អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាញ់ស្តាញ់​និង​ទ្រឹស្តី ​Special ​Relativity

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ពី​ប្រវត្តិ​របស់​អ្នកប្រាជ្ញ ​អាល់ប៊ែរត៍ អាញ់ស្តាញ់ ជា​បន្តទៀត ​ដោយ​សូម​លើកឡើង​​ពី​ស្នាដៃ​ដ៏សំខាន់​មួយ​របស់​លោក ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា “Special Relativity”។

អាល់ប៊ែរ អាញ់ស្តាញ់ កាលពីពេល​កំពុង​ធ្វើការ​នៅ​ឯ​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម ក្នុង​ប្រទេស​ស្វីស
អាល់ប៊ែរ អាញ់ស្តាញ់ កាលពីពេល​កំពុង​ធ្វើការ​នៅ​ឯ​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម ក្នុង​ប្រទេស​ស្វីស
ផ្សាយពាណិជ្ជកម្ម

“Special Relativity” គឺ​ជា​ទ្រឹស្តី​មួយ ក្នុង​ចំណោម​ទ្រឹស្តី​សំខាន់ៗ​ទាំង ៤ ដែល​អាញ់ស្តាញ់​បាន​រកឃើញ នៅក្នុងឆ្នាំ១៩០៥ នៅពេល​ដែលលោក​នៅ​ជា​បុគ្គលិក​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​នៅឡើយ។

យោងតាម​ទ្រឹស្តី Relativity គ្រប់អ្វីៗ​ទាំងអស់​នៅ​ក្នុង​ចក្រវាល​យើងនេះ គ្មាន​អ្វី​ដែល​មាន​តម្លៃ​ដាច់ខាត​នោះទេ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា គ្មាន​អ្នកណា​ម្នាក់​អាច​​កំណត់​យ៉ាងដាច់ខាត​ថា វត្ថុណាមួយ​ស្ថិត​នៅ​នឹងថ្កល់ ឬ​វត្ថុណាមួយ​មាន​ចលនា​នោះទេ។ វត្ថុមួយ​ស្ថិត​នៅនឹងថ្កល់ ឬ​មាន​ចលនា ហើយ​មានចលនា​ក្នុងល្បឿន​ប៉ុណ្ណា គឺ​អាស្រ័យ​នៅលើ​ថា​តើ​គេមើល​ពី​ចំណុចណា ហើយ​​ធៀបទៅនឹង​អ្វី?

នៅ​ក្នុងខណៈ​ដែល​លោក​អ្ន​កកំពុង​ស្តាប់ការ​រៀបរាប់​របស់​ខ្ញុំ​នេះ អ្ន​កដែល​អង្គុយ​ស្តាប់​មួយ​កន្លែង​​នៅ​ក្នុងផ្ទះ​ ប្រាកដ​ជា​នឹង​គិត​ថា ខ្លួន​ស្ថិត​នៅ​ស្ងៀម​គ្មាន​ចលនា។ គ្មានចលនា​បើធៀប​នឹងផ្ទះ និង​ផ្ទៃដី។ ក៏ប៉ុន្តែ មើលពីទីអវកាសវិញ លោក​អ្នក​មិនមែន​កំពុង​ស្ថិត​នៅ​ស្ងៀម​គ្មាន​ចលនា​នោះទេ។ ទាំងលោកអ្នក ទាំងផ្ទះ និង​ទាំងផ្ទៃដី កំពុងតែ​មាន​ចលនា ​ទៅតាម​ចលនាវិលជុំវិញ​ខ្លួនឯង​នៃ​ភពផែនដី ក្នុងល្បឿនរហូតដល់​ទៅ ១៦៧០គ.ម ក្នុងមួយម៉ោង។ បើធៀប​នឹង​ព្រះអាទិត្យ លោក​អ្ន​កកំពុង​ធ្វើ​ដំណើរ​ក្នុងល្បឿន ១១ម៉ឺនគ.ម. ក្នុងមួយ​ម៉ោង ទៅតាម​ចលនារបស់​ភពផែនដី ដែល​វិលជុំវិញ​ព្រះអាទិត្យ ហើយ​ទាំង​ព្រះអាទិត្យ ទាំង​ភពផែនដី និង​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល កំពុង​ធ្វើ​ដំណើរ​វិលជុំវិញ​កាឡាក់ស៊ី​មីគីវ៉េ (Milky Way) ក្នុងល្បឿន​រហូតដល់​ទៅ ៧២ម៉ឺន​គ.ម. ក្នុងមួយម៉ោង។

តាមការពិត យើង​​មិន​ចាំបាច់​គិតទៅដល់​ភាព​ស្មុគស្មាញ​នៃ​ចលនា​របស់​ភពផែនដី និង​ប្រព័ន្ធ​ព្រះអាទិត្យ​ ក៏​​អាច​សង្កេតមើល​ឃើញ​ ​ពី​ទ្រឹស្តី Relativity នេះ​ដែរ គឺ​អាច​មើលឃើញ​កាន់តែ​ច្បាស់​នៅ​ក្នុង​ជីវិតរស់នៅ​ប្រចាំថ្ងៃ។ អ្នកខ្លះ​ប្រហែល​ជា​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ជិះ​លើ​កប៉ាល់មួយ​ ហើយ​មាន​កប៉ាល់​មួយ​ទៀត​នៅក្បែរគ្នា។ នៅពេលមួយ យើង​មើល​ឃើញ​កប៉ាល់ដែល​នៅ​ក្បែរនោះ មាន​ចលនា​ថយ​ក្រោយ ក៏ប៉ុន្តែ ប្រសិន​បើ​យើង​​មិន​ក្រឡេកភ្នែក​ទៅមើល​កំពង់ផែ ឬ​ច្រាំងទន្លេ​ទេនោះ យើង​មិន​អាច​ដឹង​ដោយ​ប្រាកដ​បានទេ​ថា តើ​កប៉ាល់​ដែល​នៅ​ក្បែរយើង​ស្ថិត​នៅ​នឹងថ្កល់ ហើយ​កប៉ាល់​របស់​យើង​បើក​ទៅមុខ ឬ​ក៏ប៉ាល់​របស់​យើង​ស្ថិត​នៅនឹង​ថ្កល់ ហើយ​កប៉ាល់​ដែល​នៅក្បែរ​បើក​ថយក្រោយ? តាមការពិត យោងតាម​ទ្រឹស្តី Relativity ប្រសិន​បើ​កប៉ាល់​ទាំងពីរ​ស្ថិត​នៅ​កណ្តាល​លំហ​អវកាស ដោយ​គ្មាន​​ច្រាំងទន្លេ គ្មាន​ភព គ្មាន​ផ្កាយ គ្មាន​អ្វីសោះ​ជា​ចំណុចធៀបទេនោះ គ្មាន​អ្នកណា​ម្នាក់​អាច​កំណត់​បានទេ​ថា តើ​កប៉ាល់​មួយ​ណា​នៅស្ងៀម ហើយ​កប៉ាល់​មួយ​ណា​មាន​ចលនា។

គោលការណ៍ Relativity តាមការពិត​មាន​ដើមកំណើត​ចេញ​ពី​ទ្រឹស្តី​របស់​កាលីលេ ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ឆ្នាំ១៩០៥ នៅពេល​​​សិក្សា​ទៅលើ​​ទ្រឹស្តី​នេះ អាញ់ស្តាញ់​បាន​ប្រឈមមុខ​នឹង​ចំណោទ​ដ៏ធំមួយ ដែល​ដោះស្រាយ​មិនចេញ គឺ​ភាពផ្ទុយគ្នា រវាង​គោលការណ៍​ Relativity និង​​ទ្រឹស្តី​ទាក់ទង​នឹង​ល្បឿន​នៃ​ពន្លឺ។

យោងតាមគោលការណ៍​ Relativity ​មនុស្ស​ម្នាក់​ជិះលើ​រថភ្លើង ដែល​ធ្វើ​ដំណើរ​ក្នុងល្បឿន ៥០គ.ម. ក្នុងមួយម៉ោង ហើយ​ចោល​កូនបាល់​ ក្នុងល្បឿន​​ ១០០គ.ម. ក្នុងមួយម៉ោង ក្នុងទិសដៅស្រប​នឹង​រថភ្លើង។ សម្រាប់​អ្នក​ចោល​កូនបាល់ ដែល​ស្ថិត​នៅលើ​រថភ្លើង កូនបាល់​នេះ​មាន​ចលនា​ក្នុងល្បឿន ១០០គ.ម. ក្នុងមួយម៉ោង។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​ឈរស្ងៀម​លើដី កូនបាល់​នេះ​មាន​ចលនា​ក្នុងល្បឿន​រហូតដល់​ទៅ ១៥០គ.ម. ក្នុងមួយម៉ោង​ឯណោះ ពីព្រោះ​ថា តាំងពីពេល​មិន​ទាន់​ចោល កូនបាល់​នេះ​មាន​ចលនា​ក្នុងល្បឿន​រហូតដល់​ទៅ ៥០គ.ម​ក្នុងមួយម៉ោង​​រួចទៅហើយ គឺ​ល្បឿន​រថភ្លើង។

សរុបមកវិញ កូនបាល់​តែមួយ ក្នុងចលនា​តែមួយ ក៏ប៉ុន្តែ មាន​ល្បឿន​ខុសគ្នា អាស្រ័យ​ទៅលើ​ថា តើ​គេ​មើល​ពី​ក្នុង​​រថភ្លើង ឬ​មើល​ពី​ក្រៅរថភ្លើង។ ក៏ប៉ុន្តែ នៅពេល​ដែល​អាញ់ស្តាញ់​យក​ករណីនេះ ទៅ​អនុវត្ត​​ចំពោះ​ពន្លឺ ចំណោទ​ដ៏ធំមួយ​បាន​កើតឡើង ពីព្រោះ​ថា បើ​តាម​អ្វី​ដែល​គេ​ដឹង​មក​ទល់​នឹងពេលនោះ ជាពិសេស យោងតាម​ទ្រឹស្តី​របស់​ James Clerk Maxwell ពន្លឺ​​មាន​ល្បឿន​ថេរ​ជាប់ជានិច្ច បើទោះបីជា​នៅ​ក្នុង​ស្ថានភាព​ណាក៏ដោយ។

និយាយ​ឲ្យ​ងាយយល់ ប្រសិនបើ​គេ​ចាំងពន្លឺ​ចេញ​ពី​លើ​រថភ្លើង បើទោះបីជា​រថភ្លើង​នោះ​មាន​ល្បឿន​លឿន​ប៉ុណ្ណា​ក៏ដោយ ពន្លឺ​នេះ​​មាន​ល្បឿន​​ថេរ គឺ​ប្រមាណ​ជា ៣០ម៉ឺនគីឡូម៉ែត្រ​ក្នុងមួយ​វិនាទី​ ទាំង​សម្រាប់​អ្នក​ដែល​​នៅ​ក្នុង​រថភ្លើង និង​ទាំងសម្រាប់​អ្នក​មើល​ពីក្រៅ​រថភ្លើង។ នៅ​ក្នុង​ចក្រវាល​វិញ ពន្លឺ​ដែល​ចេញ​ពី​ផ្កាយ បើទោះបីជា​ផ្កាយនោះ​មាន​ចលនា​​​សម្តៅ​មក​ភពផែនដី ឬ​ចេញឆ្ងាយពីភពផែនដី​របស់​យើង ក្នុងល្បឿន​រាប់សិបម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​​ក៏ដោយ ក៏ពន្លឺ​នេះ​នៅតែ​មាន​ល្បឿន​​ថេរជាប់ជានិច្ច។

ទ្រឹស្តី​នៃ​ពន្លឺ​​នេះ​​ផ្ទុយទាំងស្រុង​ពី​គោលការណ៍ Relativity ហើយសម្រាប់​អាញ់ស្តាញ់ ទ្រឹស្តីវិទ្យាសាស្រ្ត​ត្រូវតែ​មាន​តម្លៃ​ជា​សកល ដោយ​មាន​អាច​មាន​ទ្រឹស្តីប្រឆាំងគ្នា​បែបនេះ​បាន​ទេ។ អាញ់ស្តាញ់​បាន​ព្យាយាម​រក​គ្រប់វិធីសាស្រ្ត ដើម្បី​ដោះស្រាយ​ចំណោទ​ដ៏ធំមួយ​នេះ ក៏ប៉ុន្តែ ខំប្រឹងយ៉ាងណា​ក៏​នៅតែ​គ្មាន​ដំណោះស្រាយ ហើយ​ជម្រើស​តែមួយគត់​ គឺ​ត្រូវ​បោះបង់​ចោល​ទ្រឹស្តីណាមួយ ក្នុង​ចំណោម​ទ្រឹស្តី​ទាំងពីរ។

នៅថ្ងៃ​មួយ ក្នុងឆ្នាំ១៩០៥ នៅ​ពេល​ដែល​អាញ់ស្តាញ់​ទាល់​តម្រិះ ហើយ​ហៀបតែ​នឹង​បោះបង់​ចោល​ការសិក្សា​លើ​ទ្រឹស្តី Relativity ទៅហើយ​នោះ ស្រាប់តែ​ដំណោះស្រាយ​លើ​​បញ្ហា​ចាក់ស្រែះ​ក្នុង​ខួរក្បាល​អាញ់ស្តាញ់​មួយរយៈកាល​មកហើយ​នោះ​ក៏​ចាប់លេចពន្លកឡើង ហើយ​ដំណោះស្រាយ​នេះ គឺ​កើតចេញ​ពី​ការ​ជជែក​គ្នា​ជាមួយ​នឹង​មិត្តភក្តិ​ដ៏ជិតដិត​ម្នាក់ ឈ្មោះ​ថា មីកេឡេ បេសូ (Michele Besso) ដែល​​​​ធ្វើការ​ជាមួយ​អាញ់ស្តាញ់ នៅ​ឯ​ការិយាល័យ​ចុះ​បញ្ជីវិញ្ញាបនត្រតក្កកម្ម។

ប្រធានបទ​នៃ​ការ​ជជែក​គ្នា ដែល​នាំ​ឲ្យ​អាញ់ស្តាញ់​អាច​ដោះស្រាយ​ចំណោទ​លើ​ទ្រឹស្តី Special Relativity នេះ គឺ​ទាក់ទង​នឹង​សញ្ញាណ​នៃ​​ “ពេល”។ ចាប់តាំង​ពី​ដើម​រៀងមក ជាពិសេស នៅ​ក្នុង​ទ្រឹស្តី​រូបវិទ្យា​របស់​ញូតុន គេ​បាន​កំណត់​ថា លំហ និង​ពេល គឺ​មាន​តម្លៃ​ដាច់ខាត​ជា​សកល បើទោះបីជា​នៅ​ទីកន្លែងណា​ក៏ដោយ ហើយ​នៅ​ក្នុង​ស្ថានភាព​បែបណា​ក៏ដោយ។

អាញ់ស្តាញ់​វិញ មាន​គំនិត​ដ៏ថ្មីស្រឡាងមួយ ដែល​ជា​បដិវត្តន៍​នៃ​រូបវិទ្យា​សម័យ​ទំនើប គឺ​ពេល​មិនមាន​តម្លៃ​ដាច់ខាត​ដូច​អ្វី​ដែល​គេធ្លាប់​គិតពីមុន​មក​នោះទេ។ ពេល ក៏ដូចជា លំហ​ដែរ សុទ្ធតែ​មាន​តម្លៃ​ធៀប (Relative) ពោលគឺ វា​អាច​ប្រែប្រួល អាស្រ័យ​ទៅលើ​ចលនា។ យោងតាម​ទ្រឹស្តី​របស់​អាញ់ស្តាញ់ រវាង​អ្នក​នៅស្ងៀម និង​អ្នក​ដែល​មាន​ចលនា ពេល និង​លំហ​មិនមាន​តម្លៃ​ដូចគ្នា​នោះទេ។ បើ​ចលនា​មាន​ល្បឿន​កាន់តែ​លឿន​ ពេល​ដើរកាន់តែ​យឺត ហើ​យលំហ​ក៏​កាន់តែ​រួមតូច។ ​លើសពីនេះ​ទៅទៀត អាញ់ស្តាញ់​បាន​កំណត់​ថា លំហ និង​ពេល មិនមែន​ជា​សញ្ញាណ​ពីរ​ដាច់ពី​គ្នា​នោះទេ តែ​ជា​ធាតុតែមួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “លំហពេល” (Spacetime)។

ចេញ​ពី​សម្មតិកម្ម​នេះ​ហើយ​ដែល​អាញ់ស្តាញ់​អាច​យក​គោលការណ៍​ Relativity និង​គោលការណ៍​ទាក់ទង​នឹង​ភាព​ថេរ​នៃ​ល្បឿន​ពន្លឺ យក​មក​ច្របាច់​បញ្ចូលគ្នា បង្កើត​ទៅជា​ទ្រឹស្តី Special Relativity ។ ក៏ប៉ុន្តែ ទ្រឹស្តី​នេះ​អនុវត្ត​បានតែ​ក្នុង​ករណី​ពិសេស​មួយ​តែ​ប៉ុណ្ណោះ គឺ​ក្នុងករណី​ដែល​ចលនា​មាន​ល្បឿន​ថេរ​ ពោលគឺ គ្មាន​សន្ទុះ (Acceleration)។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​ឲ្យ​ឈ្មោះ​ថា “Special Relativity”។ ទាល់តែ​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត ទើប​អាញ់ស្តាញ់​​ពង្រីក​ទ្រឹស្តី​នេះ​​ទៅ​ក្នុង​ករណី​ទូទៅ ហើយ​បង្កើត​បាន​ជា​ទ្រឹស្តី “General Relativity”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ