អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាញ់ស្តាញ់៖ ​ពី​ទ្រឹស្តី​ទៅ​ភស្តុតាង​បញ្ជាក់​ពី ​General ​Relativity

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរ អាញ់ស្តាញ់ ជា​បន្តទៀត ដោយ​សូម​លើកឡើង​​ពី​ដំណើរការ​ស្វែងរក​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​ទ្រឹស្តី​ “General Relativity”។

យោងតាម​ទ្រឹស្តី General Relativity របស់​អាញ់ស្តាញ់ ភាពកោង​នៃ​លំហពេល​បង្ក​ឡើង​ដោយ​កម្លាំងទំនាញ ធ្វើ​ឲ្យ​ពន្លឺ​ដែល​ចេញ​ពី​ផ្កាយ​កាត់​ក្បែរ​ព្រះអាទិត្យ សំដៅ​មក​ភពផែនដី ត្រូវ​ងាកចេញ​ពី​គន្លងដើម
យោងតាម​ទ្រឹស្តី General Relativity របស់​អាញ់ស្តាញ់ ភាពកោង​នៃ​លំហពេល​បង្ក​ឡើង​ដោយ​កម្លាំងទំនាញ ធ្វើ​ឲ្យ​ពន្លឺ​ដែល​ចេញ​ពី​ផ្កាយ​កាត់​ក្បែរ​ព្រះអាទិត្យ សំដៅ​មក​ភពផែនដី ត្រូវ​ងាកចេញ​ពី​គន្លងដើម
ផ្សាយពាណិជ្ជកម្ម

គិត​មក​ត្រឹម​ដើមសតវត្សរ៍​ទី២០ រូបវិទ្យា​មាន​មូលដ្ឋាន​គ្រឹះ​លើ​ទ្រឹស្តី​របស់​លោក​អ៊ីសាក់ ញូតុន។ នៅពេល​ដែល​អាញ់ស្តាញ់​បង្កើត​ទ្រឹស្តី General Relativity បង្កើត​ឲ្យ​មាន​នូវ​សញ្ញាណ​ថ្មី​នៃ “លំហពេល” (Spacetime) និង​ជា​ពិសេស​សញ្ញាណថ្មី​នៃ​កម្លាំងទំនាញ ដែល​ខុសពី​ទ្រឹស្តី​របស់​ញូតុន អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​​បាននាំគ្នា​ច្រានចោល​ទ្រឹស្តី​នេះ។ ដើម្បី​បញ្ជាក់​ពី​ទ្រឹស្តី General Relativity នេះ អាញ់ស្តាញ់​មិនត្រឹមតែ​ត្រូវ​បង្ហាញ​ពី​រូបមន្ត​គណិតវិទ្យា​​នោះទេ តែ​សំខាន់ជាងនេះ​ទៅទៀត គឺ​ត្រូវ​ស្វែងរក​ភស្តុតាង​មក​បញ្ជាក់។

ចំណុច​សំខាន់​មួយ នៅ​ក្នុង​ទ្រឹស្តី General Relativity របស់​អាញ់ស្តាញ់ គឺ​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ ទៅលើ “លំហពេល” ហើយ​ជា​លទ្ធផល គឺ​ឥទ្ធិពល​ទៅលើ​ពន្លឺ។ យោងតាម​អាញ់ស្តាញ់ កម្លាំងទំនាញ​អាច​ធ្វើ​ឲ្យ​គន្លងនៃ​ពន្លឺ​ត្រូវ​កោង ហើយ​អាញ់ស្តាញ់​​បាន​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ឥទ្ធិពល​នៃ​កម្លាំងទំនាញ​របស់​ព្រះអាទិត្យ​ទៅលើ​ពន្លឺ ដែល​ចាំងចេញ​ពី​ផ្កាយ​សំដៅ​មក​ភពផែនដី។ តាមរយៈ​រូបមន្ត​គណិតវិទ្យា អាញ់ស្តាញ់​បាន​​បង្ហាញ​ថា ពន្លឺ​ដែល​ចាំងចេញ​ពី​ផ្កាយ កាត់​​​ក្បែរព្រះអាទិត្យ​មក​ភពផែនដី ត្រូវ​កោង​ខុស​ពី​គន្លងដើម ហើយ​អាញ់ស្តាញ់​ថែម​ទាំង​បាន​គណនាចេញ​ជា​តួលេខ​ច្បាស់លាស់ អំ​ពី​ទំហំ​នៃ​ការ​ងាកចេញ​ពី​គន្លង​ដើមនេះផងដែរ។

នៅពេលនោះ អាញ់ស្តាញ់​គិត​ថា ប្រសិនបើ​លោក​អាច​បង្ហាញ​តាម​រយៈ​ការ​សង្កេតជាក់ស្តែង​ថា ពន្លឺ​ដែល​ចេញ​ពីផ្កាយ​កាត់ក្បែរ​ព្រះអាទិត្យ ពិត​ជា​ងាក​ចេញ​ពី​គន្លង​ដើម​​ទៅតាម​តួលេខ​​ដូច​ការ​គណនា​របស់​លោក​មែន​នោះ វា​គឺ​ជា​ភស្តុតាង​ដែល​អាច​បញ្ជាក់​យ៉ាងច្បាស់ ​ពី​ទ្រឹស្តី​ General Relativity​ របស់​លោក។ ក៏ប៉ុន្តែ បញ្ហា​ចោទឡើង គឺ​នៅត្រង់​ថា ដើម្បី​សង្កេតមើល​ពន្លឺ​របស់ផ្កាយ តាមធម្មតា​គេ​ចាំបាច់​ត្រូវ​ធ្វើ​នៅ​ពេល​យប់​ដែល​គ្មាន​ពន្លឺ​ព្រះអាទិត្យ។ ចុះ​ពន្លឺ​របស់​ផ្កាយ​ដែល​នៅ​ពី​ខាង​ក្រោយ​ព្រះអាទិត្យ ដែល​ចាំបាច់​ត្រូវ​សង្កេតមើល​នៅ​ពេល​ថ្ងៃ តើ​ធ្វើ​ដូចម្តេច​អាច​វាស់មើល​បាន?

ដំណោះស្រាយ​មាន​តែមួយគត់ គឺ​គេ​ត្រូវ​តែ​សង្កេតមើល នៅ​ចំពេល​មាន​សូរ្យ​គ្រាស ដែល​ព្រះចន្ទ​បាំងជិតព្រះអាទិត្យ​ទាំងស្រុង ហើយ​ធ្វើ​ឲ្យ​ផ្ទៃមេឃ​ត្រូវ​ងងឹត​ទាំង​ថ្ងៃ។ ដើម្បី​ធ្វើការ​សង្កេតនេះ​បាន អាញ់ស្តាញ់​ចាំបាច់​ត្រូវតែ​ពឹង​លើ​តារាវិទូ ជាពិសេស អ្នក​ដែល​មាន​ជំនាញ​ខាង​ថតរូបអវកាស។

នៅ​ឆ្នាំ១៩១១ អាញ់ស្តាញ់​បាន​ចុះផ្សាយ​នូវ​ផ្នែក​ខ្លះ​នៃ​ទ្រឹស្តី General Relativity ដោយ​បាន​បញ្ចប់​សេចក្តី​ដោយ​ស្នើសុំ​ឲ្យ​តារាវិទូ ធ្វើការ​សង្កេត និង​ថតរូប​សូរ្យគ្រាស ដើម្បី​បញ្ជាក់​ថា តើ​ទ្រឹស្តី​របស់​លោក​ខុស ឬ​ត្រូវ។ បេសកកម្ម​​ដែល​ត្រូវ​បាន​​​​​តារាវិទូ​អាល្លឺម៉ង់​វ័យក្មេងម្នាក់ ឈ្មោះ អ៊ែរវីន ហ្វ្រនលីស្ហ (Erwin Freundlich) ទទួល​យក។ ក៏ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​៣ឆ្នាំទៀត ទើប​មាន​សូរ្យគ្រាស​​​សាជាថ្មី ដើម្បី​ធ្វើការ​សិក្សា​និង​ថតរូប ហើយ​សូរ្យគ្រាស​ពេញ​នឹង​ត្រូវ​កើតឡើង​នៅ​ឯ​តំបន់​​​គ្រីមេ ក្នុងទឹកដី​រុស្ស៊ី។

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩១៤ ហ្វ្រនលីស្ហ និង​សហការី​ពីររូប​ទៀត​បាន​ធ្វើ​ដំណើរ​​តាមរថភ្លើង​ ចេញ​ពី​ទីក្រុង​ប៊ែរឡាំង សំដៅ​ទៅកាន់​តំបន់​គ្រីមេ ដើម្បី​ត្រៀម​ថតរូប​សូរ្យគ្រាស ដែល​នឹង​កើតឡើង នៅថ្ងៃទី២១​សីហា។ ក៏ប៉ុន្តែ ជាង២០ថ្ងៃ​មុន​ដល់​សូរ្យគ្រាស នៅថ្ងៃទី២៨​កក្កដា សង្រ្គាម​លោកលើកទី១​ក៏​ចាប់ផ្ទុះឡើង ហើយ​​អាល្លឺម៉ង់​​ប្រកាស​សង្រ្គាម​លើ​រុស្ស៊ី នៅថ្ងៃទី១​សីហា។

នេះ​មិនមែន​ជា​រឿង​ល្អ​ទេ សម្រាប់​ហ្វ្រនលីស្ហ ដែល​ជា​ពលរដ្ឋ​អាល្លឺម៉ង់ ស្ថិត​ក្នុង​ទឹកដី​រុស្ស៊ី ប្រដាប់​ដោយ​តេឡេស្កុប និង​ម៉ាស៊ីន​ថតរូប​ទំនើបៗ​បែបនេះ។ ហ្វ្រនលីស​​ត្រូវ​បាន​ទាហាន​​រុស្ស៊ី​ចាប់ឃុំខ្លួន​ដោយចោទ​ពីបទ​ចារកិច្ច។ ក្រោយមក ហ្វ្រនលីស្ហ ត្រូវ​បាន​រុស្ស៊ី​បញ្ជូន​ឲ្យ​ទៅ​អាល្លឺម៉ង់វិញ ក្នុងក្របខណ្ឌ​កិច្ចព្រមព្រៀង​ដោះដូរ​ឈ្លើយសឹក ក៏ប៉ុន្តែ បេសកកម្ម​សង្កេត និង​ថតរូប​​សូរ្យគ្រាស​នៅ​គ្រីមេ​ត្រូវបរាជ័យ ហើយ​អាញ់ស្តាញ់​ក៏​មិន​អាច​មាន​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​​​ទ្រឹស្តី General Relativity របស់​លោក​បាន។

ទោះជាយ៉ាងណា បរាជ័យ​នៅ​គ្រីមេ គឺ​ជា​រឿង​ល្អ​សម្រាប់​អាញ់ស្តាញ់​ទៅវិញ ពីព្រោះ​ថា មិនយូរ​ប៉ុន្មាន​ក្រោយមក អាញ់ស្តាញ់​បាន​រកឃើញ​ថា តាមការពិត​ទៅ ការ​គណនា​របស់​លោក​គឺខុស ហើយ​រូបមន្តគណិតវិទ្យា​ នៃ​ទ្រឹស្តី​ General Relativity របស់​លោក គឺ​មិន​ត្រឹមត្រូវ ដែល​ចាំបាច់ត្រូវ​តែ​សើរើ​មើលឡើងវិញ​ទាំងអស់។

នៅ​ក្នុងរយៈពេល​ជាង១ឆ្នាំ នៅ​ក្នុងពេលដែល​សង្រ្គាម​លោកលើកទី១ ​កំពុងឆាបឆេះ​ពេញបន្ទុក អាញ់ស្តាញ់​បាន​ចំណាយពេល​សិក្សា​រកដំណោះស្រាយ​លើ​ចំណោទ​ខាង​គណិតវិទ្យា​លើ​ទ្រឹស្តី​របស់​លោក ហើយ​នៅទីចុងបំផុត រូបមន្តថ្មី និង​ត្រឹមត្រូវ​ពេញលក្ខណៈ​​មួយ ត្រូវ​បាន​លោក​សរសេរ​ចេញ នៅ​ចុងឆ្នាំ១៩១៥។ ក៏ប៉ុន្តែ ក្រោយ​ពី​បាន​រូបមន្ត​ថ្មី​នេះហើយ អាញ់ស្តាញ់​ត្រូវ​វិលត្រឡប់​មក​រក​បញ្ហា​ចាស់​ពីមុន​វិញ​ដដែល គឺ​ការ​ថតរូប​សូរ្យគ្រាស ដើម្បីយក​មកធ្វើ​ជា​ភស្តុតាង។

លើកនេះ គឺ​តារាវិទូ​អង់គ្លេស ឈ្មោះ អាធ័រ អេឌីងតុន (Arthur Eddington) ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើការ​ថតរូប និង​សិក្សា​សូរ្យគ្រាស​ឲ្យ​អាញ់ស្តាញ់។ តាមការពិត នៅពេល​ដែលអេឌីងតុន សម្រេច​ទទួល​យក​បេសកម្ម​នេះ សង្រ្គាម​លោកលើកទី១​កំពុងឆាបឆេះ​យ៉ាងសន្ធោរសន្ធៅរ​នៅឡើយ ហើយ​អង់គ្លេស និង​អាល្លឺម៉ង់ គឺ​ជា​គូសត្រូវ​នឹងគ្នា នៅ​ក្នុង​សង្រ្គាម​នេះ។

សម្រាប់​អេឌីងតុន ដែល​ជា​អ្នក​វិទ្យាសាស្រ្ត​អង់គ្លេស ការចេញមុខ​ជួយ​រក​ភស្តុតាង​បញ្ជាក់​ទ្រឹស្តី​របស់​អាញ់ស្តាញ់ ដែល​ជា​អ្ន​កវិទ្យាសាស្រ្ត​អាល្លឺម៉ង់​បែបនេះ គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ។ ម្យ៉ាងទៀត បេសកកម្ម​នេះ​ក៏​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់​ផងដែរ ពីព្រោះ​ថា សូរ្យគ្រាសថ្មី​ដែល​នឹង​កើតឡើង​នៅពេលខាងមុខ គឺ​នៅ​ឯ​អាមេរិក​ឡាទីន និង​នៅ​ប៉ែក​ខាង​ត្បូង​ទ្វីបអាហ្វ្រិក​ ហើយ​ដំណើរ​តាម​កប៉ាល់​ពី​អង់គ្លេស ឆ្លងកាត់​មហាសមុទ្រ​អាត្លង់ទិក​នៅពេលនោះ គឺ​ជា​ដំណើរ​ដ៏​សែន​គ្រោះថ្នាក់ ដោយសារតែ​វត្តមាន​នាវាមុជទឹក​របស់​អាល្លឺម៉ង់។ ជាសំណាងល្អ ជាង ៦ខែ​មុន​ពេល​មាន​​សូរ្យគ្រាស សង្រ្គាម​លោកលើកទី១​ក៏​​បាន​បញ្ចប់​​នៅថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ១៩១៨ ហើយ​​បេសកកម្ម​របស់​អេឌីងតុន​ ក្នុងការ​ថតរូប​សូរ្យគ្រាស នៅ​​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ១៩១៩ ក៏​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័យ។

​នៅ​ខែ​កញ្ញា លទ្ធផល​នៃ​ការ​សិក្សា​លើ​រូបថត​សូរ្យគ្រាស​របស់​អេឌីងតុន​​​បង្ហាញ​ថា ពន្លឺ​ដែល​ចាំងចេញ​ពី​ផ្កាយ កាត់តាម​ក្បែរ​ព្រះអាទិត្យ​ សំដៅ​មក​ភពផែនដី​ គឺ​ពិត​ជា​ងាកចេញ​ពី​គន្លងដើម​ ហើយ​ងាកចេញ​​ទៅតាម​ទំហំ​ត្រូវគ្នា​នឹង​ការគណនា​ក្នុង​រូបមន្ត​នៃ​ទ្រឹស្តី General Relativity របស់​អាញ់ស្តាញ់​ពិតមែន។

ដំណឹង​ស្តីពី​ការ​រកឃើញ​ភស្តុតាង​បញ្ជាក់​ពី​ទ្រឹស្តី General Relativity ត្រូវ​បាន​​គេ​ចុះផ្សាយ​ ទាំង​នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត ក៏ដូចជា នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទូទៅហើយ​អាញ់ស្តាញ់​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រាជ្ញ​ដែល​មាន​កេរ្តិ៍ឈ្មៅ​ល្បី​រន្ទឺ​បំផុត នៅ​ទូទាំង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ