អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ស្នាដៃ​សំខាន់ៗ​របស់​លោក​ស្ទីវិន ហកឃីង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​ជូន​លោក​អ្នក​ស្តាប់ អំពី​ប្រវត្តិ​របស់​អ្នក​ប្រាជ្ញ​ខាង​រូបវិទ្យា​អង់គ្លេស គឺ​លោក​ស្ទីវិន ហកឃីង ដោយ​សូម​លើកឡើង​ពី​​​ស្នាដៃ​សំខាន់ៗ​របស់​​លោក។

ប្រហោងខ្មៅ (Black Hole) ជា​ប្រធានបទ​ដ៏សំខាន់​មួយ នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ស្ទីវិន ហកឃីង
ប្រហោងខ្មៅ (Black Hole) ជា​ប្រធានបទ​ដ៏សំខាន់​មួយ នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ស្ទីវិន ហកឃីង NASA/LIGO
ផ្សាយពាណិជ្ជកម្ម

លោក​ស្ទីវិន ហកឃីង ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អ្នក​ប្រាជ្ញ​​​ខាង​រូបវិទ្យា​ដ៏​ឆ្លាតវៃ​មួយរូប នៅ​ក្នុង​សតវត្សរ៍​ទី២០ បន្ទាប់​ពី​អាល់ប៊ែរ អាញ់ស្តាញ់។ ក៏ប៉ុន្តែ ស្នាដៃ​​របស់​លោក​មិន​សូវ​ជា​ត្រូវ​បាន​គេ​ស្គាល់ជាទូទៅ​នោះទេ។ ម្យ៉ាង គឺ​ដោយសារ​តែ​ជាទូទៅ​​គេនាំគ្នា​ផ្តោត​ច្រើន​តែ​ទៅលើ​ភាព​អស្ចារ្យ​នៃ​ជីវិត​របស់​លោក គឺ​ជីវិត​ដែល​តស៊ូ​ជម្នះ​នឹង​សេចក្តីស្លាប់ ជម្នះ​នឹង​ពិការភាព ហើយ​ក្លាយ​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ដ៏​ល្បីល្បាញ​ជា​អន្តរជាតិ។ ម្យ៉ាងវិញទៀត គឺ​ដោយសារ​តែ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​​ផ្តោត​ទៅលើ​ទ្រឹស្តី​ពីរ ដែល​គេ​ចាត់ទុក​ថា​ជា​ទ្រឹស្តី​ដែល​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ពិបាក​យល់ គឺ​ទ្រឹស្តី General Relativity និង​ទ្រឹស្តី​នៃ​រូបវិទ្យា​កង់ទិច។

យោងតាម​ទ្រឹស្តី General Relativity របស់​អាញ់ស្តាញ់ អ្វីដែល​យើងតែងតែ​ហៅថា​ជា “កម្លាំងទំនាញ” តាំង​ពី​សម័យកាល​អ៊ីសាក់ ញូតុន​មក​នោះ តាមការពិត​ទៅ មិនមែន​ជា “កម្លាំង” នោះទេ តែ​ជា​ភាព​កោងនៃ​លំហពេល (Spacetime) ហើយ​វត្ថុ​ដែល​មាន​ម៉ាស់​កាន់តែ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​ភាពកោងនៃ​លំហពេល​នៅជុំវិញ​នោះ​មាន​កាន់តែ​ខ្លាំង។ ប្រសិនបើ​ម៉ាស់​មាន​ច្រើន​ ដល់​កម្រិតមួយ​វា​នឹង​ធ្វើ​ឲ្យ​ភាពកោងនៃលំហពេល ឬ​កម្លាំងទំនាញ នៅ​ជុំវិញ​នោះ ​មាន​កាន់តែ​ខ្លាំង ដែល​អាច​​ស្រូបយក​អ្វីៗ​ទាំងអស់​ដែល​នៅ​ជុំវិញ​នោះ ដោយ​សូម្បីតែ​ពន្លឺក៏​​មិន​អាច​គេចចេញ​រួច​ផង ហើយ​​បង្កើត​បាន​ទៅជា “ប្រហោងខ្មៅ” ឬ​ហៅ​តាម​ភាសា​អង់គ្លេស​ថា “Black Hole”។

ទ្រឹស្តី​ទាក់ទង​នឹង​វត្តមាន​នៃ​ប្រហោងខ្មៅ​នៅ​ក្នុង​ចក្រវាល​យើងនេះ មិនមែន​ជា​ទ្រឹស្តី​ដែល​រកឃើញ​ដោយ​លោក​ស្ទីវិន ហកឃីង​នោះទេ។ វា​​ត្រូវបាន​គេ​រកឃើញ​តាំងមុន​រួចទៅហើយ។ អ្វី​ដែល​លោក​ស្ទីវិន បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ គឺ​ទ្រឹស្តី​ទាក់ទង​នឹង​ស្ថានភាព និង​ដំណើរវិវឌ្ឍ​​នៃម៉ាស់​នៅ​ក្នុង​ប្រហោងខ្មៅ។

តាមពិត ប្រហោងខ្មៅ​មិនមែន​ជា​ប្រហោង​ទទេ ដែល​គ្មាន​អ្វីសោះ​នោះទេ។ ផ្ទុយទៅវិញវា​មាន​ពេញ​ទៅដោយសារធាតុ​ដែល​ម៉ាស់ ប្រៀប​ដូចជា​​​ផ្កាយ​ផ្សេងទៀត​ដែរ​ គ្រាន់តែ​​វា​ជា​ប្រភេទ​ផ្កាយ​ដែល​មិន​បញ្ចេញ​ពន្លឺ ដោយសារ​តែ​វា​មាន​កម្លាំង​ទំនាញ​ខ្លាំង ដែល​ស្រូបយក​ពន្លឺ​មិន​ឲ្យ​បញ្ចេញ​មក​ខាងក្រៅបាន។ ហេតុដូច្នេះហើយ​បាន​ជា​អ្នក​វិទ្យាសាស្រ្ត​ខ្លះ នៅ​សម័យកាល​មុន បាន​ហៅ​ប្រហោងខ្មៅ​ថា “ផ្កាយខ្មៅ” ឬ “ផ្កាយងងឹត”។

សម្រាប់​អ្នក​វិទ្យាសាស្រ្ត​ជាទូទៅ ក្នុងនោះ ក៏​មាន​ទាំង​លោក​ស្ទីវិន ហកឃីង​ផងដែរ សំណួរ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ចំណោម​សំណួរ​ចាក់ស្រែះ ទាក់ទង​នឹង​ប្រហោងខ្មៅ គឺ​នៅត្រង់​ថា តើ​សារធាតុ​ដែល​នៅ​ក្នុង​ប្រហោងខ្មៅ​មាន​ការ​វិវឌ្ឍ​យ៉ាង​ដូចម្តេច? គេ​ដឹង​ថា កម្លាំងទំនាញ​​ដ៏​ខ្លាំង​មហិមា​ធ្វើ​​ឲ្យ​សារធាតុ​ទាំងអស់​នៅ​ក្នុង​ប្រហោងខ្មៅ​ត្រូវ​រួមតូច ហើយ​ប្រមូលផ្តុំគ្នា​យ៉ាងហាប់ណែននៅត្រង់​​ចំណុចកណ្តាល​នៃ​ប្រហោងខ្មៅ ពោលគឺ ប្រៀបដូចជា​ត្រូវ​គេ​ច្របាច់ ឬ​សង្កត់​ឲ្យ​​ហាប់។ ក៏ប៉ុន្តែ សំណួរ​សួរថា តើ​សារធាតុ​អស់ទាំងនេះ​នឹង​ត្រូវប្រមូលផ្តុំគ្នា​​រហូត​ហាប់​ដល់​កម្រិតណា​ទើប​ឈប់? តើ​មាន​អ្វី​ដែល​អាច​បញ្ឈប់​កម្លាំង​ទំនាញ​បាន?

យោងតាម​ទ្រឹស្តី General Relativity នៅ​ក្នុង​ប្រហោងខ្មៅ ឬ Black Hole គ្មានអ្វី​អាច​យកឈ្នះ​លើ​កម្លាំង​ទំនាញ​បាន​នោះទេ ដែល​នេះ​មានន័យថា កម្លាំង​ទំនាញ​នឹង​ធ្វើ​ឲ្យ​គ្រប់សារធាតុ​ទាំងអស់​នៅ​ក្នុង​ប្រហោងខ្មៅ​ត្រូវ​ប្រមូល​ផ្តុំចូលគ្នា​យ៉ាងហាប់ណែន ជា​ចំណុច​ដ៏​តូច​បំផុតគ្មានទីបញ្ចប់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Singularity”។ ក៏ប៉ុន្តែ មនុស្សម្នា​ជាទូទៅ ក្នុងនោះ​រួមទាំង​អ្នក​វិទ្យាសាស្រ្ត​ផង ពិបាក​នឹង​ជឿលើ​ចំណុចនេះ។ ពិបាក​នឹង​ជឿ​ថា សារធាតុ​ដែល​មាន​ម៉ាស់​ច្រើន​ជាង​ព្រះអាទិត្យ​រហូតដល់​ទៅ ១០ដង ឬ​២០ដង អាច​ប្រមូលផ្តុំគ្នា​យ៉ាងហាប់ណែន ហើយ​រួមតូច​ជា​ចំណុចមួយ ដែល​មានទំហំ​ដ៏តូច​ជាង​អាតូម​ទៅទៀត​បែបនេះ។ បើ​គេ​គិតទៅតាម​ក្រឹត្យក្រម​ធម្មជាតិ នេះ​គឺ​ជា​រឿង​ដែល​មិន​អាច​រួច។

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៧០ លោក​ស្ទីវិន ហកឃីង បាន​ផ្តោត​ការ​សិក្សា​របស់​លោក​ជុំវិញ​ចំណោទ​នេះ ដោយ​ទាញ​មូលដ្ឋាន​ចេញ​ពី​​ទ្រឹស្តី General Relativity របស់​លោក​អាល់ប៊ែរ អាញ់ស្តាញ់ និង​ការ​សិក្សា​របស់​​អ្នក​ប្រាជ្ញ​​ខាង​គណិតវិទ្យា​និង​រូបវិទ្យា​នៅ​អង់គ្លេស​ម្នាក់ទៀត គឺ​លោក​រ៉ជ័រ ផេនរ៉ូស (Roger Penrose) ហើយ​បាន​ឈាន​ទៅ​​បង្កើតឡើង​នូវ​​ទ្រឹស្តីបទ​ដ៏សំខាន់​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Hawking Singularity”។

យោងតាម​លោក​ស្ទីវិន ហកឃីង កម្លាំងទំនាញ​គឺ​ពិតជា​អាច​ធ្វើ​ឲ្យ​គ្រប់​សារធាតុ​ទាំងអស់​នៅ​ក្នុង​ប្រហោងខ្មៅ ត្រូវ​ប្រមូលផ្តុំគ្នា​ទៅជា​ចំណុច​ដ៏តូចល្អិត​បំផុត​មួយ​បានមែន ហើយ​នៅ​ក្នុង​ចំណុច Singularity នេះ គឺ​​លែងមាន​លំហពេល ហើយ​រាល់ទ្រឹស្តី​រូបវិទ្យា​​​ដែល​​យើង​ធ្លាប់​ស្គាល់ ក៏លែង​អនុវត្ត​បាន​ទៀតដែរ។

តាមការពិត បើ​តាម​ លោក​ស្ទីវិន ហកឃីង កុំ​ថាឡើយ​​ត្រឹមតែ​សារធាតិ​និង​ម៉ាស់​នៅ​ក្នុង​ប្រហោងខ្មៅ​មួយ សូម្បីតែ​សារធាតុ​និង​ម៉ាស់​ទាំងអស់ ដែល​មាន​នៅ​ក្នុង​ចក្រវាល​យើងទាំងមូល ក៏​អាច​ប្រមូលផ្តុំគ្នា​ទៅជា​ចំណុច Singularity បានដែរ ហើយ​​​ចំណុច​ Singularity នេះហើយ ដែល​ជា​ចំណុច​ចាប់ផ្តើម​ដំបូង​នៃ​ចក្រវាល​របស់​យើង។ ទ្រឹស្តី​ទាក់ទង​នឹង​ការ​ចាប់កំណើត​នៃ​ចក្រវាល​នេះ ក៏​ជា​ស្នាដៃ​ដ៏សំខាន់​មួយ​ដែរ​របស់​លោក​ស្ទីវិន ហកឃីង។

គិតត្រឹម​ដើម​សតវត្សរ៍​ទី២០ ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត គេឃើញ​មាន​ចរន្តគំនិតពីរ ទាក់ទង​នឹង​ដំណើរវិវឌ្ឍ​នៃ​ចក្រវាល។ ទី១ អ្នក​ជឿលើ​ទ្រឹស្តី​ចក្រវាល​ស្តាទិក (Static Universe) ពោលគឺ ចក្រវាលមាន​លំនឹង​ថេរ​ជាប់ជានិច្ច តាំង​ពី​ពេលមុន នៅ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅថ្ងៃ​អនាគត ដោយ​គ្មាន​​ពេល​ចាប់ផ្តើម ហើយ​ក៏​គ្មាន​ពេល​បញ្ចប់។ ទី២ អ្នក​ជឿថា ចក្រវាល​របស់​យើង​មាន​ការ​រីកមាឌ​កាន់តែ​ធំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ (Expanding Universe)។

កាលពីដំបូងឡើយ ចរន្តគំនិត​ចក្រវាលស្តាទិក​គឺ​ជា​មតិភាគច្រើន។ សូម្បីតែ​លោក​អាល់ប៊ែរ អាញ់ស្តាញ់ ក៏​ជឿ​លើ​ទ្រឹស្តី​នេះ​ដែរ ហើយ​បាន​ដាក់​បញ្ចូល​​កុងស្តង់មួយ ដែល​គេ​ហៅ​ថា កុងស្តង់កូស្មូលូហ្ស៊ិក ដើម្បី​ឲ្យ​សមីកា General Relativity របស់​លោក​មាន​លំនឹង​ទៅតាម​ទ្រឹស្តី​ចក្រវាល​ស្តាទិក។ រហូតទាល់តែ​មាន​ភស្តុតាង​បញ្ជាក់ច្បាស់ នៅ​ឆ្នាំ១៩២៩ថា ចក្រវាល​រីកមាឌ​កាន់តែ​ធំ ទើប​លោក​អាល់ប៊ែរ អាញ់ស្តាញ់ ប្តូរ​ជំហរ ហើយ​លុប​កុងស្តង់​កូស្មូឡូហ្ស៊ិក​ចេញ​ពី​សមីកា​​របស់​លោក​វិញ។

លោក​ស្ទីវិន ហកឃីង ស្ថិត​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​ដែល​មាន​ចរន្តគំនិត​ជឿលើ​ទ្រឹស្តី​ចក្រវាល​រីកមាឌ ហើយ​លើសពីនេះ​ទៅទៀត លោក​ជឿ​ថា បើ​សិន​ជា​ក្នុងពេល​បច្ចុបនប្ន​នេះ គេ​អាច​សង្កេតឃើញ​ថា​​ចក្រវាល​រីកមាឌ​កាន់តែ​ធំឡើង មានន័យថា កាល​ពី​មុន​ចក្រវាល​មាន​ទំហំតូច​ជាង​ពេល​បច្ចុប្បន្ន ហើយ​បើ​គេ​អាច​ទាញ​ពេលឲ្យ​ដើរ​ថយក្រោយ គេ​នឹង​អាច​សង្កេតឃើញ​ថា ទៅ​ក្រោយ​កាន់តែ​ឆ្ងាយ ចក្រវាល​រួមកាន់តែ​តូចទៅៗ រហូត​ដល់​ចំណុច Singularity ពោលគឺ រាល់​សារធាតុ​និង​ម៉ាស់​ទាំងអស់ ដែល​មាន​នៅ​ក្នុង​ចក្រវាល​យើងទាំងមូល​ប្រមូលផ្តុំគ្នា​ទៅជា​ចំណុច​ដ៏តូច​បំផុត​មិន​អាច​គណនា​បាន គឺ​ប្រៀប​ដូចនឹង​ករណី​ Singularity នៅ​ក្នុង​ប្រហោងខ្មៅ​ដូច្នោះដែរ។ Singularity នេះហើយ ដែល​ជា​ទី​ចាប់កំណើត​ដំបូង​ មុននឹង​មាន​ហេតុការណ៍ Big Bang បង្កើត​ទៅជា​ចក្រវាល​របស់​យើង កាល​ពី​១៣,៧ពាន់លាន​ឆ្នាំមុន។

លោក​ស្ទីវិន ហកឃីង ក្រៅតែ​ពី​មាន​ឈ្មោះ​ថា​ជា​អ្នក​ប្រាជ្ញ​ដ៏សំខាន់​មួយ​រូប​នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ ក៏​ត្រូវ​បាន​គេ​ស្គាល់​ផងដែរ​ថា​ជា​អ្នក​ប្រាជ្ញ​ដែល​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការចែករំលែក​ចំណេះដឹង​របស់​លោក ជាពិសេស ទៅដល់​សាធារណជន​ជាទូទៅ ដែល​មិនមែន​ជា​អ្នក​វិទ្យាសាស្រ្ត។ នៅ​ឆ្នាំ១៩៨៨ លោក​បាន​ចេញផ្សាយ​សៀវភៅ​មួយក្បាល ដែល​ធ្វើការ​ពន្យល់ អំពី​​ទម្រង់ រចនាសម្ព័ន្ធ ការចាប់កំណើត និង​ដំណើរវិវឌ្ឍ​នៃ​ចក្រវាល។ សៀវភៅនេះ​​មាន​ចំណង​ជើងជា​ភាសា​អង់គ្លេស​ថា “The Brief History of Time” ហើយលក្ខណៈពិសេស​នៃ​សៀវភៅ​នេះ គឺ​ការ​សរសេរ​រៀបរាប់​នៅ​ក្នុង​​​​ភាសា​ដ៏សែន​សាមញ្ញ​បំផុត សម្រាប់​អ្នក​អាន​ជាទូទៅ រាប់ទាំង​អ្នក​មិន​ធ្លាប់​រៀន​ជំនាញ​ខាង​វិទ្យាសាស្រ្តផងដែរ។

ក្រោយ​ពី​បាន​បោះពុម្ពផ្សាយ ហើយ​ចេញលក់​នៅលើ​ទីផ្សារ “The Brief History of Time” ​បាន​ជាប់ឈ្មោះ​ជា​សៀវភៅ​ដែល​លក់​ដាច់​ច្រើន​ជាងគេ​ប្រចាំឆ្នាំ នៅ​ក្នុងរយៈពេល​រហូតដល់​ទៅ​​ជាង ៥ឆ្នាំ។ គិតជាសរុប សៀវភៅ​នេះ​ត្រូវ​បាន​លក់ចេញ​រហូតដល់​ទៅ​ជាង ១០លាន​ក្បាល ហើយ​​គិត​ត្រឹម​ឆ្នាំ២០០១ ត្រូវ​បាន​គេ​យក​ទៅ​បកប្រែ​ជា ៣៥ភាសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ