អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ស្នាដៃ​សំខាន់ៗ​របស់​កាលីលេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​អ្នក​ប្រាជ្ញ​ដ៏ល្បី​ក្នុង​ប្រវត្តិសាស្រ្ត គឺ​លោក​ កាលីលេ ដោយ​ផ្តោត​ទៅលើ​ស្នាដៃ​សំខាន់ៗ​មួយចំនួន​​របស់​លោក។

"ច្បាប់នៃ​រំយោល" គឺ​ជា​ស្នាដៃ​ដ៏សំខាន់មួយ​របស់​កាលីលេ ហើយ​ជា​មូលដ្ឋាន​គ្រឹះ​​នៃ​ការ​បង្កើត​នាឡិកាយោល
"ច្បាប់នៃ​រំយោល" គឺ​ជា​ស្នាដៃ​ដ៏សំខាន់មួយ​របស់​កាលីលេ ហើយ​ជា​មូលដ្ឋាន​គ្រឹះ​​នៃ​ការ​បង្កើត​នាឡិកាយោល
ផ្សាយពាណិជ្ជកម្ម

នៅមុន​កាលីលេ ទ្រឹស្តី​វិទ្យាសាស្រ្ត​មាន​មូលដ្ឋាន​ឈរលើ​សេចក្តីបង្រៀន​នៃ​ទស្សនវិទូ​ក្រិក តាំង​ពី​ប្រមាណ​ជា ២ពាន់​ឆ្នាំមុន ជាពិសេស គឺ​អារីស្តូត។

អារីស្តូត​គឺ​ជា​កូនសិស្ស​របស់​ផ្លាតុង ក៏ប៉ុន្តែ ខុសពីផ្លាតុង​និង​ទស្សនវិទូ​ក្រិក​ជាច្រើន​ផ្សេងទៀត ដែល​ផ្តោត​ការសិក្សា​ទៅលើ​ទស្សនវិជ្ជា​ខាង​ផ្នែក​អរូបិយ អារីស្តូត​ផ្តោត​ទៅលើ​ទស្សនវិជ្ជា​នៃ​ធម្មជាតិ គឺ​ទៅលើអ្វីៗ​ដែល​គេ​អាច​មើល​ឃើញ​ជាក់ស្តែង។

ទ្រឹស្តី​របស់​អារីស្តូត​ត្រូវ​បាន​​បង្កើតឡើង​ចេញ​ពីការ​សង្កេត ការ​ទាញ​ហេតុ​និង​ផល​ទៅតាម​តក្កវិទ្យា ដែល​គេ​អាច​ចាត់ទុក​ថា​ជា​ទ្រឹស្តីវិទ្យាសាស្រ្ត ក៏ប៉ុន្តែ ទោះជាយ៉ាងណា ទ្រឹស្តី​វិទ្យាសាស្រ្ត​នេះ​នៅតែ​មាន​ជាប់ឥទ្ធិពល​ខ្លាំង​ពី​ទស្សនវិជ្ជា​អរូបិយ និង​ជាពិសេស គឺ​ខ្វះ​ការ​ធ្វើ​ពិសោធន៍​ជាក់ស្តែង ដើម្បី​ផ្ទៀងផ្ទាត់។

អ្វីៗ​ត្រូវ​ប្រែប្រួល​ចាប់តាំង​ពី​សម័យកាល​កាលីលេ!

នៅថ្ងៃមួយ ក្នុង​អំឡុង​ឆ្នាំ១៥៨១ នៅ​ពេល​​កំពុង​នៅ​ជា​និស្សិត​ផ្នែក​វេជ្ជសាស្រ្ត​នៅ​សកលវិទ្យាល័យ​ពីហ្សា​នៅឡើយ កាលីលេ​បាន​ងើបក្បាល​ឡើង​សំឡឹង​មើល​ទៅលើ​​ ឃើញ​ជាង​កំពុង​ជួសជុល​ចង្កៀងដែល​គេ​ចងព្យួរ​នៅលើ​ពិដាន។ ក្រោយ​ពី​ជាង​លែងដៃ ចង្កៀង​នោះ​ក៏​ចាប់ផ្តើម​យោលចុះយោលឡើង។ នៅ​ក្នុងពេល​ដែល​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដើរហួស​ទៅ​ដោយ​មិន​ខ្ចីរវល់​ចាប់អារម្មណ៍ កាលីលេវិញ ឈរសង្កេតមើល​ដោយ​ម៉ត់ចត់ ហើយ​ចាប់ផ្តើម​វាស់​ចង្វាក់​នៃ​លំយោល​របស់​ចង្កៀង ដោយ​ប្រើ​ជីពចរ​របស់​លោក។ តាមរយៈ​ការវាស់ស្ទង់​នេះ កាលីលេ​បាន​សង្កេតឃើញ​រឿងចម្លែកមួយ ដែល​ផ្ទុយ​ពី​អ្វី​ដែល​គេ​ធ្លាប់​គិត​ពីមុន។

ជាទូទៅ គេ​គិត​ថា បើ​សិន​ជា​គេ​ចង​ព្យួរ​​​វត្ថុ​មួយ​ឲ្យ​​យោលចុះយោលឡើង​ ពីដំបូង​ការយោល​ពី​ម្ខាងទៅម្ខាង​មាន​ចម្ងាយ​វែង ហើយ​បន្តិចម្តងៗ ចលនា​នៃ​លំយោល​នេះ​មាន​កាន់តែ​ខ្លីទៅៗ ហើយ​ការយោល​ពីម្ខាង​ទៅម្ខាង​ក៏​ត្រូវ​ប្រើ​ថេរវេលា​​កាន់តែ​តិចទៅៗ រហូតដល់​ចំណុចមួយ​វត្ថុ​នេះ​ត្រូវ​ឈប់​យោល​ទាំងស្រុង។

កាលីលេ​វិញ បាន​សង្កេតឃើញ​ថា ចង្កៀង​ដែល​ចង​ព្យួរនៅលើ​ពិដាន​នោះ ពិតមែនតែ​មាន​ចលនា​លំយោល​ពីដំបូងវែងៗ ហើយ​ក្រោយ​មក​​កាន់តែ​ខ្លីទៅៗ​​ពិតមែន ក៏ប៉ុន្តែ ថេរវេលា​នៃ​លំយោល​នីមួយ (​ពេលវេលា​ដែល​ត្រូវ​ប្រើ​ក្នុងការ​យោល​ពី​ម្ខាង​ទៅម្ខាង) គឺ​នៅតែ​ដដែល​ ចាប់តាំង​ពី​ដើមដំបូង រហូត​ដល់​ពេល​ដែល​ចង្កៀង​នោះ​យោល​កាន់តែ​ខ្លី​រហូត​ជិត​ដល់​ឈប់​យោល​ទាំងស្រុង។

ពេល​ទៅដល់​បន្ទប់​ស្នាក់នៅវិញ កាលីលេ​ចាប់ផ្តើម​ធ្វើ​ពិសោធន៍​ឡើងវិញ ដើម្បី​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​អ្វី​ដែល​លោក​បាន​សង្កេតឃើញ។ ក្រោយ​ពី​បាន​ពិសោធន៍​ជាច្រើន​លើក ដោយ​ប្រើ​គ្រប់​រូបភាព កាលីលេ​បាន​ទាញ​នូវ​សេចក្តីសន្និដ្ឋាន​ជាចុងក្រោយ​មួយ​ថា ការយោលពីម្ខាង​ទៅម្ខាង​នៃ​វត្ថុមួយ​មាន​ថេរវេលា​ថេរ​ជានិច្ច​ តាំងពី​ពេល​ដែល​វត្ថុ​នោះយោល​ខ្លាំង រហូត​ដល់​ចលនា​លំយោល​មាន​កាន់តែ​ខ្លី​ជិតឈប់យោល។

កាលីលេ ដែល​មាន​វ័យ​មិនទាន់​បាន​ ២០ឆ្នាំផង បាន​បង្កើត​ទ្រឹស្តី​បទ​នៃ​គណិតវិទ្យា​ដ៏សំខាន់​មួយ ដែល​គេហៅ​ថា “ទ្រឹស្តីបទ​នៃ​លំយោល” (Law of Pendulum)។ ទ្រឹស្តីបទ​ដែល​កើតចេញ​ពី​ការ​សង្កេត និង​ផ្ទៀងផ្ទាត់​ដោយ​ការធ្វើ​ពិសោធន៍ ហើយ​ជា​ទ្រឹស្តីបទ​​ដែល​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋាន នៅ​ក្នុង​ការ​បង្កើត​ឧបករណ៍​ដ៏សំខាន់​មួយ នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ជា​ប្រចាំថ្ងៃ គឺ​​នាឡិកាយោល។
 

ប៉មទ្រេត​ពីហ្សា នៅ​អ៊ីតាលី ទីដែល​កាលីលេ​ធ្វើ​ពិសោធន៍​អំពីទ្រឹស្តី​ "ទម្លាក់សេរី"
ប៉មទ្រេត​ពីហ្សា នៅ​អ៊ីតាលី ទីដែល​កាលីលេ​ធ្វើ​ពិសោធន៍​អំពីទ្រឹស្តី​ "ទម្លាក់សេរី"

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៥៨៩ កាលីលេ​គឺ​ជា​សាស្រ្តាចារ្យ​គណិតវិទ្យា​នៅ​សកលវិទ្យាល័យ​ពីហ្សា ដែល​ជា​សកលវិទ្យាល័យ​ប្រកាន់​គំនិត​អភិរក្ស​និយម ដោយ​រាល់​ការ​បង្រៀន​ទាំងអស់​តែងតែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​ទ្រឹស្តី​​វិទ្យាសាស្រ្ត​របស់​អារីស្តូត។ កាលីលេ​វិញ​ ដែល​តាំង​ពី​ក្មេងមក​តែងតែ​មាន​គំនិត​បះបោរ ចោទសួរ មិនចេះតែ​ជឿទៅតាម​គេ​ថា បាន​លើកឡើង​នូវ​គំនិត​មួយ​ចំនួន​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​របស់​អារីស្តូត ដោយ​ក្នុងនោះ​​មាន​ទ្រឹស្តីមួយ ដែល​គេតែងតែ​លើក​យក​មក​និយាយ​ច្រើន គឺ​ទាក់ទង​នឹង​ “ទម្លាក់សេរី”។

យោងតាម​ទ្រឹស្តី​របស់​អារីស្តូត វត្ថុមួយ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​លឿន​ ឬ​យឺត គឺ​អាស្រ័យ​ទៅនឹង​ទម្ងន់​របស់​វា មាន​ន័យ​ថា វត្ថុ​ដែល​មាន​ទម្ងន់ធ្ងន់​ធ្លាក់​ចុះ​លឿន​ជាង​វត្ថុ​ដែល​មាន​ទម្ងន់ស្រាល។ កាលីលេវិញ​យល់​ឃើញ​ផ្ទុយ​ស្រឡះ​ពី​អារីស្តូត ដោយ​លើកឡើង​ថា ល្បឿន​នៃ​ការ​ធ្លាក់​នៃ​វត្ថុ​មួយ​មិនអាស្រ័យ​ទៅនឹង​ទម្ងន់​របស់​វានោះទេ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា គ្រប់វត្ថុ​ទាំងអស់​ធ្លាក់​ក្នុង​ល្បឿន​ស្មើ​គ្នា បើទោះបីជា​វត្ថុ​នោះ​ធ្ងន់​ ឬ​ស្រាល​ក៏ដោយ។

ដើម្បី​​ផ្ទៀងផ្ទាត់​បញ្ជាក់​ពី​ទ្រឹស្តីនេះ កាលីលេ​បាន​ធ្វើការ​ពិសោធន៍​ជាក់ស្តែង ដោយ​បាន​យក​វត្ថុ​ពីរ មាន​រាងស្វ៊ែរ​ដូចគ្នា តែ​មាន​ទម្ងន់​ខុសគ្នា​១០ដង ទៅ​​ទម្លាក់​​ពី​លើ​កំពូលប៉មទ្រេតពីហ្សា (Pisa Leaning Tower)។ ការពិសោធន៍​បាន​បង្ហាញ​ថា វត្ថុ​ទាំងពីរ​នេះ​បាន​ធ្លាក់​ចុះ​ដល់​ដី​ក្នុងពេល​តែមួយ ដែល​ជា​ការ​បញ្ជាក់ថា វត្ថុ​ទាំងពីរ ទោះជា​មាន​ទម្ងន់​ខុសគ្នា​ស្រឡះ តែ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើ​គ្នា។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ គេ​នៅតែ​មិន​ជឿ​លើ​ទ្រឹស្តី​របស់​កាលីលេ ដោយសារ​តែ​គេ​គិតថា ទ្រឹស្តី​ដែល​បន្សល់​ទុក​ដោយ​អារីស្តូត​អស់រយៈពេល​ពីរពាន់​ឆ្នាំមកហើយ​នោះ គឺ​មាន​លក្ខណៈ​សមហេតុសមផល​ច្រើន​ជាង ពីព្រោះ​​បើគិត​ទៅតាម​ស្ថានភាព​ជាក់ស្តែង ញញួរ និង​ដុំ​សំឡី មិន​អាច​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើ​គ្នា​នោះទេ។

ជាការពិត បើសិន​ជា​គេ​ទម្លាក់ដុំដែក និង​ដុំ​សំឡី ដែក​ប្រាកដ​ជា​ធ្លាក់ចុះ​លឿន​ជាង​សំឡី។ ក៏ប៉ុន្តែ កាលីលេ​បាន​អះអាង​ថា ដុំ​សំឡី​ធ្លាក់​ក្នុង​ល្បឿន​យឺតជាងដុំដែក​គឺ​ដោយសារ​តែ​ទទួល​ឥទ្ធិពល​ពី​កម្លាំង​ខាងក្រៅ គឺ​ខ្យល់ និង​កម្លាំងកកិត​នៃ​បរិយាកាស​របស់​ភពផែនដី។ បើតាម​កាលីលេ ប្រសិនបើ​គ្មាន​​ខ្យល់​ និង​បរិយាកាស ដុំដែក និង​ដុំសំឡី នឹង​ត្រូវ​ធ្លាក់ចុះ​ក្នុង​ល្បឿន​ស្មើគ្នា។ ក៏ប៉ុន្តែ នៅ​ពេលនោះ កាលីលេ​មិនមាន​វិធី​អ្វី ដែល​អាច​ធ្វើ​ពិសោធន៍​ក្នុង​ទីកន្លែង​ដែល​គ្មាន​បរិយាកាស ដើម្បី​បញ្ជាក់​ពី​ទ្រឹស្តី​របស់​លោក​បាន​នោះទេ។

ប្រមាណ​ជា ៣៧០ឆ្នាំក្រោយ​មក នៅថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ១៩៧២ ទ្រឹស្តី​របស់​កាលីលេ​ត្រូវ​បាន​គេ​បញ្ជាក់​ តាម​រយៈ​ការធ្វើ​ពិសោធន៍មួយ នៅ​ក្នុង​អំឡុង​​បេសកកម្ម​អាប៉ូឡូ​ទី១៥ ទៅកាន់​ព្រះចន្ទ ដែល​ជា​ទីតាំង​គ្មាន​ខ្យល់ និង​គ្មាន​បរិយាកាស។ អវកាសយានិក​អាមេរិក ឈ្មោះដេវីដ ស្កត (David Scott) ឈរនៅ​លើ​ដីព្រះចន្ទ ដៃម្ខាង​កាន់​ញញួរ ដៃម្ខាងទៀត​កាន់​ស្លាប​ឥន្ទ្រី រួចហើយលែងដៃ​ក្នុង​ពេល​តែមួយ។ ញញួរ និង​ស្លាប​ឥន្ទ្រី​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើគ្នា ​ប៉ះដីព្រះចន្ទ​ក្នុង​ពេល​ព្រមគ្នា ហើយ​បណ្តា​ជន​រាប់ពាន់លាននាក់ ដែល​មើល​ការផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍​ សុទ្ធតែ​បាន​មើល​ឃើញ​ដោយ​ខ្លួនឯង​ថា ទ្រឹស្តី​របស់​កាលីលេ កាល​ពី​៣៧០ឆ្នាំមុន គឺ​ពិត​ជា​ត្រឹមត្រូវ៖ គ្រប់វត្ថុ​ទាំងអស់​មិន​ថា​មាន​ទម្ងន់​ខុសគ្នា​ប៉ុណ្ណា​នោះទេ សុទ្ធតែ​​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ