អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាញ់ស្តាញ់​និង​អាវុធ​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ដោយសូមលើកឡើង​ពីតួនាទី​របស់​លោក នៅ​ក្នុងការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ។

អាល់ប៊ែរ អាញ់ស្តាញ់ និង​រូបមន្ត​ស្តីពី​ទំនាក់ទំនង រវាង​ថាមពល និង​ម៉ាស់ (E=mc²)
អាល់ប៊ែរ អាញ់ស្តាញ់ និង​រូបមន្ត​ស្តីពី​ទំនាក់ទំនង រវាង​ថាមពល និង​ម៉ាស់ (E=mc²) Pixabay
ផ្សាយពាណិជ្ជកម្ម

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ជាច្រើន​នាំគ្នា​ចាត់ទុក​លោក​អាល់ប៊ែរ អាញ់ស្តាញ់​ថា​ជា​បិតា​នៃ​អាវុធ​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ តាម​ការពិត​ទៅ ទ្រឹស្តី​​រូបវិទ្យា​របស់​អាញ់ស្តាញ់​មិនមែន​ជា​ទ្រឹស្តី​ដែល​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់​នោះទេ គឺ​គ្រាន់តែ​ជា​ទ្រឹស្តី ដែលបង្ហាញ​ពី​ទំនាក់ទំនង រវាង​ម៉ាស់ និង​ថាមពល។

ទ្រឹស្តីនេះ​ត្រូវ​បាន​អាញ់ស្តាញ់​រកឃើញ​ នៅ​ឆ្នាំ១៩០៥ ហើយ​ដែល​សរុបជារួម​តាមរយៈរូបមន្ត​ដ៏ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គឺ E=mc²។ នៅ​ក្នុងនេះ E គឺ​ជា​ថាមពល, m គឺ​ជា​ម៉ាស់ ចំណែក c គឺ​ល្បឿន​នៃ​ពន្លឺ (ហើយ​ល្បឿន​នៃ​ពន្លឺ​គឺ​មាន​តម្លៃ​ថេរ​ជានិច្ច​ទោះជា​នៅ​ក្នុង​ស្ថានភាព​ណាក៏ដោយ)។

តាមរយៈ​រូបមន្តនេះ អាញ់ស្តាញ់​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សមមូល​ រវាង​ថាមពល និង​ម៉ាស់ (សម្តីផ្ទាល់​របស់​អាញ់ស្តាញ់៖ « It followed from the special theory of relativity that mass and energy are both but different manifestations of the same thing   a somewhat unfamiliar conception for the average mind. ») ហើយ​លើស​ពីនេះ​ទៅទៀត ដោយសារ​តែ​ថាមពល គឺ​ជាផលគុណ រវាង​ម៉ាស់ និង​ការ៉េ​នៃ​ល្បឿន​ពន្លឺ ហើយ​ល្បឿនពន្លឺ​មាន​តម្លៃ​ខ្ពស់ ដូច្នេះ ម៉ាស់​ក្នុងបរិមាណ​ដ៏តិចតួច​មួយ​ក៏​​​អាច​​​បង្កើត​​ទៅជា​ថាមពល​ដ៏សម្បើមបានដែរ​។ នេះ​ហើយ​ជា​គោលការណ៍​​ដែល​បង្ហាញ​ឲ្យឃើញ នៅ​ក្នុង​ថាមពល​នុយក្លេអ៊ែរ។

ក៏ប៉ុន្តែ រូបមន្ត​របស់​អាញ់ស្តាញ់​​បង្ហាញ​ឲ្យ​ឃើញ​​តែ​ពី​គោលការណ៍​សមមូល រវាង​ម៉ាស់ និង​ថាមពល​តែ​ប៉ុណ្ណោះ តែ​មិន​បាន​បង្ហាញ​ពី​របៀប​នៃ​ការ​បំប្លែង​ពី​ម៉ាស់​ទៅ​ថាមពល​នោះទេ ហើយ​រឹតតែ​មិន​បាន​បង្ហាញ​ពី​យន្តការ​នៃ​ប្រតិកម្ម​នុយក្លេអ៊ែរ​នោះដែរ។

តាមការពិត ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ គឺ​ជា​ដំណើរ​វិវឌ្ឍ​ខាង​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែល​ជាលទ្ធផល​នៃ​ការ​បូកបញ្ចូលគ្នា​នូវ​ទ្រឹស្តី​និង​របកគំហើញ​ជាច្រើន រាប់ចាប់តាំង​ពី​ការ​រកឃើញ​សារធាតុ​វិទ្យុសកម្ម ដោយអ្នក​ប្រាជ្ញ​បារាំង ព្យែរ គួរី (Pierre Curie) និង​ម៉ារី គួរី (Marie Curie) តាំង​ពី​ឆ្នាំ១៨៩៨, ឆ្លងកាត់​តាម​រូបមន្ត​ E=mc² របស់​អាញ់ស្តាញ់ នៅ​ឆ្នាំ១៩០៥ រហូត​ទៅដល់​ការ​រកឃើញ​ទ្រឹស្តី​ទាក់ទង​នឹង​ប្រតិកម្ម​នុយក្លេអ៊ែរ ដោយ​អ្នក​ប្រាជ្ញ​ហុងគ្រី អាល្លឺម៉ង់ និង​បារាំង នៅ​ដើមទសវត្សរ៍​ឆ្នាំ១៩៣០ គឺ​ប្រតិកម្ម​នុយក្លេអ៊ែរ ដែល​អាច​បំប្លែង​ម៉ាស់​ទៅជា​ថាមពល និង​បង្កើត​ជា​កម្លាំងផ្ទុះ នៅ​ក្នុង​យន្តការ​នៃ​​គ្រាប់បែក​នុយក្លេអ៊ែរ។

ដូច្នេះ បើ​និយាយ​ខាង​ផ្នែក​វិទ្យាសាស្រ្ត ទ្រឹស្តី​របស់​អាញ់ស្តាញ់ គ្រាន់តែ​ជា​ចំណែក​​មួយ​ប៉ុណ្ណោះ នៅ​ក្នុង​ដំណើរវិវឌ្ឍ​ឆ្ពោះ​ទៅ​ការ​បង្កើត​​​អាវុធ​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ តួនាទី​ដែល​កាន់តែ​សំខាន់​​របស់​អាញ់ស្តាញ់ គឺ​ខាងផ្នែក​នយោបាយ​។ និយាយ​ឲ្យ​ចំ គឺ​សកម្មភាព​របស់​លោក ក្នុងការ​ជំរុញ​ឲ្យ​អាមេរិក​បង្កើត​គម្រោង​ផលិត​អាវុធ​នុយក្លេអ៊ែរ តាមរយៈ​លិខិត​ផ្ញើ​ជូន​ទៅ​លោក​ប្រធានាធិបតី​ ហ្វ្រែងឃ្លីន រូសវែល (Franklin D. Roosevelt) នៅ​ឆ្នាំ១៩៣៩។

នៅ​ក្នុង​ចំណោម​ទ្រឹស្តីវិទ្យាសាស្រ្ត​សំខាន់ៗ ដែល​នាំទៅរក​​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ ទ្រឹស្តី​ដ៏សំខាន់​​បំផុត​មួយ គឺ​ប្រតិកម្ម​នុយក្លេអ៊ែរ ហើយ​អ្នក​វិទ្យាសាស្រ្ត​ដ៏ល្បីឈ្មោះ​ជាងគេ នៅ​ក្នុង​ការ​រកឃើញ​ទ្រឹស្តី​នេះ គឺអ្នកប្រាជ្ញ​ខាង​រូបវិទ្យា​មក​ពី​ហុងគ្រី ឈ្មោះ លេអូ ស៊ីឡាដ (Leo Szilard)។ លេអូ ស៊ីឡាដ គឺ​ជាមិត្តភក្តិ​របស់​​អាញ់ស្តាញ់ ហើយ​ក៏​ជា​អ្ន​កវិទ្យាសាស្រ្ត​ដែល​រត់ភៀសខ្លួន​ចេញ​ពី​ពួកណាស៊ី ទៅ​ជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក​​ដូចជា​អាញ់ស្តាញ់​ដែរ។

នៅ​អំឡុង​ឆ្នាំ១៩៣៩ លេអូ ស៊ីឡាដ បាន​ស្វែង​ទៅ​ជួប​អាញ់ស្តាញ់ ដើម្បី​ប្រាប់​ពី​បញ្ហា​សំខាន់​ពីរ ទីមួយ អំពី​​ទ្រឹស្តី​របស់​លោក​ស្តី​ពី​ប្រតិកម្ម​នុយក្លេអ៊ែរ ដែល​អាច​បង្កើត​ជា​គ្រាប់បែក​ប្រល័យលោក និង​ទីពីរ អំពី​ការ​រកឃើញ​សារធាតុ​អ៊ុយរ៉ាញ៉ូម នៅ​ក្នុង​ប្រទេស​កុងហ្គោ ដែល​នៅពេលនោះ​ជាដែនអាណានិគម​ប៊ែលហ្ស៊ិក ហើយ​សារធាតុ​អ៊ុយរ៉ាញ៉ូម​នេះ​អាច​នឹង​ត្រូវអាល្លឺម៉ង់​ណាស៊ី​ប្រមូល​ទិញ ដើម្បី​យក​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ។

លទ្ធភាព​ដែល​ហ៊ីត្លែរ​អាច​នឹង​មាន​​អាវុធប្រល័យលោក​នៅ​ក្នុងដៃ​ គឺ​ជាក្តីបារម្ភ​ដ៏ធំបំផុត ដែល​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ទាំងពីរ​រូប​សម្រេច​ថា ត្រូវតែ​ប្រាប់​ប្រធានាធិបតី​​អាមេរិក​ឲ្យ​បាន​ដឹង​អំពី​រឿងនេះ ហើយ​នៅ​ពេលនោះ អ្នកប្រាជ្ញ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​អាច​មាន​ឥទ្ធិពល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រធានាធិបតី​អាមេរិក​បាន គឺ​អាញ់ស្តាញ់។

នៅខែ​តុលា​ឆ្នាំ១៩៣៩ នៅ​ក្នុងពេល​ដែល​សង្រ្គាម​លោកលើកទី២​ទើប​នឹង​ឆាបឆេះឡើង​នៅ​អឺរ៉ុប លិខិត​របស់​អាញ់ស្តាញ់​ត្រូវ​បាន​បញ្ជូន​ទៅដល់​សេតវិមាន ហើយ​នៅ​ក្នុង​លិខិត​នេះ អាញ់ស្តាញ់​បាន​ប្រាប់​លោក​ប្រធានាធិបតី​រូសវែល​ទៅតាម​ដំណើររឿង​ដូចអ្វី​ដែល​ លេអូ ស៊ីឡាដ ​បាន​ប្រាប់​លោក គឺ​លទ្ធភាព​នៃ​ការ​​​​យក​អ៊ុយរ៉ាញ៉ូម​ទៅ​ផលិតជា​គ្រាប់បែក​តាមរយៈ​ប្រតិកម្ម​នុយក្លេអ៊ែរ។ ក្នុងពេល​ជាមួយគ្នា អាញ់ស្តាញ់​ក៏​បានលើកឡើង​ផងដែរ​ថា នៅ​ក្នុង​ពេលនោះ អ្នក​វិទ្យាសាស្រ្ត​អាល្លឺម៉ង់​​​ប្រហែល​ជា​កំពុង​សិក្សា​លើ​ការ​ផលិត​អាវុធ​ប្រភេទ​ថ្មីនេះ ហើយ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​រូសវែល​ប្រមែរប្រមូល​​អ្នក​វិទ្យាសាស្រ្ត​នៅ​អាមេរិក ដើម្បី​សិក្សា​លើ​គម្រោង​នេះដែរ ដើម្បី​ពិនិត្យ​លទ្ធភាព​​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​មុន​ហ៊ីត្លែរ។

ប្រមាណ​ជា​៣សប្តាហ៍​ក្រោយ​មក លោក​ប្រធានាធិបតី​រូសវែលបាន​ផ្ញើ​លិខិត​​តប​ទៅ​​អាញ់ស្តាញ់​​វិញ ដោយ​ក្នុង​លិខិត​នោះ ក្រៅពី​បាន​អរគុណ​អាញ់ស្តាញ់ លោក​ប្រធានាធិបតី​រូសវែល​​បាន​ប្រាប់​ទៅ​អាញ់ស្តាញ់​ថា លោក​បាន​​ទទួល​តាម​អានុសាសន៍​របស់​អាញ់ស្តាញ់ ដោយ​រៀបចំ​ឲ្យ​មាននូវ​​ក្រុមការងារ​អ្នក​វិទ្យាសាស្រ្ត ដើម្បី​សិក្សា​លើ​គម្រោង​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ក្រុមការងារ​នេះ​បាន​ជួប​ប្រជុំគ្នា​ជា​ផ្លូវការ​ជា​លើកដំបូង តាំង​ពី​ថ្ងៃ​ទី២១តុលា ដោយ​មាន​កា​រចូលរួម​ពី​សំណាក់​អ្នកវិទ្យាសាស្រ្ត​ដែល​ជា​ជនភៀសខ្លួន​ពី​ពួកណាស៊ី ជាពិសេស គឺ​លេអូ ស៊ីឡាដ អ្នក​រកឃើញ​ប្រតិកម្ម​នុយក្លេអ៊ែរ និង​ជា​អ្នក​ដែល​ផ្តួចផ្តើម​គំនិត​ជាមួយ​អាញ់ស្តាញ់ ក្នុងការ​សរសេរលិខិត​ទៅ​លោក​ប្រធានាធិបតី​រូសវែល។ ​ការ​សិក្សា​របស់​ក្រុម​អ្ន​កវិទ្យាសាស្រ្ត​នេះ​ហើយ ដែលបង្កើត​ចេញ​ជា​គម្រោង ដែល​គេ​ឲ្យឈ្មោះ​ថា « Manhattan Project » ហើយ​ផលិត​បាន​ជា​គ្រាប់បែក​នុយក្លេអ៊ែរ​លើកដំបូង ហើយ​ដែល​អាមេរិក​យក​ទៅ​​ទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី របស់​ជប៉ុន នៅ​ឆ្នាំ១៩៤៥។

ផ្ទុយ​ពី​ លេអូ ស៊ីឡាដ និង​អ្ន​កវិទ្យាសាស្រ្ត​ជា​ជនភៀសខ្លួន​ពីណាស៊ី​ផ្សេងទៀត អាញ់ស្តាញ់​មិនបាន​ចូលរួម​នៅ​ក្នុង​គម្រោង​ផលិត​អាវុធ​នុយក្លេអ៊ែរ​នេះទេ ទាំង​នៅ​ក្នុង​ដំណាក់កាល​សិក្សា​ដោយ​ក្រុម​អ្ន​កវិទ្យាសាស្រ្ត និង​នៅ​ក្នុង​គម្រោង Manhattan Project។ នៅ​អំឡុង​ដើម​ឆ្នាំ១៩៤០ លោក​ប្រធានាធិបតី​រូសវែល​​ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​អាញ់ស្តាញ់​ចូលរួម​ប្រជុំ​ជាមួយ​ក្រុ​មការងារ​អ្ន​កវិទ្យាសាស្រ្ត​នុយក្លេអ៊ែរ​ដែរ ក៏ប៉ុន្តែ អាញ់ស្តាញ់​បាន​បដិសេធ។ តាមការពិត ក្រោយ​មក​ទៀត អាញ់ស្តាញ់​មិន​ទាំង​ត្រូវ​បាន​​កងទ័ព​អាមេរិក​អនុញ្ញាត​ឲ្យ​ទទួល​ព័ត៌មាន​ពី​គម្រោង Manhattan Project ផងទេ ដោយសារ​តែ​វា​ជា​គម្រោង​ដែល​គេ​លាក់ការណ៍​សម្ងាត់​ខ្ព ស់​បំផុត ហើយ​អាញ់ស្តាញ់​ត្រូវ​ជាប់ក្នុង​បញ្ជីខ្មៅ​របស់​អែហ្វប៊ីអាយ​ ដោយ​ជាប់សង្ស័យ​ថា​​ជា​អ្នក​មាន​និន្នាការ​កុម្មុយនិស្ត។

ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះ​ក៏ដោយ អាញ់ស្តាញ់​នៅតែ​ត្រូវ​បាន​សាធារណមតិជាទូទៅ​ចាត់ទុក​ជា​បិតា​នៃគ្រាប់បែក​នុយក្លេអ៊ែរ។ នៅ​ឆ្នាំ​១៩៤៥ នៅក្រោយ​ពេល​ដែល​គ្រាប់បែក​នុយក្លេអ៊ែរ​ទាំងពីរ​គ្រាប់​ត្រូវ​បាន​ទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី រដ្ឋការ​អាមេរិក​បាន​ចេញផ្សាយ​ជាសាធារណៈ​នូវ​ប្រវត្តិ​​នៃ​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដោយបាន​ធ្វើការ​សង្កត់​ធ្ងន់ថា ចំណុច​ចាប់ផ្តើម​ដំបូង​បំផុត គឺ​ចេញ​ពី​លិខិត​របស់​អាញ់ស្តាញ់​​ផ្ញើ​ទៅ​លោក​ប្រធានាធិបតី​រូសវែល នៅ​ឆ្នាំ១៩៣៩។

ក្រោយ​មក​ទៀត ទស្សនាវដ្តី​ដ៏ល្បី ឈ្មោះ The Times បាន​ចេញផ្សាយ ដោយ​ដាក់​រូបភាព​អាញ់ស្តាញ់​ធំៗ​នៅលើ​ទំព័រមុខ​​ ជាមួយ​នឹង​រូបភាព​នៃ​ការ​ផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​ ចារពីលើ​ដោយ​រូបមន្ត​ដ៏ល្បីល្បាញ​របស់​លោក គឺ E=mc²។

អាញ់ស្តាញ់វិញ ក្រោយ​ពី​បាន​មើលឃើញ​ពី​វិនាសកម្ម​​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី អាញ់ស្តាញ់​ចាប់ផ្តើម​មាន​វិប្បដិសារី ដែល​បាន​ចូលរួម​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរនេះ។ ហើយ​គំនិត​សន្តិភាព​និយម បូករួម​ជាមួយ​នឹង​វិប្បដិសារី​​នេះ​បាន​ជំរុញ​ឲ្យ​អាញ់ស្តាញ់​ចំណាយ​ពេល​ស្ទើរតែ​​​ពេញ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​លោក ធ្វើ​សកម្មភាព​នយោបាយ​ជាច្រើន ទាមទារ​ឲ្យ​បង្កើត​រចនាសម្ព័ន្ធ​អន្តរជាតិ ដើម្បី​គ្រប់គ្រង​សព្វាវុធ​នុយក្លេអ៊ែរ ចៀសវាង​កុំ​ឲ្យ​មាន​សង្រ្គាម​នុយក្លេអ៊ែរ​ផ្ទុះឡើង ទៅថ្ងៃ​អនាគត។

នៅ​ក្នុង​ក្តីបារម្ភ​ពី​វិនាសកម្ម​ដែល​បង្កឡើង​ដោយ​សង្រ្គាម​នុយក្លេអ៊ែរ​នេះហើយ ដែល​អាញ់ស្តាញ់​បាន​បន្សល់ទុ​ក​នូវ​ពាក្យ​សម្តី​ដ៏ល្បីល្បាញ​មួយឃ្លា​ថា៖ “ខ្ញុំ​មិនដឹង​ថា តើ​សង្រ្គាម​លោកលើកទី៣​គេ​ច្បាំងគ្នា​ដោយ​ប្រើ​អាវុធ​អ្វីទេ តែ​សង្រ្គាម​លោកលើកទី៤​ ប្រាកដ​ជា​នឹង​ត្រូវ​ច្បាំង​ដោយ​ប្រើ​ដំបង​និង​ដំថ្ម” ដែល​លោក​ចង់មានន័យថា ប្រសិនបើ​សង្រ្គាម​លោក​លើកទី៣​ផ្ទុះឡើង អាវុធ​នុយក្លេអ៊ែរ​អាច​នឹង​កម្ទេចភពផែនដី​ ធ្វើ​ឲ្យ​មនុស្សជាតិ​វិលត្រឡប់​ទៅរក​យុគសម័យ​បុរេប្រវត្តិវិញ​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ