អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

កាលីលេ៖ ​បិតា​នៃ​វិទ្យាសាស្រ្ត​សម័យ​ទំនើប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីសប្តាហ៍​នេះទៅ នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង សេង ឌីណា នឹង​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​បុគ្គលល្បីៗ​មួយ​ចំនួន នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ ដោយ​ចាប់ផ្តើម​នៅថ្ងៃនេះ ពី​អ្នក​ប្រាជ្ញ​​ដ៏ល្បីមួយរូប ដែល​គេចាត់ទុក​ថា​ជា​បិតា​នៃ​វិទ្យាសាស្រ្ត គឺ​លោក កាលីលេ (១៥៦៤-១៦៤២)។(មានវីដេអូ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អត្ថបទ)

កាលីលេ (Galileo Galilei) អ្នក​ប្រាជ្ញ​អ៊ីតាលី​នា​សតវត្សរ៍​ទី​១៧ ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បិតា​នៃ​វិទ្យាសាស្រ្ត​សម័យ​ទំនើប
កាលីលេ (Galileo Galilei) អ្នក​ប្រាជ្ញ​អ៊ីតាលី​នា​សតវត្សរ៍​ទី​១៧ ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បិតា​នៃ​វិទ្យាសាស្រ្ត​សម័យ​ទំនើប
ផ្សាយពាណិជ្ជកម្ម

នៅវេលា​យប់មួយ ក្នុង​ខែសីហា ឆ្នាំ​១៦០៩ នៅ​ក្នុងក្រុងមួយ ក្នុង​​ប្រទេស​អ៊ីតាលី ផ្ទៃមេឃស្រឡះ ផ្កាយរះព្រោងព្រាត អ្ន​កវិទ្យាសាស្រ្ត​មួយរូប ឈ្មោះ​ថា កាលីលេ ដើរចេញ​ពី​ក្នុង​​ផ្ទះ សំដៅទៅកាន់​សួនច្បារ ដៃកាន់​តេឡេស្កុប​ដ៏ថ្មីស្រឡាង​មួយ​ដែល​លោក​ទើប​នឹង​បង្កើតឡើង​ដោយ​ខ្លួនឯង ហើយ​ចាប់ផ្តើមធ្វើ​​ការ​សិក្សា​និង​សង្កេត​មើល​យ៉ាងលម្អិត​ទៅលើ​ដួងតារា... ការសិក្សា​ដែល​នាំទៅរក​របកគំហើញ​ដ៏អស្ចារ្យ​ជាច្រើន ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​វិទ្យាសាស្រ្ត​សម័យ​ទំនើប ប៉ុន្តែ របកគំហើញ​ដែល​ធ្វើ​ឲ្យ​កាលីលេ​ខ្លួនឯង​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​ដល់​ខ្លួនឯង...

នេះ​គឺ​ជា​ដំណើររឿង​នៃ​ជីវិត​និង​ស្នាដៃ​របស់​អ្នក​ប្រាជ្ញ​មួយ​រូប ដែល​លោក​អាញ់ស្តាញ់ (Albert Einstein) ចាត់ទុក​ថា​ជា​បិតានៃ​វិទ្យាសាស្រ្ត។

កាលីលេ (ឈ្មោះពេញ កាលីលេអូ កាលីលេ) កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៥៦៤ នៅ​ក្នុង​ទីក្រុងពីហ្សា ប្រទេសអ៊ីតាលី។ នៅពេលដែល​កាលីលេ​ចាប់កំណើតឡើង តំបន់អឺរ៉ុប ហើយ​ជាពិសេស គឺ​អ៊ីតាលី កំពុងឆ្លងកាត់នូវ​យុគសម័យរុងរឿង​ខាងផ្នែក​ចំណេះដឹង ដែល​គេ​ហៅ​តាមភាសា​បារាំង​ថា La Renaissance។ ឆ្នាំ​ដែល​កាលីលេ​កើត ក៏​ជា​ឆ្នាំ​កំណើត​របស់​កវីដ៏ល្បី​ម្នាក់​ក្នុង​ប្រវត្តិសាស្រ្ត គឺ​វីលីយ៉ាម​ ស្ហេកស្ពៀរ (នៅអង់គ្លេស) ហើយ​ជា​ឆ្នាំ​ដែល​វិចិត្រករ​និង​ស្ថាបត្យករ​ដ៏ល្បី​របស់​អ៊ីតាលី គឺ​ មីកេឡង់ជេឡូ (Michelangelo) ទើប​នឹង​ទទួល​មរណភាព។

កាលីលេ គឺ​ជា​កូនច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​៦នាក់ នៃ​​ត្រកូល​អ្នក​មាន​ឋានៈមធ្យម​ម្នាក់ ដែល​មាន​ឪពុក​ជា​តន្ត្រីករ។ ឪពុក​របស់​កាលីលេ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តន្រ្តីករ​ដែល​មាន​គំនិត​បះបោរ ចូលចិត្ត​លេងភ្លេង​និង​និពន្ធ​បទភ្លេង​ដែល​ខុសពី​ទំនៀមទម្លាប់ ក្បួនខ្នាត និង​ទ្រឹស្តីតន្ត្រី​​ដែល​មាន​ពីមុន។ កាលីលេ​ក៏​ជា​មនុស្ស​ដែល​មាន​គំនិត​បះបោរ ចោទសួរ សង្ស័យ​ទៅលើ​ជំនឿ​និង​ទ្រឹស្តី​ដែល​មាន​ស្រាប់ ដោយ​កាត់​ទៅរក​ឪពុក។
 

តាំងពី​នៅ​ជា​កុមារ​នៅឡើយ កាលីលេ​ជា​ក្មេង​ដែល​ពូកែ​ឆ្ងល់​និង​ចង់ដឹង​គ្រប់សព្វបែបយ៉ាង ហើយ​ជារឿយៗ កាលីលេ​រុះរើ​ឧបករណ៍​គ្រប់សព្វបែបយ៉ាង ដើម្បី​ចង់​មើល​ពី​គ្រឿងក្នុង និង​ពី​របៀប​ដំណើរការ​របស់​វា ព្រមទាំង​​ចេះធ្វើគ្រឿងលេងប្លែកៗ​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត។

កាលពីដំបូងឡើយ កាលីលេ​មាន​ចំណង់ចំណូលចិត្ត​ទៅលើ​ដូរតន្រ្តី​និង​គំនូរ។ កាលីលេ​រៀន​គូររូប​ ព្រមទាំង​រៀន​ភ្លេង​​រហូត​ចេះ​បាន​យ៉ាង​ស្ទាត់​ជំនាញ។ ក្រោយមកទៀត នៅពេល​ដែល​ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​ឲ្យ​ទៅរៀន​នៅ​ក្នុង​វិហារ​កាតូលិក កាលីលេ​ចាប់ផ្តើម​ចាប់អារម្មណ៍​ទៅលើ​សាសនា រហូត​មាន​​បំណង​ចង់​បួស​ជា​សង្ឃ​កាតូលិក។ ក៏ប៉ុន្តែ នៅ​ពេលនោះ ឪពុក​របស់​កាលីលេ​មិន​ចង់​ឲ្យ​កូន​បួស​ជា​សង្ឃ ក៏​បាន​ជំរុញ​ឲ្យ​កាលីលេ​ចេញ​ពី​វិហារ​កាតូលិក ហើយ​ទៅ​ចុះឈ្មោះ​ចូលរៀន​នៅ​សកលវិទ្យាល័យពីហ្សា ដោយ​រៀន​ខាង​ផ្នែក​វេជ្ជសាស្រ្ត ដោយសារតែ​នៅពេលនោះ គ្រូពេទ្យ​គឺ​ជា​អាជីព​ដែល​អាច​រកលុយ​បាន​ច្រើន។

ពេលកំពុង​រៀន​ខាង​ផ្នែក​វេជ្ជសាស្រ្ត​នៅ​សកលវិទ្យាល័យ​ពីហ្សា កាលីលេ​បាន​ឮ​គេ​និយាយ​អំពី​មុខវិជ្ជា​មួយ គឺ​គណិតវិទ្យា។ កាលីលេ​ចាប់អារម្មណ៍​ខ្លាំង​លើ​មុខវិជ្ជា​នេះ ដោយសារ​តែ​ជឿ​ថា គណិតវិទ្យា​គឺ​ជា​យាន ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​អ្វីៗ​ដែល​កើតមានឡើង​នៅ​ក្នុង​ធម្មជាតិ។ កាលីលេ​នៅតែ​បន្ត​រៀនជំនាញ​វេជ្ជសាស្រ្ត​ទៅតាម​បំណង​របស់​ឪពុក ក៏ប៉ុន្តែ បន្តិចម្តងៗ កាលីលេ​ចាប់ផ្តើម​ដកចិត្ត​ពី​មុខវិជ្ជា​វេជ្ជសាស្រ្ត​ដែល​ជា​មុខវិជ្ជាគោល ហើយ​​ផ្តោត​អារម្មណ៍​ខ្លាំងឡើងៗ ទៅលើ​មុខវិជ្ជា​គណិតវិទ្យា។ នៅ​ទីបំផុត កាលីលេ​ត្រូវ​ប្រឡង​ធ្លាក់​ខាង​វេជ្ជសាស្រ្ត​ ហើយ​នៅ​ឆ្នាំ​១៥៨៥ កាលីលេ​បាន​បញ្ចប់​ការ​សិក្សា​រយៈពេល ៤ឆ្នាំ នៅ​សកលវិទ្យាល័យ ដោយ​មិន​ទទួល​បាន​សញ្ញា​បត្រ​អ្វីទាំងអស់។

ត្រឡប់​ទៅដល់​ផ្ទះវិញ កាលីលេ​ ដែល​គ្មាន​សញ្ញាបត្រ​អាច​ប្រកប​របរ​ជា​គ្រូពេទ្យ ក៏​បែរ​ទៅ​ចាប់​យក​របរ​ជា​អ្នក​បង្រៀន​គណិតវិទ្យា​ក្រៅម៉ោង​ជា​លក្ខណៈឯកជន ហើយ​ក្នុងពេល​ជាមួយគ្នា កាលីលេ​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​ពង្រឹងចំណេះដឹង​ខ្លួនឯង ព្រមទាំង​យក​ចំណេះដឹង​​និង​គំនិត​ច្នៃប្រឌិត​របស់​លោក ទៅ​បង្កើត​ជា​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ដែល​ប្លែកមិនធ្លាប់មាន និង​មាន​ប្រយោជន៍​នៅ​ក្នុង​សង្គម។

បន្តិចម្តងៗ ស្នាដៃ​របស់​កាលីលេ​ត្រូវបាន​ល្បីសុះសាយ ហើយ​នៅ​ឆ្នាំ​១៥៨៩ នៅ​ក្នុង​វ័យ ២៥ឆ្នាំ កាលីលេ​ត្រូវ​បាន​​គេ​ផ្តល់​មុខងារ​ឲ្យ​ធ្វើ​ជា​សាស្រ្តាចារ្យ​គណិតវិទ្យា នៅ​ឯ​សកលវិទ្យាពីហ្សា ទីដែល​លោក​រៀន​ធ្លាក់​មិនបាន​សញ្ញាបត្រ កាលពី៤ឆ្នាំមុន។ ក៏ប៉ុន្តែ ការ​បង្រៀន​នៅ​សកលវិទ្យាល័យ​ពីហ្សា​នេះ មិនមាន​រយៈពេល​យូរ​ប៉ុន្មាន​នោះទេ ដោយសារ​តែ​គំនិត​បដិវត្តន៍ និង​បះបោរ​របស់​កាលីលេ វា​ផ្ទុយ​ស្រឡះ​ពី​គំនិតអភិរក្ស​និយម​របស់​សកលវិទ្យាល័យ។

នៅសកលវិទ្យាល័យ​ពីហ្សា រាល់​សេចក្តីបង្រៀន​ទាំងអស់​ចាំបាច់​ត្រូវតែ​ឈរលើ​គោលការណ៍​ ដែល​បាន​បន្សល់​ទុក​ដោយ​អ្នក​ប្រាជ្ញ​ក្រិក ជាពិសេស គឺ​អារីស្តូត ដែល​បាន​បង្កើត​ទ្រឹស្តី​ជាច្រើន ទាំង​ខាង​ផ្នែក​ទស្សនវិជ្ជា និង​វិទ្យាសាស្រ្ត។ កាលីលេវិញ​ធ្វើ​ខុសពី​ទំនៀមទម្លាប់​របស់​សកលវិទ្យាល័យ ដោយ​នៅ​ក្នុង​ពេល​បង្រៀន​សិស្ស កាលីលេ​បាន​ធ្វើការ​ចោទសួរ ជជែក​ដេញដោល និង​បង្ហាញ​ពី​មន្ទិល​សង្ស័យ ចំពោះ​ទ្រឹស្តី​មួយ​ចំនួន​របស់​អារីស្តូត។

នៅ​ឆ្នាំ​១៥៩១ បង្រៀន​បាន​ត្រឹមតែ ៣ឆ្នាំ កិច្ចសន្យា​របស់​កាលីលេ​នៅ​សកលវិទ្យាល័យ​ពីហ្សាត្រូវ​បញ្ចប់ ហើយ​កាលីលេ​ត្រូវ​ក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​ដើរទាត់ខ្យល់។ ព្រមពេលជាមួយគ្នា​នោះ ស្ថានភាព​គ្រួសារ​របស់​កាលីលេ​ក៏​ត្រូវ​ជួប​នឹង​ភាព​ត្រដាបត្រដួស​យ៉ាងខ្លាំង ដោយសារ​តែ​ឪពុក​របស់​កាលីលេ​ត្រូវ​ទទួល​មរណភាព ហើយ​ម្តាយ និង​ប្អូនស្រីពីរនាក់​ផ្សេងទៀត​ពឹងផ្អែក​ខ្លាំង​លើ​កាលីលេ ដើម្បី​ផ្គត់ផ្គង់​ជីវភាព។

សំណាងល្អ ប្រមាណ​ត្រឹមតែ​មួយ​ឆ្នាំ​ក្រោយមក កាលីលេ​ត្រូវ​បាន​សកលវិទ្យាល័យ​មួយផ្សេងទៀត​ហៅ​ឲ្យ​ទៅ​បង្រៀន គឺ​សកលវិទ្យាល័យ​ប៉ាឌូ។ នៅពេលនោះ កាលីលេ​កំពុង​ស្ថិត​ក្នុង​សភាពក្រីក្រ​ខ្លាំង រហូត​គ្មាន​លុយ​ធ្វើ​ដំណើរ​ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​សកលវិទ្យាល័យ​ប៉ាឌូ ដែល​មាន​ចម្ងាយ​រហូតដល់​ទៅ​ ១៦០គីឡូម៉ែត្រ​។ ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​នៅ​ប៉ាឌូ ត្រូវ​បាន​កាលីលេ​រាប់ថា​ជារយៈពេល​​ដ៏​មាន​សុភមង្គល​មួយ នៅ​ក្នុង​ជីវិតរបស់​លោក។

សកលវិទ្យាល័យ​ប៉ាឌូ​មិនត្រឹមតែ​ផ្តល់​ប្រាក់​ខែ​ច្រើន​ជាង​នោះទេ តែ​ជាងនេះ​ទៅទៀត វា​គឺ​ជា​កន្លែង​ដែល​ប្រកាន់​យក​នូវ​គំនិត​សេរីនិយម បើក​ចំហ​ឲ្យ​សាស្រ្តាចារ្យ​ និង​និស្សិត​ប្រកាន់​យក​នូវ​គំនិត​ផ្ទាល់​ខ្លួន ផ្ទុយ​ស្រឡះ​ពី​គំនិត​អភិរក្ស​និយម​នៅ​សកលវិទ្យាល័យ​ពីហ្សា។ គំនិត​បដិវត្តន៍​និង​បះបោរ​របស់​កាលីលេ មិនត្រឹមតែ​មិនត្រូវ​គេ​ហាមឃាត់ ផ្ទុយ​ទៅវិញ សកលវិទ្យាល័យ​ប៉ាឌូ​បាន​តែងតាំង​​កាលីលេ​​​ឲ្យ​ធ្វើ​ជា​ប្រធានផ្នែក​គណិតវិទ្យា ហើយ​បន្ត​កាន់តំណែង​នេះ​អស់រយៈពេល ១៨ឆ្នាំ។

នៅ​ក្នុង​សកលវិទ្យាល័យ​ដែល​មាន​គំនិត​សេរីនិយម​នេះ​ហើយ ដែល​កាលីលេ​បាន​ធ្វើការ​សិក្សា ពិសោធន៍ ស្រាវជ្រាវ និង​រកឃើញ​នូវ​គោលការណ៍​សំខាន់ៗ​ជាច្រើន ទាំង​ខាង​ផ្នែក​គណិតវិទ្យា និង​ខាង​ផ្នែក​វិទ្យាសាស្រ្ត​ជា​ទូទៅ ដែល​បើក​ផ្លូវ​ទៅរក​បដិវត្តន៍​ដ៏​សំខាន់​មួយ​ខាង​ផ្នែក​វិទ្យាសាស្រ្ត គឺ​ចេញ​ពី​វិទ្យាសាស្រ្ត​តាមបែប​បុរាណ​ពី​សម័យកាល​អារីស្តូត (ដែល​ភាគច្រើន​ផ្អែក​ទៅលើ​ទស្សនវិជ្ជា លាយឡំ​និង​ជំនឿ​សាសនា) ទៅរក​​វិទ្យាសាស្រ្ត​សម័យទំនើប ដែលមាន​មូលដ្ឋាន​គ្រឹះ​ឈរ​​លើ​ការ​សង្កេត និង​ពិសោធន៍​ជាក់ស្តែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ