ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT

តេងស៊ាវភីង៖ ​ពី​មនុស្សជំនិត​ទៅជា​គូសត្រូវ​របស់​ម៉ៅសេទុង

តេងស៊ាវភីង៖ ​ពី​មនុស្សជំនិត​ទៅជា​គូសត្រូវ​របស់​ម៉ៅសេទុង
 
លោក តេង ស៊ាវភីង (ស្តាំ) និង​ម៉ៅសេទុង នៅ​ឆ្នាំ១៩៥៩

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់លោក តេង ស៊ាវភីង ដោយ​សូម​លើកឡើង អំពី​ការប្រែប្រួល​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​ម៉ៅសេទុង គឺ​ប្រែប្រួល​ពី​មនុស្ស​ជំនិត ទៅ​ជា​គូសត្រូវ។

នៅ​ក្នុងរយៈពេល​​ប្រមាណ​ជា​ពីរ​ទសវត្សរ៍ ចាប់តាំង​ពី​សម័យ​សង្រ្គាម​ស៊ីវិល រហូត​ក្រោយ​ទទួល​ជោគជ័យ​បង្កើត​របបកុម្មុយនិស្ត​ចិន តេង ស៊ាវភីង​ និង​ម៉ៅសេទុង បាន​រក្សា​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​នឹងគ្នា ដោយ​ម៉ៅសេទុង​បាន​ផ្តល់​នូវការទុកចិត្ត ការការពារ​ខាងផ្នែក​នយោបាយ ព្រមទាំង​ផ្តល់​តំណែង និង​កិច្ចការ​ធំៗ​ជាច្រើន​ទៅ​ឲ្យ​តេង ស៊ាវភីង។

ចំណែក​ឯ​តេង ស៊ាវភីង​វិញ​បាន​អនុវត្ត​តាម​យ៉ាងខ្ជាប់​ខ្ជួន​នូវ​បទបញ្ជា និង​នយោបាយ​ដែល​ដាក់ចេញ​ដោយ​ម៉ៅសេទុង បើទោះបីជា​នយោបាយ​អស់ទាំងនោះ​មិន​ត្រូវ​ទៅតាម​គំនិត​របស់​តេង ស៊ាវភីង​ក៏ដោយ ជាពិសេស គឺ​នយោបាយ​សេដ្ឋកិច្ច​សមូហភាព និង​ក្រោយ​មក​ទៀត កំណែទម្រង់​ដែល​គេ​ឲ្យឈ្មោះ​ថា “មហាលោតផ្លោះ” ដែល​បាន​បង្ក​នូវ​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិចិន ព្រមទាំង​បាន​បណ្តាល​ឲ្យ​មាន​គ្រោះអត់ឃ្លាន​ សម្លាប់​ប្រជាជន​ចិន​រហូត​ដល់​ទៅ​រាប់លាននាក់។
 
នេះ​ក៏ដោយសារតែ​តេង ស៊ាវភីង គឺ​ជា​មនុស្ស​ដែលតែងតែ​​ប្រកាន់យ៉ាង​​ខ្ជាប់​នូវ​គោលការណ៍​ស្មោះត្រង់​ចំពោះ​មេកើយ គោរពវិន័យ និង​ឋានានុក្រម (ថ្នាក់​ក្រោម​ត្រូវតែ​ស្តាប់​បង្គាប់​ថ្នាក់​លើ)។ រីឯ​ម៉ៅសេទុង​វិញ ក៏​ជា​អ្នក​ដែល​មិនសូវ​ចេះ​ទទួល​​ការរិះគន់ ហើយ​មិនចេះអត់ឱន​ឲ្យ​អ្នកណា​ដែល​មាន​គំនិត​ផ្ទុយ​ពីខ្លួន។
 
បន្ថែម​ពីលើ​នេះ​ទៅទៀត តេង ស៊ាវភីង ក៏ដូចជា​មនុស្សជាច្រើន​ផ្សេងទៀត​នៅពេលនោះ សុទ្ធតែ​បាន​ឃើញពី​ទេពកោសល្យ​​ក្នុងការ​ដឹកនាំ យុទ្ធសាស្រ្ត​យោធា ​និង​ភាពឆ្លាតវ័យ​ខាង​​នយោបាយ ព្រមទាំង​ស្នាដៃ​ដ៏ធំធេង​ជាច្រើន​ផ្សេងទៀត ដែល​ម៉ៅសេទុង​សម្រេច​បាន ចាប់តាំងពីសម័យ​​សង្រ្គាម​ស៊ីវិល រហូត​បាន​​ទទួល​ជោគជ័យ​​​ឡើង​កាន់​អំណាច។ ហេតុដូច្នេះហើយ​បាន​ជា​ពួកគេ​បាន​ដាក់​ការ​ទុកចិត្ត​ខ្លាំង រហូត​​មើល​រំលង​កំហុសឆ្គងរបស់​ម៉ៅសេទុង។
 

ចំពោះ​តេង ស៊ាវភីង អ្វីៗ​មាន​ការប្រែប្រួល​​ចាប់ពី​​​ឆ្នាំ​១៩៥៩។ នៅពេលនោះ កំណែទម្រង់ “មហាលោតផ្លោះ” របស់​ម៉ៅសេទុង ទើប​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​បាន​ប្រហែល​ជា​មួយឆ្នាំ។​ នៅថ្ងៃមួយ តេង ស៊ាវភីង ត្រូវ​ដួល​បាក់ជើង ហើយ​ត្រូវ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​សម្រាក​ពី​ការងារ​ជាច្រើន​ខែ ដើម្បី​ព្យាបាល។ មាន​អ្នកខ្លះ ក្នុងចំណោម​អ្នក​ស្និទ្ធនឹង​តេង ស៊ាវភីងយល់ថា តេង ស៊ាវភីង មាន​ចេតនា​ដកខ្លួន​ចេញ​ពី​ការអនុវត្ត​កំណែទម្រង់ “មហាលោតផ្លោះ” និង​ជាពិសេស គេចចេញ​ពី​កិច្ចប្រជុំ​បក្ស ដែល​លោក​ត្រូវ​បង្ខំចិត្ត​និយាយការពារ​កំណែទម្រង់​របស់​ម៉ៅសេទុង។
 
បើទោះជា​មានចេតនា​មែន​ឬ​មិនមែន ការសម្រាក​ពីការងារ​រយៈពេល​ប៉ុន្មានខែ​នោះ បាន​ធ្វើ​ឲ្យ​តេង ស៊ាវភីង ផ្លាស់ប្តូរ​ទស្សនៈ​យ៉ាងច្រើន​ចំពោះ​ម៉ៅសេទុង ហើយ​នៅពេល​ដែល​លោក​វិលត្រឡប់​ចូល​មក​ធ្វើការវិញ តេង ស៊ាវភីង លែង​អនុវត្ត​តាម​ទាំងស្រុង​ទាំងងងឹតងងល់នូវ​នយោបាយ​របស់​ម៉ៅសេទុង​ដូចពីពេលមុនទៀតហើយ។ លោក​បាន​ចាប់ផ្តើម​ដាក់ចេញ​ដោយ​ប្រយ័ត្នប្រយែង​នូវ​វិធានការ​មួយចំនួន ដែល​មិនប្រឆាំង​ទាំងស្រុង​នឹង​បទបញ្ជា​របស់​ម៉ៅសេទុង ក៏ប៉ុន្តែ អាច​ជួយ​បន្ធូរបន្ថយ​ភាព​ជ្រុលហួសហេតុ​នៃ​នយោបាយ “មហាលោតផ្លោះ” ជាពិសេស នៅ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យអប់រំ។
 
ពីដំបូង ម៉ៅសេទុង​ហាក់ដូចជា​បាន​ទទួលស្គាល់​ពី​កំហុសឆ្គង​នៃ​នយោបាយ “មហាលោតផ្លោះ” របស់​លោក ហើយ​បាន​បណ្តោយ​ឲ្យ តេង ស៊ាវភីង ដាក់ចេញ​នូវ​វិធានការ​ដើម្បី​កែតម្រូវ​កំហុសឆ្គង​នេះឡើងវិញ។ ម៉ៅសេទុង​ថែមទាំង​បាន​សម្រេច​ដកខ្លួន​ចេញ​ពី​ការ​ដឹកនាំ​ប្រចាំថ្ងៃ ដោយ​ប្រគល់​កិច្ចការ​គ្រប់គ្រង​រដ្ឋ​ទៅ​ឲ្យ លៀវ ស្ហាវឈី ដែល​ជា​ប្រធានាធិបតីថ្មី និង​តេង ស៊ាវភីង ដែល​ជា​លេខាបក្ស។
 
លៀវ ស្ហាវឈី និង​ តេង ស៊ាវភីង ​បាន​ធ្វើការ​បន្ធូរបន្ថយ​នយោបាយ “មហាលោតផ្លោះ"​របស់​ម៉ៅសេទុង ​ដោយបាន​លុបចោល​ការ​ហូបរួម ហើយ​បង្កើត​ឲ្យ​មានឡើងវិញ នូវការ​ធ្វើកសិកម្ម​ជាលក្ខណៈ​ឯកជន។ គ្រោះអត់ឃ្លាន​ត្រូវ​បាន​កាត់បន្ថយ ហើយ​​សេដ្ឋកិច្ច​ក៏​ចាប់​ផ្តើម​ងើប​ចេញ​ពី​វិបត្តិ​មកវិញ។ ជោគជ័យ​នេះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ថ្មី​ទាំងពីរ​រូប បាន​ទទួល​នូវការ​គាំទ្រ​កាន់តែ​ខ្លាំង ហើយ​ក្នុងពេល​ជាមួយគ្នា បាន​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ម៉ៅសេទុង​នៅ​ក្នុង​បក្ស​ត្រូវ​ធ្លាក់​ចុះ​​ រហូត​ដល់​អ្នក​ខ្លះ​ហ៊ាន​សរសេរ​រិះគន់​​នយោបាយ “មហាលោតផ្លោះ" ​ជ្រុលនិយម​របស់​លោក​ថែម​ទៀតផង។
 
នៅពេលនោះហើយ ដែល​ទស្សនៈ​របស់​​ម៉ៅសេទុង​​ចំពោះ​តេង ស៊ាវភីង​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ ពី​មនុស្ស​ជំនិត​ ស្មោះត្រង់ គួរជាទីទុកចិត្ត ប្រែក្លាយទៅជា​គូប្រជែង​ខាង​នយោបាយ។ ម៉ៅសេទុង​ក៏​បាន​ចាប់ផ្តើម​រៀបគម្រោងការណ៍​កម្ចាត់​លៀវ ស្ហាវឈី និង​តេង ស៊ាវភីង ដើម្បី​ដណ្តើម​អំណាច​យក​មកកាន់កាប់​វិញ។
 
ដោយ​មាន​ការ​ជួយជ្រោមជ្រែង​ពី​សំណាក់ លីន ពៀវ ដែល​ជា​រដ្ឋមន្រ្តី​ការពារជាតិ និង​លោកស្រី ជៀន ឈីវ ដែល​ជា​ភរិយា​របស់​ម៉ៅសេទុង ព្រមទាំង​បក្សពួក​មួយចំនួន​ផ្សេងទៀត នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស យុទ្ធនាការ​ធំៗ​ចំនួនពីរ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើឡើង ទីមួយ គឺ​យុទ្ធនាការ​ឃោសនា​លើកតម្កើង​មុខមាត់​ម៉ៅសេទុង និង​មួយទៀត គឺ​យុទ្ធនាការ​បរិហារ​រិះគន់​ទៅលើ លៀវ ស្ហាវឈី និង​ តេង ស៊ាវភីង។
 
នៅ​ក្នុងរយៈពេល​ជាច្រើន​ខែ ក្រុម​អ្នក​ស្និទ្ធ​នឹង​ម៉ៅសេទុង​បាន​បើក​យុទ្ធនាការ​យ៉ាងពេញ​ទំហឹង បរិហាររិះគន់​ លៀវ ស្ហាឈី និង​តេង ស៊ាវភីង ដោយ​ហៅ​ពួកគេ​ថា​ជា​ពួក​អ្នក​មាន​គំនិត​មូលធន​និយម ដែល​កំពុងតែ​នាំ​ប្រទេស​ចិន​ដើរតាមផ្លូវ​ដែល​ប្រាសចាក​ពី​ការដឹកនាំ​ដ៏​មហាភ្លឺស្វាង​របស់​លោក​ប្រធានម៉ៅ។
 
អតីតកាល​របស់​តេង ស៊ាវភីង ក៏​ត្រូវ​បាន​គេ​បើកកកាយ​ជាសាធារណៈផងដែរ​ ដើម្បី​​ធ្វើ​ជា​ប្រធានបទ​នៃ​ការ​វាយប្រហារ​ ជាពិសេស គឺ​បរាជ័យ​របស់​តេង ស៊ាវភីង នៅ​ក្វាងស៊ី កាល​ពីដើមទសវត្សរ៍ឆ្នាំ៣០ ដោយ​​ក្រុម​អ្នក​ស្និទ្ធ​នឹង​ម៉ៅសេទុង​​នាំគ្នា​ចោទ តេង ស៊ាវភីង​ថា ជា​មេទ័ព​ដែល​កំសាក​រត់ចោល​កូនទាហាន ជាទាហាន​ដែល​រត់ចោល​សមរភូមិ។
 
នៅទីបំផុត​ទៅ គម្រោងការណ៍​របស់​ម៉ៅសេទុង​​បាន​ទទួល​ជោគជ័យ​ ហើយ​នៅ​ឆ្នាំ​១៩៦៦ ម៉ៅសេទុង​ក៏​បាន​ដណ្តើម​យក​អំណាច​ទាំងអស់​មក​កាន់កាប់វិញ រួចហើយ​ប្រកាស​បើក​ធ្វើ​បដិវត្តន៍​ថ្មីមួយទៀត គឺ “បដិវត្តន៍វប្បធម៌”។ ចំណែក​ឯ​គូសត្រូវ​ធំៗ​ទាំងពីរ​ត្រូវ​បាន​ដកចេញ​ពី​តំណែង។ លៀវ ស្ហាវឈី ត្រូវ​បាន​ចាប់ឃុំខ្លួន រហូត​ដល់​ស្លាប់​ក្នុង​កន្លែងឃុំឃាំង។ ចំណែកឯ តេង ស៊ាវភីង​វិញ ក៏​ត្រូវ​បាន​ម៉ៅសេទុង​ចាប់ដាក់​ឃុំ​នៅ​​ក្នុងផ្ទះ នៅ​ក្នុង​ក្រុងប៉េកាំង មុននឹង​និរទេស​ខ្លួន​​ឲ្យ​ទៅ​ស្រុកស្រែ ដើម្បី​ធ្វើការ​លត់ដំ​កែប្រែខ្លួន នៅ​ឆ្នាំ​១៩៦៩៕

  • ស្ទីវិន ហកឃីង ​(១៩៤២-បច្ចុប្បន្ន)

    ស្ទីវិន ហកឃីង ​(១៩៤២-បច្ចុប្បន្ន)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមរៀបរាប់​ជូន​លោក​អ្នក​ស្តាប់ អំពី​ប្រវត្តិ​អ្នក​ប្រាជ្ញ​ដ៏​ល្បីឈ្មោះ​មួយ​រូប​ទៀត គឺ​លោក ស្ទីវិន …

  • អាញ់ស្តាញ់៖ ​ដំណើរជីវិត​ចុងក្រោយ

    អាញ់ស្តាញ់៖ ​ដំណើរជីវិត​ចុងក្រោយ

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពីដំណើរជីវិត​ចុងក្រោយ​របស់​លោក។

  • អាញ់ស្តាញ់​និង​កុងស្តង់កូស្មូឡូស៊ិច៖ ​ពី ​“កំហុសឆ្គងដ៏ធំ” ​ទៅ ​“ថាមពលងងឹត”

    អាញ់ស្តាញ់​និង​កុងស្តង់កូស្មូឡូស៊ិច៖ ​ពី ​“កំហុសឆ្គងដ៏ធំ” ​ទៅ ​“ថាមពលងងឹត”

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយ​សូម​លើកឡើង​ …

  • អាញ់ស្តាញ់​និង​អាវុធ​នុយក្លេអ៊ែរ

    អាញ់ស្តាញ់​និង​អាវុធ​នុយក្លេអ៊ែរ

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពីតួនាទី​របស់​លោក …

  • អាញ់ស្តាញ់​ភៀសខ្លួន​ពី​អាល្លឺម៉ង់​ទៅ​ជ្រកកោន​នៅ​អាមេរិក

    អាញ់ស្តាញ់​ភៀសខ្លួន​ពី​អាល្លឺម៉ង់​ទៅ​ជ្រកកោន​នៅ​អាមេរិក

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពីការ​ភៀសខ្លួន​ចេញ​ពី​​ការធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិជ្វីហ្វ​​នៅ​អាល្លឺម៉ង់ …

  • អាញ់ស្តាញ់​និង​សកម្មភាព​ប្រឆាំង​សង្រ្គាម

    អាញ់ស្តាញ់​និង​សកម្មភាព​ប្រឆាំង​សង្រ្គាម

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពីនិន្នាការ​ប្រឆាំង​នឹង​សង្រ្គាម …

  • អាញ់ស្តាញ់៖ ​ពី​ទ្រឹស្តី​ទៅ​ភស្តុតាង​បញ្ជាក់​ពី ​General ​Relativity

    អាញ់ស្តាញ់៖ ​ពី​ទ្រឹស្តី​ទៅ​ភស្តុតាង​បញ្ជាក់​ពី ​General ​Relativity

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរ អាញ់ស្តាញ់ ជា​បន្តទៀត ដោយ​សូម​លើកឡើង​​ពី​ដំណើរការ​ស្វែងរក​ភស្តុតាង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ