អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

កាលីលេ​និង​ច្បាប់​នៃ​ចលនា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​កាលីលេ ដោយ​លើកឡើង អំពីដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​កាលីលេ ដែល​ត្រូវ​បាន​តុលាការ​កាតូលិក​កាត់​ទោស​ដាក់​ឃុំ​ក្នុងផ្ទះ តែ​បាន​ចំណាយពេល​ធ្វើការ​សិក្សា​និង​បង្កើត​ទ្រឹស្តី​ដ៏សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិនៃ​រូបវិទ្យា គឺ “ច្បាប់​នៃ​ចលនា"។

សៀវភៅ  "វិទ្យាសាស្រ្តថ្មី​ទាំងពីរ" (បកប្រែ​ជា​អង់គ្លេស Two New Sciences) និពន្ធដោយ​កាលីលេ
សៀវភៅ "វិទ្យាសាស្រ្តថ្មី​ទាំងពីរ" (បកប្រែ​ជា​អង់គ្លេស Two New Sciences) និពន្ធដោយ​កាលីលេ
ផ្សាយពាណិជ្ជកម្ម

“ច្បាប់នៃចលនា” ត្រូវ​បាន​គេ​ស្គាល់ជាទូទៅ​ថា​ជា​ស្នាដៃ​របស់​អ៊ីសាក់ ញូតុន ក៏ប៉ុន្តែ តាមការពិត​អ្នក​ដែល​បាន​ធ្វើការ​សិក្សា​និង​បង្កើត​ទ្រឹស្តីនេះ​ឡើង​ពីដំបូង ហើយ​ដែល​ញូតុន​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុងការ​សិក្សា​បន្ត គឺ​កាលីលេ។

នៅឆ្នាំ១៦៣៣ ដោយសារ​តែ​បាន​ចុះផ្សាយ​ទ្រឹស្តី​តារាសាស្រ្ត​ដែល​លើកឡើង​ថា​ ​ភពផែនដី​ចេញ​​មិនមែន​ជា​​ចំណុចកណ្តាល​នៃ​ចក្រវាល កាលីលេ​ត្រូវបាន​តុលាការ​កាតូលិក​នៅ​ទីក្រុង​រ៉ូម​​កាត់ឲ្យ​ជាប់​ពិរុទ្ធ​ពីបទ​ប្រឆាំង​នឹង​សាសនា ហើយ​ត្រូវ​មាន​ទោស​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​អស់​មួយ​ជីវិត។ រាល់​សេចក្តីបង្រៀន ឯកសារ សៀវភៅ​ស្តីពី​ទ្រឹស្តី​របស់​កាលីលេ​​ត្រូវ​បាន​ហាមឃាត់​ទាំងអស់​នៅពេលនោះ​ ក៏ប៉ុន្តែ អ្វី​ដែល​គេ​មិន​អាច​ហាមឃាត់​​កាលីលេ​បាន គឺ​គំនិត។

កាលីលេ​ ថ្វីដ្បិត​តែ​​ពេលនោះ​មាន​វ័យ​ចំណាស់​ទៅហើយ​ក៏ដោយ (៧០ឆ្នាំ) ក៏​​នៅតែ​មិនបោះបង់​គំនិត​ចង់ដឹង​ចង់យល់ ហើយ​លោក​ក៏​​មិនបាន​ទុក​បណ្តោយ​ឲ្យ​ការជាប់ឃុំ​ក្នុងផ្ទះ​​បង្កើត​ទៅ​ជា​ការ​អស់សង្ឃឹម ឬ​បណ្តែតបណ្តោយខ្លួន​ទៅតាម​យថាកម្ម​នោះដែរ។ ផ្ទុយ​ទៅវិញ លោកបាន​ប្រែក្លាយ​ទោស​ជាប់ឃុំ​ក្នុងផ្ទះ​ទៅជា​ឱកាស​មួយទៅវិញ គឺ​ឱកាស​ក្នុងការ​សិក្សា​លម្អិត​ទៅលើ​អ្វី​ដែល​លោក​បាន​សិក្សា​កាលពីមុនពេល​សិក្សា​ពី​តារាសាស្រ្ត គឺ​ការ​សិក្សា​ទៅលើ​​​ច្បាប់នៃចលនា។

នៅ​ក្នុង​អំឡុង​ឆ្នាំ១៦៣៥ នៅ​ក្នុង​វ័យ ៧២ឆ្នាំ កាលីលេ​ធ្លាក់ខ្លួន​ពិកាភ្នែក​ទាំងសងខាង ក៏ប៉ុន្តែ កាលីលេ​នៅតែ​បន្ត​​ធ្វើ​ការ​សិក្សា​ និងសរសេរ​សៀវភៅ ដោយ​មាន​ជំនួយ​ពី​កូនប្រុស និង​កូនសិស្ស​មួយ​ចំនួន​​ដែល​ស្ម័គ្រចិត្ត​មក​ជួយ​ធ្វើ​ជា​អ្ន​កកត់ត្រា។

នៅទីបំផុត ក្រោយ​ពី​បាន​ធ្វើការ​សិក្សា​និង​ពិសោធន៍​រយៈពេលជាច្រើន​ឆ្នាំ នៅ​ក្នុងគុកក្នុងផ្ទះ​ ទ្រឹស្តី​របស់​កាលីលេ​ក៏​ត្រូវ​បាន​ចងក្រង​ជា​សៀវភៅ ក៏ប៉ុន្តែ សៀវភៅនេះ​មិន​អាច​បោះពុម្ពផ្សាយ​​​បាន ដោយសារ​តែ​​នៅ​ក្នុង​សេចក្តីសម្រេច​របស់​វិហារ​កាតូលិក មាន​ចែង​ដាក់​បម្រាម​យ៉ាងតឹងរ៉ឹង មិនឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទ្រឹស្តី​ណាទាំងអស់​របស់​កាលីលេ ទោះជា​ទ្រឹស្តី​ដែល​មាន​ពីមុន ឬ​ក៏​ទ្រឹស្តី​ដែល​កាលីលេ​រកឃើញ​ក្រោយៗ​មកទៀត។​​

ដោយមិនអាច​បោះពុម្ព​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន កាលីលេ​បាន​ព្យាយាម​ធ្វើការ​បោះពុម្ព​សៀវភៅ​របស់​លោក​នៅ​ក្រៅប្រទេស រួមមាន​ដូចជា​ប្រទេស​បារាំង អាល្លឺម៉ង់ និង​ប៉ូឡូញ ជាដើម ក៏ប៉ុន្តែ សុទ្ធតែ​ត្រូវ​បរាជ័យ​បោះពុម្ពមិនចេញ ដោយសារ​តែ​ប្រទេស​ទាំងនេះ ក៏​សុទ្ធតែ​ស្ថិត​ក្រោម​អំណាច​នៃ​វិហារ​កាតូលិក។

នៅទីបំផុត គឺ​នៅ​ក្នុង​ប្រទេស​ហូឡង់ ដែល​សៀវភៅ​របស់​កាលីលេ​ត្រូវ​បាន​បោះពុម្ពផ្សាយ នៅ​ឆ្នាំ​១៦៣៨។ សៀវភៅ​ដែល​មាន​ចំណងជើង​ថាត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ស្នាដៃ​ដ៏សំខាន់បំផុត​របស់​កាលីលេ ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត វា​គឺ​​ជា​មូលដ្ឋានគ្រឹះ​នៃ​រូបវិទ្យា​ក្នុងសម័យទំនើប។​
 

នៅ​ក្នុងវ័យ ៧២ឆ្នាំ កាលីលេ​បាន​ធ្លាក់ខ្លួន​ពិកា​ភ្នែក​ទាំងពីរ តែ​លោក​នៅតែ​បន្ត​សិក្សាស្រាវជ្រាវ និង​សរសេរសៀវភៅ​ចងក្រង​ទ្រឹស្តី​របស់​លោក
នៅ​ក្នុងវ័យ ៧២ឆ្នាំ កាលីលេ​បាន​ធ្លាក់ខ្លួន​ពិកា​ភ្នែក​ទាំងពីរ តែ​លោក​នៅតែ​បន្ត​សិក្សាស្រាវជ្រាវ និង​សរសេរសៀវភៅ​ចងក្រង​ទ្រឹស្តី​របស់​លោក

នៅក្នុងសៀវភៅនេះ កាលីលេ​សរសេរ​ជា​របៀប​សន្ទនា​ រវាង​តួអង្គ​ ៣រូប ដោយ​តួអង្គនីមួយៗ តំណាង​ឲ្យ​ដំណាក់កាល​ទាំងបី​នៃ​ការសិក្សា​របស់​កាលីលេ​ខ្លួនឯងផ្ទាល់។ តួអង្គទីមួយ​ជា​អ្នក​​លើកឡើង​នូវ​ទឡ្ហីករណ៍​​ ដើម្បី​ការពារ​វិទ្យាសាស្រ្ត​តាមបែប​បុរាណ​ពី​សម័យ​អារីស្តូត ដែល​តំណាង​ឲ្យ​ផ្នត់គំនិត​របស់​​កាលីលេ​កាល​ពី​ក្មេង។ តួអង្គទីពីរ​លើកឡើង​នូវ​ទឡ្ហីករណ៍​​​ដើម្បី​ចោទសួរ​ចំពោះ​ទ្រឹស្តី​អារីស្តូត ព្រមទាំង​ព្យាយាម​ស្វែងរក​ទ្រឹស្តីថ្មី ពោលគឺ​​​​តំណាង​ឲ្យ​ផ្នត់គំនិត​របស់​​កាលីលេ​នៅ​មជ្ឈិមវ័យ។ ចំណែក​ឯ​តួអង្គ​ទីបី​​គឺ​ជា​អ្នក​លើកឡើង​នូវ​ទឡ្ហីករណ៍​ការពារ​ទ្រឹស្តីថ្មី ដែល​កាលីលេ​បាន​រកឃើញ នៅ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក។

នៅ​ក្នុង​ចំណោម​ទ្រឹស្តី​ថ្មីៗ​អស់ទាំងនេះ មាន​ទ្រឹស្តី​ដ៏សំខាន់មួយ ដែល​ក្រោយមក​បាន​ក្លាយ​ជា​មូលដ្ឋានគ្រឹះ នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រាជ្ញ​ដ៏​ល្បីឈ្មោះ​មួយ​ទៀត​ក្នុង​ប្រវត្តិសាស្រ្ត គឺ​អ៊ីសាក់ ញូតុន។ នោះ​គឺ​ “ច្បាប់នៃចលនា”។

តាមការពិត នៅ​ក្នុង​ចំណោម​ទ្រឹស្តីបទ​ទាំង៣ នៃ​ច្បាប់ចលនា​របស់​ញូតុន ទ្រឹស្តីបទ​ទីមួយ​​ដែល​ចែងថា “វត្ថុមួយ​ដែលនៅនឹងថ្កល់​គ្មាន​ចលនា​នឹងនៅតែ​​បន្ត​ស្ថិតនៅ​នឹងថ្កល់​គ្មានចលនា ហើយ​វត្ថុ​​ដែល​មាន​ចលនា​នឹង​នៅតែ​បន្ត​មាន​ចលនា​នៅ​ក្នុង​ទិសដៅ​និង​ល្បឿន​ដដែល លុះត្រាតែមាន​អន្តរាគមន៍​ពី​កម្លាំង​មក​ពី​ខាងក្រៅ” គឺ​ជា​ការ​យក​តាមស្ទើរតែ​ទាំងស្រុង​ពី​ទ្រឹស្តី​របស់​កាលីលេ។ ញូតុនខ្លួនឯងផ្ទាល់​ក៏​បាន​ទទួលស្គាល់ និង​បាន​សរសេរ​បញ្ជាក់​យ៉ាងច្បាស់​​ដែរ​ថា ទ្រឹស្តីបទ​ទីមួយ​នេះ គឺ​ជា​ទ្រឹស្តី​របស់​កាលីលេ។

កាលីលេ​បាន​ទទួល​មរណភាព នៅថ្ងៃ​ទី៨ ខែមករា ឆ្នាំ១៦៤២ ក្នុង​វ័យ​ ៧៧ឆ្នាំ។ ព្រះអង្គម្ចាស់​ដែល​គ្រប់គ្រង​ដែនដីតូស្កាន (Toscane) ដែល​នៅពេលនោះ​ជា​បុរីរដ្ឋឯករាជ្យ​មួយ​នៅ​អ៊ីតាលី ចង់​យក​សព​កាលីលេ​ទៅ​បញ្ចុះ​នៅ​ក្នុង​ទីសក្ការៈមួយ ដែល​ជាទី​បញ្ចុះសព​នៃ​រាជវង្សានុវង្ស ហើយ​ព្រមទាំង​ចង់​សាងសង់​ស្តូប​អនុស្សាវរីយ៍​មួយ​ជាទី​រំឭក​ខួប​ដល់​កាលីលេ។ ក៏ប៉ុន្តែ គម្រោងនេះ​ត្រូវ​បាន​លុបចោល​ទៅវិញ ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​សម្តេចប៉ាប ដែល​លើកឡើង​ថា កាលីលេ​ដែល​ជា​អ្នក​ទោស​សាសនា​ មិន​ស័ក្តិសម​នឹង​ទទួល​កិត្តិយស​ធំធេងបែបនេះទេ។

ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះ​ក៏ដោយ កេរ្តិ៍ឈ្មោះ កិត្តិយស និង​ស្នាដៃ​របស់​កាលីលេ​នៅតែ​បន្ត​ល្បីរន្ទឺ​អស់រយៈពេល​រាប់រយ​ឆ្នាំ​ក្រោយៗមកទៀត រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន។ កាលីលេ​ទទួល​មរណភាព​ក្នុងនាម​ជា​អ្ន​កទោសសាសនា តែ​បន្សល់​ទុក​នូវកេរ្តិ៍ឈ្មោះ​ជា “បិតានៃ​វិទ្យាសាស្រ្ត”។

កាលីលេ​មិនត្រឹមតែ​បាន​បន្សល់ទុក​ “ច្បាប់​នៃ​ចលនា” សម្រាប់​​អ៊ីសាក់ ញូតុន តែប៉ុណ្ណោះទេ ក៏ប៉ុន្តែ កាន់តែ​សំខាន់ជាងនេះ​ទៅទៀត លោក​បាន​បន្សល់ទុក​នូវ​​វិធីសាស្រ្ត​នៃ​ការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​តាមរយៈការ​សង្កេត និង​ពិសោធន៍​ជាក់ស្តែង ដែល​បាន​ក្លាយ​ជា​វិធីសាស្រ្ត​ស្រាវជ្រាវ​ខាងផ្នែក​វិទ្យាសាស្រ្ត​ជាទូទៅ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ ហេតុដូច្នេះ​ហើយ​បាន​ជា​ អ្នកប្រាជ្ញ​ដ៏ល្បីឈ្មោះ​នៅ​ក្នុង​សតវត្សរ៍​ទី២០ គឺ​លោក​អាល់ប៊ែរ អាញ់ស្តាញ់ ធ្លាប់​បាន​លើកឡើង​ថា ​កាលីលេ​ “មិនត្រឹមតែ​ជា​បិតា​នៃ​រូបវិទ្យា​ប៉ុណ្ណោះទេ តែ​លោក​គឺ​ជា​បិតា​នៃ​វិទ្យាសាស្រ្ត​ជាទូទៅ​”។

៣៥០ឆ្នាំ​ក្រោយ​មរណភាព​របស់​កាលីលេ នៅឆ្នាំ១៩៩២ នៅក្រោមរជ្ជកាល​នៃ​សម្តេចប៉ាប​ហ្សង់ប៉ូល​ទី២ បុរីវ៉ាទីកង់​បាន​ទទួលស្គាល់​ជាផ្លូវការ​ និង​ជា​សាធារណៈ​ថា ការកាត់ទោស​កាលីលេ​ដោយ​តុលាការ​កាតូលិក​​​ កាល​ពីឆ្នាំ១៦៣៣ គឺ​ជា​ការខុសឆ្គង ហើយ​ទោស​កំហុស​ទាំងប៉ុន្មាន​​របស់​កាលីលេ​ត្រូវ​បាន​គេលុបចេញវិញ​ទាំងស្រុង។

តាមការពិត តាំងពីមុនពេល​ស្លាប់ កាលីលេ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​សៀវភៅ​របស់​លោក​រួចជាស្រេច​ថា “ម្នាលអ្នកប្រាជ្ញខាងសាសនា​ទាំងឡាយ​អើយ ថ្ងៃនេះ​អ្នក​គិតថា ផែនដី​ស្ថិតនៅនឹងថ្កល់​​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល ហើយ​ផ្តន្ទាទោស​អ្នក​ដែល​យល់ឃើញ​ផ្ទុយ​ពីនេះ។ គង់តែមាន​ថ្ងៃណាមួយ​ អ្នក​នឹង​​បែរជា​ត្រូវ​ផ្តន្ទាទោស​អ្នក​ដែល​យល់​ឃើញ​ថា ផែនដី​នៅនឹងថ្កល់ទៅវិញ”។

ជាការពិត នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ តើ​មាន​ម​នុស្ស​ប៉ុន្មាននាក់​ ដែល​នៅតែ​ជឿថា ផែនដី​មានរាងសំប៉ែត ហើយ​នៅនឹងថ្កល់​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល? មនុស្ស​ស្ទើរតែគ្រប់រូប​នៅលើ​ភពផែនដី ដោយរាប់ទាំង​វិហារកាតូលិក​ផង សុទ្ធតែ​ទទួលស្គាល់​ទ្រឹស្តី​របស់​កាលីលេ។ ក៏ប៉ុន្តែ គឺដូចជា​អ្វីដែល​កាលីលេ​ធ្លាប់លើកឡើង​រួចហើយ​ថា “រាល់សេចក្តីពិត​ទាំងអស់​​គឺ​សុទ្ធតែ​ងាយ​ស្រួល​យល់​ទេ នៅពេលណា​ដែល​​គេ​រកវា​ឃើញ​ហើយ។ សំខាន់​គឺ​ត្រូវ​ស្វែងអ្វីដែល​ពិបាក គឺ​ការ​ស្វែងរក​សេចក្តីពិតទាំងនោះ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ