អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

កាលីលេ​ជាប់ទោស​ដោយសារ​មាន​ទ្រឹស្តី​តារាសាស្រ្ត​ផ្ទុយពី​ទ្រឹស្តី​សាសនា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​កាលីលេ ដោយ​លើកឡើង អំពីការ​ជាប់​ទោស​ដោយសារ​តែ​ទ្រឹស្តី​តារាសាស្រ្ត ដែល​ផ្ទុយ​ពី​ទ្រឹស្តី​សាសនា​កាតូលិក។

រូបគំនូរ​បង្ហាញ​ពី​ការណ៍​ដែល​កាលីលេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​សួរដេញដោល​ពី​សំណាក់​មន្រ្តីសង្ឃកាតូលិក​ទាក់ទង​នឹង​ទ្រឹស្តីតារាសាស្រ្ត
រូបគំនូរ​បង្ហាញ​ពី​ការណ៍​ដែល​កាលីលេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​សួរដេញដោល​ពី​សំណាក់​មន្រ្តីសង្ឃកាតូលិក​ទាក់ទង​នឹង​ទ្រឹស្តីតារាសាស្រ្ត
ផ្សាយពាណិជ្ជកម្ម

តារាសាស្រ្ត គឺ​ជា​ចំណេះដឹង​ដ៏ចំណាស់​មួយ​របស់​មនុស្សជាតិ។ ចាប់តាំង​ពី​កកើត​នៃ​មនុស្សជាតិ​ដើមដំបូង មនុស្ស​តែងតែ​ធ្វើ​ការសង្កេត​មើល​ដំណើរ​វិវឌ្ឍ​នៃ​ព្រះអាទិត្យ ព្រះចន្ទ និង​ដួងតារា​​ ក៏ប៉ុន្តែ តារាសាស្រ្ត​សម័យ​បុរាណ ច្រើន​តែ​ត្រូវ​បាន​គេ​ប្រើ​គ្រាន់តែ​ ដើម្បី​សម្គាល់​ទិស សម្គាល់​ពេល សម្គាល់​រដូវ និង​ជាពិសេស ដើម្បី​គន់គូរ​ពី​ជោគជតារាសីតែ​ប៉ុណ្ណោះ។

លក្ខណៈពិសេស​បំផុត​នៃ​តារាសាស្រ្ត​សម័យ​បុរាណ គឺ​ការ​ជឿ​ថា ភពផែនដីជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ហើ​យអ្វីៗ​ទាំងអស់​ដែល​នៅលើ​មេឃ សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ភពផែនដី។ ជំនឿ​ដ៏ចំណាស់​ចាក់ឫស​នៅ​ក្នុង​ផ្នត់គំនិត​មនុស្ស​ជាតិ​រាប់ពាន់​ឆ្នាំ​នេះ​ចាប់ផ្តើម​ប្រែប្រួល នៅ​អំឡុង​ឆ្នាំ​១៥០០ ជាមួយ​នឹង​ទ្រឹស្តីថ្មី​បង្កើត​ឡើង​ដោយ តារាវិទូ​ប៉ូឡូញ ឈ្មោះ​ នីកូឡា កូពែរនិក។

នីកូឡា កូពែរនិក កើត​នៅ​ឆ្នាំ​១៤៧៣ បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ ធ្វើការ​សង្កេតមើល​ដំណើរវិវឌ្ឍ​នៃ​ដួងតារា ហើយ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ចំណុចកណ្តាល​នៃ​ចក្រវាល មិនមែន​ភពផែនដី​នោះទេ តែ​គឺ​ព្រះអាទិត្យ ហើយ​អ្វីៗ​ទាំងអស់ រាប់ទាំងភពផែនដី​​ផង គឺ​សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ព្រះអាទិត្យ។ នេះ​គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃ​បដិវត្តន៍ខាង​តារាសាស្រ្ត ហើយ​ នីកូឡា កូពែរនិក ត្រូវ​បាន​គេ​ចាត់ទុក​ថាជា​បិតា​នៃ​តារាសាស្រ្ត​សម័យ​ទំនើប។

ទ្រឹស្តី​របស់​ នីកូឡា កូពែរនិក បាន​ជះឥទ្ធិពល​ទៅដល់​អ្នក​ប្រាជ្ញ​ជំនាន់ក្រោយៗមកទៀត ជាពិសេស គឺ​​ត្រូវ​បាន​ការពារ ពង្រីក និង​កែលម្អ ដោយ​អ្នក​ប្រាជ្ញ​ដ៏​សំខាន់​ពីរ​រូប ដែល​រស់នៅ​ក្នុង​សម័យកាល​ជាមួយគ្នា គឺ ចូហាណឺស កេព្ល័រ (Johannes Kepler) នៅ​អាល្លឺម៉ង់ និង​កាលីលេ នៅ​អ៊ីតាលី។

នៅ​អំឡុង​ឆ្នាំ​១៦០៩ ជាង ៦០ឆ្នាំ ក្រោយ​មរណភាព​របស់ នីកូឡា កូពែរនិក កាលីលេ​បាន​ផលិត​នូវ​តេឡេស្កុប​​ប្រភេទ​ថ្មី​ស្រឡាង​មួយ ដែល​មាន​កម្លាំង​ដ៏​ខ្លាំង​មិនធ្លាប់​មាន​ពីមុន។ ពីដំបូង កាលីលេ​ផលិត​តេឡេស្កុប​នេះឡើង ដើម្បី​លក់​ទៅ​ឲ្យ​ឈ្មួញ​សមុទ្រ និង​ទៅ​ឲ្យ​កងទ័ព​ជើងទឹក​អ៊ីតាលី។ ក៏ប៉ុន្តែ នៅយប់​មួយ ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​១៦០៩ កាលីលេ​បាន​បែក​គំនិត​យក​តេឡេស្កុប​នេះឆ្លុះមើល​ផ្កាយ​លើ​មេឃ ហើយ​កាលីលេ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​សង្កេតឃើញ​ថា នៅ​កន្លែងខ្លះ ដែល​មើល​ដោយ​ភ្នែក​ទទេ​ឃើញ​តែ​មេឃខ្មៅ​ទទេ​ស្អាត តែ​នៅពេល​​មើល​តាម​តេឡេស្កុប លោក​អាច​មើល​ឃើញ​ផ្កាយ​ជាច្រើន​ ដែល​គេ​មិន​ធ្លាប់​ឃើញ​ពីមុន។ ចាប់ពីពេលនោះហើយ ដែល​កាលីលេ​ចាប់ផ្តើម​ធ្វើការ​​​សិក្សា​លម្អិត អំពី​តារាសាស្រ្ត ដោយ​ការសង្កេតមើល​តាមរយៈ​តេឡេស្កុប ហើយ​មិន​យូរ​ប៉ុន្មាន កាលីលេ​ បានធ្វើ​របកគំហើញ​ដ៏​សំខាន់​បំផុត នៅ​ក្នុង​វិស័យ​តារាសាស្រ្ត​របស់​លោក និង​ជា​ភស្តុតាង​ដ៏សំខាន់ ក្នុងការ​បញ្ជាក់​ពី​ទ្រឹស្តី​របស់ នីកូឡា កូពែរនិក។

នៅយប់មួយ ក្នុង​អំឡុង​ខែ​មករា ឆ្នាំ១៦១០ កាលីលេ​បាន​លើក​តេឡេស្កុប​របស់​លោក​ឆ្លុះមើល​ភពព្រហស្បតិ៍ ហើយ​លោក​សង្កេតឃើញ​​ផ្កាយ​៣ដួង តម្រៀបគ្នា​ស្ទើរតែ​ត្រង់ដូចបន្ទាត់ នៅ​សងខាង​ភព​ព្រហស្បតិ៍ គឺ​ ២ នៅ​ខាង​ស្តាំ និង​ ១ នៅ​ខាងឆ្វេង។ សម្រាប់​កាលីលេ ការ​រកឃើញ​ផ្កាយ​ថ្មីៗ ដែល​គេ​មិន​ធ្លាប់​ឃើញ​ដោយ​ភ្នែក​ទទេ​​កាល​ពីមុន​បាន​ក្លាយ​ជា​ទម្លាប់​ទៅហើយៗ កាលីលេ​គិតថា ផ្កាយ​ទាំង ៣ដួង នៅ​ក្បែភពព្រហស្បតិ៍​នេះ ក៏​ជា​ផ្កាយ​ធម្មតា​ដូច​ជា​ផ្កាយ​ផ្សេងទៀត​ដែរ។

ក៏ប៉ុន្តែ នៅថ្ងៃ​បន្ទាប់ កាលីលេ​បាន​សង្កេតឃើញ​ផ្កាយ​ទាំង៣ដួង​ផ្លាស់ទី​ខុស​ពី​ផ្កាយ​ផ្សេងទៀត ដោយផ្កាយ​ទាំង៣​​ផ្លាស់ទី​ទៅ​​នៅ​ខាង​ឆ្វេង​ភពព្រហស្បតិ៍ ហើយ​ខិតចូល​ជិតគ្នា​ជាង​កាល​ពីថ្ងៃ​មុន។ ពីរថ្ងៃ​ក្រោយ​មក​ទៀត ផ្កាយ​១ដួង​បាន​បាត់ខ្លួន​មើល​លែងឃើញ ហើយ​២ដួង​ដែល​នៅ​សល់​ផ្លាស់ទី​ទៅនៅ​ខាង​ស្តាំ​ភពព្រហស្បតិ៍វិញ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ស្រាប់​តែ​មាន​​ផ្កាយទី៤​បាន​លេចមុខឡើង ហើយ​​កាលីលេ​បាន​ធ្វើការ​កត់សម្គាល់​នូវ​ចំណុចមួយទៀត គឺ​បើ​ធៀប​នឹង​ផ្កាយផ្សេងទៀត ផ្កាយ​ទាំង ៤ដួង រួម​ជាមួយ​នឹង​ភព​ព្រហស្បតិ៍ មាន​ចលនា​ផ្លាស់ទី​ជា​បណ្តុំ​តែមួយ។

កាលីលេ​ក៏​បាន​សន្និដ្ឋាន​ថា ផ្កាយទាំង ៤ដួង​នេះ តាមពិតមែន​ជា​ផ្កាយ​នោះទេ តែ​ជា​ព្រះចន្ទ​របស់​ភពព្រហស្បតិ៍ ហើយ​ធ្វើ​ដំណើរ​វិលជុំវិញ​ភព​ព្រហស្បតិ៍ (ផ្កាយដែល​បាត់​មើលលែងឃើញ​ ឬ​ក៏​លេចមុខថ្មី គឺ​ដោយសារតែ​ស្ថិត​នៅ​ចំពីមុខ ឬ​នៅបាំងពីក្រោយ​ភពព្រហស្បតិ៍) ពោលគឺ​ដូចជា​ព្រះចន្ទ​​របស់​យើង ដែល​ធ្វើ​ដំណើរ​វិល​ជុំវិញ​ភពផែនដី​ដូច្នោះ​ដែរ។
 

ចេញ​ពី​សេចក្តីសន្និដ្ឋាន​នេះ កាលីលេ​បាន​ទាញ​សេចក្តីសន្និដ្ឋាន​មួយ​ទៀត ដែល​មាន​សារៈសំខាន់​បំផុត​នៅ​ក្នុង​បដិវត្តន៍​នៃ​តារាសាស្រ្ត​សម័យ​ទំនើបថា ការណ៍​ដែល​មាន​ព្រះចន្ទផ្សេង ដែល​ធ្វើ​ដំណើរ​វិលជុំវិញ​ភពផ្សេង​ក្រៅពី​ភពផែនដី​បែបនេះ វា​គឺ​ជា​ភស្តុតាង​យ៉ាង​ជាក់ច្បាស់​ដែល​បញ្ជាក់ថា ភពផែនដី​មិនមែន​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ដូច​ជា​ជំនឿ​ចាស់​បុរាណ​រាប់ពាន់​ឆ្នាំ​ពីមុននោះទេ ហើយ​​នេះ​គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​ទ្រឹស្តី​របស់​នីកូឡា​ កូពែរនិក កាល​ពី​ជាង ៦០ឆ្នាំមុន។

មិនបង្អង់យូរ កាលីលេ​បាន​សរសេរ​ជាសៀវភៅ​ ហើយ​ចុះផ្សាយ​ ដើម្បីពន្យល់​អំពី​ទ្រឹស្តី​ថ្មីនេះ ក៏ប៉ុន្តែ ទ្រឹស្តី​ដែល​ដក​ភពផែនដី​ចេញ​ពី​ចំណុច​កណ្តាល​នៃ​ចក្រវាល មិនត្រឹមតែ​ផ្ទុយ​ពី​ទ្រឹស្តី​របស់​អារីស្តូត ដែលគេ​ជឿ និង​យក​មក​បង្រៀន​តៗគ្នា​អស់រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ​នោះទេ តែ​គ្រោះថ្នាក់​ជាងនេះ​ទៅទៀត គឺ​វា​ផ្ទុយ​ពី​សេចក្តីបង្រៀន​របស់​សាសនា​កាតូលិក ហើយ​នៅពេលនោះ វិហារ​កាតូលិក​គឺ​ជា​ស្ថាប័ន​ដ៏មាន​អំណាច​បំផុត ទាំងនៅ​អឺរ៉ុប​ជាទូទៅ និង​ជាពិសេស នៅ​អ៊ីតាលី។

កាលីលេ​ត្រូវបាន​សម្តេចប៉ាប​កោះហៅ​ឲ្យ​ទៅ​ទីក្រុង​រ៉ូម ដើម្បី​ប្រឈមមុខ​នឹង​ការ​ជំនុំជម្រះ​ដោយ​តុលាការ​កាតូលិក។ កាលីលេ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​បោះពុម្ពសៀវភៅ ដែល​មាន​អត្ថន័យ​ការពារ​ទ្រឹស្តី​របស់​នីកូឡាកូពែរនិក ហើយ​ប្រឆាំង​នឹង​សេចក្តីបង្រៀន​របស់​សាសនា​កាតូលិក។ ក្រោយ​ពី​ឆ្លងកាត់​សវនាការ​រយៈពេល៣ថ្ងៃ កាលីលេ​ត្រូវ​បាន​តុលាការ​កាត់ឲ្យ​ជាប់ពិរុទ្ធ ហើយ​បទល្មើស​ប្រឆាំង​នឹង​សាសនា​នៅពេលនោះ​ត្រូវ​ជាប់ទោស​ប្រហារ​ជីវិត។ ក៏ប៉ុន្តែ តុលាការ​បាន​ទុកផ្លូវ​ដើរ​មួយ ដើម្បី​ឲ្យ​​​កាលីលេ​រួច​ផុត​ពី​ទោស​ប្រហារ​ជីវិត ប្រសិន​បើ​​កាលីលេ​សុខចិត្ត​ប្រកាស​ជាសាធារណៈ​ថាទ្រឹស្តីរបស់​កូពែរនិក​ ដែល​ដក​ភពផែនដី​ពី​ចំណុច​កណ្តាល​នៃ​ចក្រវាល គឺ​ជា​ទ្រឹស្តី​ខុសឆ្គង។

នៅ​ថ្ងៃទី៤​នៃ​សវនាការ កាលីលេ ដែល​មាន​វ័យ​​ចំណាស់ ៧០ឆ្នាំ​ទៅហើយ​នោះ ក៏​សុខចិត្ត​ធ្វើតាម​លក្ខខណ្ឌ​របស់​ចៅក្រម ហើយ​​​លុតជង្គង់​សារភាព​ទោស​កំហុស បដិសេធ​ទ្រឹស្តី​របស់​កូពែរនិក និង​​ជាពិសេស បដិសេធ​នូវ​អ្វី​ដែល​ខ្លួនលោក​ផ្ទាល់​​ជឿ​ប្រាកដ​១០០%​ តាមរយៈ​ការ​សង្កេត​ជាក់ស្តែង និង​ការ​គណនា​តាម​លក្ខណៈវិទ្យាសាស្រ្ត។

កាលីលេ​បាន​រួចផុត​ពី​ទោស​ប្រហារ​ជីវិត ក៏ប៉ុន្តែ ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​អស់មួយ​ជីវិត។ កាលីលេ​លែង​មាន​សិទ្ធិ​សរសេរ​សៀវភៅ​អ្វី​ផ្សេងទៀត​ទាំងអស់ ចំណែក​ឯ​សៀវភៅ​ស្តីពី​តារាសាស្រ្ត​ដែល​កាលីលេ​បោះពុម្ពផ្សាយ​រួចហើយ​នោះ​ក៏​ត្រូវ​បាន​គេ​​ហាមឃាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ