អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល​​ចំណាយ​​លុយ​​ជិត​​៤​​លាន​ដុល្លារ​​ ទិញ​ថ្នាំ​​ប្រឆាំង​​មេរោគ​​អេដស៍​​​សម្រាប់​​៣​ឆ្នាំ​​ ខណៈ​​មាន​​អ្នក​​ឆ្លង​​២​​នាក់​​ក្នុង​១​ថ្ងៃ​

នៅ​ក្នុង​​ឆ្នាំ​​២០១៥​​នេះ ​​អត្រា​អ្នក​ឆ្លង​មេរោគ​​នៅ​​កម្ពុជា​មាន​ចំនួន​២​នាក់​ក្នុង​១​ថ្ងៃ​។ ចំនួននេះ​មាន​​ការ​ថយ​ចុះ​ខ្លាំង​ ប្រៀប​ធៀប​នឹង​ឆ្នាំ១៩៩៥ ​ដែល​មាន​៦៨​នាក់​ក្នុង​មួយ​ថ្ងៃ​។ តួរលេខ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឱកាស​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​នៅ​ថ្ងៃ​ទី​១​ ធ្នូ​ ឆ្នាំ​២០១៥​នេះ ​នៅ​ឯ​សាល​សន្និសីទ​ចតុមុខ ​ក្រោម​ប្រធាន​បទ​ «ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​៩០-​៩០​-​៩០​» ​។ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស ​ក្នុង​ឱកាស​នេះ​ដែរ​ថា ​ខ្លួន​បាន​ចូលរួម​ផ្តល់​ថវិកា​ទិញ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ជិត​៤​លាន​ដុល្លា ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី ១ ធ្នូ ឆ្នាំ២០១៥នេះ នៅឯសាលសន្និសីទចតុមុខ ក្រោមប្រធានបទ «ឆ្ពោះទៅសម្រេចបាននូវគោលដៅ៩០-៩០-៩០» ។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី ១ ធ្នូ ឆ្នាំ២០១៥នេះ នៅឯសាលសន្និសីទចតុមុខ ក្រោមប្រធានបទ «ឆ្ពោះទៅសម្រេចបាននូវគោលដៅ៩០-៩០-៩០» ។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ទឹក​ប្រាក់​ចំនួន​៣​លាន ៧​សែន​ដុល្លារ​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ​ខ្លួន​បាន​ចូលរួម​ចំណែក​ទិញ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​។ ក្នុង​នោះ​ទឹក​ប្រាក់​ ១លាន​ដុល្លារ​សម្រាប់​ឆ្នាំ ​២០១៥​នេះ​ , ទឹក​ប្រាក់ ​១​លាន​២​សែន​ដុល្លារ​​ ​សម្រាប់​ឆ្នាំ២០១៦​ និង​១​លាន​៥​សែន​ដុល្លា​រ​ សម្រាប់​ឆ្នាំ​២០១៧​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី​ ម៉ែន ​សំអន​ ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា ​ព្រឹទ្ធ​សភា ​និង​អធិការ​កិច្ច​ នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ​០១ ​ធ្នូ​នេះ​។​ 

យោង​តាម​សារ​លិខិត​របស់​លោក​ស្រី ​ប៊ុន​រ៉ានី ​ហ៊ុនសែ​ន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា អត្រា​អ្នក​ឆ្លង​មេរោគអេដស៍​នៅ​កម្ពុជា​មាន​ការ​ថយចុះ​ខ្លាំង​ មក​ត្រឹម​២​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​។ ហើយ​កាល​ពី​ឆ្នាំ​១៩៩៥ ​មាន​ចំនួន​រហូត​ដ​ល់​៦៨​នាក់​ ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​ស្រី​បាន​ក្រើន​រំលឹក​ជា​ថ្មី​ម្តង​ទៀត​ថា​ «ទន្ទឹម​នឹង​ភាព​ជោគជ័យ​ដ៏​ធំ​ធេង​នេះ ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផងដែរ​ ព្រោះថា​យើង​អាច​ភ្លេច​អេដស៍ ​តែ​អេដស៍​មិន​ភ្លេច​យើង​ទេ​»​។ 

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ អត្រា​ផ្ទុក​មេរោគ​អេដស៍​នៅ​តែ​ខ្ពស់​លើ​ក្រុម​ប្រឈម​បី​ក្រុម​គឺ​៖ ក្រុម​ស្ត្រី​ធ្វើ​ការ​កន្លែង​សេវា​កំសាន្ត​ ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ​ឬ​ក្រុម​បំលែង​ភេទ​ និង​ក្រុម​អ្នក​ប្រើ​គ្រឿង​ញៀន ​ដែល​ទាំង​បី​ក្រុម​នេះ ​លើស​ពី​៥០% ​គឺ​ជា​យុវវ័យ​។ 

សូម​បញ្ជាក់​ថា​ផង​ដែរ​ថា ប្រធាន​បទ​ «ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​៩០​-៩០​-៩០​» នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ​មាន​ន័យ​ថា ៩០% ​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នឹង​ដឹ​ង​ពី​ស្ថានភាព​ផ្ទុក​មេរោគស៍​របស់​ខ្លួន​ ៩០% ​នៃ​អ្នក​ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឃើញ​មាន​ផ្ទុក​មេ​រោគ​អេដស៍​ បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ប្រកប​ដោយ​ចីរភាព ​៩០%​ នៃ​អ្នក​ទាំង​អស់​ដែល​បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ​នឹង​គ្មាន​វីរុស​ក្នុង​ឈាម​ ហើយ​ជាង​នេះ​ទៅ​ទៀត​គឺ​ធានា​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ដោយ​មិន​ទទួល​ ការ​ថែ​ទាំ​និង​ព្យាបាល​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ