ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/04 12h00 GMT

តេងស៊ាវភីង៖ ​ជីវិត​និរទេស​នៅ​ស្រុកស្រែ​​ក្នុង​អំឡុង​បដិវត្តន៍​វប្បធម៌

តេងស៊ាវភីង៖ ​ជីវិត​និរទេស​នៅ​ស្រុកស្រែ​​ក្នុង​អំឡុង​បដិវត្តន៍​វប្បធម៌
 
លោក តេង ស៊ាវភីង គឺ​ជា​ចំណុចស៊ីប​នៃ​ការ​វាយប្រហារ​របស់​ក្រុម​យុវជន "ឆ្មាំក្រហម" ក្នុង​អំឡុង​បដិវត្តន៍​វប្បធម៌

នៅ​ក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅសប្តាហ៍​នេះ សេង ឌីណា​ សូម​បន្ត​រៀបរាប់​អំពីប្រវត្តិ​របស់​លោក តេង ស៊ាវភីង ដោយលើកឡើង អំពី​ជីវិត​នៅ​ក្នុង​ការនិរទេស​ទៅនៅ​ស្រុកស្រែ នៅ​ក្នុង​អំឡុង​បដិវត្តន៍​វប្បធម៌។

នៅ​ឆ្នាំ១៩៦៧ តេង ស៊ាវភីង ត្រូវ​បាន​ម៉ៅសេទុង​ដកហូត​តំណែង​ ហើយ​ចាប់ឃុំ​ក្នុងផ្ទះ នៅ​ប៉េកាំង។ តេង ស៊ាវភីង ដែល​ធ្លាប់​ជា​មនុស្ស​ដ៏ជំនិត​​របស់​ម៉ៅសេទុង បាន​ក្លាយ​ទៅជា​គូសត្រូវ​ខាង​នយោបាយ ហើយ​ជាជនរងគ្រោះ នៅ​ក្នុង​បដិវត្តន៍​វប្បធម៌​ ដែល​ម៉ៅសេទុង​បាន​ប្រកាស​បើក​ធ្វើ កាលពីឆ្នាំ​១៩៦៦។

ក៏ប៉ុន្តែ ខុសពី​គូសត្រូវ​ផ្សេងទៀត​របស់​ម៉ៅសេទុង​នៅពេលនោះ ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​បក្ស ខ្លះ​ត្រូវ​ជាប់គុក ហើយ​ខ្លះ​ទៀត​ត្រូវ​សម្លាប់ តេង ស៊ាវភីង បាន​ទទួល​នូវការ​អត់ឱន​ច្រើន​​ពី​ម៉ៅសេទុង។ តេង ស៊ាវភីង និង​ក្រុម​គ្រួសារ​មិន​ត្រូវ​ចាត់បញ្ចូល​ក្នុង​វណ្ណៈ​សត្រូវ​នឹង​បដិវត្តន៍​នោះទេ​ ហើយ​សមាជិកភាព​របស់​តេង ស៊ាវភីង នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ក៏​មិនត្រូវ​បាន​ដកហូត​នោះដែរ។ ទោះជាយ៉ាងណា នៅ​ឆ្នាំ១៩៦៩ ម៉ៅសេទុង​បាន​សម្រេច​និរទេស តេង ស៊ាវភីង​ឲ្យ​ទៅ​នៅ​ស្រុកស្រែ ដើម្បី​លត់ដំកែប្រែខ្លួន។
 
ថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៦៩ តេង ស៊ាវភីង និង​ភរិយា​ ត្រូវ​បាន​គេនាំខ្លួន​ចេញ​ពី​ផ្ទះ​នៅប៉េកាំង ដឹកតាម​យន្តហោះ​ពិសេស ទៅកាន់​ក្រុងណានឆាង ក្នុងខេត្ត​ជាំងស៊ី ទីកន្លែង​ដែល​ តេង ស៊ាវភីង ធ្លាប់ធ្វើការ​ជាមួយម៉ៅសេទុង នៅ​ពេល​ចាប់ផ្តើម​​ចលនា​តស៊ូ​ប្រដាប់អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​គួមីនតាង។
 
មុនពេល​តេង ស៊ាវភីង​ចេញដំណើរ ជូ អេនឡាយ ដែល​ជា​នាយករដ្ឋមន្រ្តី និង​ជា​រៀមច្បង​ធ្លាប់​ធ្វើការ​ជាមួយ​ តេង ស៊ាវភីង តាំង​ពី​ពេល​រៀន​នៅ​ស្រុក​បារាំង បាន​ទូរស័ព្ទ​ទៅ​​ផ្តាំផ្ញើ​អាជ្ញាធរដែនដី​នៅ​ជាំងស៊ី​ឲ្យ​ជួយ​មើល​ការខុសត្រូវ រៀបចំ​កន្លែង​រស់នៅ​ឲ្យ​បាន​សមរម្យ​ និង​ជាពិសេស ត្រូវ​រក្សា​សន្តិសុខ​ឲ្យ​បាន​រឹងមាំ ធ្វើ​យ៉ាងណា​កុំ​ឲ្យ តេង ស៊ាវភីង ត្រូវ​ក្រុមយុវជន​ “ឆ្មាំក្រហម” ធ្វើ​ទុក្ខបុកម្នេញ។
 
ទៅតាម​ការផ្តាំផ្ញើ​របស់​ជូ អេនឡាយ អាជ្ញាធរ​ស្រុក​ជាំងស៊ី​បាន​រៀបចំ​ផ្ទះ​ធំល្មមមួយ នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល តេង ស៊ាវភីង ត្រូវ​ធ្វើការ។ ផ្ទះ​នេះ​មាន​ពីរ​ជាន់។ តេង ស៊ាវភីង និង​ក្រុម​គ្រួសារ​រស់នៅ​ជាន់ខាងលើ ចំណែក​ឯ​ជាន់ខាងក្រោម គឺ​សម្រាប់​មន្រ្តី​រក្សា​សន្តិសុខ​ស្នាក់​នៅ​ប្រចាំការ។ ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ និង​មាន​ការ​រក្សា​សុវត្ថិភាព​បាន​ម៉ត់ចត់ តែ​តេង ស៊ាវភីង ត្រូវ​ធ្វើការ​ទៅតាម​ការ​កំណត់​របស់​បក្ស គឺ​ការងារ​ជា​កម្មករ​នៅ​រោងជាង​ជួសជុល​ត្រាក់ទ័រ។
 

រៀងរាល់​ព្រឹក តេង ស៊ាវភីង និង​ភរិយា ត្រូវ​ដើរ​ទៅ​ធ្វើការ​នៅ​រោងជាង ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១គីឡូម៉ែត្រ​ពី​ផ្ទះ ហើយ​ក្រៅពី​ការងារ​នៅ​រោងជាង តេង ស៊ាវភីង ត្រូវ​ធ្វើការ​នៅ​ក្នុង​ផ្ទះ ដូចជា ការ​ដាំដំណាំ បោសជូតផ្ទះ និង​ពុះអូស ជាដើម។ ចំណែក​ឯ​ពេល​ទំនេរ​ក្រៅពីនោះ លោក​ចំណាយពេល​អានសៀវភៅ និង​ស្តាប់​ព័ត៌មាន​តាមវិទ្យុ ព្រមទាំង​គិតពិចារណា​អំពី​អនាគត​ផ្ទាល់ខ្លួន និង​អនាគត​របស់​ប្រទេសជាតិ។
 
តាមពិត ថ្វីដ្បិត​តែ​ត្រូវ​គេ​ដកតំណែង​អស់ ហើយ​និរទេស​ឲ្យមក​រស់នៅ​តំបន់​ដាច់ស្រយាល តែ តេង ស៊ាវភីង នៅតែ​បន្ត​រក្សា​ក្តីសង្ឃឹម​ថា​ ថ្ងៃណាមួយ នឹង​អាច​វិលត្រឡប់​មក​ធ្វើការ​វិញ។ ការណ៍​ដែល​ម៉ៅសេទុង​មិនបណ្តេញ​លោក​ចេញ​ពី​បក្ស​ដូចជា​មេដឹកនាំ​ផ្សេងទៀត គឺ​ជា​កត្តា​ដ៏សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​​ តេង ស៊ាវភីង មិនបោះបង់​ក្តីសង្ឃឹម។
 
រយៈពេល​ប្រមាណ​ជា ៤ឆ្នាំ នៅ​ជាំងស៊ី ដែល​តាមពិត គឺ​ជា​ពេល​ត្រូវ​ទទួល​ទណ្ឌកម្ម ដើម្បី​លត់ដំខ្លួន​ ត្រូវ​បាន​ តេង ស៊ាវភីង ប្រែក្លាយ​ទៅជា​ឱកាស... ឱកាស​ដកខ្លួនថយ​ចេញ​ពី​ភាពច្របូកច្របល់​ខាង​នយោបាយ​នៅ​ប៉េកាំង, ពី​ការ​ប្រជែងអំណាច, ពីការ​បរិហាររិះគន់​គ្នា សង្ស័យគ្នា​ និង​ហែកហួរគ្នា​ទៅវិញទៅមក... ឱកាស​ដកខ្លួន​ចេញ​ពី​កិច្ចការរដ្ឋ​ប្រចាំថ្ងៃ ហើយ​មានពេល​គិតគូរ​ពី​យុទ្ធសាស្រ្ត​ទូលំទូលាយ​និង​ស៊ីជម្រៅ ​សម្រាប់​ប្រទេស​ជាតិ ក្នុងរយៈពេលវែង។
 
គឺនៅក្នុង​អំឡុងពេល​​រស់នៅ​និរទេស​នៅ​ជាំងស៊ី ដែល​តេង ស៊ាវភីង បាន​កំណត់​ច្បាស់ក្នុងចិត្ត​ថា ម៉ៅសេទុង ពិតណាស់​ជា​ប្រមុខដឹកនាំ​ប្រកប​ដោយ​ទេពកោសល្យ និងសម្រេច​បាន​នូវ​ស្នាដៃ​ដ៏ធំធេង​សម្រាប់​ប្រទេសជាតិ ក៏ប៉ុន្តែ យុទ្ធសាស្រ្ត​របស់​ម៉ៅសេទុង​មាន​ប្រសិទ្ធភាព​តែ​នៅ​ក្នុង​អំឡុង​ពេល​កំពុង​ធ្វើ​បដិវត្តន៍​តែ​ប៉ុណ្ណោះ។ នៅពេលនេះ បដិវត្តន៍​បាន​បញ្ចប់​ទៅហើយ ចិន​ត្រូវតែ​បើកទំព័រ​សករាជ​ថ្មី ដាក់ចេញ​នូវ​នយោបាយ​ថ្មី ដែល​ស្រប​ទៅនឹង​កាលៈទេសៈ​បច្ចុប្បន្ន ហើយ​នយោបាយ​ដែល​ស្រប​នឹង​កាលៈទេសៈ​នៃ​ស្រុក​សន្តិភាព គឺ​ត្រូវ​ផ្តោត​ទៅលើ​ការ​រក្សា​ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ជាពិសេស គឺ​កំណែទម្រង់​សេដ្ឋកិច្ច ដើម្បី​លើកតម្កើង​ជីវភាព​ប្រជាជន និង​នាំមកនូវ​ការ​អភិវឌ្ឍ​​ឲ្យ​ចិន​អាច​ដើរទាន់​ប្រទេស​ផ្សេងទៀត។
 

តេង ស៊ាវភីង ដឹង​ថា ចក្ខុវិស័យ​ដែល​លោក​មាន​សម្រាប់​ប្រទេស​ចិន​ក្រោយ​បដិវត្តន៍ គឺផ្ទុយ​ស្រឡះ​ពី​ចក្ខុវិស័យ​របស់​ម៉ៅសេទុង ក៏ប៉ុន្តែ តេង ស៊ាវភីង ​គឺ​ជា​មនុស្ស​មាន​ភាព​ប្រាកដ​និយម ហើយ​ដឹង​ច្បាស់​ថា ដរាបណា​ម៉ៅសេទុង​នៅ​រស់ ឆាកនយោបាយ​ចិន​នឹង​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល និង​អំណាច​របស់​ម៉ៅសេទុង។ ដូច្នេះ ដើម្បី​អាច​នាំមក​នូវការ​ផ្លាស់ប្តូរ​ស្របទៅ​តាម​ចក្ខុវិស័យ​របស់​លោក វិធី​ដ៏ល្អ​មិនមែន​ប្រឆាំង​​នឹង​ម៉ៅសេទុង​នោះទេ តែគឺ​ត្រូវ​ធ្វើការ​ជាមួយ​នឹង​ម៉ៅសេទុង។
 
តាមការពិត តេង ស៊ាវភីង​ធ្លាប់​បាន​មើលឃើញ​យ៉ាងច្បាស់ អំពី​វិនាសកម្ម​នៅ​សហភាព​សូវៀត ដែល​បង្កឡើង​ដោយ​ការហែកហួរគ្នា រវាង​មេដឹកនាំជំនាន់មុន និង​ជំនាន់ក្រោយ តាមបែប​ “ទឹកឡើងត្រីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ជាពិសេស គឺ​រវាង​នីគីតា គ្រូឆេវ និង​ស្តាលីន នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ៥០។
 
តេង ស៊ាវភីង បាន​កំណត់​ក្នុង​ចិត្ត​ថា លោក​នឹង​មិន​ដើរតាម​គន្លង​របស់​គ្រូឆេវ​ដែល​វាយប្រហារ​បន្ទោសបង្អាប់​មុខមាត់​របស់​ស្តាលីន​នោះទេ។ ផ្ទុយទៅវិញ លោក​នឹង​បន្ត​លើកតម្កើង​វីរភាព​របស់​ម៉ៅសេទុង​ក្នុង​នាម​ជា​ស្ថាបនិក​ និង​មេដឹកនាំ​ដ៏ភ្លឺស្វាង​នៃ​បដិវត្តន៍​កុម្មុយនិស្ត​ចិន ហើយដើម្បីអាច​ធ្វើ​កំណែទម្រង់​សំខាន់ៗ ដោយ​មិន​បង្កើត​ឲ្យ​មាន​ការ​ប្រឈមមុខ​ជាមួយ​នឹង​ម៉ៅសេទុង​និង​អ្នកគាំទ្រ លោក​នឹង​ខិតខំ​ពន្យល់​ពួកគេ​ថា កំណែទម្រង់​នេះ​គឺ​សុទ្ធតែ​ជា​ការ​ធ្វើ​តាម​គោលគំនិតដើម​​របស់​ម៉ៅសេទុង ដោយ​គ្រាន់តែ​សម្រប​ទៅតាម​កាលៈទេសៈ​​ជាក់ស្តែង​តែ​ប៉ុណ្ណោះ។
 
ក៏ប៉ុន្តែ អ្វីៗ​អស់ទាំងនេះ​​មិន​អាច​នឹង​កើតឡើង​បានទេ ប្រសិនបើ​លោក​ស្ថិត​នៅ​ក្រៅ​រដ្ឋាភិបាល។ ដូច្នេះ ជំហាន​ដំបូង​ដ៏​ចាំបាច់​បំផុត គឺ​ត្រូវ​តែ​រកវិធី​ធ្វើយ៉ាងណា​ឲ្យ​ម៉ៅសេទុង​អនុញ្ញាត​ឲ្យ​លោក​វិលត្រឡប់​ទៅ​ធ្វើការ​វិញ៕

  • អ៊ីសាក់ញូតុន ​(១៦៤២-១៧២៧)

    អ៊ីសាក់ញូតុន ​(១៦៤២-១៧២៧)

    នៅក្នុងនាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​ប្រវត្តិ​នៃ​អ្នក​ប្រាជ្ញ​ដ៏ល្បីឈ្មោះ​មួយ​ទៀត គឺ​លោក​អ៊ីសាក់ ញូតុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​តាមរយៈ​ទ្រឹស្តី​នៃ​កម្លាំងទំនាញសកល …

  • កាលីលេ​និង​ច្បាប់​នៃ​ចលនា

    កាលីលេ​និង​ច្បាប់​នៃ​ចលនា

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​កាលីលេ ដោយ​លើកឡើង អំពីដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​កាលីលេ …

  • កាលីលេ​ជាប់ទោស​ដោយសារ​មាន​ទ្រឹស្តី​តារាសាស្រ្ត​ផ្ទុយពី​ទ្រឹស្តី​សាសនា

    កាលីលេ​ជាប់ទោស​ដោយសារ​មាន​ទ្រឹស្តី​តារាសាស្រ្ត​ផ្ទុយពី​ទ្រឹស្តី​សាសនា

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​កាលីលេ ដោយ​លើកឡើង អំពីការ​ជាប់​ទោស​ដោយសារ​តែ​ទ្រឹស្តី​តារាសាស្រ្ត …

  • ស្នាដៃ​សំខាន់ៗ​របស់​កាលីលេ

    ស្នាដៃ​សំខាន់ៗ​របស់​កាលីលេ

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​អ្នក​ប្រាជ្ញ​ដ៏ល្បី​ក្នុង​ប្រវត្តិសាស្រ្ត គឺ​លោក​ កាលីលេ ដោយ​ផ្តោត​ទៅលើ​ស្នាដៃ​សំខាន់ៗ​មួយចំនួន​​របស់​លោក។

  • កាលីលេ៖ ​បិតា​នៃ​វិទ្យាសាស្រ្ត​សម័យ​ទំនើប

    កាលីលេ៖ ​បិតា​នៃ​វិទ្យាសាស្រ្ត​សម័យ​ទំនើប

    ចាប់ពីសប្តាហ៍​នេះទៅ នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង សេង ឌីណា នឹង​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​បុគ្គលល្បីៗ​មួយ​ចំនួន នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ …

  • តេងស៊ាវភីង៖ ​ការ​វិលត្រឡប់​ទៅ​កាន់អំណាច​ក្រោយ​និរទេស

    តេងស៊ាវភីង៖ ​ការ​វិលត្រឡប់​ទៅ​កាន់អំណាច​ក្រោយ​និរទេស

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់ លោក តេង ស៊ាវភីង ដោយ​លើកឡើង អំពី​ការវិលត្រឡប់​ទៅ​កាន់​អំណាច ក្រោយ​ពី​បញ្ចប់​ការ​និរទេស​លត់ដំខ្លួន​នៅ​ស្រុកស្រែ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ