ក្នុង​ចិត្ត​កាន់តែ​ច្បាស់​ថា ចិន​ត្រូវការ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ងាកចេញ​ពី​នយោបាយ​របស់​ម៉ៅសេទុង ដែល​តាមពិត​ជា​នយោបាយ​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​ធ្វើ​បដិវត្តន៍ តែ​វាលែង​ស្រប​នឹង​កាលៈទេសៈ​នៅ​សម័យកាល​ក្រោយ​បដិវត្តន៍។

ក៏ប៉ុន្តែ តេង ស៊ាវភីង ក៏​បាន​យល់​ច្បាស់ដែរ​ថា លោក​មិន​អាច​នាំមក​នូវការ​ផ្លាស់ប្តូរ​អ្វី​បាន​ទេ ប្រសិនបើ​លោក​ស្ថិត​នៅ​ក្រៅរដ្ឋាភិបាល។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​សម្រេច​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​​ឲ្យ​ម៉ៅសេទុង​អនុញ្ញាត​ឲ្យ​លោក​ត្រឡប់​ទៅធ្វើការ​វិញ។
 
នៅ​ចុងឆ្នាំ១៩៧១ នៅក្រោយ​ពេល​ឮដំណឹង​អំពី​​​ការ​ស្លាប់​របស់​​សេនាប្រមុខ លីន ពៀវ នៅក្នុង​ការ​ធ្លាក់​យន្តហោះ​ពេល​រត់គេចខ្លួន ក្រោយ​រង​ការ​ចោទពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តេង ស៊ាវភីង ក៏​បាន​សម្រេច​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ម៉ៅសេទុង ដោយ​បាន​ថ្កោលទោស​ លីន ពៀវ និង​លើកសរសើរ​ភាព​ឈ្លាសវៃ​របស់​លោក​ប្រធានម៉ៅ ក្នុងការ​ទប់ស្កាត់​រដ្ឋប្រហារ​មិន​ឲ្យ​បាន​សម្រេច។ ក្នុងពេល​ជាមួយគ្នា តេង ស៊ាវភីង បាន​លើកឡើង​ថា ការ​លត់ដំខ្លួន​នៅ​ជាំងស៊ី ទៅតាម​ការ​ណែនាំរបស់​លោក​ប្រធានម៉ៅ បាន​ធ្វើ​ឲ្យ​លោក​មាន​ការ​ភ្ញាក់រឭក និង​កែប្រែខ្លួន​ឡើងវិញ ហើយ​សង្ឃឹម​ថា​ថ្ងៃណាមួយ​នឹង​អាច​វិលត្រឡប់​មក​ធ្វើការ​​​វិញ ដើម្បី​តបស្នង​នូវគុណូបការៈ​ដ៏ធំធេង​របស់​បក្ស។
 
នៅ​ក្នុង​រយៈពេល​ជាច្រើន​ខែ​ តេង ស៊ាវភីង មិនបាន​ទទួល​ចម្លើយ​អ្វី​ទាំងអស់​តប​ទៅនឹង​លិខិត​របស់​លោក។ នៅខែ​សីហាឆ្នាំ​១៩៧២ តេង ស៊ាវភីង បាន​សរសេរ​លិខិត​មួយច្បាប់​ទៀត ទៅ​ម៉ៅសេទុង ដោយ​បាន​សន្យាថា ប្រសិនបើ​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ធ្វើការ​វិញ លោក​នឹង​ដើរតាម​គន្លងនយោបាយ​បដិវត្តន៍​របស់​ម៉ៅសេទុង​ដោយ​ឥតងាករេ។
 
ការសន្យា​របស់​តេង ស៊ាវភីង បាន​ធ្វើ​ឲ្យ​ម៉ៅសេទុង​ស្កប់ចិត្តច្រើន ហើយ​ក្នុង​ពេល​ជាមួយគ្នា​នោះ ជូ អេនឡាយ​ក៏បាន​​ព្យាយាម​ពន្យល់​​ម៉ៅសេទុង​ថា បក្ស​ត្រូវការ​មនុស្ស​មាន​សមត្ថភាព​ដូចជា តេង ស៊ាវភីង ដើម្បី​ជួយ​ធ្វើការ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​ដែល​កំពុងតែ​​ដុនដាបខ្លាំង។នៅ​ទីបំផុត ម៉ៅសេទុង​ក៏​បាន​យល់ព្រម ហើយ​​នៅ​ខែកុម្ភៈ​ឆ្នាំ​១៩៧៣ តេង ស៊ាវភីង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចប់​ការ​និរទេស ហើយ​វិលត្រឡប់​ទៅ​ប៉េកាំងវិញ។
 

ជិតមួយខែ​ក្រោយ​ពី​មក​ដល់​ប៉េកាំងវិញ តេង ស៊ាវភីង បាន​ជួប​ជាមួយ ជូ អេនឡាយ នៅថ្ងៃ​ទី២៨​មីនា ហើយ​ក្រោយ​ពី​ជំនួបនេះ ជូ អេនឡាយ បាន​រាយការណ៍​ភ្លាម​ទៅ​ម៉ៅសេទុង​ថា តេង ស៊ាវភីង នៅមាន​គំនិត​ភ្លឺស្វាង ព្រមទាំង​​សុខភាព​មាំទាំ អាច​ចូល​ធ្វើការ​វិញ​ពេលណា​ក៏បាន។ ស្តាប់​ការ​វាយតម្លៃ​របស់​ ជូ អេនឡាយ​ហើយ ម៉ៅសេទុង​ក៏​បាន​អនុញ្ញាត​ឲ្យ​តេង ស៊ាវភីង ចូល​ជួប​ជា​លើកដំបូង​ចាប់តាំង​ពី​ពេល​មាន​បដិវត្តន៍​វប្បធម៌។ នៅល្ងាច​ថ្ងៃ​ដដែល ជូ អេនឡាយ កោះប្រជុំ​គណៈអចិន្រ្តៃយ៍​បក្ស ហើយ​បាន​ប្រកាស​ជាផ្លូវការ អំពី​ការតែងតាំង តេង ស៊ាវភីង ជា​ឧបនាយករដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​បរទេស។
 
​នៅថ្ងៃ​ទី១២ ខែមេសា ឆ្នាំ​១៩៧៣ ក្រោយ​ពី​បាត់មុខ​​អស់រយៈពេល ៤ឆ្នាំ (ចាប់តាំងពី​ឆ្នាំ​១៩៦៨) តេង ស៊ាវភីង បាន​ចេញមុខ​ជាសាធារណៈ​ឡើងវិញ​ជាលើកទីមួយ នៅ​ក្នុង​ឱកាស​ជប់លៀង​ទទួល​​​​សម្តេច​ព្រះនរោត្តមសីហនុ ដែល​បំពេញទស្សនកិច្ច ​ក្នុងឋានៈ​ជា​ប្រមុខរាជរដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា (រដ្ឋាភិបាល​និរទេស​រួមជាមួយ​ពួ​ក​ខ្មែរក្រហម​​ ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​របបសាធារណរដ្ឋខ្មែរ)។
 
នៅឆ្នាំ១៩៧៤ ជូ អេនឡាយ ត្រូវ​ធ្លាក់​ខ្លួន​ឈឺធ្ងន់ធ្ងរ​​​មិន​អាច​ធ្វើការ​បាន តេង ស៊ាវភីង ត្រូវ​បាន​ម៉ៅសេទុង​​ប្រគល់​ភារកិច្ច​ឲ្យ​ធ្វើ​ជា​អ្នក​ចាត់ចែង​កិច្ចការ​រដ្ឋ​ប្រចាំថ្ងៃ​។ ក៏ប៉ុន្តែ ការដំឡើង​មុខងារ​ តេង ស៊ាវភីង ជា​បន្តបន្ទាប់​នេះ បាន​ធ្វើ​ឲ្យ​ពួក​ជ្រុលនិយម​មួយក្រុម​​នៅ​ក្នុង​បក្ស​មិនសប្បាយចិត្ត ជាពិសេស គឺ លោកស្រី ជៀន ឈីង និង​បក្សពួក៣នាក់​ផ្សេងទៀត គឺ​ វ៉ាង ហុងវេន, ចាង ជុនឆាវ និង យ៉ាវ វេនយ័ន ដែល​សុទ្ធសឹង​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​​គណៈអចិន្រ្តៃយ៍​បក្ស​ ។ អ្នក​ទាំងបួន ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា “ជើងកាងទាំង៤” ចេះតែ​បន្ត​រករឿង​មក​វាយប្រហារ តេង ស៊ាវភីង ជាប់ជា​ប្រចាំ។
 
នៅ​ខែមករា ឆ្នាំ១៩៧៦ ជូ អេនឡាយ ដែល​ជា​ខ្នងបង្អែក​ដ៏ធំមួយ​របស់ តេង ស៊ាវភីង ត្រូវ​ទទួល​មរណភាព​ដោយ​ជំងឺ​មហារីក។ ក្រុម “ជើងកាងទាំង៤” ក៏រឹតតែមាន​ឱកាស​វាយប្រហារ​ តេង ស៊ាវភីង កាន់តែ​ខ្លាំង​ជាងមុន។
 
នៅខែ​មេសា ៣ខែ​ក្រោយ​មរណភាព​របស់​ជូ អេនឡាយ និង​ត្រូវ​ចំ​រដូវ​បុណ្យ​ឆេងម៉េង អ្ន​កគាំទ្រ​ជូ អេនឡាយ មួយក្រុមបានជួបជុំគ្នា​នៅ​ទីលាន​ធានអានមេន ដើម្បី​រំឭក​វិញ្ញានក្ខន្ធ ជូ អេនឡាយ​ផង និង​ឆ្លៀត​បរិហារ​រិះគន់​អាជ្ញាធរ​ថា មិនបាន​រៀបចំ​បុណ្យសពជូន​លោក​ឲ្យ​សក្តិសម​ជា​រដ្ឋបុរស​ដ៏ឆ្នើម​ដែល​គេ​គោរព​ស្រឡាញ់។ ក្នុងពេល​ជាមួយគ្នា ពួកគេ​ក៏​បាន​នាំគ្នា​ស្រែក​គាំទ្រ​ការដឹកនាំ​របស់ តេង ស៊ាវភីង​ផងដែរ។
 
ហេតុការណ៍​នៅ​ធានអានមេន​នេះ​ត្រូវ​បាន​ក្រុម « ជើងកាងទាំង៤” ចាត់ទុក​ថា​ជា​ចលនា​ប្រឆាំង​បដិវត្តន៍ ប្រឆាំង​នឹង​លោក​ប្រធានម៉ៅ ហើយ​បាន​ជាលេស​មក​បង្កើន​ការ​វាយប្រហារ​លើ​ តេង ស៊ាវភីង ដែល​ពួកគេ​ចោទ​ថា​ជា​អ្នក​ញុះញង់​ឲ្យ​មាន​ចលនា​បាតុកម្ម​នេះ។ នៅថ្ងៃ​ទី៧ខែមេសា ២ថ្ងៃ​ក្រោយ​បាតុកម្ម​នៅ​ធានអានមេន គណៈអចិន្រ្តៃយ៍​បក្ស​បាន​បើក​កិច្ចប្រជុំ​បន្ទាន់មួយ ហើយ​តាម​ការ​បញ្ជា​របស់​ម៉ៅសេទុង តេង ស៊ាវភីង ត្រូវ​បាន​គេ​ដក​តំណែង​ចេញ​វិញ​ទាំងអស់ ចំណែក​ឯ​តំណែងនាយករដ្ឋមន្រ្តី​របស់ ជូ អេនឡាយ ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​អ្នក​ផ្សេង គឺ ហួ គួហ្វឹង។ បន្ថែម​ពីលើ​នេះ​ទៅទៀត ម៉ៅសេទុង​បាន​តែងតាំង ហួ គួហ្វឹង ជា​អនុប្រធានទី១​នៃ​បក្ស​កុម្មុយនិស្ត ពោលគឺ​ជា អ្នក​ដែល​ត្រូវ​ស្នងតំណែង​ជា​មេដឹកនាំ​បក្ស​ ដោយ​បិទផ្លូវ​មិន​ឲ្យ តេង ស៊ាវភីង អាច​វិលត្រឡប់​មក​កាន់​អំណាច​វិញ​បាន។
 
ក៏ប៉ុន្តែ នៅ​ក្រោយ​មរណភាព​របស់​ម៉ៅសេទុង នៅថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​១៩៧៦ ហួ គួហ្វឹង បានចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន ក្រុម “ជើងកាងទាំង៤” យក​មក​កាត់ទោស បោសសម្អាត​​ក្រុម​អ្នក​មាន​គំនិត​ម៉ៅនិយម​ជ្រុល​ចេញ​ពី​ជួរ​ថ្នាក់ដឹកនាំ​បក្ស ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៧៧ តេង ស៊ាវភីង ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់តំណែង​សំខាន់ៗ​ឡើងវិញ ក្នុងនោះ រួមមាន​តំណែង​ជា​អនុប្រធាន​​​គណៈមជ្ឈិម, អនុប្រធាន​គណៈកម្មាធិការ​កងទ័ព និង​ជា​នាយសេនាធិការ​កងទ័ពជាតិ។
 
តាមឋានានុក្រម តេង ស៊ាវភីង ធ្វើការ​ក្រោម​បង្គាប់​របស់ ហួ គួហ្វឹង ក៏ប៉ុន្តែ នៅ​ក្នុង​ស្ថានភាព​ជាក់ស្តែង ហួ គួហ្វឹង មិនមែន​ជា​ឥស្សរជន​ដែល​មាន​កេរ្តិ៍ឈ្មោះ មាន​ប្រវត្តិ​ជោគជ័យ និង​ឥទ្ធិពល​ដូចជា​តេង ស៊ាវភីង​នោះទេ។ តាមការពិត នៅ​ពេលនោះ អត់ពី​ម៉ៅសេទុង និង​ជូ អេនឡាយ​ទៅ គឺ​ តេង ស៊ាវភីង ដែល​ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ខាងផ្នែក​សេដ្ឋកិច្ច នយោបាយ និង​ការទូត។ ចំណែក​ឯ​ក្នុង​ជួរ​កងទ័ព​វិញ តេង ស៊ាវភីង ក៏​មាន​ឥទ្ធិពល​ខ្លាំងជាងគេដែរ ចាប់តាំង​ពី​ក្រោយ​ការស្លាប់​របស់ លីន ពៀវមកម៉្លេះ។
 
ហេតុដូច្នេះហើយ​បាន​ជា ថ្វីដ្បិត​តែ ហួ គួហ្វឹង មាន​តំណែង​ជា​ប្រធាន​បក្ស និង​ជា​នាយករដ្ឋមន្រ្តី តែធាតុពិត​ជាក់ស្តែង គឺ តេង ស៊ាវភីង ដែល​ជា​អ្នក​ចាត់ចែង​កិច្ចការ​សំខាន់ៗ ទាំង​នៅ​ក្នុង​បក្ស ​និង​កិច្ចការ​​រដ្ឋ។ តាមការពិត តេង ស៊ាវភីង បាន​ក្លាយ​ជា​ប្រមុខដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​មិនមាន​តំណែង​ផ្លូវការ​​ជាមេដឹកនាំនោះទេ ទោះ​ជា​ប្រធានាធិបតី​ក៏មិនមែន ជា​នាយករដ្ឋមន្រ្តី​ក៏​មិនមែន ហើយ​ជា​ប្រធាន​បក្ស​ក៏មិនមែន គឺ​លោក​មាន​តំណែង​ត្រឹមតែ​ជា​អនុប្រធានបក្ស​តែ​ប៉ុណ្ណោះ៕

  • អាល់ប៊ែរ ​អាញ់ស្តាញ់ ​(១៨៧៩-១៩៥៥)

    អាល់ប៊ែរ ​អាញ់ស្តាញ់ ​(១៨៧៩-១៩៥៥)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមរៀបរាប់​ជូន​លោក​អ្នក​ស្តាប់ អំពី​ប្រវត្តិ​អ្នក​ប្រាជ្ញ​ដ៏​ល្បីឈ្មោះ​មួយ​រូប​ទៀត គឺ​លោក​អាល់ប៊ែរ …

  • ញូតុន៖ រវាងភាពឆ្លាតវៃខាងប្រាជ្ញា និងភាពផុយស្រួយខាងផ្លូវចិត្ត

    ញូតុន៖ រវាងភាពឆ្លាតវៃខាងប្រាជ្ញា និងភាពផុយស្រួយខាងផ្លូវចិត្ត

    នៅក្នុង​នាទីប្រវត្តិសាស្រ្ត​របស់​យើង​នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​ប្រវត្តិ​របស់​លោក​អ៊ីសាក់ ញូតុន ដោយ​សូមលើកឡើង អំពី​វិបត្តិ​ផ្លូវចិត្ត​ដែល​ញូតុន​បាន​ឆ្លងកាត់ ព្រមទាំង​អំពី​ដំណើរ​ជីវិត​ចុងក្រោយ​ …

  • ញូតុន៖ ​រវាង​ភាពល្បីល្បាញ ​និង​ភាព​ចម្រូងចម្រាស

    ញូតុន៖ ​រវាង​ភាពល្បីល្បាញ ​និង​ភាព​ចម្រូងចម្រាស

    នៅក្នុង​នាទីប្រវត្តិសាស្រ្ត​របស់​យើង​នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​ប្រវត្តិ​របស់​លោក​អ៊ីសាក់ ញូតុន ដោយ​សូមលើកឡើង អំពី​ភាព​ចម្រូងចម្រាស​មួយ​ចំនួន នៅ​ក្នុង​​​ដំណើរជីវិត​របស់​ញូតុន …

  • ញូតុន ​ផ្លែប៉ោម ​និង​កម្លាំងទំនាញ​សកល

    ញូតុន ​ផ្លែប៉ោម ​និង​កម្លាំងទំនាញ​សកល

    នៅក្នុង​នាទីប្រវត្តិសាស្រ្ត​របស់​យើង​នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​ប្រវត្តិ​របស់​លោក​អ៊ីសាក់ ញូតុន ដោយ​សូមលើកឡើង អំពី​ដំណើររឿង​ដែល​គេ​តែងតែនាំគ្នា​លើកឡើង គឺ​ស្តីអំពី​ទំនាក់ទំនង …

  • អ៊ីសាក់ញូតុន ​(១៦៤២-១៧២៧)

    អ៊ីសាក់ញូតុន ​(១៦៤២-១៧២៧)

    នៅក្នុងនាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​ប្រវត្តិ​នៃ​អ្នក​ប្រាជ្ញ​ដ៏ល្បីឈ្មោះ​មួយ​ទៀត គឺ​លោក​អ៊ីសាក់ ញូតុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​តាមរយៈ​ទ្រឹស្តី​នៃ​កម្លាំងទំនាញសកល …

  • កាលីលេ​និង​ច្បាប់​នៃ​ចលនា

    កាលីលេ​និង​ច្បាប់​នៃ​ចលនា

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​កាលីលេ ដោយ​លើកឡើង អំពីដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​កាលីលេ …

  • កាលីលេ​ជាប់ទោស​ដោយសារ​មាន​ទ្រឹស្តី​តារាសាស្រ្ត​ផ្ទុយពី​ទ្រឹស្តី​សាសនា

    កាលីលេ​ជាប់ទោស​ដោយសារ​មាន​ទ្រឹស្តី​តារាសាស្រ្ត​ផ្ទុយពី​ទ្រឹស្តី​សាសនា

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​កាលីលេ ដោយ​លើកឡើង អំពីការ​ជាប់​ទោស​ដោយសារ​តែ​ទ្រឹស្តី​តារាសាស្រ្ត …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ